Grand News Asia Close

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងចូលរួមថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 460
ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងចូលរួមថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងចូលរួមថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣– បន្ទាប់ពីការអាក់ខានដោយសារការរីករាដាលនៃជំងឺកូវីដ១៩ រយៈពេល៣ឆ្នាំកន្លងមកនោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ និងបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង និងទឹកចិត្តត្រេកអររបស់ប្រជាពលរដ្ឋ ដែលមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេសដែលមកចូលរួមយ៉ាងច្រើនកុះករផងដែរ។ នៅឯព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំង នារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាទីកន្លែងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ ព្រះរាជពិធីនេះ បានធ្វើឡើងក្រោមព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស អង្គទូតនៃបណ្ដាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនិងរាជធានីជាច្រើនផងដែរ។

ក្នុងឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទូកមកពីបណ្ដារាជធានី ខេត្ត ចូលរួមសរុប ៣៣៨ទូក ក្នុងនោះ មានផ្នែកទូកអុំ នារីខ្នាតអន្តរជាតិ ទូកអុំបុរសខ្នាតអន្តរជាតិ ទូកអុំបុរស ទូកអុំបុរសគូពិសេស និងផ្នែកទូកចែវ។ ចំពោះចំនួនកីឡាករ កីឡាការិនី ចូលរួមសរុប ២០ ៤១៧ នាក់ ដែលក្នុងចំនួននេះ គឺមានទូកអុំបុរស ១៥៨ទូក ចែវបុរស ៤២ទូក ទូកខ្នាតអន្តរជាតិបុរស ១៣៤ទូក (ទូកខ្នាតអន្តរជាតិនារី ២ទូក) កម្លាំងអុំបុរស ១៦ ៤៨៧ នាក់ (កម្លាំងអុំនារី ៨៧នាក់) កម្លាំងត្រៀមបុរស ២៧៦៥ នាក់ និងកម្លាំងត្រៀម នារី ៧៨នាក់។

បន្ទាប់ពីការប្រកួតពេញមួយថ្ងៃ ដោយធ្វើការផ្លាស់ប្ដូរខ្សែទឹកក្នុង និងក្រៅរួចមក នៅរាត្រីថ្ងៃដដែលនេះដែរ ជាមួយនឹងការសម្ដែងព្រះទ័យទុកដាក់អបអរសាទរចំពោះកីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងការប្រណាំងទូកថ្ងៃទីមួយនេះមក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទាន ភ្លើងទៀនជ័យ លើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបចំនួន ៣០ ដែលក្នុងនោះមានប្រទីបប្រទីបក្រសួង-ស្ថាប័ន ចំនួន ២៨ប្រទីប និង ប្រទីបក្រុមហ៊ុន ចំនួន ២ បណ្ដែតខ្លួនលើផ្ទៃទន្លេសាប ពីទិសខាត្បូង ទៅទិសខាជើង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះផងដែរ។ ប្រទីបទាំងនោះរួមមាន ១.ប្រទីបព្រះបរមរាជវាំង ២.ប្រទីបព្រឹទ្ធសភា ៣.ប្រទីបរដ្ឋសភា ៤.ប្រទីបរាជរដ្ឋាភិបាល ៥.ប្រទីបក្រសួងយុត្តិធម៌ ៦.ប្រទីបក្រសួងការពារជាតិ ៧.ប្រទីបក្រសួងមហាផ្ទៃ ៨.ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៩.ប្រទីបក្រសួងធម្មការ និងសាសនា ១០.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១១.ប្រទីបក្រសួងអប់រំ យុវជន និងកីឡា ១២.ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣.ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១៤.ប្រទីបក្រសួងពាណិជ្ជកម្ម ១៥.ប្រទីបក្រសួងទេសចរណ៍ ១៦.ប្រទីបក្រសួងរ៉ែ និងថាមពល ១៧.ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១៨.ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១៩.ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ ២០.ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២១.ប្រទីបក្រសួងបរិស្ថាន ២២.ប្រទីបក្រសួងធនធានទឹក និងឧតុនិយម ២៣.ប្រទីបក្រសួងប្រៃសណឺយ៍ និងទូរគមនាគមន៍ ២៤. ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន ២៥.ប្រទីបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២៦.ប្រទីបក្រសួងមុខងារសាធារណៈ ២៧.ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ ២៨-ប្រទីប ស.ស.យ.ក ២៩-ប្រទីបក្រុមហ៊ុនវឌ្ឍនៈ ៣០.ប្រទីបក្រុមហ៊ុនកូកា-កូឡា។

គួរបញ្ជាក់ដែរថា បើតាមកម្មវិធីដែលបានគ្រោងទុក នារាត្រីថ្ងៃដដែលនេះដែរ ក៏មានសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ដែងជូនប្រជារាស្ត្រទស្សនាកំសាន្តនៅតាមទីសាធារណៈដែលបានកំណត់មួយចំនួនផងដែរ៕

 

អត្ថបទទាក់ទង