Grand News Asia Close

ការពិតមិនអាចបិទបាំងបាន៖ សារព័ត៌មានអន្តរជាតិ និងសហគមន៍អន្តរជាតិបង្ហាញពិភពលោកពីវិបត្តិព្រំដែនកម្ពុជា-ថៃ

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1013
ការពិតមិនអាចបិទបាំងបាន៖ សារព័ត៌មានអន្តរជាតិ និងសហគមន៍អន្តរជាតិបង្ហាញពិភពលោកពីវិបត្តិព្រំដែនកម្ពុជា-ថៃ ការពិតមិនអាចបិទបាំងបាន៖ សារព័ត៌មានអន្តរជាតិ និងសហគមន៍អន្តរជាតិបង្ហាញពិភពលោកពីវិបត្តិព្រំដែនកម្ពុជា-ថៃ

សង្រ្គាមព្រំដែនកម្ពុជា-ថៃដែលកើតឡើងកាលពីឆ្នាំ២០២៥កន្លងទៅ ហាក់បីដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់សហគមន៍អន្តរជាតិច្រើនទេ មូលហេតុនៃការមិនសូវមានការយកចិត្តទុកដាក់នោះអាចមកពីពិភពលោកកំពុងបង្វែរក្រសែភ្នែកទៅលើបញ្ហាសង្រ្គាមធំៗ បញ្ហាផលប៉ះពាល់សេដ្ឋកិច្ចនិងវិបត្តិថាមពលជាដើម។ ប៉ុន្តែទើបតែថ្មីៗនេះ បញ្ហាព្រំដែនកម្ពុជា-ថៃត្រូវបានសារព័ត៌មានធំៗរួមទាំងសហគមន៍អន្តរជាតិចាប់ផ្តើមបង្វែរការយកចិត្តទុកដាក់ជាបណ្តើរៗ។ តើការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗបង្ហាញអំពីការរំលោភបំពានរបស់យោធាថៃមកលើកម្ពុជា បង្ហាញអំពីការពិតអ្វីខ្ល និងមានអត្ថន័យយ៉ាងណា?

រូបថតពិតៗជាច្រើនដែលបង្ហាញពីការរងគ្រោះរបស់ប្រជាជនកម្ពុជាដោយសារការវាយប្រហារហួសប្រមាណពីកងកម្លាំងថៃនិងភាពខ្ទេចខ្ទាំនៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានអ្នកសារព័ត៌មានបារាំង លោក Jean Luc Moreau Deleris យកទៅដាក់តាំងក្នុងមហោស្រពពិព័រណ៍រូបថតកាសែតអន្តរជាតិដើម្បីប្រាប់ពិភពលោកអំពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាដែលបង្កឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននិងបានបណ្តាលឱ្យជនភៀសសឹកជាង៦៤ម៉ឺននាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែង ហើយនៅមានជនភៀសសឹកជិត២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ដោយសារការារាំងដោយបន្លារលួស ទូរកុងតឺន័រ ហើយផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។ ឃ្លីបវីដេអូដែលបង្ហាញពីអំពើឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់កងទាហានថៃក៏ត្រូវបានអ្នកសារព័ត៌មានបរទេសរូបនេះ លើកយកមកពិពណ៌នាផងដែរ។

ការពិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានបង្ហាញប្រាប់ពិភពលោកផងដែរ ដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrew ដែលបានចុះទៅដល់ព្រំដែននិងបានពិពណ៌នាអំពីការឈឺចាប់ខ្លោចផ្សារបស់ជនភៀសសឹកកម្ពុជា ដែលបានឃើញផ្ទះសម្បែងរបស់ពួកគេរងការទម្លាក់គ្រាប់បែក និងត្រូវបានឈូសឆាយបំផ្លាញដោយគ្រឿងចក្ររបស់ថៃ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បង្ហាញអារម្មណ៍រន្ធត់តក់ស្លុត និងបញ្ជាក់ថា តាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិត្រឡប់ទៅផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព និងគ្មានការរារាំង។ សិទ្ធិនេះក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤ ដែលភាគីទាំងពីរបានឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅតំបន់ព្រំដែនរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាវិញដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែផ្ទុយពីការប្តេជ្ញានេះ ស្ថានភាពនៅលើដីជាក់ស្តែងបង្ហាញថា ប្រជាពលរដ្ឋភៀសសឹកកម្ពុជាមួយចំនួននៅតែប្រឈមនឹងការរារាំងមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។

ចំណែកសភានិយាយភាសាបារាំង (APF) ក៏ធ្លាប់បានចេញសេចក្តីសម្រេចកាលពីអំឡុងខែកក្កដាកន្លងទៅនេះ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល ការរំលោភបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា និងបានអំពាវនាវឱ្យថៃគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពកម្ពុជា និងចៀសវាងរាល់សកម្មភាពជាឯកតោភាគីដែលបណ្តាលឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរនិងអំពាវនាវឱ្យដកកងកម្លាំងទាំងអស់ចេញពីតំបន់ជម្លោះ។ សភា APF ក៏បានជំរុញឱ្យមានការអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិផងដែរ។

សូមរំលឹកជូនថា នៅក្នុងចំណុចទី១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ (Kuala Lumpur Peace Accord) ចែងថា «ភាគីកម្ពុជា-ថៃបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាពនិងសន្តិសុខរវាងប្រទេស យើងទាំងពីរដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការចៀសវាងការគំរាមកំហែងប្រើប្រាស់ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដីនិងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសទាំងពីរ»។

ដោយឡែក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីចុងខែសីហាកន្លងទៅ ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ សេចក្តីប្រកាសទីក្រុងភ្នំពេញក៏បានប្តេជ្ញាគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចា ការសម្រុះសម្រួលនិងមធ្យោបាយសន្តិវិធីផ្សេងទៀតដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗនិងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងពេញលេញ។

សរុបជារួម សកម្មភាព និងការលាតត្រដាងទាំងអស់ខាងលើ កំពុងក្លាយជាភស្តុតាងដ៏សំខាន់ដែលនាំការពិតអំពីស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃទៅកាន់សហគមន៍អន្តរជាតិ និងធ្វើឱ្យពិភពលោកកាន់តែយល់ច្បាស់ពីផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាបានរងគ្រោះ។ ការចុះផ្សាយជាបន្តបន្ទាប់របស់សារព័ត៌មានអន្តរជាតិធំៗ ការចូលរួមរបស់ស្ថាប័នអន្តរជាតិ និងសក្ខីកម្មពីតំបន់ជាក់ស្តែង កំពុងធ្វើឱ្យបញ្ហាព្រំដែនកម្ពុជា-ថៃក្លាយជាបញ្ហាដែលទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។

អ្វីដែលកាន់តែសំខាន់ គឺការលាតត្រដាងទាំងនេះកំពុងបំបែកភាពស្រពិចស្រពិលជុំវិញស្ថានការណ៍នៅតាមព្រំដែន និងបង្ហាញថា ជម្លោះមិនអាចដោះស្រាយតាមរយៈការប្រើកម្លាំង ឬការបង្កើតការពិតថ្មីនៅលើដីបានឡើយ។ តាមរយៈនយោបាយការទូតសកម្ម និងរស់រវើក ក្រោមអភិក្រម «ស្ងាត់តែមិនស្ងៀម» កម្ពុជាកំពុងនាំបញ្ហានេះទៅកាន់វេទិកាអន្តរជាតិ ដោយផ្អែកលើភស្តុតាង ច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី។ ដូច្នេះ ការពិតដែលកំពុងត្រូវបានឃើញ និងទទួលស្គាល់កាន់តែទូលំទូលាយនេះ គឺជាកម្លាំងជំរុញឱ្យមានដំណោះស្រាយពិតប្រាកដ យុត្តិធម៌ និងយូរអង្វែង ដែលភាគីពាក់ព័ន្ធមិនអាចមើលរំលង ឬគេចវេសបានទៀតឡើយ៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង