Grand News Asia Close

បទឈប់បាញ់មានន័យអ្វី ប្រសិនបើជនស៊ីវិលនៅតែបាត់បង់ផ្ទះសម្បែង?

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1026
បទឈប់បាញ់មានន័យអ្វី ប្រសិនបើជនស៊ីវិលនៅតែបាត់បង់ផ្ទះសម្បែង? បទឈប់បាញ់មានន័យអ្វី ប្រសិនបើជនស៊ីវិលនៅតែបាត់បង់ផ្ទះសម្បែង?
បទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គួរតែជាចំណុចចាប់ផ្តើមនៃការការពារជនស៊ីវិល ការវិលត្រឡប់របស់ជនភៀសសឹក និងការស្តារជីវភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប៉ុន្តែការអះអាង និងរូបភាពផ្កាយរណបដែលអង្គការ លីកាដូ បានចេញផ្សាយ ដោយបង្កើតជាសំណួរមួយថា តើកាតព្វកិច្ចក្រោមបទឈប់បាញ់ពិតជាត្រូវបានគោរពដែរឬទេ?
តាមការអះអាងរបស់អង្គការ លីកាដូ រូបភាពផ្កាយរណបដែលបានធ្វើបច្ចុប្បន្នភាពនៅខែមីនា ឆ្នាំ២០២៦ បង្ហាញថា ផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងតិច ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើននៅភូមិជោគជ័យ តំបន់បឹងត្រកួន និងភូមិព្រៃចាន់ ត្រូវបានឈូសបំផ្លាញ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។ អង្គការលីកាដូគឺជាអង្គការមិនមែនរដ្ឋាភិបាល (NGO) មួយរបស់កម្ពុជា ដែលធ្វើការលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្សបានបញ្ជាក់ដោយការស៊ើបអង្កេតឯករាជ្យ នឹងបានបង្ហាញពីការដែលភាគីថៃមិនអនុលោមតាមស្មារតីនៃបទឈប់បាញ់ ដែលមានគោលបំណងការពារជនស៊ីវិល មិនមែនធ្វើឱ្យពួកគេបាត់បង់លំនៅឋានបន្ថែមនោះទេ។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺការអះអាងថា សកម្មភាពទាំងនេះបានកើតឡើងបន្ទាប់ពីការប្រយុទ្ធត្រូវបានផ្អាក និងបទឈប់បាញ់បានចូលជាធរមាន។ ការអះអាងនេះមិនមែនផ្អែកលើប្រភពតែមួយនោះទេ ប៉ុន្តែស្របគ្នានឹងព័ត៌មាន និងការសង្កេតពីប្រភពជាច្រើន រួមទាំងការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងគណៈប្រតិភូអន្តរជាតិ ដែលបានវាយតម្លៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនទាំងមុននិងក្រោយពេលផ្ទុះសង្គ្រាម។ បន្ថែមពីលើនេះ រូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency’s Sentinel-2) និងរូបភាពដែលមានគុណភាពកាន់តែច្បាស់ បន្ទាប់ពីផែនទី Apple Maps ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែមីនា ឆ្នាំ២០២៦ ក៏ត្រូវបានលើកយកមកធ្វើជាមូលដ្ឋានសម្រាប់ការវិភាគ និងប្រៀបធៀបអំពីការប្រែប្រួលនៃស្ថានភាពនៅតំបន់ទាំងនោះផងដែរ។
ដូច្នេះការអះអាងទាំងនេះគឺមានគ្រប់តថភាពនិងគ្រប់ជ្រុងជ្រោយដែលអាចផ្ទៀងផ្ទាត់បាន ហេតុនេះហើយភាគីថៃ ដែលបានចូលគ្រប់គ្រងតំបន់ទាំងនោះ នឹងមានកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការការពារជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល។ អនុសញ្ញាទីក្រុងហ្សឺណែវទី៤ ជាពិសេសមាត្រា៥៣ ក៏បានហាមឃាត់ការបំផ្លាញទ្រព្យសម្បត្តិរបស់ជនស៊ីវិល លើកលែងតែករណីដែលអាចបង្ហាញបានថា មានភាពចាំបាច់ផ្នែកយោធាយ៉ាងខ្លាំង។
លើសពីនេះទៅទៀត ចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ការអនុវត្តបទឈប់បាញ់ មិនត្រូវប៉ះពាល់ដល់ដំណើរការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តការងារវាស់វែងខ័ណ្ឌសីមាព្រំដែន និងផ្តល់អាទិភាពដល់តំបន់ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់របស់ជនភៀសសឹក និងសន្តិភាពយូរអង្វែងតាមព្រំដែន។
ដូច្នេះ ប្រសិនបើក្នុងអំឡុងពេលបទឈប់បាញ់ មានការឈូសបំផ្លាញផ្ទះសម្បែង ឬការកែប្រែស្ថានភាពនៅក្នុងតំបន់មានវិវាទ ដូចដែលមានការអះអាង សកម្មភាពបែបនេះអាចបង្កឱ្យមានការព្រួយបារម្ភថា ជាការបង្កើតស្ថានភាពជាក់ស្តែងថ្មី (fait accompli) ដែលអាចប៉ះពាល់ដល់បរិយាកាសនៃការចរចា និងការអនុវត្តកិច្ចព្រមព្រៀងរវាងភាគីទាំងពីរហើយ។
ស្របពេលជាមួយគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrews បានរំលឹកថា តាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព។ ដូច្នេះ ប្រសិនបើជនភៀសខ្លួននៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះវិញ ឬផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញ ដូចដែលមានការអះអាង នោះបញ្ហានេះនឹងលើសពីវិវាទនយោបាយ ឬវិវាទព្រំដែនធម្មតា ហើយអាចបង្កជាសំណួរអំពីការអនុវត្តកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិផងដែរ។
ក្នុងន័យនេះ ភាគីថៃត្រូវតែបកស្រាយឱ្យបានច្បាស់លាស់ និងប្រកបដោយតម្លាភាពចំពោះការអះអាងទាំងនេះ ព្រមទាំងសហការក្នុងការបញ្ជាក់ការពិត ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហគមន៍អន្តរជាតិ និងជនរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ ការធានាឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ គឺជាវិធានការចាំបាច់មួយ ដើម្បីបង្ហាញថា បទឈប់បាញ់មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងនយោបាយនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តពិតប្រាកដក្នុងការការពារជីវិត សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិល៕
ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង