Grand News Asia Close

ថៃ និង «សង្គ្រាមបីសណ្ឋាន» លើកម្ពុជា៖ បំបាក់កម្លាំង បំបាក់សេដ្ឋកិច្ច និងបំបាក់កេរ្តិ៍ឈ្មោះ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1045
ថៃ និង «សង្គ្រាមបីសណ្ឋាន» លើកម្ពុជា៖ បំបាក់កម្លាំង បំបាក់សេដ្ឋកិច្ច និងបំបាក់កេរ្តិ៍ឈ្មោះ ថៃ និង «សង្គ្រាមបីសណ្ឋាន» លើកម្ពុជា៖ បំបាក់កម្លាំង បំបាក់សេដ្ឋកិច្ច និងបំបាក់កេរ្តិ៍ឈ្មោះ

យោងតាមសន្ទរកថាគន្លឹះរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានឱ្យដឹងថ្មីៗនេះថា ជម្លោះកម្ពុជា-ថៃនាពេលនេះ មិនអាចមើលត្រឹមតែការប្រឈមមុខគ្នាតាមព្រំដែននោះទេ បើពិនិត្យឱ្យ​ស៊ីជម្រៅទៅលើសកម្មភាពដែលកើតឡើងជាបន្តបន្ទាប់ គេអាចមើលឃើញថា សម្ពាធដែលថៃដាក់​មក​លើ​កម្ពុជា មានច្រើនជ្រុង មិនមែនតែផ្នែកយោធាប៉ុណ្ណោះទេ។ ក្នុងនោះ ក៏មានសម្ពាធផ្នែកសេដ្ឋកិច្ច និង​សង្គ្រាម​ព័ត៌មានផងដែរ ដែលសុទ្ធតែអាចប៉ះពាល់ដល់កម្ពុជា និងសមត្ថភាពក្នុងការការពារផល​ប្រយោជន៍ជាតិ។

និយាយដោយត្រង់ទៅ ប្រសិនបើយើងមើលសកម្មភាពរបស់ថៃតាមទស្សនៈនេះ អាចចាត់ទុកថាជា «សង្គ្រាមបីសណ្ឋាន» គឺ សង្គ្រាមបំបាក់កម្លាំង សង្គ្រាមបំបាក់សេដ្ឋកិច្ច និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។

សង្គ្រាមបំបាក់កម្លាំង មិនចាំបាច់មានការប្រយុទ្ធទ្រង់ទ្រាយធំទេ គឺគេធ្វើឡើងតាមរយៈការដាក់​សម្ពាធយោធា ការបង្កើនភាពតានតឹង និងការធ្វើឱ្យកម្ពុជាត្រូវចំណាយកម្លាំង និងធនធានជាច្រើន។ នៅពេលស្ថានការណ៍តាមព្រំដែនត្រូវអូសបន្លាយ កម្ពុជាត្រូវបែងចែកកម្លាំង ថវិកា និងធនធាន​របស់ជាតិទៅលើការការពារព្រំដែនកាន់តែច្រើនឡើង។ នេះហើយជាសង្គ្រាមបែប «រត់ម៉ារ៉ាតុង» ដែលមិនចាំ​បាច់ឈ្នះភ្លាមៗទេ ប៉ុន្តែត្រូវធ្វើឱ្យដៃគូចុះខ្សោយជាមុន។

រឿងដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត គឺការរក្សាកម្លាំង ឬការបង្កើតស្ថានភាពថ្មីនៅតាមតំបន់ប្រឈម បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ដែលមានគោលបំណងកាត់បន្ថយភាពតានតឹង។ សកម្មភាព​បែប​នេះ បានកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦កន្លងមក​នេះ កងទ័ព​ថៃ​បាន​បញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជាដើម្បីជីក​ប្រឡាយនៅ​តំបន់​ចូក​គ្រួស ក្នុងភូមិថ្មដូន ឃុំ​គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យស្ថានការណ៍នៅ​លើដីក្នុងដែនអធិប​តេយ្យ​កម្ពុជាត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ និងជាការបង្កើនសម្ពាធលើកម្ពុជាផង។

ដូច្នេះ កម្ពុជាមិនត្រឹមតែត្រូវការពារព្រំដែន និងទប់ស្កាត់ការបង្កើនភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រុង​ប្រយ័ត្នចំពោះការបង្កើត «ការពិតថ្មី» នៅលើដី តាមរយៈសកម្មភាព​ជាក់ស្តែងដែល​អាចធ្វើឱ្យស្ថាន​ភាព​ដើមប្រែប្រួលជាបន្តបន្ទាប់ផងដែរ។

សង្គ្រាមបំបាក់សេដ្ឋកិច្ច ក្នុងជម្លោះសម័យទំនើប សេដ្ឋកិច្ចជាអាវុធមួយដ៏មុតស្រួច​ដែល​មានប្រសិទ្ធភាព​មិនចាញ់កម្លាំងយោធាឡើយ។ ការបិទច្រកព្រំដែន ការរំខានពាណិជ្ជកម្ម ឬការ​ធ្វើឱ្យការដឹកជញ្ជូនជាប់​គាំង និងការប៉ះពាល់ដល់ការងាររបស់ពលករ នោះហើយជាការបង្កផលវិបាកជាអវិជ្ជមានដល់ពល​រដ្ឋ​ដោយ​ផ្ទាល់។

ចំណុចនេះ ថៃមិនអាចអះអាងថា ជារឿងដែលមិនពាក់ព័ន្ធនឹងជម្លោះនោះទេ។ នៅពេលវិធានការតាម​ព្រំដែនធ្វើឱ្យពាណិជ្ជកម្មថយចុះ អាជីវកម្មឆ្លងកាត់ព្រំដែនតូចៗរងផលប៉ះពាល់ ពលករត្រូវវិលត្រឡប់​មក​ស្រុកកំណើតវិញ និងគ្រួសាររបស់ពួកគេបាត់បង់ចំណូល នោះសម្ពាធនេះមិនបានធ្លាក់ត្រឹមតែលើរដ្ឋា​ភិ​បាល​កម្ពុជា​តែ​មួយទេ ប៉ុន្តែថែមធ្លាក់ទៅលើប្រជាពលរដ្ឋសាមញ្ញថែមទៀតផង។ នេះជាវិធីដែលធ្វើឱ្យ​ប្រទេស​មួយ​មានភាព​លំបាក​ពីខាងក្នុង ដោយមិនចាំបាច់ចំណាយគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់។

សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ ក្នុង​សម័យព័ត៌តាមបែបបច្ចេកវិទ្យាទំនើប អ្នកណាអាចផ្សព្វផ្សាយព័ត៌​មានបាន​លឿន ទូលំទូលាយ និងមានឥទ្ធិពលជាង អ្នក​នោះគឺអាចមានប្រៀបលើឆាកអន្តរជាតិហើយ។ ជាពិសេស នៅពេលព័ត៌មានមួយត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​​ទូលំ​ទូលាយ មុនពេលអង្គហេតុត្រូវបានបញ្ជាក់​ឱ្យបាន​ច្បាស់​នោះ អាចបង្កើតការយល់ឃើញមួយរួច​ស្រេចទៅ​ហើយ​ក្នុងចំណោមសាធារណជន​អន្តរ​ជាតិ។

កម្ពុជាមិនបានបដិសេធថា ឧក្រិដ្ឋកម្មឆបោកអនឡាញមិនមែនជាបញ្ហារបស់ខ្លួនឡើយ ប៉ុន្តែបញ្ហានេះគួរ​តែត្រូវបានដោះស្រាយតាមច្បាប់ និងតាមរយៈ​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប៉ុន្តែអ្វីដែលត្រូវ​សួរគឺ តើបញ្ហាឧក្រិដ្ឋកម្មរបស់បណ្តាញឧក្រិដ្ឋជន ត្រូវបានយកមកពង្រីករហូតដល់ក្លាយជារូបភាពថា ប្រទេសកម្ពុជា​ទាំងមូលជាប្រភពបញ្ហាដែរឬទេ? បើការប្រើប្រាស់បញ្ហាទាំងនេះដើម្បីបង្កើត​ទស្សនៈ​អវិជ្ជមានចំពោះកម្ពុជា នោះមិនមែនជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតែមួយ​មុខទៀត​ឡើយ ប៉ុន្តែបាន​ក្លាយជា​ផ្នែកមួយនៃសង្គ្រាមព័ត៌មានបំបាក់កេរ្តិ៍ឈ្មោះហើយ។

សង្គ្រាមទាំងបីសណ្ឋាននេះអាចភ្ជាប់គ្នាបាន។ សម្ពាធយោធាធ្វើឱ្យកម្ពុជាត្រូវចំណាយកម្លាំង និងធនធាន​កាន់តែច្រើន ខណៈសម្ពាធសេដ្ឋកិច្ចធ្វើឱ្យប្រជាពលរដ្ឋរងការលំបាក ហើយសង្គ្រាមព័ត៌មានអាចប៉ះពាល់​ដល់ភាពជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា។ នៅពេលសម្ពាធទាំងបីកើតឡើងស្របគ្នា នោះអាចបង្កើតជាបន្ទុកដ៏ធ្ងន់លើកម្ពុជា និងអាចមានផលប៉ះពាល់ខ្លាំងជាងការប្រឈមមុខគ្នា​នៅលើ​សមរ​​ភូមិ​តែមួយមុខទៅទៀត។

ចំពោះថៃ បើចង់បានសន្តិភាពពិតប្រាកដ ត្រូវតែចាប់ផ្តើមពីការគោរពកិច្ចព្រមព្រៀង កុំបង្កើនភាពតាន​តឹង កុំប្រើសម្ពាធសេដ្ឋកិច្ចដើម្បីដាក់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាឱ្យក្លាយជាអ្នកទទួលរង និងកុំយកបញ្ហា​ផ្ទៃ​ក្នុង​របស់កម្ពុជាទៅធ្វើជាឧបករណ៍បំផ្លាញកេរ្តិ៍ឈ្មោះ ហើយបើចង់បានការដោះស្រាយដោយសន្តិវិធី នោះ​ តុចរចា និងច្បាប់អន្តរជាតិ គួរតែជាផ្លូវដែលត្រូវដើរទាំងអស់គ្នា មិនមែនជាការបង្កើនសម្ពាធលើគ្រប់វិស័យ​ដូចនេះទេ។

សម្រាប់កម្ពុជា មេរៀននេះត្រូវបានចាត់ទុកជារឿងសំខាន់ដែលមិនអាចមើលរំលងបាន ដោយកម្ពុជាកំពុង​ពង្រឹង​​​កម្លាំងការពារជាតិ បង្កើនភាពធន់នៃសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ព្រមទាំង​ពង្រឹង​សមត្ថភាពការទូត និងការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យសហគមន៍អន្តរជាតិបានយល់ និងស្គាល់ពី​កម្ពុជាដោយផ្អែកលើព័ត៌មាន និងភស្តុតាងពិតដែលអាចផ្ទៀងផ្ទាត់បាន។

អ្វីដែលកម្ពុជាកំពុងប្រឈមមុខនាពេលនេះ មិនមែនមានតែសម្ពាធនៅតាមព្រំដែនទេ ប៉ុន្តែជា​សម្ពាធ​​ដែល​ប៉ះពាល់ដល់កម្លាំង សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះជាតិ។ ដូច្នេះ កម្ពុជាត្រូវតែរឹងមាំលើគ្រប់​ការដ្ឋាន​សមរ​ភូមិ និងមិនឱ្យការបំភ្លៃព័ត៌មាននេះប៉ះពាល់ដល់ការយល់ឃើញ និងមិនអនុញ្ញាតឱ្យសម្ពាធសេដ្ឋកិច្ចពី​ខាងក្រៅធ្វើឱ្យកម្ពុជាចុះខ្សោយ និងមិនអនុញ្ញាតឱ្យមានការបង្កើត «ការពិតថ្មី» នៅលើទឹកដីកម្ពុជា​ឡើយ។ ​សន្តិ​ភាព​ជា​ជម្រើសនិងជាអ្វីដែលកម្ពុជាចង់បាន ប៉ុន្តែការការពារអធិបតេយ្យភាព និងបូរណភាព​ទឹកដី គឺជាកាតព្វកិច្ច​ដែល​មិនអាចចរចាឬដោះដូរបានឡើយ៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង