Grand News Asia Close

បទឈប់បាញ់ មិនមែនជាការទទួលស្គាល់ព្រំដែន

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 19:36 pm ទស្សនៈ-Opinion ព័ត៌មានជាតិ 1079
បទឈប់បាញ់ មិនមែនជាការទទួលស្គាល់ព្រំដែន បទឈប់បាញ់ មិនមែនជាការទទួលស្គាល់ព្រំដែន

សេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភា Nophadol In-na ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ជាវោហាសាស្ត្រដ៏គ្រោះថ្នាក់មួយមិនមែនតែកម្ពុជាទេ តែថែមទាំងចំពោះស្ថិរភាពក្នុងតំបន់ទាំងមូលផងដែរ គឺការបំផ្លើស បំភ្លៃការពិត និងការបង្កើតសាច់រឿងក្លែងក្លាយរបស់ប្រទេសថៃ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួនចំពោះអំពើឈ្លានពាន និងការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

ការប៉ុនប៉ងយកសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកធ្វើជាមូលដ្ឋានសម្រាប់ការឈរជើងរបស់កងទ័ពថៃ គឺជាការបកស្រាយខុសពីការពិតក្នុងចេតនាទុច្ចរិត ពោលគឺថៃអនុវត្តដោយអន្លើៗត្រង់ចំណុចដែលខ្លួនមានប្រៀប ដោយមិនអនុវត្តឲ្យបានពេញលេញ និងទាំងស្រុងដូចកម្ពុជានោះឡើយ។ ជាការពិត បទឈប់បាញ់ មិនមែនជាកិច្ចព្រមព្រៀងកំណត់ខណ្ឌសីមាព្រំដែនទេ។ ការកំណត់ព្រំដែនត្រូវធ្វើឡើងតាមរយៈសន្ធិសញ្ញា ឬការសម្រេចរបស់តុលាការអន្តរជាតិ មិនមែនតាមរយៈការបកស្រាយឯកតោភាគីលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការអះអាងថា «ការឈរជើងបច្ចុប្បន្ន» របស់កងទ័ពខ្លួនមានភាពស្របច្បាប់ ដោយផ្អែកលើបទឈប់បាញ់ គឺជាការបកស្រាយដែលមិនអាចយកបទឈប់បាញ់មកធ្វើជាមូលដ្ឋានសម្រាប់កំណត់ស្ថានភាពផ្លូវច្បាប់នៃព្រំដែនបានឡើយ។ ជាក់ស្តែង ការរក្សាទីតាំងកងទ័ពក្នុងពេលមានបទឈប់បាញ់ គឺជាវិធានការបណ្តោះអាសន្នសម្រាប់រក្សាស្ថានភាពសន្តិសុខ និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹង មិនមែនជាការកំណត់ ឬការទទួលស្គាល់ខ្សែព្រំដែនអន្តរជាតិនោះទេ។

ប្រសិនបើការបកស្រាយបែបនេះត្រូវបានទទួលយក វានឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់ចំពោះសន្តិភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ព្រោះវាអាចនាំឱ្យការប្រើកម្លាំងដើម្បីកាន់កាប់ទឹកដីរបស់រដ្ឋដទៃ ត្រូវបានយកបទឈប់បាញ់មកធ្វើជាមូលដ្ឋាន ដើម្បីបង្កើតភាពស្របច្បាប់សម្រាប់ការកាន់កាប់នោះ។ គោលការណ៍នេះមិនអាចត្រូវបានទទួលយកឡើយ ព្រោះបទឈប់បាញ់មានគោលបំណងបញ្ឈប់អំពើហិង្សា និងបង្កើតលក្ខខណ្ឌសម្រាប់ការចរចា មិនមែនដើម្បីផ្លាស់ប្តូរ ឬកំណត់ស្ថានភាពផ្លូវច្បាប់នៃព្រំដែនអន្តរជាតិនោះទេ។

កន្លងទៅ ថៃបានអះអាងថា កម្ពុជាជាអ្នកចាប់ផ្តើមជម្លោះ និងជាអ្នកវាយប្រហារគោលដៅស៊ីវិល។ ការចោទប្រកាន់បែបនេះ គឺជាការលាងខ្លួន ផ្ទុយពីការពិត និងទម្លាក់កំហុសលើជនរងគ្រោះ ឬគេអាចនិយាយបានថា “ចោរស្រែកចាប់ចោរ”។ តើប្រទេសណាដែលបានពង្រាយកងទ័ពទៅមុខ? តើប្រទេសណាដែលបានឈ្លានពានដែនអាកាស? តើប្រទេសណាដែលបណ្តាលឱ្យជនស៊ីវិលជាង៦០ម៉ឺននាក់ ត្រូវភៀសខ្លួន? ចម្លើយច្បាស់ណាស់ គឺប្រទេសថៃ។ ប៉ុន្តែភាគីថៃព្យាយាមលាក់បាំងការពិតដោយប្រើភាសាក្លែងធ្វើជាជនរងគ្រោះ ដើម្បីទាក់ទាញការអាណិតអាសូរពីសហគមន៍អន្តរជាតិ។ ជាក់ស្តែង ការអំពាវនាវរបស់កម្ពុជាឱ្យមានការផ្ទៀងផ្ទាត់អន្តរជាតិដោយឯករាជ្យ គឺជាជំហរដ៏រឹងមាំ និងច្បាស់លាស់។ ប្រសិនបើថៃពិតជាមានភស្តុតាងគ្រប់គ្រាន់ ហេតុអ្វីបានជាពួកគេមិនស្វាគមន៍ការស៊ើបអង្កេតឯករាជ្យ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តចោទប្រកាន់កម្ពុជាដោយគ្មានភស្តុតាង ហើយបដិសេធមិនទទួលយកការត្រួតពិនិត្យពីអន្តរជាតិ។ ទង្វើនេះ បង្ហាញថា ថៃខ្លាចការពិត។

ការចោទប្រកាន់លាបពណ៌ជនភៀសខ្លួនកម្ពុជា ជាង ២០.០០០នាក់ ថា ជា “អ្នកចូលទន្ទ្រានដីថៃ” គឺជាការបំផ្លើសដ៏ស្មោគគ្រោកនិងអមនុស្សធម៌ជាទីបំផុត។ ពលរដ្ឋកម្ពុជា គឺជាជនរងគ្រោះពីជម្លោះដែលបង្កឡើងដោយការឈ្លានពានរបស់ថៃ។ ពលរដ្ឋកម្ពុជា មិនបានឆ្លងដែនចូលទៅក្នុងទឹកដីថៃទេ ប៉ុន្តែបាននិងកំពុងភៀសខ្លួននៅក្នុងទឹកដីកម្ពុជាដែល​ជាទឹកដីកំណើតរបស់ខ្លួនទៅវិញ។ ការលាបពណ៌របស់ប្រទេសថៃ គឺជាការបំផ្លាញដល់ដំណើរការការទូត ពីព្រោះវាបង្ហាញថាភាគីថៃមិនមានឆន្ទៈក្នុងការនិយាយការពិត ឬស្តាប់ការពិតនោះទេ។
ការទាមទាររបស់ថៃឱ្យកម្ពុជា “នៅស្ងៀម” និងជៀសវាងការធ្វើអន្តរជាតូបនីយកម្មជម្លោះ គឺជាការប៉ុនប៉ងដាក់សម្ពាធ និងបិទមាត់កម្ពុជាដែលជាជនរងគ្រោះ។ នៅក្នុងសហគមន៍អន្តរជាតិសម័យទំនើប ការប្រើប្រាស់វេទិកាសភាតំបន់ និងអន្តរជាតិ គឺជាសិទ្ធិស្របច្បាប់របស់រដ្ឋអធិបតេយ្យមួយ។ ការបដិសេធមិនឱ្យកម្ពុជាប្រើប្រាស់យន្តការការទូតទាំងនេះ គឺជាការបញ្ជាក់ដោយប្រយោលថា ភាគីថៃមានការភ័យខ្លាចចំពោះការលាតត្រដាងការពិត។ ថៃអំពាវនាវឱ្យមានការសន្ទនា ខណៈពេលដែលថៃកំពុងបន្តការឈ្លានពានទឹកដីកម្ពុជា។ ប្រសិនបើថៃពិតជាចង់បានសន្តិភាព ថៃត្រូវតែបង្ហាញភាពស្មោះត្រង់តាមរយៈសកម្មភាពជាក់ស្តែង គឺការដកកងទ័ពចេញពីទឹកដីកម្ពុជា និងត្រឡប់ទៅរកតុចរចាឡើងវិញ។

ជារួម ការបំផ្លើសរបស់ប្រធានគណៈកម្មការប្រឹក្សាយោបល់នៃព្រឹទ្ធសភាថៃ គឺជាវិធីសាស្ត្របំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសហគមន៍អន្តរជាតិយល់ច្រឡំ បង្កើតភាពស្របច្បាប់ក្លែងក្លាយសម្រាប់ការកាន់កាប់ទឹកដីកម្ពុជា។ ទោះជាយ៉ាងណា ការពិតនៅតែជាការពិត គឺថៃមិនអាចលាក់បាំងជារៀងរហូតបានទេ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់ខាត ចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា​នាពេលកន្លងមក។
ល្មមដល់ពេលហើយដែលសហគមន៍អន្តរជាតិត្រូវទទួលស្គាល់ការពិត ហើយថ្កោលទោសចំពោះការប្រើប្រាស់វោហាសាស្ត្របំផ្លើស និងអំពើឈ្លានពានរបស់ប្រទេសថៃ។ សន្តិភាពយូរអង្វែងអាចកើតឡើងបាន លុះត្រាតែភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងការពិតជាប្រវត្តិសាស្ត្រ។ ការបំផ្លើស និងការកុហក នឹងមិនអាចនាំទៅរកសន្តិភាពពិតប្រាកដបានឡើយ៕

ដោយៈ សុខ សុវណ្ណ