វិភាគអន្តរជាតិ៖ ការដោះដៃរបស់លោក ត្រាំ ចេញពីសង្រ្គាមអ៉ីរ៉ង់
(វ៉ាស៊ីនតោន)៖ «នៅពេលដែលអ្នកជាប់នៅក្នុងរណ្ដៅ រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើមុនគេគឺត្រូវឈប់ជីកដីតទៅទៀត»។ នេះគឺជាអ្វីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើកាលពីសប្ដាហ៍មុន តាមរយៈការចុះហត្ថលេខាលើអនុស្សរណយោគយល់ជាមួយអ៉ីរ៉ង់ បន្ទាប់ពីការសន្យាថាសហរដ្ឋអាមេរិកនឹងបំបាក់អ៉ីរ៉ង់ទាំងស្រុង។ លោក ត្រាំ បានសម្រេចចិត្តត្រឹមត្រូវក្នុងការដកខ្លួនចេញពីសង្រ្គាម ពីព្រោះបើនៅតែបន្តអូសបន្លាយ នោះលោកអាចប្រឈមមុខនឹងការខាតបង់កាន់តែច្រើន។ ដូច្នេះលោកបានសម្រេចចិត្តកាត់បន្ថយការខាតបង់របស់លោក ហើយបន្តដើរឆ្ពោះទៅមុខ។
ចាប់តាំងពីចុះហត្ថលេខាលើអនុស្សរណយោគយល់ ១៤ចំណុចជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដែលគេមើលឃើញថាធ្វើឱ្យអ៉ីរ៉ង់មានប្រៀប ក្រុមអ្នកវិភាគភាគច្រើនបាន និងកំពុងផ្តោតតើ សហរដ្ឋអាមេរិកទទួលបានអ្វីខ្លះពីកិច្ចព្រមព្រៀងនេះ ជាច្រើនខែក្រោយព្យាករថាអ៉ីរ៉ង់នឹងសុំចុះចាញ់? បន្ថែមពីលើនេះ នៅបន្ទាប់ពីកិច្ចចរចាជុំទី១រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក្នុងទីក្រុង Bürgenstock ប្រទេសស្វ៉ីស មានការខ្វែងគំនិតគ្នាជាច្រើនអំពីសម្បទានហិរញ្ញវត្ថុដែលត្រូវផ្ដល់ឱ្យអ៉ីរ៉ង់ ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅលីបង់។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងនេះ នោះគឺការទាញយកមេរៀនត្រឹមត្រូវចេញពីការប្រឈមមុខដាក់គ្នា ការស្វែងយល់ពីផលប៉ះពាល់ខាងយុទ្ធសាស្ត្រ និងការវាយតម្លៃឱ្យបានត្រឹមត្រូវពីជំហានបន្ទាប់ដែលត្រូវដើរ។ នេះជាការយល់ឃើញរបស់លោក Jon B Alterman ជាអ្នកវិភាគម្នាក់ពីតំបន់មជ្ឈិមបូព៌ាមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ CSIS មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។
នៅពេលសម្រេចចិត្តវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រហែលជាជឿថាការទម្លាក់គ្រាប់បែក និងគ្រាប់មីស៊ីលជាង ២០ ០០០គ្រាប់លើអ៉ីរ៉ង់ បូករួមទាំងការបិទខ្ទប់ ការធ្វើពាណិជ្ជកម្ម នឹងធ្វើឱ្យពួកគេសម្រេចបានជ័យជម្នះ។ ប៉ុន្តែដូចដែលគេគ្រប់គ្នាបានឃើញ រឿងទាំងអស់នេះមិនបានកើតឡើងនោះទេ។ មិនតែប៉ុណ្ណោះមិនត្រឹមតែមិនបានធ្វើឱ្យរបបអ៉ីរ៉ង់ចុះខ្សោយប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាកាន់តែធ្វើឱ្យរបបដឹកនាំអ៉ីរ៉ង់ពង្រឹងស្មារតីជាតិនិយម មនោគមន៍វិជ្ជា និងការប្រើកណ្ដាប់ដៃដែកដើម្បីបន្តក្ដាប់អំណាច។ និយាយជារួមការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលបានហុចដងឱ្យ អ៉ីរ៉ងបង្ហាញទៅកាន់ប្រជាជនរបស់ខ្លួនថាយ៉ាចហោចណាស់គ្មានបរទេសណាមកស្រឡាញ់អ៉ីរ៉ង់ខ្លាំងជាងរដ្ឋាភិបាលរបស់ពួកគេនោះទេ។ តាមលោក Jon B Alterman ការធ្វើសង្រ្គាមរបស់សហរដ្ឋអាមេរិក ជាមួយអ៉ីរ៉ង់ វាហាក់ដូចជាទីក្រុងវ៉ាស៊ីនតោនបានបំភ្លេចចោលនូវមេរៀនពីសង្រ្គាមនៅវៀតណាម អ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ សង្រ្គាមទាំងនេះបានបង្ហាញរួចហើយថាកម្លាំងយោធាមិនមែនជាឧបករណ៍ស័ក្តិសិទ្ធ ដើម្បីផ្លាស់ប្ដូរនយោបាយនោះទេ។ អ្វីដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរំពឹងថានោះគឺសង្រ្គាមអាចនឹងនាំទៅរកការផ្លាស់ប្ដូររបបដឹកនាំតាមបែបអាចារ្យនៅអ៉ីរ៉ង់។
ផ្ទុយទៅវិញ ជាជាងបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលអ៉ីរ៉ង់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបែរជាបង្ហាញឱ្យគេបានឃើញពីភាពធន់របស់អ៉ីរ៉ង់ទៅវិញ។ ជាលក្ខណៈយុទ្ធសាស្ត្រ អ៉ីរ៉ង់បានបង្ហាញពីសមត្ថភាព របស់ខ្លួនក្នុងការបិទខ្ទប់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកទំនិញជាពិសេសគឺប្រេង។ វិជ្ជាគុណបិទច្រកសមុទ្រនេះនឹងមិនរលាយបាត់ទៅណាទេ ហើយបណ្ដាប្រទេសដែលពឹងផ្អែកខ្លាំងលើ ការនាំចូលថាមពលពីតំបន់ឈូងសមុទ្រ ដូចជាជប៉ុន ឥណ្ឌា និងអឺរ៉ុបនឹងនៅតែមានការព្រួយបារម្ភថាអ៉ីរ៉ង់អាចនឹងប្រើប្រាស់ការបិទច្រកសមុទ្រនេះជាឧបករណ៍នយោបាយដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផែនការ ថាមពលរយៈពេលវែងរបស់ពួកគេ។ អ៉ីរ៉ង់ក៏បានបង្ហាញដែរពីសមត្ថភាពបង្កការខាតបង់ និងការអូសតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមហើយនេះជាមេរៀនមួយដែលបណ្ដាប្រទេសជាប់ភូមិផងរបងជាមួយ អ៉ីរ៉ង់នឹងមិនបំភ្លេចឡើយ។
សម្រាប់សហរដ្ឋអាមេរិក នៅបន្ទាប់ពីការប្រយុទ្ធក្នុងសង្រ្គាមក្នុងតំបន់អាស៊ីខាងលិចអស់រយៈពេលជាង៣៥ឆ្នាំមកនេះ វាហាក់ដូចជាសង្រ្គាមអ៉ីរ៉ង់ជាសង្រ្គាមចុងក្រោយមួយដូច្នោះដែរ។ ពីព្រោះប្រជាជនអាមេរិក កាន់តែច្រើនឡើងលែងសូវចាប់អារម្មណ៍លើតំបន់នេះដែលពួកគេយល់ថាមានអរិភាពខ្លាំងពេកដែលមិនអាចកែប្រែបាន ហើយការជាប់ផុងក្នុងជម្លោះណាមួយអាចនឹងតជំនាន់។ សម្រាប់លោក Jon B Alterman ផលវិបាកខ្លាំងបំផុតមួយនៃសង្រ្គាមអ៉ីរ៉ង់ នោះគឺប្រហែលជាការរៀបចំឡើងវិញជាមូលដ្ឋាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ភាពដៃជាគូអស់រយៈពេលរាប់ទសវត្សរ៍មកនេះបានស្គាល់ភាព រកាំរកូស ដ្បិតសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ និងអ៉ីស្រាអែលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងសម្លឹងឃើញផលប្រយោជន៍នយោបាយដើរបញ្ចា្រសគ្នា ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។
អ្នកនយោបាយអាមេរិកកាន់តែច្រើនឡើងនៅក្នុងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋចាប់ផ្ដើមមានអារម្មណ៍ថាការចូលរួមក្នុងសង្រ្គាមបានបង្កការខាតបង់ច្រើនជាងចំណេញ។ ដូច្នេះហើយទើបសភាទាំង២ របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានអនុម័តដំណោះស្រាយមួយដែលបង្គាប់ឱ្យលោក ត្រាំ បិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។ លោក Alterman បាននិយាយថាការគំរាមបិទច្រកសមុទ្រ Hormuz សាជាថ្មីជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែលនៅលីបង់ជាសញ្ញាមួយដែលអ៉ីរ៉ង់ចង់បង្ហាញថាខ្លួននឹងមិនព្រមចុះញ៉មឡើយ។ សម្រាប់លោក សង្រ្គាមមិនមែនជាដំណោះស្រាយ ហើយក្រុមចម្រុះអន្តរជាតិយ៉ាងទូលំទូលាយមួយអាចធ្វើឱ្យអ៉ីរ៉ង់មានការអត់ធ្មត់ និងបង្ហាញថាការបង្ករឿងណាមួយអាចធ្វើឱ្យអ៉ីរ៉ង់ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៥ បានបង្ហាញរួចហើយថារឿងទាំងនេះអាចសម្រេចទៅបាន។ នៅក្រោមកិច្ចព្រមព្រៀងចិន និងរុស្ស៉ីក៏ចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចផងដែរ។ ការស្ដារយន្ដការបែបនេះឡើងវិញប្រហែលជាមិនអាចទៅរួចទេក្នុងពេលនេះ ប៉ុន្តែមានយន្ដការរបៀបនេះយ៉ាងហោចណាស់ វាជាជំហានតែមួយគត់ដែលអាចរារាំងមិនឱ្យសង្រ្គាមត្រឡប់មកវិញ៕
-Fresh News-






