Grand News Asia Close

វិភាគអន្តរជាតិ៖ តើឆ្មាំសមុទ្រចិន ប្រែជាមានអំណាចកាន់តែខ្លាំង ដោយរបៀបណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 371
វិភាគអន្តរជាតិ៖ តើឆ្មាំសមុទ្រចិន ប្រែជាមានអំណាចកាន់តែខ្លាំង ដោយរបៀបណា? វិភាគអន្តរជាតិ៖ តើឆ្មាំសមុទ្រចិន ប្រែជាមានអំណាចកាន់តែខ្លាំង ដោយរបៀបណា?

(ប៉េកាំង)៖ ការប្រឈមមុខដាក់គ្នាជាញឹកញាប់រវាងឆ្មាំសមុទ្រចិន (CCG) និងទូករបស់ហ្វីលីពីន បានទាញចំណាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ទៅកាន់សមត្ថភាពរបស់ CCG នៅក្នុងតំបន់សមុទ្រចិនខាងត្បូងដ៏ធំល្វឹងល្វើយ។ ក៏ប៉ុន្តែ សកម្មភាពរបស់ CCG មិនមែនធ្វើឡើងនៅត្រឹមតែសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ។ ឥលូវឆ្មាំសមុទ្រចិនធ្វើប្រតិបត្តិការល្បាតចម្ងាយជិត ១៤ ៥០០គីឡូម៉ែត្រនៃតំបន់ឆ្នេរ និងលើផ្ទៃប្រហែល៣លានគីឡូម៉ែត្រក្រឡានៃដែនសមុទ្រ។ តំបន់ដែល CCG កំពុងធ្វើប្រតិបត្តិការដែរនោះ គឺសមុទ្រចិនខាងកើត នៅក្បែរទីប្រជុំកោះ Diaoyu ឬ Senkaku ជាភាសាជប៉ុនជាទីដែលទីក្រុងប៉េកាំង និងទីក្រុងតូក្យូ មានជម្លោះដែនទឹកនឹងគ្នាជាយូរណាស់មកហើយ។

CCG ក៏បានបង្កើនការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្បែរកោះ Kinmen គ្រប់គ្រងដោយតៃវ៉ាន់ផងដែរ ចាប់តាំងពីខែកុម្ភៈមក ដោយនាវាឆ្មាំសមុទ្រចិន CCG ត្រូវបានរាយការណ៍ថា បង្ហាញវត្តមាននៅចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រ ពីកោះមួយនេះ នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រតៃវ៉ាន់។ ចិនបានចំណាយពេល១០ឆ្នាំ ក្នុងការប្រែក្លាយ CCG ទៅជាឆ្មាំសមុទ្រមួយដ៏មានឥទ្ធិពលលើសបណ្ដាប្រទេសមួយចំនួនទៀតផង ដើម្បីបម្រើដល់យុទ្ធសាស្ត្រសមុទ្ររបស់ចិន។

* ដូច្នេះតើឆ្មាំសមុទ្រចិនត្រូវបានបង្កើតដោយរបៀបណា?
ឆ្មាំសមុទ្រចិន (CCG) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ចេញពីទីភ្នាក់ងាររដ្ឋបាលសមុទ្រចំនួន៤រួមបញ្ចូលគ្នា នៅក្នុងការធ្វើកំណែទម្រង់យុទ្ធសាស្ត្រដែនសមុទ្រទ្រង់ទ្រាយធំមួយរបស់ចិន។ មុននឹង CCG ចាប់កំណើត ការគ្រប់គ្រងកិច្ចការដែនសមុទ្ររបស់ចិនមិនសូវមានប្រសិទ្ធភាពទេ ហើយជាទូទៅត្រូវបានគេដាក់ឈ្មោះឱ្យថា «នាគ៥លេងទឹក»។ តែការរួមបញ្ចូលទីភ្នាក់ងាររដ្ឋបាលដែនសមុទ្រ ទៅជាឆ្មាំសមុទ្រចិនបានអនុញ្ញាតឱ្យប៉េកាំងអនុវត្តយុទ្ធសាស្ត្រសមុទ្រកាន់តែល្អប្រសើរ។​

ក្នុងឆ្នាំ២០១៨ CCG ត្រូវបានផ្ទេរចេញពីរដ្ឋបាលស៊ីវិលកិច្ចការមហាសមុទ្ររបស់រដ្ឋចិន (State Oceanic Administration) ទៅក្រោមបង្គាប់របស់ប៉ូលិសប្រដាប់អាវុធប្រជាជនចិន (People’s Armed Police) ដែលមានភារកិច្ចរាយការណ៍ទៅកាន់គណៈកម្មការយោធាមជ្ឈិមចិន។ ដោយត្រូវបានគេហៅថា «កងទ័ពជើងទឹកទី២របស់ចិន» CCG មានតួនាទីប្រៀប បានទៅនឹងទាហានប៉ារ៉ា និងមានការិយាល័យចំណុះនៅសមុទ្រខាងជើង សមុទ្រខាងកើត និងសមុទ្រខាងត្បូង។ ច្បាប់ឆ្មាំសមុទ្រឆ្នាំ២០២១ បានគូសបញ្ជាក់ថា CCG មានបេសកកម្ម លើមុខព្រួយជាច្រើន ក្នុងនោះរួមមានប្រតិបត្តិការអនុវត្តច្បាប់ ការពារដែនកោះ និងថ្មប៉ប្រះទឹក ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសមុទ្រ ប្រឆាំងសកម្មភាពរត់ពន្ធ គាំទ្រការអភិវឌ្ឍ និងការទាញ ប្រយោជន៍ពីធនធានសមុទ្រ ថែរក្សាបរិស្ថានសមុទ្រ និងគ្រប់គ្រងជលផល។ តែជាក់ស្ដែង តួនាទីចម្បងរបស់ CCG នោះគឺការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន។

* តើឆ្មាំសមុទ្រចិនមាននាវាប៉ុន្មានគ្រឿង?
ចាប់តាំងពីត្រូវបានបង្រួមទៅជាភ្នាក់ងារតែមួយ CCG បានពន្លឿនការពង្រីក និងធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួន ដោយប្រើពេលជាង១០ឆ្នាំ ដើម្បីប្រែក្លាយខ្លួនទៅជាឆ្មាំសមុទ្រដ៏ធំបំផុត មួយនៅលើពិភពលោក។ ខណៈប៉េកាំងមិនបានបង្ហើបថាតើ CCG មាននាវាប៉ុន្មានគ្រឿងឱ្យប្រាកដ របាយការណ៍របស់ឆ្មាំសមុទ្រជប៉ុន JCG កាលពីឆ្នាំ២០២៣ បានបញ្ជាក់ថាចិនមាន នាវាល្បាតនៅក្នុងតំបន់ និងមហាសមុទ្រ ១៥៧គ្រឿង។ ចំណែក របាយការណ៍ឆ្នាំ២០២៣របស់មន្ទីរបញ្ចកោណស្ដីពីអំណាចយោធាចិនវិញ បាននិយាយថា CCG ធ្វើប្រតិបត្តិការ នាវាល្បាតប្រយុទ្ធ​មានទម្ងន់លើសពី៥០០តោន ច្រើនជាង ៥០គ្រឿងដែលមានសមត្ថភាពធ្វើប្រតិបត្តិការឆ្ងាយពីតំបន់ឆ្នេររបស់ចិននៅមានកម្រិត និងនាវាល្បាតតាមឆ្នេរ៣០០គ្រឿង មានទម្ងន់ពី១០០ ដល់៤៩៩តោន។ តាមលោក Zheng Zhihua ជាអ្នកជំនាញម្នាក់ខាងកិច្ចការដែនសមុទ្រមកពីសាកលវិទ្យាល័យ Shanghai Jiao Tong University នាវាភាគច្រើន របស់ CCG ត្រូវបានអភិវឌ្ឍចេញពីនាវាដែលចិនឈប់ប្រើ ហើយខណៈប្រព័ន្ធបាញ់មីស៊ីល និងកាំភ្លើងធុនធ្ងន់ត្រូវបានដកចេញ កាំភ្លើងធំ ដូចជាប្រភេទកាណុង ៧៦មីលីម៉ែត្រនៅតែបំពាក់លើនាវាទាំងនោះដដែល។

ជាងនេះទៅទៀត ប៉ុន្មានឆ្នាំថ្មីៗនេះ នាវាប្រភេទ Type 056 ច្រើនជាង ២០គ្រឿងត្រូវបានផ្ទេរចេញពីកងទ័ពជើងទឹកចិន និងត្រូវបានអភិវឌ្ឍឡើងវិញសម្រាប់ឆ្មាំសមុទ្រចិនប្រើប្រាស់។ រីឯនាវាប្រភេទ Type 072 ចំនួន២គ្រឿង ដែលអាចឱ្យឧទ្ធម្ភាគចក្រចុះចត និងដឹកកងទ័ព ក៏ឆ្លងកាត់ការអភិវឌ្ឍឡើងវិញបម្រើដល់ប្រតិបត្តិការរបស់ឆ្មាំសមុទ្រចិនផងដែរ ដោយមួយគ្រឿង មានទម្ងន់ប្រហែល ៤០០០តោន។ របាយការណ៍របស់មន្ទីរបញ្ចកោណ បានឱ្យដឹងថានាវាថ្មីរបស់ឆ្មាំសមុទ្រចិន គឺមានទំហំធំ និងមានសមត្ថភាពខ្លាំងជាងនាវាចាស់ៗ ដែលនេះជួយដល់ CCG អាចធ្វើសកម្មភាពកាន់តែឆ្ងាយពីតំបន់ឆ្នេររបស់ខ្លួន និងអាចឈរជើងក្នុងទីតាំងណាមួយរយៈពេលយូរ។ មិនតែប៉ុណ្ណោះ តាមរបាយការណ៍នេះដដែល នាវាថ្មីៗ និងមានទំហំធំរបស់ ឆ្មាំសមុទ្រចិនក៏មានបំពាក់កាណុងបាញ់ទឹកមានសមត្ថភាពខ្លាំង ទូកតូចៗ កាំភ្លើងមានកាណុងពី២០ ទៅ៧៦មីលីម៉ែត្រ ព្រមទាំងបំពាក់បរិក្ខារសម្រួលដល់ប្រតិបត្តិការរបស់ឧទ្ធម្ភាគចក្រ ផងដែរ។ ដោយមានទម្ងន់នៅពេលមានបន្ទុក ១២ ០០០តោន និងមានប្រវែង១៦៥ម៉ែត្រ នាវាឆ្មាំសមុទ្ររបស់ចិន ២គ្រឿង គឺម៉ាក ២៩០១ និង៥៩០១ បានក្លាយជានាវាធំជាងគេបំផុត របស់ពិភពលោកដោយបានវ៉ាដាច់នាវាអាមេរិកប្រភេទ Ticonderoga ដែលមានទម្ងន់៩៨០០តោន។ ជាមួយទំហំធំបែបនេះហើយទើប នាវា ៥៩០១ ត្រូវបានគេដាក់រហស្សនាមឱ្យថា «The Monster ឬនាវាបិសាច»។ របាយការណ៍ឆ្នាំ២០១៧ របស់ US Naval War College ថែមទាំងបានរាយការណ៍ដែរថា នាវាឆ្មាំសមុទ្រចិនទាំងអស់មានទម្ងន់សរុបចូលគ្នា ១៩០ ០០០តោន កាលពីឆ្នាំ២០១៦ ធៀបទៅនឹងនាវាឆ្មាំសមុទ្រជប៉ុនមានទម្ងន់ ១០៥ ៥០០តោន និង២០ ០០០តោនរបស់នាវាឆ្មាំសមុទ្រហ្វីលីពីន ក្នុងឆ្នាំដដែលនេះ។

តែទោះជាបែបនេះក្ដី លោក Zheng យល់ថាទោះមាននាវាខ្នាតធំច្រើនក៏ដោយ ក៏វាមិនប្រាកដមានអត្ថាប្រយោជន៍ ឬមានប្រសិទ្ធភាពលើសគេគ្រប់ពេលនោះដែរ ដ្បិតដែនទឹកនៅជុំវិញទីប្រជុំកោះ Spratly គឺជាតំបន់ទឹករាក់។ បានន័យថានាវាខ្នាតធំមិនអាចចូលទៅក្នុងតំបន់ទាំងនោះបានទេ ខណៈនាវាខ្នាតតូច និងមានទម្ងន់ស្រាលអាចធ្វើប្រតិបត្តិការនៅតំបន់ទឹករាក់ដូចជានៅ តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal និង Sabina Shoal ជាដើម។ អ្នកជំនាញរូបនេះបន្តថាក្នុងទសវត្សរ៍ឆ្នាំ២០១០ ឆ្មាំសមុទ្រចិនមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីតតាំងជាមួយ ឆ្មាំសមុទ្រជប៉ុននោះទេ អំឡុងការប្រឈមមុខដាក់គ្នានៅឯទីប្រជុំកោះ Diaoyu ឬ Senkaku។ តែពីមុន ខុសពីឥលូវ ពោលគឺ ឆ្មាំសមុទ្រចិនបានអភិវឌ្ឍខ្លួនយ៉ាងលឿនរហ័ស តាមទាន់ឆ្មាំសមុទ្រជប៉ុន ព្រមទាំងមាននាវាខ្នាតធំ និងបំពាក់ទៅដោយបរិក្ខារថ្មីៗ។

ប៉ុន្តែសម្រាប់លោក Bradford វិញ ឆ្មាំសមុទ្រជប៉ុនក៏ស្ថិតនៅក្នុងចំណោមឆ្មាំសមុទ្រមានសមត្ថភាពខ្ពស់នៅលើពិភពលោកដែរ ហើយទោះមិនធំដូចជាឆ្មាំសមុទ្រចិន ក៏ឆ្មាំសមុទ្រជប៉ុន នៅតែមានបច្ចេកវិទ្យាទំនើប ការបណ្ដុះបណ្ដាល និងការត្រៀមលក្ខណៈធ្វើប្រតិបត្តិការក្នុងកម្រិតសមត្ថភាពខ្ពស់ ដែលអាចស៊ីសងគ្នាជាមួយឆ្មាំសមុទ្រចិន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងកើត៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង