Grand News Asia Close

វិភាគអន្តរជាតិ៖ លោក ត្រាំ ចង់ច្របាច់កសេដ្ឋកិច្ចអ៉ីរ៉ង់ អ្វីទៅជាជម្រើសរបស់លោក?

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1019
វិភាគអន្តរជាតិ៖ លោក ត្រាំ ចង់ច្របាច់កសេដ្ឋកិច្ចអ៉ីរ៉ង់ អ្វីទៅជាជម្រើសរបស់លោក? វិភាគអន្តរជាតិ៖ លោក ត្រាំ ចង់ច្របាច់កសេដ្ឋកិច្ចអ៉ីរ៉ង់ អ្វីទៅជាជម្រើសរបស់លោក?

​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអ៉ីរ៉ង់ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មក្នុងទម្រង់មួយមិនធ្លាប់មានពីមុនមកលើទីក្រុងតេហេរ៉ង់ក្នុងពេលឆាប់ៗ។ ប៉ុន្តែក្រុមអ្នកវិភាគនៅតែមានការសង្ស័យចំពោះការគំរាម នេះ ដ្បិតអ៉ីរ៉ង់បានស្ថិតនៅក្រោមការបិទខ្ទប់កំពង់ផែពីសំណាក់កងទ័ពជើងទឹកអាមេរិក និងជាប់ទណ្ឌកម្មរាប់ពាន់រួចទៅហើយ។ រដ្ឋបាលលោក ត្រាំ មិនបានបង្ហើបពីវិធានការទាំងនោះទេ តែជាបញ្ហាប្រឈម ការដាក់ទណ្ឌកម្មបន្ថែមលើអ៉ីរ៉ង់ត្រូវបានគេព្យាករថាតិច ឬច្រើនអាចនឹងជះផលអាក្រក់លើសេដ្ឋកិច្ចអាមេរិកវិញ។

បើតាមក្រុមអ្នកវិភាគ ដូចជាលោក Chris Kennedy​ មកពី Bloomberg Economics បាននិយាយថាលុះត្រាតែសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពេញទំហឹង ដោយមិនខ្វល់ថាប៉ះពាល់ដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយចិន បើពុំដូច្នោះទេទណ្ឌកម្មប្រហែលជាមិនអាចបង្ខំឱ្យអ៉ីរ៉ង់ប្ដូរឥរិយាបថឡើយ។

* ទំនាក់ទំនងជាមួយចិន
ចិនត្រូវបានរាយការណ៍ថាបានទិញច្រើនជាង ៩០ភាគរយនៃប្រេងដែលអ៉ីរ៉ង់នាំចេញ។ ដូច្នេះការដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬអង្គភាពដែលជួយសម្របសម្រួលដល់ការទិញប្រេងរបស់ចិនពីអ៉ីរ៉ង់ វានឹងកាត់បន្ថយដោយផ្ទាល់នូវចំណូលបានមកពីការលក់ប្រេងរបស់អ៉ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងរោងចក្រចម្រាញ់ប្រេងចិនមួយចំនួនរួចទៅហើយ ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង កាលពីចុងខែកុម្ភៈមក។ តែមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមិនទាន់ដាក់ទណ្ឌកម្មលើធនាគារធំៗរបស់ចិននៅឡើយទេ។

នៅទីនេះ ហានិភ័យ នោះគឺការដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុន ឬស្ថាប័នហិរញ្ញវត្ថុរបស់ចិនអាចនឹងបង្កភាពតានតឹងកាន់តែអាក្រក់ឡើងជាមួយប៉េកាំង ក្នុងបរិបទដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជីនពីង គ្រោងជួបគ្នានៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវ៉ាស៊ីនតោននៅខែកញ្ញាខាងមុខ។ មិនតែប៉ុណ្ណោះ វាក៏អាចនឹងបង្កផលប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោកផងដែរ ពីព្រោះការរាំងខ្ទប់ការនាំចេញប្រេងរបស់អ៉ីរ៉ង់ អាចនឹងនាំទៅរកការលុបបំបាត់ចោលប្រេងឆៅដែលលក់បញ្ចុះតម្លៃចេញពីទីផ្សារពិភពលោក ហើយអាចធ្វើឱ្យតម្លៃប្រេងដែលកំពុងឡើងថ្លៃស្រាប់កាន់តែឡើងថ្លៃ។ កាលពីខែឧសភា ចិនបានបង្គាប់ឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុកកុំអនុវត្តតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងចំនួន៥ ខណៈធនាគារធំៗរបស់ចិនកំពុងកៀបជាប់នៅចំកណ្ដាលរវាងបទបញ្ជារបស់ប៉េកាំង និងហានិភ័យនៃការបាត់បង់សិទ្ធិចូលទៅប្រើប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។

* អន្តរការីប្ដូរប្រាក់
មានក្រុមហ៊ុនប្ដូរប្រាក់នៅតាមបណ្ដាប្រទេសជាច្រើន តួយ៉ាងដូចជានៅអេមីរ៉ាតអារ៉ាប់រួមដែលបានជួយអ៉ីរ៉ង់បង្វិលប្រាក់ចំណូលពីការលក់ប្រេងចូលទៅក្នុងស្រុកវិញ។ នៅពេលលក់ប្រេងចេញម្ដងៗ អ៉ីរ៉ង់ចាំបាច់ត្រូវប្ដូរប្រាក់ ហើយត្រូវការមានអន្តរការី ឬភាគីទី៣ ដើម្បីប្ដូរប្រាក់ដែលភាគច្រើនទូទាត់ជាប្រាក់យ័នរបស់ចិនទៅជារូបិយបណ្ណផ្សេងទៀតដែលអ៉ីរ៉ង់អាចយកទៅចាយបានជាក់ស្ដែង។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានបង្ហាញរួចទៅហើយថា ខ្លួនមើលឃើញថាការប្ដូរប្រាក់បែបនេះគឺជាចំណុចខ្សោយមួយរបស់អ៉ីរ៉ង់ ហើយការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្ដូរប្រាក់មួយចំនួនជាមួយអ៉ីរ៉ង់ជាផ្នែកមួយនៃយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោក Bessent លើក្រុមហ៊ុន ឬអង្គភាពណាដែលជាប់សង្ស័យថាបានជួយអ៉ីរ៉ង់លាងលុយរាប់ពាន់លានដុល្លារ។ ការដាក់ទណ្ឌកម្មបែបនេះអាចនឹងរារាំងមិនឱ្យអ៉ីរ៉ង់ចូលទៅប្រើទ្រព្យសម្បត្តិជាច្រើនរបស់ខ្លួន។

ប៉ុន្តែអ៉ីរ៉ង់បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបង្កើតបណ្ដាញមួយចំនួនដើម្បីទូទាត់ប្រាក់នៅក្រៅប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ។ បានន័យថាការដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬបុគ្គលជាអន្តរការីប្ដូរប្រាក់ ទំនងជានឹងជំរុញឱ្យអ៉ីរ៉ង់ប្ដូរទៅរកអន្តរការីថ្មី រូបបិយបណ្ណ ឬទ្រព្យសកម្មតាមប្រព័ន្ធឌីជីថលផ្សេង ពោលមិនមែនបញ្ឈប់ប្រតិបត្តិការប្ដូរប្រាក់របស់អ៉ីរ៉ង់បានទាំងស្រុងនោះទេ។

* ដៃគូពាណិជ្ជកម្មរបស់អ៉ីរ៉ង់
សហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មបន្ទាប់បន្សំប្រឆាំងនឹងបណ្ដាប្រទេស ឬក្រុមហ៊ុនទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ ស្រដៀងគ្នាទៅនឹងវិធីសាស្រ្តដែលលោក ត្រាំ ធ្លាប់បានអនុវត្តចំពោះកូរ៉េខាងជើង កាលពីឆ្នាំ២០១៧។ ទណ្ឌកម្មបន្ទាប់បន្សំអាចបង្ខំឱ្យបណ្ដាក្រុមហ៊ុនបរទេស និងធនាគារត្រូវធ្វើការជ្រើសរើសរវាងការបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ ឬក៏រក្សាសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ការធ្វើបែបនេះអាចនឹងពង្រីកឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោនមិនមែនត្រឹមតែទៅលើក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការធ្វើពាណិជ្ជកម្មប្រេងរបស់អ៉ីរ៉ង់ប៉ុណ្ណោះទេ តែគឺអាចមានឥទ្ធិពលលើបណ្ដាប្រទេសជាច្រើន។ និយាយជារួម ការអនុវត្តវិធីសាស្ត្របែបនេះ អាចនឹងបង្កើនសម្ពាធបន្ថែមលើរុស្ស៉ី និងចិន រួមទាំងបណ្ដាក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុនៅតាមបណ្ដាប្រទេសដែលមានព្រំដែនជាប់អ៉ីរ៉ង់ក្នុងនោះរួមមាន ទាំងដៃគូរបស់សហរដ្ឋអាមេរិកខ្លួនឯង គឺតួកគីយ៉េដែលបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយតេហេរ៉ង់។

លោក ត្រាំ ធ្លាប់បានលើកឡើងពីវិធីសាស្ត្រនេះដែរ ជាមួយការគំរាមដំឡើងពន្ធគយ ២៥ភាគរយលើបណ្ដាប្រទេសទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ តែលោក ត្រាំមិនទាន់អនុវត្តវិធីសាស្ត្រនេះនៅឡើយទេ។

* ទ្រព្យសម្បត្តិនៅក្រៅប្រទេស
សហរដ្ឋអាមេរិកអាចចាត់វិធានការលើសពីការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលអ៉ីរ៉ង់ ឈានទៅដល់ការរឹបអូសយកទ្រព្យសម្បត្តិដែលស្ថិតនៅលើទឹកដីអាមេរិក ឬនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងការអនុវត្តដែលរដ្ឋបាលលោកអតីតប្រធានាធិបតី Bush បានធ្វើឡើង បន្ទាប់ពីការឈ្លានពានអ៉ីរ៉ាក់នៅឆ្នាំ២០០៣។ ក៏ប៉ុន្តែបរិមាណនៃទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលសហរដ្ឋអាមេរិកអាចបង្ក ឬរឹបអូស គឺមានចំនួនកំណត់។ ម្យ៉ាងវិញទៀត ការរឹបអូសទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ជាបញ្ហាច្បាប់ និងការទូតដ៏ស្មុគស្មាញមួយ បើប្រៀបធៀបទៅនឹងការបង្កកទ្រព្យសម្បត្តិ។ ក៏ព្រោះតែទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់អ៉ីរ៉ង់ ត្រូវបានរក្សាទុកនៅប្រទេសទី៣ ដូច្នេះទីក្រុងវ៉ាស៊ីនតោនត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះដើម្បីឈានទៅដល់ការរឹបអូស។

* កងនាវាខ្មោច
នៅក្នុងពេលដែលការបិទខ្ទប់របស់យោធាអាមេរិកបានធ្វើឱ្យចំនួនកប៉ាល់ដឹកទំនិញចេញចូលកំពង់ផែអ៉ីរ៉ង់មានការថយចុះ សហរដ្ឋអាមេរិកប្រហែលជាអាចនឹងពិចារណាលើវិធីសាស្ត្រទូលំទូលាយជាងនេះ។ វិធានការទាំងនោះមិនត្រឹមតែកំណត់គោលដៅលើកប៉ាល់ដឹកប្រេង ឬទំនិញប៉ុណ្ណោះទេ តែក៏កំណត់គោលដៅលើបណ្ដាក្រុមហ៊ុន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលសម្រួលដល់ការដឹកជញ្ជូនប្រេងរបស់អ៉ីរ៉ង់ផងដែរ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចហើយលើកប៉ាល់ និងក្រុមហ៊ុនមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងអ៉ីរ៉ង់ដែលជាប់ទណ្ឌកម្ម ឬគេស្គាល់ថា «កងនាវា ឬកប៉ាល់ខ្មោច»។

គួរបញ្ជាក់ថា កងនាវាឬ កប៉ាល់ខ្មោចគឺជាក្រុមកប៉ាល់ ឬនាវាដែលត្រូវបានគេប្រើប្រាស់ដើម្បីក្លែងបន្លំ ឬបិទបាំងការដឹកជញ្ជូនប្រេង ដែលជាប់ទណ្ឌកម្មរបស់លោកខាងលិច៕

-Fresh News-

អត្ថបទទាក់ទង