Grand News Asia Close

វិភាគអន្តរជាតិ៖ តើរុស្ស៊ីអាចវាយប្រហារ NATO នៅខែក្រោយឬ?

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1020
វិភាគអន្តរជាតិ៖ តើរុស្ស៊ីអាចវាយប្រហារ NATO នៅខែក្រោយឬ? វិភាគអន្តរជាតិ៖ តើរុស្ស៊ីអាចវាយប្រហារ NATO នៅខែក្រោយឬ?

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងព្យាយាមធ្វើតេស្ដលើការប្ដេជ្ញាចិត្ត របស់ NATO ជាមួយការវាយប្រហារទ្រង់ទ្រាយតូចលើ សមាជិកណាមួយរបស់បក្សសម្ព័ន្ធយោធាមួយនេះ នៅប៉ុន្មានឆ្នាំខាងមុខ។ សេចក្ដីរាយការណ៍របស់ Wall Street Journal ធ្វើឡើង ដោយផ្អែកលើរបាយការណ៍ថ្មីមួយរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកអំពីសេណារីយ៉ូដែលអាចទៅរួច មានចាប់ពីការវាយប្រហារសាយប័រ រហូតដល់ការលុកលុយថ្មើរជើងទ្រង់ទ្រាយតូច។

របាយការណ៍ថ្មីខាងលើកើតមានឡើង ចំពេលមានសេចក្ដីរាយការណ៍ជាច្រើនពីការថមថយចុះស្ដុកអាវុធសំខាន់ៗ ដែលសហរដ្ឋអាមេរិកអាចនឹងត្រូវការជាចាំបាច់ដើម្បីប្រឈមមុខជាមួយរុស្ស៉ី ឬចិន ក្នុងករណីមានជម្លោះណាមួយ នៅពេលអនាគត។ ស្ដុកអាវុធសំខាន់ៗមួយចំនួន នៅក្នុងឃ្លាំងអាវុធអាមេរិកបានថយចុះ ដោយសារតែការផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ី និងការយកទៅប្រើប្រាស់ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ ស្ដុកអាវុធដែលកំពុងថយចុះ ក្នុងនោះរួមមានមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីល ATACMS ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល ពាក់លើស្មាប្រឆាំងយន្ដហោះ Stinger។

សហរដ្ឋអាមេរិកកន្លងមកធ្លាប់បានវាយតម្លៃថាលោក ពូទីន នឹងបង្ករឿង ឬបើកការវាយប្រហារលើរដ្ឋជាសមាជិកណាមួយរបស់ NATO នោះទេ ក្នុងពេលដែលរុស្ស៉ីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែការវាយតម្លៃបែបនេះត្រូវបានផ្លាស់ប្ដូរ កាលពីដើមឆ្នាំ២០២៦ ដោយក្រុមមន្ត្រីអាមេរិកបាននិយាយថាលោក ពូទីន កំពុងប្រឈមមុខនឹងសម្ពាធទាំងនៅអ៊ុយក្រែន និងក្នុងស្រុក ដូច្នេះលោក ត្រូវការជ័យជម្នះមួយយកទៅប្រាប់ប្រជាជនរុស្ស៉ី។ ជាពិសេស ការវាយដ្រូនរយៈចម្ងាយឆ្ងាយ របស់អ៊ុយក្រែនបានបង្កការខូចខាតធ្ងន់ធ្ងរទាំងលើកងទ័ពរុស្ស៉ី និងឧស្សាកម្មប្រេង ក្នុងគ្រាដែលកងទ័ព របស់លោក ពូទីនសម្រេចបានភាពរីកចម្រើនយឺតយ៉ាវនៅឯសមរភូមិមុខ តែត្រូវលះបង់អាយុជីវិតកងទ័ពក្នុងចំនួនដ៏ច្រើន។ នេះបើតាមការអះអាងរបស់ក្រុមមន្ត្រី និងអ្នកវិភាគលោកខាងលិច។

បច្ចុប្បន្ន មេដឹកនាំសហរដ្ឋអាមេរិក និងអឺរ៉ុបកាន់តែមើលឃើញជាក់ស្ដែងថារុស្ស៉ីកំពុងដឹកនាំការធ្វើតេស្ដលើការប្ដេជ្ញាចិត្តរបស់ NATO តាមរយៈការវាយប្រហារ ឬបង្ហោះដ្រូនរហូតដល់បាញ់ មីស៊ីលគ្រូសធ្លាក់ចូលក្នុងទឹកដីរបស់ NATO តួយ៉ាងដូចជាប៉ូឡូញ និងបាញ់ដ្រូនចូលក្នុងដែនអាកាសរូម៉ានី។ បើតាមក្រុមមន្ត្រីអាមេរិក គោលដៅរបស់លោក ពូទីន នៅក្នុងការវាយប្រហារ NATO ក្នុងពេលបន្តធ្វើសង្រ្គាមជាមួយអ៊ុយក្រែន នោះគឺបំបែកបំបាក់ និងវាយបំបាក់ការជឿទុកចិត្តលើបក្សសម្ព័ន្ធយោធាមួយនេះ។ «សំណួរដ៏សំខាន់នៅទីនេះ ថាតើសហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយបែបណា ប្រសិនបើរឿងបែបនេះកើតឡើងពិតមែន»។ នេះជាការយល់ឃើញរបស់លោកស្រី Heather Conley ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ពីវិទ្យាស្ថាន American Enterprise Institute ជុំវិញលទ្ធភាពនៃការលុកលុយណាមួយរបស់រុស្ស៉ី។ លោកស្រីបន្តថា «ការបំបែកបំបាក់តែងតែជាគោលដៅមួយរបស់រុស្ស៉ី ដើម្បីបំផ្លាញទំនុកចិត្តចំពោះ NATO និងបំបែកសហរដ្ឋអាមេរិកចេញពី សម្ព័ន្ធមិត្តរបស់ខ្លួន»។

ខណៈលោក ពូទីន កំពុងជួបការលំបាកក្នុងការសម្រេចឱ្យបានជោគជ័យ ដែលលោកចង់បាននៅអ៊ុយក្រែន ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកបាន និងកំពុងវិភាគថាតើទីក្រុងមូស្គូពិតជាបំណង បង្កើនជម្លោះ ឬធ្វើសកម្មភាពប្រឆាំងនឹងសម្ព័ន្ធមិត្តនៅអឺរ៉ុប ឬក៏យ៉ាងណាក្នុងរយៈពេលខ្លី ហើយការព្រួយបារម្ភរបស់ពួកគេគឺថាលោក ពូទីនប្រហែលជានឹងកាន់តែកាច ប្រសិនបើលោកទាល់ច្រក។ លទ្ធភាពនៃការគំរាមកំហែងពីរុស្ស៉ីដែលអាចនឹងកើតឡើង មានចាប់ពីការវាយប្រហារសាយប័រលើសមាជិកណាមួយរបស់ NATO ឬក៏បញ្ជូនកងកម្លាំងប្រដាប់អាវុធដែលត្រូវបានលាក់បាំង អត្តសញ្ញាណចូលទៅកាន់កាប់ទឹកដី រហូតដល់ការលុកលុយថ្មើរជើងទ្រង់ទ្រាយតូច ប្រឆាំងនឹងប្រទេសជាសមាជិក ក្នុងតំបន់អឺរ៉ុបខាងកើត ឧទាហរណ៍ដូចជាអេស្ដូនីដែលជាសមាជិក NATO។ បើតាមការវាយតម្លៃរបស់ ក្រុមមន្ត្រីស៊ើបការណ៍អាមេរិក ការវាយប្រហាររបស់រុស្ស៉ីអាចនឹងកើតឡើងចន្លោះពីខែកញ្ញាក្រោយនេះ រហូតដល់ឆ្នាំ២០២៩។ ការវាយតម្លៃនេះដែរបានឱ្យដឹងទៀតថា លទ្ធភាពនៃសេណារីយ៉ូដ៏គ្រោះថ្នាក់មួយ គឺការលុកលុយថ្មើរជើងទ្រង់ទ្រាយតូច មានភាគរយតិចណាស់អាចនឹងកើតឡើង ក៏ប៉ុន្តែប្រសិនបើលោក ពូទីន រកឃើញចំណុចខ្សោយ ឬក៏ NATO ខ្លួនឯង ធ្វើឱ្យលោក ពូទីនយល់ថា NATO ញញើត ឬស្ទាក់ស្ទើរក្នុងការឆ្លើយតប នោះលទ្ធភាពអាចទៅរួចនៃសេណារីយ៉ូនេះអាចនឹងកើនឡើង។

ការលុកលុយ ឬការឈ្លានពានថ្មើរជើងទ្រង់ទ្រាយតូច ត្រូវបានគេចាត់ទុកថាជាសេណារីយ៉ូមួយ មានភាគរយតិចតួចបំផុតនឹងកើតឡើង ក៏ព្រោះតែវាអាចនឹងជំរុញឱ្យ NATO ប្រើប្រាស់មាត្រា៥របស់ខ្លួន ដែលកំណត់ថាការវាយប្រហារលើរដ្ឋជាសមាជិកណាមួយ គឺជាការវាយប្រហារលើ NATO ទាំងមូល។ ក៏ប៉ុន្តែមាត្រា ៥នេះ មិនមានភាពច្បាស់លាស់នោះទេចំពោះការឆ្លើយតបរបស់ NATO ទៅនឹងការវាយប្រហារសាយប័រ ឬសង្រ្គាមកូនកាត់។ នេះតែងតែជាបញ្ហាប្រឈមរបស់ NATO ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារណាមួយ ដែលនៅក្រោមកម្រិតត្រូវប្រើប្រាស់មាត្រា ៥ ហើយ ជាក់ស្ដែងមកទល់នឹងពេលនេះ សម្ព័ន្ធមិត្ត NATO សុខចិត្តជ្រើសរើសយកជម្រើសមិនបង្កើនជម្លោះ។ ជាឧទាហរណ៍៖ កាលពីឆ្នាំ២០០៧ នៅពេលរុស្ស៉ីត្រូវបានចោទប្រកាន់ថា បានបើកការវាយប្រហារសាយប័រជាបន្តបន្ទាប់លើអេស្ដូនី ប្រទេសជាសមាជិក NATO​មួយនេះបានដោះស្រាយ និងគ្រប់គ្រងវិបត្តិតាមរយៈយន្តការទ្វេភាគី។

ការវាយតម្លៃរបស់ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក កើតមានឡើងចំពេលមានការព្រួយបារម្ភអំពី ការថយចុះស្ដុកអាវុធសំខាន់ៗ មួយចំនួន។ បន្ថែមពីការថយចុះមីស៊ីលរយៈចម្ងាយឆ្ងាយ និងខ្លី ស្ដុកអាវុធផ្សេងទៀតសម្រាប់ប្រព័ន្ធការពារដែនអាកាសអាមេរិកក៏ត្រូវបានរាយការណ៍ថាបានថយចុះផងដែរ រួមមានទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងគ្រាប់មីស៊ីល រួមទាំងរ៉ាដាសម្រាប់ប្រព័ន្ធ THAAD​។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានចាត់ទុកសេចក្ដីរាយការណ៍ពីការថយចុះស្ដុកអាវុធ គឺជាព័ត៌មានក្លែងក្លាយ។ ចំណែក អ្នកនាំពាក្យ សេតវិមាន លោកស្រី Anna Kelly បាននិយាយថាយោធាអាមេរិក មានអាវុធនៅក្នុងស្ដុកលើសពីគ្រាប់គ្រាន់ ដើម្បីបម្រើតាមសេចក្ដីត្រូវការ នៃគោលដៅយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នៅក្នុងករណីមានជម្លោះជាមួយរុស្ស៉ី អាវុធដូចជាប្រភេទគ្រាប់មីស៊ីលបាញ់ចំគោលដៅច្បាស់ៗ និង ATACMS ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធពាក់លើស្មា Stinger នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការវាយប្រហារទប់ទល់នឹង ការឈ្លានពានតាមផ្លូវគោក។ នេះបើតាមលោក Tom Karako មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកវិភាគបានព្រមានម្ដងហើយម្ដងទៀតថា ការប្រើប្រាស់គ្រាប់មីស៊ីល ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់តិច ឬច្រើន អាចនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការកំញើញសត្រូវ នៅជុំវិញពិភពលោក ក្នុងនោះមិនត្រឹមតែមិនអាចកំញើញរុស្ស៉ីប៉ុណ្ណោះទេ តែក៏មិនអាចធ្វើឱ្យចិនញញើតផងដែរ។

បើតាមសេចក្ដីរាយការណ៍ថ្មីៗនេះ ពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ សហរដ្ឋអាមេរិក បានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលទំនើបៗ ស្ទើរតែជិតអស់ស្ដុក។ ជាឧទាហរណ៍ របាយការណ៍ត្រូវបានធ្វើបច្ចុប្បន្នភាព របស់មជ្ឈមណ្ឌលដដែល បានវាយតម្លៃថាសហរដ្ឋអាមេរិក បានប្រើគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ចន្លោះពី ១០៦០ ដល់១៤៣០គ្រាប់ ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលនេះបានធ្វើឱ្យស្ដុកគ្រាប់មីស៊ីលនៅសល់ប្រហែល ៨៧០គ្រាប់។ លោក Mark Cancian ជាសហអ្នកសរសេររបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ CSIS បាននិយាយថាបើគ្រាន់តែធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ សហរដ្ឋអាមេរិកនឹងមានមីស៊ីល ដើម្បីបន្តធ្វើសង្រ្គាមតទៅទៀត។ ប៉ុន្តែអ្វីដែលជាក្ដីកង្វល់ វានឹងធ្វើឱ្យប៉ះពាល់ដល់ សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការឆ្លើយតប ប្រសិនបើជម្លោះជាមួយចិនផ្ទុះឡើងក្នុងតំបន់ប៉ាស៊ីហ្វិក៕

-Fresh News-

អត្ថបទទាក់ទង