ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
សំណួរទី ១៖ តើសកម្មភាពនៃការបន្តរុលទៅមុខឥតឈប់ឈរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា ក៏ដូចជាការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ នៅតាមតំបន់ដែលថៃបានឈ្លានពានលើកម្ពុជា គឺជាសកម្មភាពត្រឹមត្រូវតាមអ្វីដែលមានចែងក្នុងសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែរឬទេ?
ចម្លើយ៖ មិនត្រឹមត្រូវទេ។ ភាគីថៃតែងអះអាងដោយបំភាន់សាធារណមតិថា អ្វីដែលពួកគេធ្វើនៅក្នុងតំបន់ដែលពួកគេ វាយដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយកម្លាំងយោធាថាជាការអនុវត្តតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសត្រង់ចំណុចទី២ ដែលចែងពីការឈរជើងនៅនឹងកន្លែងរបស់កងកម្លាំងនៃភាគីទាំងពីរ។ ប៉ុន្តែ តាមការពិត សកម្មភាពឈូសឆាយ រាយបន្លាលួស រុលទៅមុខឥតឈប់ឈរនៅតាមទីតាំងជាច្រើនរបស់យោធាថៃ គឺជាការរំលោភទៅលើចំណុចទី១ នៃសេចក្តីប្រកាសរួម ដែលហាមឃាត់មិនឱ្យយោធានៃប្រទេសទាំង ២ ធ្វើសកម្មភាពរុលទៅមុខចូល ក្នុងទឹកដីរបស់ភាគីម្ខាងទៀត។
ជាងនេះទៅទៀត នៅក្នុងសេចក្តីប្រកាសរួមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី២ បានកំណត់យ៉ាងច្បាស់នូវ គោលការណ៍ «អ្នកណានៅទីណា ត្រូវនៅទីនោះ» ដើម្បីរក្សាស្ថានភាពដើម និងបញ្ចៀសការបង្កើនភាពតានតឹងនៅតាមតំបន់ព្រំដែន។ ផ្ទុយទៅវិញ ជារៀងរាល់ថ្ងៃ យោធាថៃបាននិងកំពុងធ្វើសកម្មភាពឥតឈប់ឈរតាមរយៈការឈូសឆាយ និងសាងសង់នូវសំណង់ជាច្រើន ដែលរួមមានទាំងការដាក់ទូកុងតឺន័រជាច្រើនបន្ថែមទៀត ដើម្បីបង្កឱ្យមានការផ្លាស់ប្តូរ ស្ថានភាពនៅលើដីក្នុងចេតនាចង់កាន់កាប់ទឹកដីកម្ពុជា។
ដូច្នេះ ប្រសិនបើភាគីថៃពិតជាប្រកាន់ខ្ជាប់តាមគោលការណ៍ដែលខ្លួនបានលើកឡើង កងកម្លាំងថៃត្រូវបញ្ឈប់សកម្មភាព ជាឯកតោភាគីដែលអាចផ្លាស់ប្តូរស្ថានភាពនៅលើដីដូចដែលខ្លួនបាននិងកំពុងធ្វើ ហើយភាគីថៃត្រូវអនុវត្តតាមចំណុច ទី៣ នៃសេចក្តីប្រកាសរួមដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងព្រំដែនដើម្បី កំណត់ខណ្ឌសីមាប្រទេសទាំងពីរឱ្យបានច្បាស់លាស់ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដើម្បីកសាង សន្តិភាពយូរអង្វែងនៅតាមព្រំដែននៃប្រទេសទាំងពីរ។
សំណួរទី ២៖ តើរាជរដ្ឋាភិបាលកម្ពុជាមានជំហរយ៉ាងដូចម្តេចចំពោះការបន្តឈ្លានពានរបស់យោធាថៃដែល បានបង្កការគំរាមកំហែងដល់ការវិលត្រឡប់ទៅផ្ទះសម្បែងវិញរបស់ជនស៊ីវិលកម្ពុជា?
ចម្លើយ៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការពារយ៉ាងម៉ឺងម៉ាត់នូវខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ សកម្មភាពដែលយោធាថៃបាននិងកំពុងធ្វើគឺជា ការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ គឺជាអំពើរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងឡាយណាដែលបង្កភាពតានតឹង និងងាកមកគោរពតាមគោលការណ៍ ដែលបានព្រមព្រៀងគ្នា ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ស្របតាមចំណុចទី៤ នៃសេចក្តីប្រកាសរួម ដែលបានចែងអំពីការអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយគ្មានការរំខាន ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សហគមន៍អន្តរជាតិបានដឹងលឺយ៉ាងច្បាស់លាស់ពីរឿងនេះ ហើយបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះរាល់ការរំលោភបំពានដែលកើតមានឡើងនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធី ដោយប្រើយន្តការការទូត ដែលជាដំណោះស្រាយសន្តិភាព ដែលសហគមន៍ អន្តរជាតិកំពុងតាមដាននិងជំរុញយ៉ាងខ្លាំង៕





