Grand News Asia Close

កម្ពុជា និងសហរដ្ឋអាមេរិក៖ ទស្សនៈខុសគ្នាចំពោះ ICJ និង ICC ក្នុងបរិបទអធិបតេយ្យភាព និងយុត្តិធម៌អន្តរជាតិ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1014
កម្ពុជា និងសហរដ្ឋអាមេរិក៖ ទស្សនៈខុសគ្នាចំពោះ ICJ និង ICC ក្នុងបរិបទអធិបតេយ្យភាព និងយុត្តិធម៌អន្តរជាតិ កម្ពុជា និងសហរដ្ឋអាមេរិក៖ ទស្សនៈខុសគ្នាចំពោះ ICJ និង ICC ក្នុងបរិបទអធិបតេយ្យភាព និងយុត្តិធម៌អន្តរជាតិ

ប្រទេសកម្ពុជាមានប្រវត្តិប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice: ICJ) ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ នៅឆ្នាំ១៩៥៩ កម្ពុជាបានដាក់សំណុំរឿងប្រាសាទព្រះវិហារទៅកាន់ ICJ ហើយនៅឆ្នាំ១៩៦២ តុលាការបានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០១៣ ICJ បានបកស្រាយបន្ថែមលើសាលក្រមឆ្នាំ១៩៦២ ដោយបញ្ជាក់អំពីវិសាលភាពនៃតំបន់ជុំវិញប្រាសាទ ថាប្រាសាទព្រះវិហារពិតជាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា។

ក្រោយពីការប៉ះទង្គិច និងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចដាក់សំណុំរឿងថ្មីទៅកាន់ ICJ ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់លើតំបន់ដែលនៅមានវិវាទ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ជារដ្ឋភាគីនៃ លក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ដែលបង្កើត តុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court: ICC) ផងដែរ (International Court of Justice [ICJ], 1962, 2013; Royal Government of Cambodia, 2025)។

សុរបជារួមមក កម្ពុជាបានចូលជាសមាជិក ទាំងនៅក្នុង តុលាការយុត្តិធម៌អន្តរជាតិ ឬហៅថា(ICJ) និង ជាសមាជិក តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងឆ្នាំ ២០០២។ ​ ICJ ឬ តុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នតុលាការសំខាន់របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិវាទផ្នែកច្បាប់រវាងរដ្ឋអធិបតេយ្យ និងផ្តល់មតិយោបល់ផ្នែកច្បាប់អន្តរជាតិ។  ចំណែកឯ ICC ឬ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង្កើត​ឡើងនៅឆ្នាំ១៩៤៥ ដើម្បីកាត់ទោសបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋឈ្លានពាន។ ដូច្នេះ ICJ ដោះស្រាយវិវាទរវាងរដ្ឋ ខណៈដែល ICC កាត់ទោសបុគ្គលដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត។

នៅក្នុងបរិបទនយោបាយអន្តរជាតិ សហរដ្ឋអាមេរិក និងកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាពខុសគ្នា ប៉ុន្តែមានចំណុចរួមមួយ គឺការថ្លឹងថ្លែងរវាងការការពារអធិបតេយ្យភាពជាតិ និងការទទួលយក​យុត្តិធម៌អន្តរជាតិ។ សម្រាប់សហរដ្ឋអាមេរិក ក្តីបារម្ភចម្បងគឺអំណាចរបស់ ICC ក្នុងការស៊ើបអង្កេត ឬចោទប្រកាន់បុគ្គលដែលជាមន្ត្រីរដ្ឋ ឬកងទ័ពអាមេរិក។ បើយោងតាមគេហទំព័រផ្លូវការរបស់សេតវិមាន កាលពីថ្ងៃទី ៦ ខែកុម្ភះឆ្នាំ ២០២៥ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធាធិបតី ដូណាល់ត្រាំ បានចេញបទបញ្ជា ដាក់ទណ្ឌកម្មលើ មន្រ្តី​ ICC ដោយ​បង្កកហិរញ្ញវត្ថុ និងបិទទិដ្ឋការ​រាល់មន្រ្តីណា​ដែលចូលរួមការស៊ើបអង្កេតនិតិវិធីរបស់ស្ថាប័ន ICC មកលើសហរដ្ឋអាមេរិក។ បើយោងតាមអ្នកវិភាគ អាមេរិក ក្រោមរដ្ឋបាលលោកប្រធាធិបតី ដូណាល់ ត្រាំ គឺចូលរួមគាំទ្រយ៉ាងខ្លាំងជាមួយរដ្ឋអ៊ីស្រាអ៊ែល បង្ក​សង្រ្គាម​នៅក្នុងមជ្ឈិមបូព៌ា ហើយមានប្រជាជនស្ទើរគ្រប់ជាតិសាសន៍បាត់បង់អាយុជិវិត ដែលនេះ គឺចាំបាច់ត្រូវមានការស៊ើបអង្កេតរបស់ស្ថាប័នតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ហេតុដូច្នេះហើយ ទើបរដ្ឋបាលលោក ដូណាល់ ត្រាំ ហាក់មានចេតនាចង់កម្ចេតចោល ICC ចេញពីកែវភ្នែក​អាមេរិក។ ដូចដែលគ្រប់គ្នាបានដឹងហើយថា រដ្ឋបាលសហរដ្ឋអាមេរិកជាច្រើន អាណត្តិមកនេះ បានផ្ដល់ការគាំទ្រ​ជាសម្ងាត់ ឬពេលខ្លះជាសាធារណៈ នៅពេលដែលតុលាការ ICC ចាត់វិធានការប្រឆាំងសត្រូវរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីននិងសូម្បីតែអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ។ និយាយម្យ៉ាងទៀត ICC នឹងល្អនៅក្រោមក្រសែភ្នែកអាមេរិក ឱ្យតែតុលាការនេះធ្វើការស្របតាមផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ចំណែកឯកម្ពុជា កំពុងប្រើប្រាស់ ICJ ជាមធ្យោបាយផ្លូវច្បាប់ ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ការនាំសំណុំរឿងទៅកាន់ ICJ គឺជាជម្រើសសន្តិវិធី ដែលផ្អែកលើច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់កម្លាំងយោធា។ សំណុំរឿងនេះរួមមានតំបន់ប្រាសាទ​តាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដែលជាចំណុចមានភាព​តានតឹងជាយូរមកហើយ (Royal Government of Cambodia, 2025; Reuters, 2025)។ ទោះជាយ៉ាងណា ការគាំទ្រយន្តការយុត្តិធម៌អន្តរជាតិក៏នាំមកនូវភាពស្មុគស្មាញផ្នែកនយោបាយផងដែរ។ ខណៈដែល ICJ អាចជួយការពារផលប្រយោជន៍របស់កម្ពុជាក្នុងវិវាទព្រំដែន ការចូលរួមក្នុងប្រព័ន្ធយុត្តិធម៌អន្តរជាតិជាទូទៅក៏អាចនាំឱ្យមន្ត្រីរដ្ឋស្ថិតក្រោមការពិនិត្យផ្លូវច្បាប់ ប្រសិនបើមានការចោទប្រកាន់អំពីឧក្រិដ្ឋកម្មអន្តរជាតិ និងបំពេញលក្ខខណ្ឌយុត្តាធិការរបស់ ICC។ ករណីអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហាញថា មេដឹកនាំជាតិអាចត្រូវបានស៊ើបអង្កេតដោយ ICC ប្រសិនបើតុលាការមានយុត្តាធិការតាមច្បាប់។ ទោះយ៉ាងណា នេះមិនមានន័យថា មេដឹកនាំកម្ពុជាណាម្នាក់នឹងត្រូវចោទប្រកាន់ឡើយ ព្រោះការសម្រេចបែបនេះអាស្រ័យលើមូលដ្ឋានច្បាប់ ភស្តុតាង និងយុត្តាធិការរបស់តុលាការក្នុងករណីជាក់លាក់នីមួយៗ។ លើសពីនោះទៀត លុះត្រាតែ មានការចូលរួមសហការពីអាជ្ញាធររបស់រដ្ឋ ឧទាហរណ៍ ប្រទេសហ្វីលីពីន គឺមន្រ្តីនយោបាយហាក់គាំទ្រ​នូវការចាប់ខ្លួនរបស់លោក ឌូតេ Duterte (Reuters, 2025)។

គួររម្លឹកផងដែរថា ICJ និង ICC មានភារកិច្ចខុសគ្នាជាមូលដ្ឋាន។ ICJ ដោះស្រាយវិវាទរវាងរដ្ឋ និងរដ្ឋ ដូចជាវិវាទព្រំដែន ឬការបកស្រាយសន្ធិសញ្ញា ខណៈដែល ICC មានសមត្ថកិច្ចកាត់ទោសបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋឈ្លានពាន។ ដូច្នេះ ប្រទេសមួយអាចគាំទ្រ ICJ ដើម្បីការពារអធិបតេយ្យភាពទឹកដី ប៉ុន្តែបង្ហាញការប្រុងប្រយ័ត្នចំពោះ ICC ព្រោះវាពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់មន្ត្រីរដ្ឋ (International Court of Justice, n.d.; International Criminal Court, n.d.)។

ប្រសិនបើយើង សួរថាហេតុអ្វីកម្ពុជាមិនអាចងាកចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងដកខ្លួនពីលក្ខន្តិកៈទីក្រុងរ៉ូម? អ្នកវិភាគខ្លះលើកឡើងថា នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបច្ចុប្បន្ន ការប្រកាន់ខ្ជាប់នូវយន្តការយុត្តិធម៌អន្តរជាតិ គឺជាខែលដ៏រឹងមាំមួយសម្រាប់ប្រទេសតូចៗដូចជាកម្ពុជា។

ការប្រៀបធៀបនេះបង្ហាញថា សហរដ្ឋអាមេរិក និងកម្ពុជាស្ថិតក្នុងបរិបទនយោបាយខុសគ្នា ប៉ុន្តែទាំងពីរកំពុងប្រឈមនឹងសំណួរដូចគ្នា គឺតើគួរផ្តល់អាទិភាពដល់អធិបតេយ្យភាពជាតិ ឬពឹងផ្អែកលើយន្តការយុត្តិធម៌អន្តរជាតិ។ សម្រាប់កម្ពុជា ICJ អាចជួយពង្រឹងការទាមទារផ្លូវច្បាប់លើទឹកដីដែលមានវិវាទជាមួយថៃ ខណៈដែលភាព​ជា​សមាជិក​នៃ​រដ្ឋភាគីនៃ ICC បង្ហាញពីការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ប៉ុន្តែក៏ត្រូវគិតគូរពីផលប៉ះពាល់ផ្នែកនយោបាយ និងផ្លូវច្បាប់ក្នុងរយៈពេលវែងផងដែរ (Royal Government of Cambodia, 2025; Reuters, 2025)៕

អ្នកនិពន្ធវង សេរីវឌ្ឍនៈ អ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ។ ទស្សនដែល​បាន​លើក​ឡើង ជា​ទស្សន​របស់​លោក​ផ្ទាល់ មិន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​ភ្នំពេញប៉ុស្តិ៍ទេ។ -Post Khmer-

អត្ថបទទាក់ទង