Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1014
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនឲ្យកាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងឱកាសនោះលោកសាស្ត្រាចារ្យ កាវ ហ្វៃ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកក៏ដូចជាប្រតិភូរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានសរសើរពីភាពរីកចម្រើនរបស់កម្ពុជាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
លោកថា ការរីកចម្រើនរបស់កម្ពុជានៅពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងដឹកនាំដោយសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។
លោកបានកោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថេរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការប្រទេសចិននៅពេលនេះ គឺក្នុងគោលដៅដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ (Track II Diplomacy) ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី។
សម្ដេចតេជោបានស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេសជាពិសេសគឺពេញចិត្តចំពោះការលើកឡើងពីការមើលឃើញដោយផ្ទាល់របស់លោកអំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
បន្ថែមពីលើនេះសម្ដេចតេជោ ក៏បានអរគុណដែរចំពោះតួនាទីរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិនដែលបានរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ ប៉ុន្តែនិយាយជារួមគឺ ការចូលរួមរបស់ចិននៅក្នុងការគាំទ្រដោយការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើសន្តិវិធី។
ជាចុងក្រោយសម្ដេចតេជោហ៊ុន សែន បានជូនពរឲ្យប្រតិភូទាំងអស់បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕

 

អត្ថបទទាក់ទង