Grand News Asia Close

កិច្ច​ខិតខំប្រឹងប្រែងអភិរក្ស​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ត្រូវបាន​​បំផ្លាញ ការស្ដារប្រាសាទព្រះវិហារមិនទាន់មានកាលកំណត់

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1014
កិច្ច​ខិតខំប្រឹងប្រែងអភិរក្ស​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ត្រូវបាន​​បំផ្លាញ ការស្ដារប្រាសាទព្រះវិហារមិនទាន់មានកាលកំណត់ កិច្ច​ខិតខំប្រឹងប្រែងអភិរក្ស​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ត្រូវបាន​​បំផ្លាញ ការស្ដារប្រាសាទព្រះវិហារមិនទាន់មានកាលកំណត់

ព្រះវិហារៈ ការងារអភិរក្សផ្នែកមួយចំនួននៃប្រាសាទព្រះវិហារដែលកម្ពុជា និងដៃគូអន្តរជាតិបានចំណាយពេលអនុវត្តជិតមួយទសវត្សរ៍ ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈអាជ្ញាធរមិនទាន់អាចកំណត់ពេលចាប់ផ្ដើមការជួសជុលពេញលេញឡើងវិញបាន។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា ការងារអភិរក្សមួយចំនួនដែលជិតបញ្ចប់ទៅហើយ ត្រូវបានបំផ្លាញមិនត្រឹមតែឱ្យត្រឡប់ទៅរកស្ថានភាពមុនពេលជួសជុលទេ ប៉ុន្តែបានធ្វើឱ្យផ្នែកខ្លះខូចខាតធ្ងន់ធ្ងរជាងផលប៉ះពាល់ពីកត្តាធម្មជាតិ។

លោកបានថ្លែងក្នុងកម្មវិធីពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារថា ការប៉ះទង្គិចក្នុងខែកក្កដា និងខែធ្នូ បានបំផ្លាញការខិតខំរបស់មន្ត្រីជំនាញខ្មែរ និងដៃគូអន្តរជាតិជាច្រើនឆ្នាំ។

លោកថា៖ «ជិត១០ឆ្នាំស្ទើរតែចប់សព្វគ្រប់ហើយ ក៏ប៉ុន្តែការបាញ់ផ្លោងកន្លងមកបានបំផ្លាញស្ទើរតែអ្វីដែលយើងបានខិតខំកន្លងមកតែម្ដង»។

លោកបន្តថា៖ «មិនត្រឹមតែវិលត្រឡប់មកដើមវិញទេ គឺលើសពីការខូចខាតមុនទៀត លើសការខូចខាតដោយសារធម្មជាតិ»។

តាមការរាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារ ការប៉ះទង្គិចក្នុងខែកក្កដាបានបង្កការខូចខាតចំនួន១៤២ទីតាំងនៅលើប្រាសាទ ខណៈការបាញ់ផ្លោងក្នុងខែធ្នូបង្កការខូចខាតបន្ថែមចំនួន៤២០ទីតាំង។

ការខូចខាតសរុបចំនួន៥៦២ទីតាំង ស្មើនឹង ៧​ម៉ឺន​បំណែក​ថ្ម​ បានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម គោបុរៈ ក្បាច់ចម្លាក់ សសរថ្ម ជញ្ជាំង គោបុរៈ ទីសក្ការៈ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

លោក ពុទ្ធិការ បានអះអាងថា ការបាញ់ផ្លោងភាគច្រើនបានប៉ះចំផ្នែកបេតិកភណ្ឌដោយផ្ទាល់។ ផ្នែកមួយចំនួនបានរងការខូចខាតច្រើនលើកនៅក្នុងការប្រយុទ្ធកាលពីខែកក្កដា និងខែធ្នូ។

លទ្ធផលបច្ចេកទេសដែលបង្ហាញដោយមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងកម្មវិធីពិភាក្សាតុមូលដដែល បានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីការបន្សល់ទុកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុង និងជុំវិញតំបន់ប្រាសាទព្រះវិហារ។

លោក អ៊ាន សុធា ប្រធានកងឯកភាពកម្ចាត់មីនទី៦ របស់ CMAC បានឱ្យដឹងថា អង្គភាពបានរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១,៥៩៧គ្រាប់នៅតំបន់ប្រាសាទព្រះវិហារ ក្នុងនោះយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៩៧០គ្រាប់ត្រូវបានបោសសម្អាត។

លោកបានបន្តថា ក្រុមការងារ CMAC ក៏បានរកឃើញដ្រូនចំនួន៨គ្រឿង ក្នុងនោះ៤គ្រឿងត្រូវបានរកឃើញនៅតំបន់ប្រាសាទព្រះវិហារ។

បំបែងគ្រាប់​ផ្លោង​របស់​ថៃ​បាន​បង្ក​ការ​ខូចខាត​ដល់​ជញ្ជាំង​ប្រាសាទ​ព្រះវិហារ​យ៉ាង​ធ្ងន់ធ្ងរ​។ រូបថត ហុង រស្មី

លោក សុធា បានឱ្យដឹងថា អ្នកដោះមីនបានកំណត់ឃើញទីតាំង ឬរណ្ដៅចំនួន៥២០ ដែលពាក់ព័ន្ធនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណប្រាសាទ។ វត្ថុដែលបានរកឃើញរួមមានគ្រាប់បែកដៃ គ្រាប់កាំភ្លើង និងយុទ្ធភណ្ឌផ្ទុះជាច្រើនប្រភេទទៀត។

ក្រុមការងារ CMAC នៅតែបន្តរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះធុនធ្ងន់ រួមមានគ្រាប់បែកប្រភេទ MK-82 ដែលមានទម្ងន់ប្រមាណ៥០០ផោន។ លោក សុធា បានបញ្ជាក់ថា គ្រាប់បែកប្រភេទនេះមានអានុភាពបំផ្លិចបំផ្លាញខ្លាំង។

លោកក៏បានរាយការណ៍ពីការរកឃើញគ្រាប់បែកចង្កោម ឬគ្រាប់បែកកូន ដែលមិនទាន់ផ្ទុះ និងបង្កហានិភ័យធ្ងន់ធ្ងរដល់កសិករ និងជនស៊ីវិលដទៃទៀត។ គ្រាប់ទាំងនោះមួយចំនួនត្រូវបានរកឃើញនៅជម្រៅខុសៗគ្នា និងនៅទីតាំងក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ។

លោក សុធា បានឱ្យដឹងថា យុទ្ធភណ្ឌមិនទាន់ផ្ទុះអាចនៅមានប្រសិទ្ធភាព និងអាចផ្ទុះបានប្រសិនបើរងការប៉ះទង្គិច។ ដូច្នេះ ការបង្កើនការយល់ដឹងរបស់សាធារណជន និងការបោសសម្អាតដោយអ្នកជំនាញ គឺចាំបាច់មុននឹងដីរងផលប៉ះពាល់អាចប្រើប្រាស់ដោយសុវត្ថិភាពសម្រាប់ការធ្វើកសិកម្ម ឬការរស់នៅ។

លោកក៏បានលើកឡើងពីការរកឃើញយុទ្ធភណ្ឌមួយចំនួនដែលសង្ស័យថាមានសារធាតុគីមី។ ក្រុមការងារបច្ចេកទេសកំពុងបន្តសិក្សា ដើម្បីវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានចំពោះសុខភាពមនុស្ស និងបរិស្ថាន ព្រមទាំងកំណត់វិធានការសមស្របសម្រាប់ការគ្រប់គ្រងយុទ្ធភណ្ឌទាំងនោះ។

លោកបានបន្ថែមថា យុទ្ធភណ្ឌផ្ទុះមួយចំនួនបានធ្លាក់ចូលក្នុងស្រះទឹក ដែលធ្វើឱ្យការបោសសម្អាតកាន់តែលំបាក ព្រោះប្រតិបត្តិការក្រោមទឹកត្រូវការឧបករណ៍ឯកទេស និងមន្ត្រីដែលមានបទពិសោធន៍ខ្ពស់។

មន្ត្រី CMAC រូបនេះបានសង្កត់ធ្ងន់ថា រូបភាពដែលបង្ហាញក្នុងកម្មវិធីពិភាក្សាតុមូល ត្រូវបានថតនៅទីតាំងបោសសម្អាតជាក់ស្ដែង និងមិនមែនជារូបភាពដែលបង្កើត ឬកែប្រែដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនោះទេ។

ចម្លាក់​ដ៏​ល្អវិចិត្រ​នៃ​ប្រាសាទ​ព្រះវិហារ​បាន​បាក់​បែក​ជា​បំណែក​តូច​ៗ​ដោយសារតែ​ការ​បាញ់​ប្រហារ​របស់​យោធា​ថៃ​កាលពី​ជិត​មួយ​ឆ្នាំ​កន្លងទៅ។ រូបថត ហុង រស្មី

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យប៉ះវត្ថុណាមួយដែលសង្ស័យថាជាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រី CMAC ដែលនៅជិតបំផុត។

ក្នុងចំណោមគម្រោងអភិរក្សដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗនេះ មានគម្រោងជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ ដែលទទួលបានការគាំទ្រពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌។

លោកបានឱ្យដឹងថា ការងារនេះបានចាប់ផ្ដើមពីឆ្នាំ២០១៨ និងបន្តរហូតដល់ខែកក្កដា ឆ្នាំ២០២៥។ អាជ្ញាធររំពឹងថា គម្រោងអាចបញ្ចប់ក្នុងរយៈពេលប្រមាណពីរឆ្នាំទៀត ប៉ុន្តែការងារត្រូវបានផ្អាកទាំងស្រុង ហើយជណ្ដើរបានរងការខូចខាតបន្ថែម។

លោកបញ្ជាក់ថា សូម្បីតែការជួសជុលការខូចខាតដោយធម្មជាតិក៏ត្រូវការរយៈពេលយូរ ខណៈការខូចខាតដោយអាវុធមានភាពស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណជាង។

ការដ្ឋានអភិរក្សគោបុរៈទី៥ ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា ក៏ត្រូវបានបំផ្លាញផងដែរ។ ការដ្ឋាននេះមានការិយាល័យ រោងអភិរក្ស រោងកាត់ថ្ម ឧបករណ៍ស្ទូចថ្ម និងអគារផ្ដល់ព័ត៌មានអំពីការងារអភិរក្ស។

លោកបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានសាងសង់រួចតាំងពីឆ្នាំ២០២៥ ដើម្បីត្រៀមអនុវត្តការងារជួសជុល ប៉ុន្តែបច្ចុប្បន្នគ្មានសំណង់​ណាមួយអាចយកមកប្រើប្រាស់ឡើងវិញបានទេ។

លោកថា សូម្បីតែឧបករណ៍ស្ទូចធ្វើពីដែក និងគ្រោងបេតុងក៏ត្រូវបានបំផ្លាញដួលរាបដល់ដី។

ក្រៅពីសហរដ្ឋអាមេរិក និងឥណ្ឌា ប្រទេសចិនក៏បានសិក្សា និងគ្រោងជួយជួសជុលផ្នែកមួយចំនួននៃគោបុរៈទី១ ទី២ និងទី៣។ ប៉ុន្តែគម្រោងទាំងនោះក៏ត្រូវបានផ្អាកដោយសារស្ថានភាពសន្តិសុខ។

លោក ពុទ្ធិការ បានបញ្ជាក់ថា រាល់សកម្មភាពជួសជុល និងអភិរក្សទាំងរបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ ត្រូវបានផ្អាក។ ក្រុមជំនាញអាចអនុវត្តបានតែការងារសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។

លោកថា៖ «អ្វីដែលខ្ញុំធ្វើបានសព្វថ្ងៃនេះ គឺជាការងារសង្គ្រោះប្រាសាទព្រះវិហារ មិនមែនជាការងារជួសជុលទេ»។

វិធានការបន្ទាន់រួមមានការទល់ទ្រសំណង់ ការបិទភ្ជាប់ផ្នែកដែលប្រេះបែក ការប្រមូល និងការពារបំណែកថ្ម ការរៀបចំឯកសារវិទ្យាសាស្ត្រ និងការថតរូបបែប 3D។

វិធានការទាំងនេះមានគោលបំណងការពារកុំឱ្យសំណង់បាក់បែកបន្ថែម មុនពេលការជួសជុលពេញលេញអាចចាប់ផ្ដើមឡើងវិញ។

លោកបានពន្យល់ថា ការផ្គុំបំណែកថ្មបុរាណឡើងវិញមានភាពស្មុគស្មាញ ព្រោះថ្មមួយដុំអាចមានទម្ងន់១០០ទៅ២០០គីឡូក្រាម និងអាចបែកជា២០ទៅ៣០បំណែក។

មន្ត្រីជំនាញត្រូវកំណត់ថា បំណែកនីមួយៗជាប់ជាមួយថ្មមួយណា ស្ថិតនៅទីតាំងណា និងត្រូវផ្គុំឡើងវិញដោយបច្ចេកទេសបែបណា។ ការងារនេះទាមទារការសិក្សាស្រាវជ្រាវ អ្នកជំនាញ បច្ចេកវិទ្យា និងពេលវេលាយូរ។

ដោយសារការវាយតម្លៃបច្ចេកទេសមិនទាន់បញ្ចប់ អាជ្ញាធរមិនទាន់អាចកំណត់តម្លៃជាក់លាក់នៃការខូចខាត ថវិកាដែលត្រូវការ ឬរយៈពេលសម្រាប់ការស្ដារឡើងវិញបានទេ។

លោក ពុទ្ធិការ បានឱ្យដឹងថា អង្គការ UNESCO បានបញ្ជូនអ្នកជំនាញចុះពិនិត្យទីតាំង និងគៀងគរថវិកាចំនួន២០,០០០ដុល្លារ សម្រាប់ការសង្គ្រោះបន្ទាន់។

ថវិកានេះត្រូវបានប្រើសម្រាប់ការសិក្សាបច្ចេកទេស ការធ្វើរបាយការណ៍ ការថតរូប និងការចងក្រងឯកសារវិទ្យាសាស្ត្រ មិនមែនសម្រាប់ការជួសជុលប្រាសាទទាំងមូលទេ។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ UNESCO ជាប្រភពជំនួយអន្តរជាតិផ្នែកសង្គ្រោះបន្ទាន់ដែលអាជ្ញាធរទទួលបាន ខណៈការងារក្នុងស្រុកពឹងផ្អែកលើថវិការដ្ឋ និងការបរិច្ចាគពីប្រជាពលរដ្ឋ។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បាន​ឱ្យដឹងថា ការខូចខាតសរុបចំនួន៥៦២ទីតាំង ស្មើនឹង ៧​ម៉ឺន​បំណែក​ថ្ម​ បានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម គោបុរៈ ក្បាច់ចម្លាក់ សសរថ្ម ជញ្ជាំង គោបុរៈ ទីសក្ការៈ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ រូបថត ហុង រស្មី

តាមលោក ពុទ្ធិការ ការចាប់ផ្ដើមការជួសជុលឡើងវិញអាស្រ័យលើស្ថានភាពសន្តិសុខ និងការដោះស្រាយបញ្ហាព្រំដែន។ វត្តមានកងទ័ពនៅក្បែរតំបន់ប្រាសាទបានដាក់សម្ពាធលើទេសចរណ៍ ការគ្រប់គ្រងបេតិកភណ្ឌ និងសុវត្ថិភាពរបស់ក្រុមមន្ត្រីអភិរក្ស។

លោកមិនអាចបញ្ជាក់ថា ការងារអភិរក្សពេញលេញនឹងអាចបន្តនៅពេលណា ឬត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីស្ដារការខូចខាតបានទេ។

លោកថា ប្រសិនបើបញ្ហាព្រំដែនអាចត្រូវបានដោះស្រាយ និងភាគីទាំងពីរវិលមកធ្វើការតាមយន្តការដែលបានកំណត់ ស្ថានភាពអាចប្រសើរឡើង។ ប៉ុន្តែបើការដាក់ពង្រាយអាវុធ និងភាពតានតឹងបន្តកើនឡើង ការវិលត្រឡប់ទៅរកការងារអភិរក្សធម្មតានឹងនៅតែជួបការលំបាក៕

-Post Khmer-

 

អត្ថបទទាក់ទង