[វីដេអូ] សម្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
[វីដេអូ] សម្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្រជាពលរដ្ឋ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីដូចគ្នានេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។ កាលនោះ យើងបញ្ចប់(ចែកបណ្ណកម្មសិទ្ធីដីធ្លីជូនប្រជាពលរដ្ឋ) ហើយថ្ងៃនេះនៅខេត្តកណ្ដាល។
[ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លី ក្រោយពីការទន្ទឹង រង់ចាំអស់ជាច្រើនឆ្នាំ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
អម្បាញ់មិញ សួរពូ(ម្នាក់) បានបណ្ណហើយយកទៅណា។ ប្រើក្នុងគ្រួសារ ឬទុកឱ្យកូន? ឥឡូវយើងផ្ទេរដីធ្លីឱ្យកូន មិនមានជាប់ពន្ធទេ។ (គាត់ថា)ទុកសិនហើយ។ ទុកសម្រាប់តាយាយសិន។ កូនកុំទាន់អាល។
[ចប់សេចក្ដីអធិប្បាយ២]
កម្មសិទ្ធិស្របច្បាប់លើដីធ្លីគឺជា «មូលដ្ឋាននៃជីវិត» ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ, ប៉ុន្តែគឺជា មូលដ្ឋាននៃជម្រក, មូលដ្ឋាននៃអាជីវកម្ម, មូលដ្ឋាននៃការវិនិយោគ, និងគឺជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
តាមរបាយការណ៍ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកណ្តាល បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ និងបានបន្តអនុវត្តយ៉ាងសកម្ម រហូតដល់បញ្ចប់ការ វាស់វែង និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាស្ថាពរ នាឱកាសនេះ។ ក្នុងន័យនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងរដ្ឋបាលខេត្តកណ្តាល ជាពិសេស ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល, មន្ត្រីបច្ចេកទេសក្រុមវាល, និងមន្ត្រីស្ម័គ្រចិត្ត ដែលបានខិតខំរួមគ្នា ជំរុញការងារវាស់វែង និងចុះបញ្ជីដីធ្លី ក្នុងខេត្តកណ្តាល ឱ្យបានចប់ជាស្ថាពរ។
ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល នាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យ នៃវិវាទដីធ្លី, ក៏ដូចជា ការបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី, ការស្នើសុំឥណទានផ្លូវការ, ការប្រកបអាជីវកម្មគ្រួសារ, និងការទាក់ទាញវិនិយោគព្រមទាំង ការលើកកម្ពស់សិនិទ្ធភាពសង្គម តាមរយៈ ការធានាសិទ្ធិលើកម្មសិទ្ធស្របច្បាប់ ការរស់នៅដោយសុខដុម និងការបន្តមរតក។
ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, កម្មសិទ្ធិឯកជនគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ប្រជាពលរដ្ឋត្រូវបានជម្លៀសចេញពីលំនៅឋាន និងរងការកាប់សម្លាប់រង្គាលយ៉ាងព្រៃផ្សៃ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩, យើងបានពុះពារកសាងប្រទេសជាតិឡើងវិញ ពីបាតដៃទទេ នៅលើគំនរផេះផង់ ឆ្អឹង និងទឹកភ្នែក, ដោយ ដៃម្ខាង កាន់អាវុធដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃពួកខ្មែរក្រហម និងការពារអាយុជីវិតប្រជាពលរដ្ឋ, ហើយ ដៃម្ខាងទៀត ខិតខំកសាង ស្ថាប័នរដ្ឋ និងស្តារខឿនសេដ្ឋកិច្ចជាតិឡើងវិញ ដោយពឹងផ្អែកលើធនធានមនុស្សដ៏ខ្សត់ខ្សោយបំផុត ដែលសសសនៅសេសសល់ពីការកាប់សម្លាប់។
ក្នុងវិស័យដីធ្លី, រដ្ឋបានគិតគូរផ្តល់សិទ្ធិប្រើប្រាស់ជូនប្រជាពលរដ្ឋជាលក្ខណៈសមូហភាព តាមរយៈការបង្កើត«ក្រុមសាមគ្គីបង្កបង្កើនផល» ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដី ស្របតាមកាលៈទេសៈជាក់ស្តែងនៃសង្គមកម្ពុជា ដែលមានសន្តិភាពផង និងសង្គ្រាមផង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចបង្កបង្កើនផល, ស្តារជីវភាពគ្រួសារ ឡើងវិញ, និងឈានទៅការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ។ រហូតដល់ឆ្នាំ១៩៨៩, សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមធ្វើការកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចជាតិ ប្រកបដោយហានិភ័យ ដោយផ្តល់កម្មសិទ្ធិឯកជនលើដីធ្លី ជូនប្រជាពលរដ្ឋទូទាំងប្រទេសឡើងវិញ។ ការសម្រេចចិត្តដ៏មោះមុតនេះ ប្រៀបបាននឹងការចែកកេរពីឪពុកទៅកូន ដែលសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុត សំដៅជួយរំដោះប្រជាពលរដ្ឋឱ្យងើបផុតពីភាពក្រីក្រ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការស្តារសង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំបន្តឆន្ទៈ និងមនសិការ «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ មកដល់បច្ចុប្បន្ន, ឆ្លុះបញ្ចាំងមួយផ្នែកតាមរយៈការប្រឹងប្រែងកែទម្រង់វិស័យដីធ្លី ជាប់ជាប្រចាំ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវ «សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត» លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួន សំដៅរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាប្រទេសមានអារ្យធម៌, ជាសង្គមស៊ីវិល័យ, និងជាភូមិឋានក្សេមក្សាន្ត។
រាជរដ្ឋាភិបាលតែងតែចាត់ទុកការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺជាសេវាចាំបាច់ ដែលក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ធ្វើជូនប្រជាពលរដ្ឋ ស្របតាមទស្សនទាន «ការចុះបញ្ជីដីធ្លីបង្ហើយ, សេវាគាប់ចិត្ត, និងបរិយាកាស មិនមានវិវាទនៅកម្ពុជា»។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
ទស្សនទាននេះមានអត្ថន័យទូលំទូលាយ និងឆ្លុះបញ្ចាំងពីការពិត។ ប៉ុន្តែ ទស្សនទានដែលមានត្រឹមតែនៅលើក្រដាសមិនដំណើរការទេ។ អ្វីដែលសំខាន់ គឺរាជរដ្ឋាភិបាលត្រូវធ្វើឱ្យក្លាយជាការពិត។ (រដ្ឋាភិបាល)បានធ្វើជាង ២០ឆ្នាំមកហើយ។ ដូចនៅក្នុងរបាយការណ៍ នៅខេត្តកណ្តាល(បានធ្វើ)ជាង ២០ឆ្នាំ ប៉ុន្តែយើងធ្វើការកែទម្រង់ជាប្រចាំ ជាពិសេសកែទម្រង់ឆ្នាំ១៩៨៩។ បើច្បាប់ភូមិបាល តាមប្រវត្តិសាស្ត្រនៅកម្ពុជា គឺមានតាំងពីឆ្នាំ១៨៨០ជាង ពេលបារាំងចូលមក ប៉ុន្តែការអនុវត្តដំបូងគឺចុះបញ្ជីឆ្នាំ១៩៣០។ ប៉ុន្តែ ពេលនោះមិនទាន់មានបណ្ណអីស្រួលបួល(នៅឡើយទេ)។ អាច(នៅ)ជាកម្មសិទ្ធិប្រើប្រាស់។
ក្រោយមកក៏ប្រទេសក្រឡាប់ចាក់ដោយសារសង្គ្រាម ហើយជាពិសេសនៅជំនាន់ខ្មែរក្រហម គឺកម្មសិទ្ធិឯកជនត្រូវលុបទាំងអស់។ អញ្ចឹង ក៏បានកើតឡើងវិញ(នូវបណ្ណកម្មសិទ្ធិដីធ្លី) ដែលទិដ្ឋភាពនៅថ្ងៃនេះឆ្លុះបញ្ចាំងអំពីការវិវត្តជាក់ស្តែងនៃលទ្ធផល ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាគោលនយោបាយ និងសកម្មភាព។ ខ្ញុំឧស្សាហ៍ឃើញអ្នកខ្លះថា រដ្ឋាភិបាលនិយាយច្រើន តែផលិតផលគឺសូន្យ។ មិនសូន្យទេ។ ទាក់ទងរឿងដីធ្លីនេះ ជាក់ស្តែងក្នុងអាណត្តិកន្លងទៅ យើងបានវាស់វែង និងចុះបញ្ជីដីធ្លីសរុបជាង ៧,៧លានក្បាលដី និងបានចេញបណ្ណសរុបជាង ៧លានបណ្ណ។ នៅក្នុងអាណត្តិថ្មីនេះ ពីដើមអាណត្តិ ឯកឧត្តម ឧប(នាយករដ្ឋមន្ដ្រី) សាយ សំអាល់ (និងខ្ញុំ)បានជួបគ្នា ពេលនោះ យើង(សំរេច)ផ្ដោតខ្លាំងទៅលើការដោះស្រាយបញ្ហាដីធ្លី ព្រោះបញ្ហាដីធ្លីវាជាប់គាំង។
រឿងបុរីជាប់គាំងជាបញ្ហាមួយ ប៉ុន្តែទំនាស់ដីធ្លី វិវាទនៅតាមភូមិ នៅតាមតំបន់មួយចំនួន រួមទាំងវិវាទនៅក្នុងការកាន់កាប់ដីរដ្ឋ ដីព្រៃអីផ្សេងៗ (រួមទាំង)កំណើនរបស់ប្រជាជន (ក៏)ធ្វើឱ្យមានបញ្ហា។ អញ្ចឹង អ្វីដែលសំខាន់ ដើម្បីបញ្ចប់បញ្ហា ឬបង្ការកុំឱ្យមានបញ្ហាតទៅទៀត គឺដោះស្រាយបញ្ហាឫសគល់របស់វា។ ស្អីដែលជាឫសគល់នៃបញ្ហាជម្លោះវិវាទ? មួយភាគ គឺភាពមិនច្បាស់លាស់នៃការកាន់កាប់។
(ដោយសារ)ភាពមិនច្បាស់លាស់នៃការកាន់កាប់ដី ទាំងការវាស់វែងមិនច្បាស់លាស់ បូកជាមួយកន្លែងខ្លះក៏មិនទាន់មានបណ្ណត្រឹមត្រូវ ដោយហេតុនេះ ជាគោលការណ៍ត្រូវជំរុញបន្តនូវការវាស់វែង ដើម្បីឱ្យបានចប់ទូទាំងប្រទេស ចុះបញ្ជី ហើយចែកបណ្ណជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់បញ្ហា។ យើងបានធ្វើ។ យើងធ្វើបន្ត។ យើងមិនបានបោះបង់ចោលកិច្ចការនេះទេ។ ដៃម្ខាង(ទៀត យើង)ដោះស្រាយបញ្ហាបុរីជាប់គាំងនិងការវិវត្តផ្សេងៗ។ ឥឡូវយើងនៅសេសសល់(ខ្លះ) ប៉ុន្តែ បើប្រៀបធៀប(កាល)ពី ២ឆ្នាំមុន យើងបានដោះស្រាយបានច្រើន។
អ្វីដែលសំខាន់គឺ នៅទូទាំងប្រទេស ប្រជាពលរដ្ឋត្រូវការភាពច្បាស់លាស់។ ដោយហេតុនេះ រាជរដ្ឋាភិបាលបានសម្រេច (ដែល)កាលនោះ ឯកឧត្តម សាយ សំអាល់ ថាយើងពន្លឿន(ការវាស់វែងនិងចុះបញ្ជី)បានត្រូវ ព្រោះថា បើតាមល្បឿននៃការធ្វើ ផ្អែកទៅលើចំនួនមន្ត្រី និងបើយើងផ្អែកតែទៅលើកម្លាំងមូលដ្ឋាន កម្លាំងខេត្តនោះ យើងនឹងប្រើពេលយូរ។ អញ្ចឹងហើយ ក៏មានសំណូមពរពីក្រសួងមក ឯកឧត្តម សាយ សំអាល់ ថាសុំបង្កើនកម្លាំងចុះ(មូលដ្ឋាន)។ យើងបានបញ្ជូនកម្លាំងចូលរាប់ពាន់នាក់។ បញ្ជូនកម្លាំង(ប្រមាណ) ៥០០០នាក់ ពីថ្នាក់កណ្តាលទៅជួយ បូកជាមួយ(កម្លាំង)នៅមូលដ្ឋាន ដែលមានបងប្អូនអង្គុយនៅនេះ។
យើងក៏ធ្វើការជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ដើម្បីបង្កើននូវប្រាក់ឧបត្ថម្ភសម្រាប់កម្លាំងធ្វើការងារ។ (រាជរដ្ឋាភិបាលសំរេច)បញ្ជូន(កម្លាំង)ចុះតែម្តង។ បើយើងមិនចំណាយ(លើរឿង)ហ្នឹងទេ បញ្ហាដ៏ធំនេះ នឹងនៅតែយូរ និងលំបាកដោះស្រាយ។ (ថ្វីបើ)ការចំណាយក្នុងការវាស់វែង(វាធំ/បន្ទាន់) ប៉ុន្តែការចំណាយក្នុងការដោះស្រាយបញ្ហា (កើតឡោះង)ដោយសារការវាស់វែងយឺត (វា)ហ្នឹង(បានជាចំណាយ)ធំនិងកាន់តែច្រើនជាងទៀត។ ដោយមូឡហេតុនេះ យើងសុខចិត្តចំណាយលើការបញ្ជូនកម្លាំងបន្ថែម បូក(នឹងកម្លាំងនៅមូលដ្ឋាន)ធ្វើ(កិច្ចការនេះ)។ ថ្ងៃខ្លះ ខ្ញុំឃើញមានទាំងការចែកបណ្ណនៅថ្ងៃសៅរ៍-អាទិត្យ(ទៀតផង) ព្រោះកន្លែងខ្លះ បងប្អូនកម្មករ/កម្មការិនី(រវល់ធ្វើការ រហូត)ដល់ថ្ងៃអាទិត្យបានគាត់នៅ(ផ្ទះ) …។
ខ្ញុំសូមអរគុណម្តងទៀតដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកចុះវាស់វែងតែម្តង។ ខ្ញុំបានឃើញ រូបដែលបញ្ជូនមកឱ្យខ្ញុំ អំពី(អ្នក)ចុះតាមមូលដ្ឋាន … ជាលទ្ធផល នៅក្នុងរយៈពេល ២ឆ្នាំជាង ជិត ៣ឆ្នាំនេះ យើងបានវាស់វែងបន្ថែមចំនួន ៦,៣លានក្បាលដី។ ដោយហេតុនេះ សរុបតាំងពីអាណត្តិមុន មកដល់ពេលនេះ មានទាំងអស់ ១៤លានក្បាលដី(ដែលបានវាស់វែង) ហើយយើងបានចេញ ២,៦លានបណ្ណបន្ថែម។ សរុបទាំងអស់ បូកចុះឡើងទៅ យើងបានចេញជិត ១០លានបណ្ណ ហើយមកដល់មកនេះ បានចែកវិញ្ញាបនបត្រជិត ៩លានបណ្ណ ឬស្មើនឹង ៨៦%នៃក្បាលដី បូកទាំងថ្ងៃនេះផង។
យើងនៅបន្តធ្វើតទៅទៀត ដើម្បីឱ្យការវាស់វែង ការកំណត់ព្រំ ការចុះបញ្ជីនិងការចែកបណ្ណជូនប្រជាពលរដ្ឋបានចប់សព្វគ្រប់ តាមទិសដៅដែលយើងបានដាក់ គឺគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧ ខាងមុខ។ ត្រូវខិតខំធ្វើឱ្យបាន ដើម្បីឱ្យបងប្អូនបានបណ្ណ(កម្មសិទ្ធដីធ្លី)នៅក្នុងដៃ … (ទោះបីនេះជា)អ្វីដែលយើងខិតខំ(កន្លង)មកនិងរួមគ្នា(ធ្វើឱ្យសំរេចបាន)បែបនេះ(ក៏ដោយ) យើងក៏ត្រូវទទួលស្គាល់ថានៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបន្ថែម។ ល្បឿនបានលឿនហើយ។ ឯកឧត្តម គួច ចំរើន ថា កាលមុនចែក(បណ្ណ) ថ្ងៃខ្លះចេញដល់ទៅ ៣០០០ បណ្ណ។ ថ្ងៃមុនបាន ១០០, ២០០, ១០០០។ ឥឡូវគុណនឹងបី។ យើងបានបង្កើនហើយ ប៉ុន្តែយើងនៅតែទទួលស្គាល់ថានៅមានបញ្ហាដែលត្រូវកែសម្រួល។
ពេលខ្លះ រឿងខ្លះមិនអាចកែមួយថ្ងៃបានទេ។ សំខាន់យើងក្តាប់បានបញ្ហា និងដោះស្រាយជាបណ្តើរៗ ក្នុងគោលដៅធ្វើឱ្យក្នុងសេវាដីធ្លីនេះ ប្រជាជនមានបណ្ណ(កម្មសិទ្ធ) ដែលពិសេសបញ្ជាក់ព្រំដី កុំឱ្យមានបញ្ហាតទៅទៀត។ បញ្ហាដែលយើង(រកឃើញតាមរយៈ)សិក្សាស្រាវជ្រាវកន្លងទៅ ក៏(ត្រូវ)បានលើកតាមបណ្តាញសង្គមមួយចំនួន ដែលប្រជាពលរដ្ឋចូលរួមមតិយោបល់។ ថ្ងៃមុន សម្តេចតេជោ ហ៊ុន សែន ក៏បានលើករឿងទាក់ទងនឹងការចេញបណ្ណនេះ។ នោះគឺរឿងកកស្ទះ។ ការកកស្ទះនេះមានកត្តាច្រើន។ យើងត្រូវក្តាប់ឱ្យជាប់ថាតើមូលហេតុ(នៃការកកស្ទះនោះ)មកពីអី្វ?
(មូលហេតុនៃ)កកស្ទះនេះ មិនមែនមានត្រឹមតែការវាស់វែង និងចុះបញ្ជីទេ។ វាមានបញ្ហាមួយចំនួនដែលកន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវការកែ(សម្រួលនីតិវិធី និង)ពន្លឿនកិច្ចការនេះ។ កន្លងទៅ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម គង់ វិបុល ក៏បានចុះធ្វើការសិក្សាបញ្ហានេះទូទាំងប្រទេស។ រឿងខ្លះវាទាក់ទងនឹងការវាស់វែង រឿងព័ត៌មានសុរិយោដី ឬមួយក៏ភូមិបាល កន្លែងខ្លះទាក់ទងនឹងប្រជាពលរដ្ឋ កន្លែងខ្លះក៏ទាក់ទងជាមួយរឿងពន្ធ។ អញ្ចឹងវាទាក់ទងប្រទាក់ក្រឡាគ្នា។ វាមិនអាច(ថា)តែជ្រុង(ណា)មួយ(ទេ)។ យើងត្រូវសិក្សា។ ភាគច្រើន ក្រុមការងារដែលចុះសិក្សា បានផ្ដោតខ្លាំងលើកិច្ចការមួយចំនួនដែលមានបញ្ហា ជាពិសេសពាក់ព័ន្ធជាមួយរឿងពន្ធដីធ្លី ដែលអាចថាជាកត្តាមួយដែលរួមចំណែកធ្វើឱ្យ(ការដោះស្រាយ)បញ្ហាយឹត(និងកកស្ទះ)។
គាត់(ក្រុមការងារ)បានចុះសិក្សានៅ ៤ខេត្ត ប៉ុន្តែ(ក្នុង)ទិន្នន័យនេះ (ក៏មាន)បូកជាមួយនឹងអ្វីដែលយើងបានទទួលពីប្រជាពលរដ្ឋតាម Facebook តាមប្រព័ន្ធបណ្តាញសង្គម។ Facebook និងបណ្តាញសង្គមនេះ គឺជាមូលដ្ឋាន ជាមធ្យោបាយមួយដែលប្រជាជនអាចផ្តល់ព័ត៌មានផ្ទាល់។ តាំងពីអាណត្តិមុនៗ រាជរដ្ឋាភិបាល និងសម្តេចតេជោ តែងតែមើលតាមហ្នឹង។ កន្លែងខ្លះខ្វះអីផ្សេងៗ ដោះស្រាយយ៉ាងម៉េច។ អាណត្តិនេះ យើងក៏ធ្វើតាម(ហ្នឹង)។ ក្រសួងស្ថាប័ននីមួយៗ ក្តាប់ជាប់នូវរឿង(ក្នុងសមត្ថកិច្ចរបស់ខ្លួន ហើយចូលរួមដោះស្រាយ)បញ្ហា។
សូមអរគុណចំពោះប្រជាពលរដ្ឋដែលបានបញ្ចេញមតិ។ និយាយរួម ការបញ្ចេញមតិ(ស្ថាបនា)។ កុំចូលមកតែជេរ តែសូមបញ្ចេញមតិមកថា មានបញ្ហាអី្វឱ្យពិតប្រាកដដើម្បីយើងក្តាប់បាន។ ចង់បានតែពីអ្នកដែលដឹងរឿងផ្ទាល់ទេ ព្រោះជួនកាលកន្លែងខ្លះ បញ្ហាដែលលើកមកតាមបណ្តាញសង្គម យើងបានផ្ទៀងផ្ទាត់ជាមួយមូលដ្ឋាន ក៏មានការពន្យល់(ហេតុផល)។ កន្លែងខ្លះ អ្នកដែលបង្ហោះហ្នឹង មិនមែនអ្នកនៅផ្ទាល់ទេ។ សួរចុះឡើង ទៅថានៅថៃឯណោះ។ រឿងខ្លះ មិនមែនជារឿងគាត់ទេ ឯគាត់នៅប្រទេសថៃ តែឮថា អ៊ំគាត់នៅខេត្តនេះ(ឬនោះ)មានបញ្ហា។ អញ្ចឹង គាត់អត់មានអីមកបញ្ជាក់ច្បាស់លាស់ទេ (ប៉ុន្ដែ)គាត់ដាក់មកប្រាវ។ យើងអត់ថាអីទេ។ យើងយកមតិហ្នឹងមកផ្ទៀងផ្ទាត់ ថាតើមែនឬអត់? បើអត់! ត្រូវចេញពន្យល់ប្រជាពលរដ្ឋ។ យ៉ាងណាក្តី មតិជាច្រើនក៏ជាមូលដ្ឋានពិតប្រាកដ ឱ្យយកជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហា។
ទាក់ទងនឹងរឿងកកស្ទះនេះ ល្ងាចមិញ ខ្ញុំបានចារឯកភាពលើកិច្ចការមួយចំនួន ក្នុងនោះឃើញមាន ៨បញ្ហា ដែលបានលើកឡើង និងលើកជាសំណើសុំគោលការណ៍ដោះស្រាយ។ ថ្ងៃនេះ ខ្ញុំសូម(និយាយ)ដាក់តាមមេក្រូ ដើម្បីឱ្យបងប្អូន(បានដឹង) គង់តែថាបន្តិចទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើប្រកាសព័ត៌មានមួយទេ ប៉ុន្តែសូមជំរាបជូនតែម្តង ព្រោះវាទាក់ទងរឿងប្រធានបទដែលយើងចែកបណ្ណថ្ងៃនេះ។ រឿងដោះស្រាយការស្ទះកកស្ទះនេះ ទី១ គឺការចុះបញ្ជីដីធ្លីនៅមន្ទីរដែនដី នគរូបនីយកម្ម សំណង់ រាជធានី-ខេត្ត មិនទាន់មានប្រព័ន្ធគ្រប់គ្រង (Central Database Management System) ដែលអាចគ្រប់គ្រងលំហូរឯកសារ និងទិន្នន័យរួមនៅឡើយ។ ប្រព័ន្ធទាំងនោះនៅដាច់ដោយឡែកពីភូមិបាល និងរដ្ឋបាលសុរិយោដីតាមភូមិសាស្ដ្ររាជធានី-ខេត្ត ដែលធ្វើឲ្យថ្នាក់កណ្ដាលគ្រប់គ្រងទិន្នន័យមិនទាន់គ្រប់ជ្រុងជ្រោយ និងពិបាកយកទៅផ្ទៀងផ្ទាត់។
ជាដំណោះស្រាយ យើងត្រូវជំរុញរៀបចំ Central Database Management System ប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្តាលឲ្យបានឆាប់ ដើម្បីចែករំលែកទិន្នន័យតាមប្រព័ន្ធ Ecology API មកអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ដើម្បីងាយស្រួលនិងមានភាពប្រទាក់ក្រឡា ក្នុងការដំណើរការឯកសារនីមួយៗឲ្យបានឆាប់។ ថ្ងៃក្រោយ ទៅកន្លែងពន្ធដារ មិនបាច់យកអីទៅទៀតទេ គឺថ្ពក់ទិន្នន័យពីក្រសួងដែនដីតែម្តង។ បើសិនជាអាចធ្វើបាន មិនបាច់ទៅដល់កន្លែងពន្ធដារ គឺបង់តាមអ៊ីនធឺណិតតែម្តងដើម្បីបញ្ចប់ការយកបណ្ណហ្នឹង។
យើងបានធ្វើការជំរុញតភ្ជាប់ច្រើនហើយ។ ក្រសួងដែនដីក៏បានធ្វើច្រើនដែរ ប៉ុន្តែនៅចំណុចមួយចំនួន។ យើងធ្វើមួយពាន់មុខ … ប៉ុន្តែត្រូវជំរុញជាអាទិភាពទាក់ទងនឹងការកកស្ទះនេះ។ សូមឯកឧត្តម សាយ សំអាល់ ធ្វើការជាមួយខាងឯកឧត្តម គង់ វិបុល ដើម្បីប្រទាក់ក្រឡាជាមួយក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ តភ្ជាប់។ ឥឡូវយើងជំរុញរឿង CamDX ដើម្បីតភ្ជាប់គ្នា។
ទី២ ម្ចាស់អចលនទ្រព្យមួយចំនួនមិនបានផ្តល់ការសហការ ដោយឯកសារមួយចំនួនម្ចាស់អចលនទ្រព្យមិនបានមកដកយកឯកសារដើម្បីបង់ប្រាក់ពន្ធ ដោយសារមិនមានលទ្ធភាពទូទាត់ប្រាក់ពន្ធ ឬម្ចាស់អចលនទ្រព្យមិននៅក្នុងស្រុក ឬមួយចំនួនម្ចាស់អចលនទ្រព្យមិនបានផ្តល់ឯកសារគ្រប់គ្រាន់ ហើយរដ្ឋបាលសុរិយោដីក៏ពុំសូវបានជំរុញកិច្ចការនេះជាមួយម្ចាស់អចលនទ្រព្យ។
ប្រព័ន្ធមានហើយ ខ្វះតែឯកសារ។ នៅចាំគ្នារៀងៗ ខ្លួន។ សូមឲ្យរដ្ឋបាលសុរិយោដី ជំរុញនិងពន្លឿនការដោះស្រាយ ចុះបញ្ជីឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង និងទំនាក់ទំនងផ្ទាល់ទៅម្ចាស់អចលនទ្រព្យ និងជំរុញឲ្យមកបំពេញនីតិវិធីឲ្យបានឆាប់រហ័ស។ ឯកឧត្តម សាយ សំអាល់ អាចពិនិត្យមើលក្រុមការងារដើម្បីដៅមុខសញ្ញា។ ជួនកាលគាត់ភ្លេច ជួនកាលគាត់មិនហ៊ាន។ (យើង)ទាក់ទងទៅគាត់តែម្តង ដើម្បីឆាប់បញ្ចប់ គឺបិទបញ្ជីមួយឱ្យចប់ឆាប់ និងឲ្យលឿន។
ទី៣ ឯកសារមួយចំនួន ប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិចាស់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ ជាប់បន្ទុកធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលពុំអាចដកយកមកប្តូរយកបណ្ណថ្មី ដែលទើបចុះបញ្ជីដីធ្លីបាន។ ក្នុងករណីខ្លះ ធនាគារ ឬមីក្រូហិរញ្ញវត្ថុក៏អាចអនុញ្ញាតផ្តល់កម្ចី ដោយគ្រាន់តែមានបង្កាន់ដៃទទួលបណ្ណកម្មសិទ្ធិ ប្រើប្រាស់ជាឯកសារធានាកម្ចី ដើម្បីដាក់បន្ទុកការខ្ចីនេះ ដែលនាំឲ្យម្ចាស់ដីពុំមានបង្កាន់ដៃទៅដកយកបណ្ណកម្មសិទ្ធិ ដែលនៅកកស្ទះនៅរដ្ឋបាលសុរិយោដី។
ក្នុងករណីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋ និងធនាគារ អាចធ្វើការផ្លាស់ប្តូរបណ្ណ ឬឯកសារដែលជាប់បន្ទុក មកដកយកបណ្ណកម្មសិទ្ធិ ដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបាន ជាជាងទុកឲ្យមានការកកស្ទះនៅរដ្ឋបាលសុរិយោដី។
ហ្នឹងគឺរឿងជាក់ស្តែង យើងត្រូវទទួលស្គាល់ទាំងអស់គ្នាថា បញ្ហានោះជាអី្វ។ មិនមែនជាការដាក់បន្ទុកលើប្រជាជន ឬដាក់បន្ទុកទៅលើ Microfinance ឬដាក់បន្ទុកទៅលើអ្នកណាទេ។ យើងរួមគ្នាដោះស្រាយបញ្ហា ដោយផ្ដើមចេញពីការទទួលស្គាល់ថាតើបញ្ហានៅកន្លែងណាខ្លះ។ អញ្ចឹង ការរួមចំណែកដោះស្រាយនេះ គឺទាំងប្រជាពលរដ្ឋ ទាំងស្ថាប័នពាក់ព័ន្ធ សូម្បីតែវិស័យឯកជន ដូចជាធនាគារ និងរដ្ឋ ត្រូវរួមគ្នា ទើបយើងអាចដោះស្រាយបានឆាប់។ នេះគឺជាកិច្ចការរួមដែលយើងត្រូវធ្វើ។
ទី៤ ឯកសារមួយចំនួនដែលមានដីកាអមហួសរយៈពេល ៣ខែនៃកាលបរិច្ឆេទចេញពីមន្ទីរដែនដី នគរូបនីយកម្ម សំណង់ រាជធានី-ខេត្ត ដែលអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ម្ចាស់កម្មសិទ្ធិត្រូវទទួលរងនូវពិន័យដោយត្រូវបង់ពន្ធបន្ថែម ចំពោះការយឺតយ៉ាវស្មើ ១០០% នៃប្រាក់ពន្ធ ដែលនាំឲ្យម្ចាស់អចលនទ្រព្យមួយចំនួន មិនមានលទ្ធភាពបង់ និងមួយចំនួនទៀតបានស្នើសុំបញ្ជាក់ដីកាអមថ្មីឡើងវិញ ពីមន្ទីរដែនដី នគរូបនីយកម្ម សំណង់។
ទាំងអស់នេះធ្វើឲ្យយឺតយ៉ាវការងារ។ ជាដំណោះស្រាយ ខ្ញុំបានឯកភាពជាមួយការលើកយោបល់របស់ក្រុមការងារ គឺផ្តល់ការអនុគ្រោះ ព្យួរការអនុវត្តពន្ធបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើ ១០០% នៃប្រាក់បង់ពន្ធដែលត្រូវបង់ រហូតដល់ដំណាច់ឆ្នាំ២០២៧។ មកបង់ទៅ។ លើសអី ៣ ខែ អត់បង់ពិន័យទៀតទេ។ មកបង់តែម្តងដើម្បីយកបណ្ណ។ ហ្នឹងគឺដល់ចុង ២០២៧។ អញ្ចឹង កុំចាំចុង ២០២៧ បងប្អូនមកយកឲ្យហើយទៅ។ ពេលហ្នឹងអត់ចាំបាច់បង់ពិន័យលើស ៣ខែហ្នឹងថែម១០០% ទេ។ ឧទាហរណ៍ត្រូវបង់១០០ គេពិន័យ១០០ ទៀត។ ឥឡូវព្យួរថ្លៃពិន័យ១០០ ហ្នឹងឲ្យ បង់តែដើមទេ រហូតដល់ចុង២០២៧។ សុំឲ្យបងប្អូនមកយកចុះ។
ចំណុចទី៥ ឯកសារមួយចំនួនជាការផ្ទេរសិទ្ធិកាន់កាប់ បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដង នៅត្រឹមឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ និងពុំមានលិខិតបញ្ជាក់ប្រវត្តិដីដោយអាជ្ញាធរដែនដី ដែលម្ចាស់ចុងក្រោយត្រូវរងការបង់ពន្ធច្រើនតំណ។
រឿងនេះ កន្លងទៅក៏ជាបញ្ហាចោទមួយដែរ។ ជួនកាលគាត់ទិញដីមកអត់ដឹងថាដីហ្នឹងលក់ប៉ុន្មានដង។ ដល់ម្ចាស់ចុងក្រោយ ត្រូវគិតគូរបង់ ក៏ត្រូវជំនួសអ្នកមុនៗ។ រឿងនេះ ឆ្នាំ២០១៧ សម្តេចតេជោ លោកបានធ្វើការអនុគ្រោះម្តង។ បានន័យថា អ្នកដែលបង់មុនថ្ងៃទី១ ខែមករា ២០១៧ គឺអនុញ្ញាតឲ្យ ដោយគិតតែការបង់ចុងក្រោយទេ។ មិនបាច់គិតពីមុនៗ ទេ តែម្តងគត់។ អញ្ចឹងក៏បានធ្វើម្តង ប៉ុន្តែក្រោយមក ពី២០១៧ មកដល់នេះ ក៏មានបញ្ហាលក់ដូរ។ កន្លែងខ្លះលឿន ត្រូវការលក់ដូរបន្ទាន់ ជាពិសេសពេលដែលដីកំពុងតែត្រូវប៉ាន់។ ឆ្នាំ ២០១៨ មុនកូវីដ-១៩ ស្អីៗ ក៏ទៅបន្ត។ អញ្ចឹងរឿងនេះវាបង្កើតឡើងវិញ។ គិតចាប់ពី ២០១៧ ក៏មានការដោះដូរដី បានន័យថា ទិញដូរច្រើនតំណមកហើយ។ ពេលដែលទៅបង់ពន្ធត្រូវគិតឡើងវិញ ចាប់ពី ២០១៧មក។ អញ្ចឹង វាជាបញ្ហាមួយដែលអាចបង្ក(ការរាំងស្ទះនិងយឺតយ៉ាវ)។
ល្ងាចមិញ បានជជែកជាមួយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម គង់ វិបុល ដោយក្រុមការងារគាត់បានលើកយោបល់ថា “អោយលើកដល់ចុងឆ្នាំ២០២៣ គិតពី ២០១៧ មក ២០២៣”។ ខ្ញុំថាបើជ្រុលអញ្ចឹង គិតដល់ថ្ងៃនេះតែម្តងទៅ។ បានន័យថា គិតដល់ចុងខែកក្កដា ព្រោះសល់ប៉ុន្មានថ្ងៃទៀត … បានន័យថា ដីណាដែលលក់ដូរ ឬដូរដៃច្រើនក៏ដោយ ក្រោយពី២០១៧ មកដល់សល់ប៉ុន្មានថ្ងៃទៀតនេះ បើទិញប៉ុន្មានថ្ងៃទៀត គឺបង់ពន្ធតែមួយដងចុងក្រោយហ្នឹងទៅ កុំអាលគិតពីមុនៗ ទៀត កុំឲ្យពិបាកសើរើ។
ខ្ញុំសុំបញ្ជាក់ ពី២០១៧ លើកលែងម្តងហើយ។ ឥឡូវពី២០១៧ រហូតមកដល់ចុងខែ៧ ឆ្នាំ២០២៦ នេះ កុំឲ្យពិបាក គឺអ្នកណាទិញប៉ុន្មានដងក៏ដោយ ម្ចាស់ថ្មីចុងក្រោយហ្នឹង គិតតែពន្ធសម្រាប់អ្នកលក់ចុងក្រោយហ្នឹងទៅ។ កុំឲ្យគាត់ពិបាកទៅសើរើអីទៀត។ អញ្ចឹង គិតដល់ចុងខែ៧ ឆ្នាំ២០២៦ នេះ។ សូមប្រញាប់រួសរាន់មក។ អត់ពិបាកទេ។ មន្ត្រីយើងក៏អត់លំបាកដែរ។ មន្ត្រីពន្ធដារក៏មិនអាចទៅអង្គុយចាំឯកសារដោះដូរប៉ុន្មានដង ពី ២០១៧មក ពិបាកផ្ទៀងផ្ទាត់ជាមួយសុរិយោដី ជាមួយក្រសួង ជាមួយមន្ទីរផង។ ឥឡូវ យើងលើកលែងឲ្យប៉ុណ្ណឹង។ អញ្ចឹង សង្ឃឹមថា កិច្ចការនេះនឹងជួយពន្លឿននៅក្នុងការចុះបញ្ជី។
ចំណុចទី៦ ករណីមួយចំនួនម្ចាស់កម្មសិទ្ធិទិញដី គ្មានសំណង់ និងបានផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនតំណ ប៉ុន្តែក្រោយមកបានសាងសង់សំណង់ ឬផ្ទះនៅលើទីតាំងដីនោះ ដែលតម្រូវឲ្យម្ចាស់កម្មសិទ្ធិបង់ពន្ធប្រថាប់ត្រា តាមសាវតារនីមួយៗ លើដី និងរួមទាំងសំណង់ដែលទើបសាងសង់នោះ ដោយសារសំណង់មិនមានលិខិតអនុញ្ញាតសាងសង់ ដែលជាឧបសគ្គបង្កការកកស្ទះ ដោយម្ចាស់ចុងក្រោយមិនព្រមទទួលការរងនូវការកំណត់ពន្ធច្រើនតំណ។
រឿងស្រដៀងគ្នា គ្រាន់តែមួយនេះមានសំណង់។ ជាដំណោះស្រាយ ខ្ញុំបានឯកភាពជាមួយការស្នើសុំរបស់ក្រុមការងារ គឺបានសម្រេចអនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យចំពោះសំណង់ ដែលចាប់ផ្តើមពីឆ្នាំសាងសង់ជាក់ស្តែង ដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាជាងកំណត់ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំមានសំណង់នៅឡើយ ឲ្យតែមានការបញ្ជាក់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់។
អត់បាច់សើរើអីពីមុនទេ គឺគិតតែពីចាប់ផ្ដើមគាត់មានសំណង់សាងសង់តែម្តង។ សុំផ្តល់ជូនការអនុគ្រោះនេះ។ គឺយកគោលការណ៍ថ្មីនេះ។ សុំអនុវត្ត។ កុំឲ្យពិបាក ទាំងដីដោះដូរទិញគ្នា ទាំងធ្វើសំណង់ ឬមួយអីហ្នឹងកុំឲ្យពិបាកច្រើន កុំឲ្យម្ចាស់បច្ចុប្បន្នរងបន្ទុកម្នាក់ឯង ពីអ្នកមុនដែលអត់បានបង់ពន្ធ។ យើងធ្វើទៅ ព្រោះឲ្យបងប្អូនចូលមករៀបចំដើម្បីបញ្ចប់បិទបញ្ជីមួយដែលមិនច្បាស់លាស់ ព្រោះគាត់ត្រូវការបណ្ណ យើងក៏ត្រូវការភាពច្បាស់លាស់។ ការលើកលែងពន្ធនេះមិនខាតទេ។ ឲ្យតែមានភាពច្បាស់លាស់។ ការដោះស្រាយបញ្ហា ដាក់វិធានការបង្កា វាចំណាយតិចជាងការដោះស្រាយបញ្ហាដែលកើតឡើងពីភាពមិនច្បាស់លាស់។ ពេលដែលបានបណ្ណ ចេញផុតទៅ ក្រសួងដែនដី ពន្ធដារ ក៏លែងលំបាករៀបចំប្រព័ន្ធថ្មី។ ប្រជាជនមានបណ្ណ បញ្ជីចុះស្រួលបួលអស់ហើយ។ ថ្ងៃក្រោយចូលតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់អង្គុយដោះស្រាយបញ្ហា។ នេះជាគោលដៅ។ ការវាស់វែងនិងចុះបញ្ជីឲ្យហើយ ប៉ុន្តែមានការកកស្ទះដោយសារបញ្ហាមួយចំនួន …។
ចំណុចទី៧ ករណីខ្លះទៀត ការចុះបញ្ជីកម្មសិទ្ធិដីធ្លីតម្រូវឲ្យម្ចាស់បង់សេវាសុរិយោដី និងសេវាផ្សេងៗ ស្របតាមប្រកាសអន្តរក្រសួង លេខ១៨៦ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើទោះបីជាករណីមួយចំនួន មានឬពុំមានប្រាក់បង់ពន្ធប្រថាប់ត្រាក៏ដោយ ដែលប្រជាពលរដ្ឋខ្លះពុំមានលទ្ធភាពបង់ ជាហេតុនាំឲ្យមានការកកស្ទះឯកសារ។ ប្រជាពលរដ្ឋខ្លះទៀត ធ្លាប់ដាក់ស្នើសុំពីពេលមុន ក្នុងអំឡុងសុពលភាពប្រកាសអន្តរក្រសួងចាស់ ដែលតម្លៃសេវាសុរិយោដីនៅមានទាប ប៉ុន្តែនីតិវិធីស្នើសុំបណ្ណកម្មសិទ្ធិត្រូវអូសបន្លាយ រហូតដល់ប្រកាសអន្តរក្រសួងថ្មី ដែលមានតម្លៃខ្ពស់ជាង ដែលប្រជាពលរដ្ឋពុំមានលទ្ធភាពបង់។
ជាដំណោះស្រាយ ការស្នើសុំ ក៏បានឯកភាពជាមួយក្រុមការងារ គឺឯកភាពឲ្យពិនិត្យមើលលទ្ធភាពពន្យារការអនុវត្តកម្រៃសេវា តាមប្រកាសអន្តរក្រសួង១៨៦ ឬផ្តល់ការសម្រួលកម្រៃសេវាសុរិយោដីកម្រិតទាបណាមួយ ដើម្បីប្រជាពលរដ្ឋមានលទ្ធភាពក្នុងការបង់ និងអាចបន្តដំណើរការនីតិវិធីទទួលយកបណ្ណកម្មសិទ្ធិនេះ។ សូមជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យមើលជម្រើសទាំងពីរនេះ អាចជួយសម្រួលដល់ណា។ បើថាព្យួរតើព្យួរដល់កម្រិតណា ហើយតម្លៃហ្នឹងគិតយ៉ាងម៉េច ដើម្បីឲ្យធូរស្រាល ដើម្បីគាត់ចូលមក។ នេះជាចំណុចមួយផងដែរ ដែលរាជរដ្ឋាភិបាលបានសម្រេចជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការចុះបណ្ណរបស់ខ្លួនឲ្យបានឆាប់។
បើគាត់អត់មកដកបណ្ណទេ ក៏លំបាក។ យើងនៅតែកកស្ទះនៅហ្នឹង។ ធ្វើហើយអស់ហើយ។ ថាវាស់ទៅលំបាក ចុះបញ្ជីទៅលំបាក ប្រើពេលប្រើកម្លាំងច្រើន លុយទឹកលុយភក់។ ឥឡូវ យើងមានប្រព័ន្ធ GPS ប្រព័ន្ធ GIS ប្រព័ន្ធអីហ្នឹង អាចជួយយើងកំណត់ព្រំបានច្បាស់លាស់ជាងមុន។ ការចេញបណ្ណមានហើយ ប៉ុន្តែបើបណ្ណនេះនៅតែក្នុងថតតុរបស់មន្ទីរសុរិយោដី ឬមួយក៏នៅក្រសួង ហើយប្រជាជនអត់បាន វានៅតែអត់ដដែល។ ដើម្បីកុំឱ្យវាកកស្ទះ យើងត្រូវជំរុញ … ការងាររដ្ឋក៏ត្រូវបង្កើនការចែករំលែកព័ត៌មាន ការបង្កើនល្បឿនអីផ្សេងៗ នីតិវិធីក្នុងការធ្វើ ទាំងលើកទឹកចិត្តប្រជាពលរដ្ឋ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួម ពិសេសប្រញាប់មកដកបណ្ណ។ ចំពោះការលើកលែងទាំងប៉ុន្មាន ខ្ញុំបានប្រកាសហើយ សូមកុំរឿងនេះជាបញ្ហា។ បើបងប្អូនគិតថាអាហ្នឹងជាបញ្ហា ដែលថាកន្លងទៅ គិតពន្ធប៉ុន្មានតំណៗ មិនហ៊ានទៅ! ខ្លាច។ មិនអញ្ចឹងទេ។ រហូតដល់ចុងខែ៧ នេះ គឺគិតតែមួយដងទេ។ សូមចូលមក …។
នេះគឺជាដំណោះស្រាយដែលរាជរដ្ឋាភិបាលដាក់ចេញជួយដល់បងប្អូនប្រជាពលរដ្ឋ។ បើបងប្អូនអត់ច្បាស់ សម័យឥឡូវស្រួលទេ ព្រោះ Facebook អាចមើល(បក)ក្រោយបាន។ ខ្ញុំអាន។ ខ្ញុំអត់និយាយទេ។ និយាយទៅ ក្រែងភ្លេចពាក្យ។ កាន់ឯកសារមកអានតែម្ដង។ ទន្ទេញអត់ចាំ។ ជាគោលការណ៍ តែដាក់ទៅ ភ្លេចតែមួយពាក្យក៏បញ្ហាដែរ។ ដូចកាលពីមុន ខ្ញុំនិយាយភ្លេចមួយពាក្យ ដែលអចលនទ្រព្យក្រោម ៧ម៉ឺន យើងអនុគ្រោះពន្ធប្រថាប់ត្រា។ តែតាមពិត ក្រោម ៧ម៉ឺននៅក្នុងបុរី។ ដល់ភ្លេចពាក្យ “ក្នុងបុរី” ចង់ Error។ អញ្ចឹងបានយកមកមើល។ ឥឡូវចាស់ហើយ ខួរក្បាលក៏មិនសូវពូកែ។ ត្រូវមាត់ប្រពន្ធរហូត។ ជួនកាលភ្លេច ទុកកូនសោក្នុងហោប៉ៅ ដើររកពេញផ្ទះ។ ទីបំផុតនៅក្នុងហោប៉ៅសោះ។ អារម្មណ៍យើងគិតតែយើងដាក់នៅនេះនៅនោះ …ហើយការគិតហ្នឹងប្រហែល ៣ ថ្ងៃមុន វាជាប់នៅក្នុងហ្នឹង។
ចំណុចចុងក្រោយនេះ គឺសម្រាប់វីរៈយុទ្ធជន វីរៈនគរបាលជាតិរបស់យើង ដែលបំពេញភារកិច្ចនៅខាងមុខ។ ពេលដែលក្រុមការងារឯកឧត្តម គង់ វិបុល ចុះទៅ ក៏មានកងទ័ពមួយចំនួនសួរថាបើខ្ញុំលក់ដីស្អីៗ វាជាប់ពន្ធជាប់អីយ៉ាងម៉េច? ជាគោលការណ៍ ជាសំណូមពររបស់ក្រុមការងារ ខ្ញុំឯកភាព និងគាំទ្រ … ក្រុមការងារស្នើសុំការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានប្រាក់ត្រូវបង់ពន្ធមិនលើស ២០ លានរៀលដែលម្ចាស់កម្មសិទ្ធិជាយោធិន ដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចអង្គភាពសាមីថា ពិតជាបានចូលរួមបម្រើការងារប្រយុទ្ធនៅសមរភូមិ។ ខ្ញុំបានជជែកជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងឯកឧត្តម គង់ វិបុល ថាឥឡូវសម្រាប់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង … កងទ័ពហ្នឹងមានកងទ័ពទាំង ៣ប្រភេទ អាវុធហត្ថនៅក្នុងហ្នឹង ដែលបំពេញភារកិច្ច(ជួរ)មុខពិតប្រាកដ យើងមិនបាច់គិត ២០លាន(រៀល)ទេ។ យើងឲ្យតែម្ដង ប៉ុន្តែត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់។ មិនអាចកន្ទេលធំបន្លំដេកទេ។ យើងផ្តល់ជូនតែវីរៈកងទ័ព វីរៈនគរបាល ដែលបានប្រយុទ្ធនិងឈរជើង ត្រៀមប្រយុទ្ធការពារទឹកដីនូវការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិនិងកាន់កាប់អចលនទ្រព្យ។ សូមបញ្ជាក់ឲ្យច្បាស់ អត់មានចុះឈ្មោះខ្ញុំប្រចាំការនៅនេះដែរ តែ(ការពិត)នៅក្រោយ។ គឺជាអ្នកប្រយុទ្ធផ្ទាល់ដែលឈរនៅខាងមុខ។ នេះគឺជាការលើកទឹកចិត្ត និងការគិតគូរដល់វីរៈកងទ័ពរបស់យើង។
ថ្ងៃមុនបានឲ្យឯកឧត្តម ឥត សារ៉ាត់ ស្រង់ឈ្មោះយោធិន ជាពិសេសអ្នកដែលទើបតែចូលថ្មីៗ ប្អូនៗ ក្មួយៗ ដែលចូលការពារទឹកដីថ្មីៗ ឲ្យរៀបចំដំឡើងស័ក្តិ។ ច្បាប់ដូចជាមួយឆ្នាំជាង។ ខ្ញុំថា គាត់វាយ ២ដងហើយ តំឡើងឲ្យតែម្ដងទៅ សម្រាប់យោធិនដែលទើបចូលថ្មីៗ ហ្នឹង។ យើងធ្វើមេដាយពិសេសសម្រាប់សមរភូមិ តែមេដាយការពារជាតិយើងមានស្រាប់ គឺរៀបចំជូននៅគ្រប់ទិសទាំងអស់ សំរាប់អ្នកដែលបានបំពេញភារកិច្ច និងកំពុងឈរជើងការពារនៅព្រំដែនខាងមុខ ហើយជាពិសេសអ្នកបានប្រឡូក។ មានន័យថាដោយចំពោះ គឺអ្នកប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិ ៥ថ្ងៃ និង២១ថ្ងៃកន្លងទៅនេះ គឺឲ្យករណីពិសេសតែម្ដង។ តាមធម្មតាទាល់តែមួយឆ្នាំ ឬមួយឆ្នាំជាង តែឥឡូវគាត់បានប្រយុទ្ធដោយយកជីវិតដាក់ហើយ (នេះជា)អ្វីដែលយើងអាចជូនគាត់បាន។
ខ្ញុំសូមអរគុណជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋយើងទូទាំងប្រទេស ដែលបានសហការគ្នាជាស្មារតីជាតិតែមួយ គាំទ្រដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងក្នុងបុព្វហេតុជាតិ តាំងពីពេលយើងផ្ទុះការប្រយុទ្ធលើកទី១។ ការចូលរួមរបស់ប្រជាពលរដ្ឋយើង សប្បុរសជនដែលនៅបន្តរហូតមកដល់ពេលនេះ។ ការចូលរួមរបស់វិស័យឯកជន ខាងធនាគារ ក៏លុបបំណុលច្រើនសម្រាប់យោធិនពលី យោធិនពិការធ្ងន់ផ្សេងៗ។ គាត់ជួយអនុគ្រោះពន្ធដល់ជនភៀសសឹកមួយចំនួនអំពីការប្រាក់អីផ្សេងៗ។ នេះគឺជាស្មារតីដែលយើងជួយគ្នា ហើយរាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីពង្រឹងវិស័យការពារជាតិ។ អ្វីដែលយើងធ្វើនៅថ្ងៃនេះ ក៏ពង្រឹងការពារជាតិដែរ។ ជាតិយើងខ្លាំង រឹងមាំបាន ទាល់តែយើងខ្លាំង សេដ្ឋកិច្ចខ្លាំង ជីវភាពរស់នៅរបស់ប្រជាជនបានរឹងមាំ។ ការដោះស្រាយ ការចែកបណ្ណ ការវាស់វែង ជាការបង្កលក្ខណៈជំរុញសេដ្ឋកិច្ចជាតិរបស់យើង។
បើនិយាយពីរឿងបណ្ណដីធ្លី ការបែងចែកដីធ្លី កំណែទម្រង់ដីធ្លីនេះ សម្រាប់ខ្ញុំផ្ទាល់មានការចាប់អារម្មណ៍តែម្ដង ពីព្រោះកាលពីខ្ញុំសិក្សា ខ្ញុំធ្វើនិក្ខេបបទ Masters និយាយអំពីការកែទម្រង់ដីធ្លីនៅកម្ពុជា ការបែងចែកដីធ្លីនៅកម្ពុជា។ កាលពីពេលនោះ ខ្ញុំសរសេរថា ការបែងចែកដីធ្លីនៅកម្ពុជា បើពឹងផ្អែកទៅលើទីផ្សារទាំងស្រុង គឺនឹងមិននាំទៅឲ្យមានប្រសិទ្ធភាពនិងសមធម៌ទេ ព្រោះយើងនៅខ្វះ/បាត់ព័ត៌មានច្រើន ខ្វះទិន្នន័យអំពីកម្មសិទ្ធិដីធ្លី ខ្វះអី(ផ្សេងៗ)។ ដើម្បីឲ្យទីផ្សារដើរ ទាល់តែប្រព័ន្ធទាំងអស់ អ្នកទិញអ្នកលក់ ត្រូវគ្នា។ អញ្ចឹងហើយ នៅក្នុងនិក្ខេបបទ ខ្ញុំថា “រដ្ឋត្រូវតែចូលរួមអន្តរាគមន៍ក្នុងកម្រិតណាមួយ មិនឲ្យងាប់ទីផ្សារទេ ប៉ុន្តែគាំទ្រទីផ្សារ និងជួយបែងចែកដីធ្លីតាមរយៈការជួយដូចយើងធ្វើរាល់ថ្ងៃនេះ ដោយចេញច្បាប់គ្រប់គ្រងភូមិបាលស្អីៗ ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង កុំឲ្យមានទំនាស់ ជួយវាស់វែង ជួយចេញបណ្ណអោយ ដើម្បីឲ្យទីផ្សារវាដើរ ដើម្បីធានានូវសមធម៌”។
អ្នកដែលអត់មានដី អ្នកដែលបាត់បង់ប្រកួតប្រជែងក្នុងទីផ្សារអត់បាន រដ្ឋដោះស្រាយ។ ឥឡូវយើងមានកម្មវិធី LASED យើងមានកម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋ ដីសមធម៌ ដីអតីតយុទ្ធជន … បើមិនអញ្ចឹងទេ គឺអត់មានសមធម៌ទេ។ ការប្រើប្រាស់ទីផ្សារត្រឹមកម្រិតណា ឲ្យធ្វើទៅ ប៉ុន្តែអ្នកដែលមិនជោគជ័យ អ្នកដែលត្រូវការជំនួយ រដ្ឋត្រូវតែអន្តរាគមន៍ មិនអាចព្រលែងទីផ្សារចោលទេ។ បើមិនអញ្ចឹង គឺអត់មានសមធម៌ទេ ជាពិសេសអ្នកដែលលំបាកគឺអត់ …។
ខ្ញុំបានសរសេរពីឆ្នាំ២០០១។ ឥឡូវ ២៥ឆ្នាំក្រោយ។ សៀវភៅសេដ្ឋកិច្ចដែលខ្ញុំអានមុនគេបំផុត ហើយអានចប់ ក្រៅពីសៀវភៅនៅរៀន គឺសៀវភៅមួយដែលជាដើមចមនាំឱ្យខ្ញុំចាប់ផ្តើមអានសៀវភៅផ្សេងទៀតចប់។ ពីមុនអានមិនដែលចប់ទេ។ សៀវភៅនោះមានចំណងជើងថា “អាថ៌កំបាំងនៃមូលធន” (The Mystery of Capital) សរសេរដោយសេដ្ឋវិទូម្នាក់ ឈ្មោះ Hernando de Soto ជនជាតិប៉េរូ។ សៀវភៅនេះ ខ្ញុំអានជក់។ សៀវភៅហ្នឹងនិយាយពីអី? និយាយពីរឿងកម្មសិទ្ធិដីធ្លីហ្នឹងឯង។ គាត់ថា ដីធ្លីដែលមិនមានកម្មសិទ្ធិច្បាស់លាស់ ដូចជាមូលធនដែលងាប់ ប្រើធ្វើអីអត់បាន។ គេថាប្រទេសអ្នកមាន អាចរីកចម្រើនបាន (ដោយសារ)មានកម្មសិទ្ធិដីធ្លីច្បាស់លាស់។ មនុស្សអាចប្រើប្រាស់វាជាមូលធន ជាគោលសម្រាប់បង្កើន(លទ្ធភាពទុននិងសកម្មភាពសេដ្ឋកិច្ច)។ ដល់ប្រទេសក្រីក្រ ដោយសារអត់មានកម្មសិទ្ធិដីធ្លីហ្នឹងហើយ បានមូលធនវាងាប់ វាអាចតែដោះដូរដៃនៅក្នុងភូមិ នៅក្នុងអីបន្តិចបន្តួច។
តែបើគាត់យកធ្វើជាមូលដ្ឋាន(ទុន/មូលធន) អត់ទៅរួច។ អ្វីដែលខ្ញុំមិននឹកស្មាន គឺខ្ញុំមិនមែនមើលសៀវភៅហ្នឹង ចាប់អារម្មណ៍ពីរឿងដីធ្លី ដោយសាររំពឹងថាថ្ងៃក្រោយមកធ្វើនាយករដ្ឋមន្ត្រី ហើយជំរុញរឿងធ្វើបណ្ណកម្មសិទ្ធិទេ ប៉ុន្តែវាជាចំណុចដែលខ្ញុំចាប់អារម្មណ៍ ព្រោះប្រទេសយើងត្រូវការរឿងហ្នឹង។ ខ្ញុំមានមោទនភាពថ្ងៃនេះ ដែលខ្ញុំមកលើកនេះ គឺវាជាប់ទៅនឹងអ្វីដែលខ្ញុំបានរៀន ដែលខ្ញុំចាប់អារម្មណ៍ រៀនអាន ប៉ុន្តែរៀនអាន មិនមែនជាទ្រឹស្តីទេ គឺបទពិសោធដែលសំយោគពីតាមបណ្ដាប្រទេសជាច្រើន។ ឥឡូវយកមកអនុវត្តនៅប្រទេសយើង អត់ខុសគ្នាពីប្រទេសប៉េរូ ប្រទេសក្រីក្រផ្សេងទៀត ដែលមានបញ្ហានិងធ្វើកំណែទម្រង់ដីធ្លី។
អ្វីដែលយើងធ្វើថ្ងៃនេះ (ជាការ)បន្តពីគោលនយោបាយដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ពីអាណត្តិមុនៗ ពីរដ្ឋមន្ត្រីក្រសួងដែនដីមុនៗ រួមទាំងឯកឧត្តម ជា សុផារ៉ា ឯកឧត្តមថ្នាក់ដឹកនាំមុនៗ ធ្វើមករាប់ទសវត្សរ៍ក្រោយឆ្នាំ១៩៧៩ គឺកំណែទម្រង់។ ឥឡូវ មកដល់ឯកឧត្តម សាយ សំអាល់ បន្តទៀត។ រដ្ឋាភិបាលអាណត្តិនេះនៅបន្តទៀត។ គឺសុទ្ធតែនៅក្នុងមូលដ្ឋានកសាងមូលធនឲ្យប្រជាជន ចែកទ្រព្យឲ្យប្រជាជនពិតប្រាកដ។ កាលពីពេលមុន យើងមានសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល កម្មសិទ្ធិ ប៉ុន្តែដរាបណាកម្មសិទ្ធិមិនទាន់ច្បាស់លាស់ ទំនាស់នៅតែមាន ទំនុកចិត្តទៅលើអ្វីដែលមាននៅក្នុងដៃ ក៏មិនទាន់អាច(ជឿជាក់)។ កាលពីពេលមុន កន្លែងខ្លះបណ្ណមួយមានប្លង់រឹង៣។
ជួនកាលវាស់ទៅ នៅលើក្រដាសផ្សេង ថាខាងជើងមានផ្លូវ ខាងនេះទល់នឹងច្រាំងទន្លេ ដល់ទន្លេបាក់ទៅក្រោមធ្វើម៉េច? បាត់(ចំនួន)ការ៉េ។ ខ្ញុំចាំរឿងមួយជំនាន់ អ៊ំ (ហ៊ុន) ណេង ធ្លាប់និយាយ។ អ៊ំខ្ញុំដែលគាត់បានធ្វើអនិច្ចកម្មទៅហើយ ជាអភិបាលខេត្តកំពង់ចាម កាលពីពេលនោះ។ គាត់អោយជួយដោះស្រាយរឿងមួយ … អ្នកកងមាស កំពុងទាមទារដីនៅកោះសុទិន ព្រោះដីបាក់ពីកងមាស ហើយទៅដុះនៅកោះសុទិន។ អញ្ចឹងអ្នកកងមាសថាហ្នឹងដីខ្ញុំ។ ប៉ុន្តែច្បាប់ភូមិបាលអត់មាននិយាយថា(ដូចហ្នឹងទេ)។ ដីហ្នឹងអត់មានដីបោះត្រាផង។ ការកំណត់ច្បាស់លាស់នៅលើប្លង់ … តាមច្បាប់ភូមិបាល អាចមានសិទ្ធិបំពេញជាមួយគ្នាយ៉ាងម៉េច ទៅតាមច្បាប់ចាស់ ប៉ុន្តែអាស្រ័យលើស្ថានភាពជាក់ស្តែង ព្រោះជួនកាលវាប៉ះពាល់ដល់លំហូរទឹក បាក់អីផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មាន(បណ្ណ)ហ្នឹង ប្រសើរជាងអត់។
រឿងតុលាការកាត់ក្តី។ អ្នកលក់ដី យកដីយកប្លង់ទៅលក់ គិតម៉ែត្រការ៉េ។ ដល់ទៅដល់ ដីអត់មាន។ កាលគាត់ទិញមាន ព្រោះវាស្របច្បាប់។ ប៉ុន្តែទិញទៅ វានៅក្នុងទឹក(បាត់)។ អញ្ចឹង បានន័យថា ទិញសិទ្ធិកន្លែងហ្នឹង។ រឿងវាច្រើន យ៉ាងហោចណាស់ក៏វាមានភាពច្បាស់លាស់ ហើយយើងដឹងថាវាយ៉ាងម៉េច។ ប៉ុន្តែបើអត់មានភាពច្បាស់លាស់ (យើង)អត់ដឹង(ថាយ៉ាងម៉េច)ទេ។ ខុសគ្នាតែកន្លះម៉ែត្រ ឬមួយតែប៉ុន្មានហ្នឹង ក៏បញ្ហាដែរ។ អាហ្នឹងកុំថា(ដល់ទៅ)ប្រទេសនិងប្រទេស។ សូម្បីតែអ្នកភូមិផងរបងជិតជាមួយគ្នាហ្នឹងក៏អត់ច្បាស់ដែរ។ កាលមុនអត់អីទេ ត្រឹមតែដាំដើមចេក ដើមដូងក្បែរគ្នា។ មើលផ្ទះអត់មានរបង អត់អីទេ។ ដល់ចាប់ផ្តើមដាក់ព្រំរបង មានបញ្ហា។ កាលមុនអត់អីទេ នៅតាមភូមិស្រុករបស់យើង មានចាំបាច់ធ្វើរបងឯណា? ខ្ញុំចាំ នៅវត្តនិរោធ។ ពីក្មេងទៅលេងនៅទីនោះ។
យើងអត់មានអាយផេត(iPad) អត់មានហ្គេម(Games) ស្អីទេ … ជិះទូកអី ទឹកឡើង អត់មានអីទេ ផ្ទះសងខាង អ្នកជិតខាង គឺបងប្អូនប្រជាពលរដ្ឋ។ ផ្ទះគាត់នៅហ្នឹង អត់មានរបងទេ ជិតខាងនៅជាមួយគ្នា គ្រាន់តែដឹងថាដាំដូងហ្នឹង ប៉ុន្តែដាំដូងមិនមែននៅលើព្រំដីទេ គឺនៅក្នុងដី។ ដល់ក្រោយមក ទៅមើល សុទ្ធតែផ្ទះថ្ម សុទ្ធតែបេតុង។ អញ្ចឹងប្រាកដជាត្រូវមានភាពច្បាស់លាស់ហើយ។ បានន័យថា ភាពច្បាស់លាស់នេះ វាត្រូវការសម្រាប់ការវិវត្ត។ ម្ចាស់អចលនទ្រព្យក៏អាចយកទៅប្រើប្រាស់សម្រាប់ធ្វើអីមួយ។ សូម្បីតែផ្ទេរកម្មសិទ្ធិឱ្យកូន ដោយភាពកក់ក្តៅថាថ្ងៃក្រោយមិនត្រូវដោះស្រាយព្រំដីជាមួយអ្នកជិតខាងក៏(បណ្ណ)ហ្នឹងដែរ។ យកទៅពង្រីកអាជីវកម្ម ឬមួយក៏យកទៅប្រើប្រាស់នៅក្នុងទិញលក់ ឬមួយក៏អីយ៉ាងម៉េច ក៏មានបណ្ណហ្នឹងជាចាំបាច់។
អញ្ចឹង (បណ្ណនេះជា)ផលច្រើនយ៉ាង។ ផលនេះគឺជួយដល់ប្រជាពលរដ្ឋ សង្គម និងមូលដ្ឋាន ឱ្យទី១ កាត់បន្ថយឈានទៅលុបបំបាត់ការចំណាយថវិកា ធនធាន ដោះស្រាយបញ្ហាដែលកើតឡើងពីភាពមិនច្បាស់លាស់។ ទី២ ប្រគល់សិទ្ធិ ប្រគល់ឱកាស ផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ ដើម្បីយកជាមូលដ្ឋានក្នុងការជំរុញអភិវឌ្ឍខ្លួន ដើម្បីធានាជំរុញសេដ្ឋកិច្ចជាតិ។ រដ្ឋ ប្រទេសជាតិ នឹងបានកំណើនទាំងអស់គ្នា អាហ្នឹងហើយការពារជាតិនោះ។ កាត់បន្ថយភាពស្មុគស្មាញ ដោះស្រាយបញ្ហាឱ្យអស់ ពង្រឹងសមត្ថភាពរស់គ្រប់វិស័យ ដើម្បីយើងរស់ឱ្យរឹងមាំ។ ការពារជាតិ ពេលដែលយើងរឹងមាំ អត់មាននរណាមកមើលងាយយើងទេ។ បើយើងរឹងមាំ យើងមានសមត្ថភាពកំណត់ជោគវាសនា និងជាម្ចាស់ការលើខ្លួនឯងឱ្យកាន់តែច្រើន ជាពិសេសជំនាន់ក្រោយៗ ដែលត្រូវការនូវភាពច្បាស់លាស់ក្នុងការដោះស្រាយ។
[ចប់សេចក្តីអធិប្បាយ៣]
ចំពោះគោលការណ៍ដែលយើងត្រូវធ្វើបន្ត នៅក្នុងគោលបំណងជំរុញការអភិវឌ្ឍរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព តម្លាភាព សមធម៌ និងនវានុវត្តន៍ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួន សម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចខាងក្រោម៖
ទី១៖ ជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៦ និងបញ្ចប់ការចែកបណ្ណនៅក្នុងឆ្នាំ២០២៧ តាមការគ្រោងទុក ខណៈដែលរដ្ឋបាលខេត្តដែលនៅសល់ ត្រូវចូលរួមអនុវត្តកិច្ចការងារនេះ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ ព្រមទាំងត្រូវពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សិក្សាដាក់ចេញយន្តការ និងវិធានការថ្មីៗ សំដៅកាត់បន្ថយនីតិវិធីស្មុគស្មាញ និងជំរុញការផ្តល់សេវាចុះបញ្ជីដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិឱ្យបានកាន់តែឆាប់រហ័ស។ ទន្ទឹមនឹងនេះ សូមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ចែកបណ្ណកម្មសិទ្ធិដល់ដៃប្រជាពលរដ្ឋនៅតាមមូលដ្ឋានសាមី។
ទី២៖ ត្រូវបន្តការរៀបចំប្លង់គោលប្រើប្រាស់ដីសម្រាប់រយៈពេលវែងឱ្យបានចប់សព្វគ្រប់ ដោយត្រូវរក្សាតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន តាមរយៈការធ្វើសុខដុមនីយកម្ម ការរស់នៅ ការប្រកបការងារ ការប្រកបអាជីវកម្ម និងការកម្សាន្ត។ ចំពោះកិច្ចការនេះ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវចូលរួមប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដីតាមរាជធានី-ខេត្តទាំងអស់ ប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស។
ទី៣៖ ចំពោះការងារនគរូបនីយកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការជិតស្និទ្ធជំរុញការអនុវត្តទស្សនទាននៃការរៀបចំ ភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដោយត្រូវឈរលើយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅការកសាងសង្គមកម្ពុជាមួយដែលមានទាំងសុខដុម និងសិនិទ្ធភាព។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
យើងគិតពីការរៀបចំក្រុងល្អ រៀបចំផ្លូវទូលាយអី។ កុំចាំដល់ភូមិយើង ឃុំយើង ស្រុកយើង រីកដូចក្រុង។ ឥឡូវ កន្លែងណាធ្វើបានធ្វើទៅ។ ធ្វើផ្លូវអីសិនទៅ … ឥឡូវគិតមើល។ ខ្ញុំជឿថា នៅខ្សាច់កណ្តាលនេះ កាលពី២០ឆ្នាំមុន ឬ ៣០ឆ្នាំមុន ខ្ញុំចាំថាបានជិះកប៉ាល់មកជាមួយសម្តេចតេជោ មកសម្ពោធស្ពានព្រែកតាមាក់។ អត់មានផ្លូវ អត់មានអីអញ្ចឹងទេ។ អត់មានរោងចក្រទេ។ កាលនោះដេកលើកាណូត … ព្រឹកឡើងទៅលើកាណូត ហើយមានផ្ទះមួយនៅជាប់មាត់ទន្លេហ្នឹង។ ក្រៅពីហ្នឹងផ្លូវដីទាំងអស់។ ខ្ញុំចាំថាជិះមកវត្តវិហារសួគ៌ហ្នឹង ឃើញស្នាមគ្រាប់កាំភ្លើងគេបាញ់នៅនឹងរបង។ ស្ពានព្រះគន្លង ឥឡូវដូចទុកនៅ។ ខ្ញុំចាំថានៅខាងស្តាំ។
មើលតែកន្លែងហ្នឹងដឹងហើយ។ ថាគង់តែ(ការអភិវឌ្ឍ)មកដល់កន្លែងហ្នឹង។ បន្តិចទៀត កន្លែងនេះនឹងទៅដល់ក្រុង កាន់តែរីកកន្លែងផ្សេងៗ ទៀត។ អញ្ចឹង ពេលដែលយើងអត់រៀបចំផែនការរយៈពេលវែង ជាពិសេសដីរដ្ឋ ដីចំណី(ផ្លូវ)ច្បាស់លាស់ ដល់ពេលធ្វើ យើងនឹងត្រូវការចលនាប្រជាជន វាយរបង រំលំដើមឈើអីចេញ។ តែបើយើងមានប្លង់មេ ដែលឯកឧត្តម សាយ សំអាល់ ថា បុរីជនបទ ធ្វើការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ … បុរីជនបទនេះ បានន័យថា រៀបចំប្លង់មេមួយ រៀបចំកន្លែងខ្លះ កន្លែងណារដ្ឋបាល កន្លែងណាអីទៅ។ ឥឡូវយើងនៅអត់ទាន់មានការអភិវឌ្ឍមែន ប៉ុន្តែ១០-២០ឆ្នាំទៀត កន្លែងដែលមិនទាន់រីក គឺនឹងចាប់ផ្តើមស្រដៀងនៅកន្លែងនេះ ១០-២០ឆ្នាំមុន។ អញ្ចឹងកុំឱ្យពេលនោះថាឥឡូវមាន(លទ្ធភាព)ធ្វើផ្លូវបេតុង ៨ម៉ែត្រហើយ តែអត់(ដីធ្វើ)ផ្លូវ ព្រោះផ្ទះប្រជាជនធ្វើសុទ្ធតែថ្មរួចអស់ហើយ។ អញ្ចឹង ទ្រាំរស់ជាមួយផ្លូវ ៥ម៉ែត្រហ្នឹងទៅ។
យើងគិតគូរមុនឱ្យហើយ ដើម្បីកុំឱ្យ(ពិបាកដោះស្រាយ) ព្រោះឥឡូវដីយើងនៅមាន មិនទាន់អភិវឌ្ឍច្រើន។ យើងរៀបចំឱ្យហើយ។ កន្លែងគោលកន្លែងណា កំណត់ឱ្យច្បាស់។ តំបន់អី ដែលអាចធ្វើទៅបាន នៅតាមកន្លែង មិនទាន់ធ្វើម្តងទាំងអស់បានទេ។ ប៉ុន្តែជាអាទិភាពត្រូវដេញបន្តគ្នាដើម្បីយើងគិតថា កន្លែងនេះថ្ងៃក្រោយកន្លែងមិនខុសពីខ្សាច់កណ្តាល ២០ឆ្នាំមុន។ កន្លែងនេះបន្តិចទៀត ក៏មិនខុសពីក្រុងតាខ្មៅដែរ។ អញ្ចឹងវានឹងវិវត្ត។ តើ(ត្រូវរៀបចំ)ហេដ្ឋារចនាសម្ព័ន្ធអី្វ កន្លែងណា យើងអាចត្រៀមឱ្យហើយ។ ហ្នឹងគឺទាក់ទងជាមួយការរៀបចំផែនការរបស់ក្រុង-ស្រុក។ សមត្ថភាពមូលដ្ឋានត្រូវផ្គុំជាមួយសមត្ថភាពពីលើ …។ (យើង)ថាធ្វើនេះ ដើម្បីអី? ដើម្បីធានា ការពារ បង្ការកុំឱ្យមានបញ្ហានៅថ្ងៃក្រោយ ដើម្បីធានាលទ្ធភាពក្នុងការអភិវឌ្ឍលឿនពេលទៅខាងមុខ។ ដូចខ្ញុំទាញជាឧទាហរណ៍ កន្លែងខ្លះចង់ពង្រីកផ្លូវ ទាល់តែចលនាប្រជាជនកាប់របង រុះរើ រហូតដល់សសរផ្ទះផង។
យើងមិនមែនថាខុសទេ ពីមុនដោយសារយើងធ្វើជាជំហាន។ ឥឡូវ គិតជំហានដែរ ប៉ុន្តែជំហានម្តង ១០ឆ្នាំ ឬ១៥ឆ្នាំ។ គិតឱ្យហើយព្រោះគង់តែទៅដល់ហ្នឹង កុំឈានម្តងមួយឆ្នាំ។ ជាពិសេស កន្លែងដែលមិនទាន់មានផ្ទះ មានអីហ្នឹង យើងកំណត់ឱ្យស្រួលបួលទៅដើម្បីធ្វើការ។ គ្រោងបានន័យថារៀបចំដីឱ្យហើយ គ្រោងចាំទទួលសមិទ្ធផល។ ខ្ញុំឯកភាព ហើយសូមគិតគូរបែបនេះ។ តំបន់រដ្ឋបាល តំបន់សេវាសាធារណៈ កន្លែងលំនៅដ្ឋានប្រជាពលរដ្ឋ ហើយមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង កន្លែងណាដែលត្រូវមានអាងស្តុកទឹក (Reservoir) កន្លែងណា ត្រូវការពារឱ្យជាប់ ត្រូវធានាឱ្យបាន។ ប្រជុំថ្ងៃមុនក៏មានបញ្ហា រឿងអាងទឹកស្តុក។ វាយូរឆ្នាំទៅ កន្លែងខ្លះគោករាក់ កន្លែងខ្លះ ប្រជាពលរដ្ឋដែលនៅយូរ ក៏ស្នើសុំចេញបណ្ណ។ ប៉ុន្តែមិនអាចចេញឱ្យគ្រប់(តែសំណើ)ទេ តែហ៊ានចេញគ្រប់(សំណើ) ថ្ងៃក្រោយកន្លែងភូមិហ្នឹងលិចតែម្តង។ ត្រូវគិតគូរ កន្លែងដែលមិនអាចចេញបណ្ណឱ្យ ហើយរក្សាទុកជាផលប្រយោជន៍រួម។
បើសិនជាខ្ញុំទប់មេឃមិនឱ្យភ្លៀងបាន ហើយឱ្យភ្លៀងទៅកន្លែងដែលចាំបាច់បាន គឺល្អហ្មង។ ត្រូវទេ? ភ្លៀងអើយ ទៅភ្លៀងកន្លែងកសិករត្រូវការទឹកទៅ កុំលិចកន្លែងដែលមិនត្រូវការ។ តែភ្លៀងមកទាំងអស់។ វាប្រទាក់ក្រឡាគ្នា។ ជាពិសេស ដង់ស៊ីតេប្រជាពលរដ្ឋដែលរស់កាន់តែច្រើន។ ពេលហ្នឹងទឹកលូ ទឹកស្អី គឺបុកមកកាន់តែច្រើន វាត្រូវការកន្លែងដែលមានអាងស្តុកទឹក។ អញ្ចឹង កន្លែងណាត្រូវស្តារ យើងធ្វើ Master Plan (ប្លង់មេ) ទុកកន្លែងទាំងហ្នឹង។ គ្រប់ទិដ្ឋភាពទាំងអស់ កុំឱ្យដល់ពេលភ្លៀងលិចៗ។ ឥឡូវអត់ទាន់លិចទេ តែបើសិនជាផ្ទះធ្វើពេញហើយ កន្លែងអាងស្តុកទឹកកាន់តែតូចហើយ អាចបញ្ហានៅកន្លែងមួយចំនួន។ កន្លែងខ្លះអត់ចាំបាច់ទេ បើយើងសិក្សាផ្នែកជលសាស្ត្រ ផ្នែកអីឱ្យច្បាស់ ប្រឡាយហ្នឹងអត់ចាំបាច់សម្រាប់ប្រជាពលរដ្ឋ … ប្រឡាយទាំងអស់ ក៏មិនចាំបាច់ទាំងអស់ដែរ។ កន្លែងខ្លះគ្រាន់តែសម្រាប់ស្តុកទឹកប្រើប្រាស់ទេ។
ខ្ញុំចាំនៅពីក្មេង នៅភ្នំពេញហ្នឹង ផ្លូវទៅពោធិ៍ចិនតុង ផ្ទះមួយៗ សុទ្ធតែមានស្រះនៅខាងមុខផ្ទះ ព្រោះកាលហ្នឹងយើងអត់មានទឹកស្អាត។ ឥឡូវមានទឹកស្អាតតភ្ជាប់មក អត់ចាំបាច់មានអាងស្តុកទឹក ហើយអាងស្តុកទឹកហ្នឹងគឺមិនមែនសម្រាប់មិនឱ្យលិចភូមិទេ។ គាត់ចាត់ចែងទៅ។ ប៉ុន្តែ កន្លែងណាដែលពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង… ពិតណាស់យើងមានទន្លេនៅនេះ ដែលអាចចាក់ទឹកទៅ ប៉ុន្តែពេលខ្លះ ទន្លេក៏នីវ៉ូឡើងចុះប្រៀបធៀបជាមួយទឹកភ្លៀង អញ្ចឹងបានឆ្នាំខ្លះលិចទឹកទន្លេ ទឹកភ្លៀងអត់បញ្ហា។ ឆ្នាំខ្លះលិចទឹកភ្លៀង ទឹកទន្លេអត់បញ្ហា។ សូមឱ្យគិតគូររឿងទាំងហ្នឹងក្នុងការរៀបចំ Master Plan ព្រោះប្រទេសយើងត្រូវតែរីក(ចំរើន)។ ដរាបណាយើងមិនក្រឡាប់ចាក់ដោយសារសង្គ្រាម ដរាបណាយើងមិនមានការវាយគ្នាឡើងវិញ ដរាបណាកម្មសិទ្ធិដីធ្លីដែលយើងកំពុងតែខិតខំ(ធ្វើ)ប៉ុន្មានអាណត្តិនេះ ដែលគ្រោងបញ្ចប់ការវាស់វែង យើងបានបញ្ចប់ការចុះបញ្ជីអី ហើយចែកបណ្ណ … ព្រោះក្នុងចំនួនបណ្ណទាំងអស់ យើងធ្វើបានមួយចំនួន។
អញ្ចឹងយើងសម្រុកចែកឱ្យបាន(ចប់សព្វគ្រប់នៅ)ចុងឆ្នាំ២០២៧។ បើសិនជាបណ្ណនេះនៅបន្ត អត់មានការរុះរើ ការបំផ្លាញចោលអីទេ កម្មសិទ្ធិឯកជន និងការរីកចម្រើនរបស់ប្រជាជននឹងកាន់តែធំ។ សូម្បីតែសាលានេះ ព្រឹកមិញចូលមក នាយកសាលាហ្នឹង ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារ ជួយរៀបចំកសាង។ កាលពីរៀបចំឆ្នាំណា? ២០០៧។ អញ្ចឹងជិត ២០ឆ្នាំ។ កាលនោះ មិនទាន់ខ្វះទេ។ ត្រូវទេ? ប្រជាជនកើតកូនមិនទាន់ច្រើន។ ឥឡូវក្នុង ២០ឆ្នាំនេះ កើតកូនកាន់តែច្រើន។ មិនមែនច្រើនតែកើតទេ អ្នកចំណូលស្រុកក៏ច្រើនដែរ ព្រោះតំបន់សេដ្ឋកិច្ចនៅកន្លែងនេះ។ អញ្ចឹង ចំណូលស្រុកមកច្រើន រីកលឿនជាងប្រជាជននៅកន្លែងនេះ។ ត្រូវការហេដ្ឋារចនាសម្ព័ន្ធសាលារៀន។ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត រួមទាំងប្រព័ន្ធទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ និង reservoir កាន់តែមានតម្រូវការច្រើន។
យើងត្រូវគិតគូររៀបចំ Master Plan រយៈពេលវែង។ កន្លែងក្រុងថ្មីៗ ហ្នឹង ខ្ញុំក៏បានផ្ដល់គោលការណ៍ណែនាំឯកឧត្តម សាយ សំអាល់ គិតមើលថា ប្រទេសតែរីកទៅ វាត្រូវគិតថាវាទៅណា? អញ្ចឹង រូបមន្តនៅប្រទេសអភិវឌ្ឍន៍ជាច្រើន មើលទៅអត់សូវខុសគ្នាទេ។ ប្រជាជនតែដល់កម្រិតមួយ មិនថាអឺរ៉ុប មិនថាអាមេរិក មិនថាអាស៊ីជប៉ុន អាស៊ីសិង្ហបុរី អាស៊ីខ្មែរទេ វាមានគោលគំនិតថាការចង់បានអ្វីមួយដូចគ្នា។ ឧទាហរណ៍៖ កាលពីខ្ញុំនៅរៀននៅស្រុកខ្មែរ តែកាហ្វេខ្មៅទេ។ តិចថាកាហ្វេដូចប្រោន គ្មានអ្នកណាចូលទេ។ ថ្លៃណាស់។ នៅអាមេរិក នៅជប៉ុន ការរីកយូរៗទៅ វាទៅ Starbucks ទៅអី។ ដល់ឥឡូវ ដល់រីកទៅ យើងទៅចង់កាហ្វេហ្នឹងដូចគ្នា។
ជាមួយឯកឧត្តម សាយ សំអាល់ ខ្ញុំមើលថា ថ្ងៃក្រោយចរាចរណ៍នៅប្រទេសយើងនឹងកកស្ទះ។ ការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនតាមក្រុងធំៗ នឹងត្រូវជាអ្វីដែលគេលែងចង់ ដោយសារទីមួយ ស្ទះផ្លូវ អស់លុយច្រើន។ សូម្បីតែឥឡូវជិះ PassApp ជិះម៉ូតូក៏ស្ទះដែរ។ ទីពីរ ពិបាករកកន្លែងចតឡាន ចតម្តងៗអស់លុយច្រើន។ អញ្ចឹងត្រូវមានការប្រើប្រាស់មធ្យោបាយរួមសាធារណៈ។ ឥឡូវ នៅរាជធានីភ្នំពេញ យើងមានឡានក្រុង ឡានអី ប៉ុន្តែទៅថ្ងៃក្រោយ វាបញ្ហាមួយដែលយើងចន្លោះ គឺ(មធ្យោបាយធ្វើដំណើរ)ជិះរួមហ្នឹងវានៅតែយឺត។
តែ ការរៀបចំកន្លែងអាទិភាពសម្រាប់ Mass Transit គឺអត់ដែលយឺតទេ។ ប្រព័ន្ធរថភ្លើងក្រោមដី ប្រព័ន្ធមេត្រូ ប្រព័ន្ធអី គឺអត់មានអីទៅបាំងវាទេ។ ខ្ញុំថាថ្ងៃក្រោយ យើងត្រូវមើលរឿងទាំងអស់ហ្នឹងដែរ។ ថ្ងៃមុន ឧកញ៉ា ឃុន សៀ នៅកន្លែងគាត់ធ្វើទីក្រុង Smart City ខ្ញុំថា៖ “ពូ! មើលផង គិតគន្លងផ្លូវសម្រាប់ប្រើប្រាស់មធ្យោបាយរួម។ បើគាត់ជិះ bus ១០០នាក់ ឱ្យគាត់ទៅលឿនជាងអ្នកជិះម្នាក់ឯង។ បើនៅហ្សាកាតា ព្រឹកឡើងមានអ្នកអាជីវកម្មជិះឡានជាមួយ ព្រោះមានគន្លងមួយ ឡានបើកម្នាក់ឯងអត់ឱ្យចូលគន្លងហ្នឹងទេ។ លើសពី ២នាក់ទៅ ទើបឱ្យទៅគន្លងហ្នឹង។ អញ្ចឹង ព្រឹកឡើង ឃើញមនុស្សឈរបក់ដៃ។ ដំបូងខ្ញុំស្មានថា ជាមនុស្សសុំដោយសារទៅធ្វើការ។ គេថាអត់ទេ អ្នកហ្នឹងឡើងជិះ បង់លុយឱ្យ។ មិនមែនបង់លុយឱ្យម្ចាស់ឡានទេ។ គឺម្ចាស់ឡានបង់លុយឱ្យអ្នកហ្នឹង ដើម្បីបាន ២នាក់ អាចបើកផ្លូវលឿនបាន។ គេមានរបររកស៊ីហ្នឹង។
នៅហ្សាកាតា(មានប្រជាជន)ជាង ២០លាននាក់ ច្រើនជាងកម្ពុជាទាំងមូលផង។ ទៅថ្ងៃក្រោយ គឺមធ្យោបាយសាធារណៈនេះ យើងកុំអាលនិយាយទៅដល់រឿងរថភ្លើងលើដី ក្រោមដីអី។ ថ្ងៃក្រោយពេលយើងមានលទ្ធភាពនឹងធ្វើ ប៉ុន្តែឥឡូវដោះស្រាយតែអ្វីដែលជាមធ្យោបាយយើងអាចធ្វើបាន ដូចជាឡានក្រុង ដែលជំរុញគាត់ឱ្យប្រើរបស់រួមនេះហើយឱ្យបានលឿន។ ហ្នឹងគឺការជួយ។ មនុស្សរាប់រយនាក់ពឹងលើគាត់។ ជិះម្ដង ២០-៣០ នាក់។ អញ្ចឹង មួយថ្ងៃរាប់ពាន់នាក់ពឹងលើគាត់។ បើចង់ឱ្យដីហ្នឹងមិនមានមនុស្សច្រើនជិះឡានច្រើន ទាល់តែជួយដាក់រួម ជួយកាត់បន្ថយគ្នា។ ចំនួនដែលនៅទីនោះ អ្នកប្រើឡាន/ម៉ូតូឯកជនហ្នឹងគឺថយ គាត់មកជិះជំនិះរួម។
នៅប្រទេសខ្លះ ក្នុងការធ្វើផ្លូវ គេគិត ២០ឆ្នាំ។ មិនមែនធ្វើផ្លូវពេលនេះ គិតពីចំនួនឡានប៉ុណ្ណេះទេ។ គាត់គិត ២០ឆ្នាំ(ទៅមុខ)។ ល្បឿនកំណើននៃឡានហ្នឹងនៅលើដីមួយឆ្នាំកើនប៉ុន្មាន។ អញ្ចឹងក្នុង ២០ឆ្នាំទៀតមានប៉ុន្មាន? ព្រោះថ្ងៃក្រោយ តែធ្វើផ្លូវទៅហើយ ដុះភូមិ ដុះស្រុកអី ដុះអាគារ ដុះអីហ្នឹង ពិបាកធ្វើក្រោយ។ អញ្ចឹងធ្វើឱ្យហើយហេដ្ឋារចនាសម្ព័ន្ធ។ ការគិតគូរផែនការរយៈពេលវែង ដែលឯកឧត្តម សាយ សំអាល់ (បានធ្វើនិងដែល)គាត់បានបញ្ជូនមកឱ្យខ្ញុំ (បង្ហាញថាគាត់)គាត់គិតច្រើនណាស់។ តាមខេត្ត តាមអីមួយៗ សុទ្ធតែមាន Master Plan អស់ហើយ។ កន្លែងសាធារណៈ កន្លែងផាសុកភាព កន្លែងអីផ្សេងៗ …។
នៅក្នុងក្រុង ខ្ញុំឱ្យមើល Zone ផង។ បានន័យថា តំបន់ណាដែលមានប្រជាពលរដ្ឋរស់នៅ គេហៅថា តំបន់រស់នៅលំនៅដ្ឋាន កុំដាក់ឌីស្កូថិក នៅហ្នឹង។ យកកន្លែងបៀហ្គាឌែនស្អីហ្នឹង ឱ្យទៅធ្វើនៅផ្លូវណាមួយទៅ។ កុំឱ្យយប់ឡើង ប្រជាជនរអ៊ូថា ម៉េចក៏ម៉ោង ១២ហើយ នៅតែចាក់ឌីស្កូថិក? អ្នកហាងហ្នឹងក៏ពិបាក បន្តិចៗ គេមានទំនាស់ជាមួយអ្នកជិតខាង។ អញ្ចឹង យកដាក់ផ្លូវណាដែលជាផ្លូវពាណិជ្ជកម្ម។ កន្លែងណាដែលត្រូវបើកនៅក្នុងតំបន់រស់នៅ? ឧទាហរណ៍ថា ហាងចាប់ហួយ ហាងបម្រើសេវាកម្ម ហ្នឹងបើកចុះ ម៉ាត បើកចុះ នៅក្នុងតំបន់នេះ ព្រោះប្រជាជនគាត់ត្រូវការទិញដូរ ដូចជាផ្សារ Lucky ស្អីៗ អាហ្នឹងក្នុងតំបន់/Zone ហ្នឹងចុះ។ តែកុំយក ឌិស្កូថិក ទៅដាក់នៅហ្នុង យកទៅម្ដុំទៅ។ អ្នកសប្បាយទៅសប្បាយហ្នឹងទៅ ហើយប៉ូលីសស្រួលផង កុំឱ្យដាក់ច្រើនកន្លែង។ ដាក់តែ ២-៣ កន្លែងហ្នឹង ផ្លុំៗ យកទៅណាអស់។ ចេញមក ច្រកផ្លូវតែប៉ុណ្ណឹង ប៉ូលីសដាក់ហ្នឹង ផ្លុំជាតិអាល់កុល …។
ខ្ញុំថា នេះជាការគិតគូរអ្វីដែលមានហើយ … ប៉ុន្តែ ថ្ងៃក្រោយ ការរៀបចំនេះ គឺតម្រង់ទិសទៅតាមហ្នឹង ជា Zoneថា Zone ណា Zone ពាណិជ្ជកម្ម Zone ណា Zone មនុស្សរស់នៅ! ហើយ Zone រស់នៅមានស្អីខ្លះ? ដូចជាម៉ាត ដូចជាគ្លីនិក ពេទ្យស្អីៗ ហ្នឹងនៅ Zone ហ្នឹង ក្បែរៗ ហ្នឹងបាន តែអាក្តុងៗ នោះ … ហ្នឹងមិនស្រួល អ្នកមានផ្ទៃពោះ កូនកើតមកហ្នឹង ញាក់តាំងពីតូចទៀត ព្រោះឮនៅខាងក្រោយហ្នឹង បៀរហ្គាឌែន។ បើខ្ញុំនៅទួលគោក បៀរហ្គាឌែន មួយនៅក្រោយផ្ទះហ្នឹង ឥឡូវមិនដឹងបិទឬនៅទេ។ ក្នុងមួយខែគឺម្តង ម៉ោង ២យប់ឡើង គឺបាញ់នៅហ្នឹងហ្មង បាញ់ហើយជិះរត់បាត់ … បើសន្តិសុខវិញ … ប៉ូលីសអី ស្រួលដាក់មួយកន្លែង ជៀសជាងហែកកម្លាំង។ នេះម្ដុំនោះម្ដុំ។ ដាក់នៅតែម្ដុំប្លុកហ្នឹង។ ដូចយើងនៅតូក្យូ នៅសេអ៊ូលអី គាត់ទៅតែម្ដុំគេដើរហ្នឹង ២-៣ កន្លែងហ្នឹងគឺទៅតែកន្លែងហ្នឹងគឺវាស្រួល។ មិត្តភក្តិអ្នកណាត់គ្នាហូបចុកអី ក៏នៅកន្លែងហ្នឹង …។
ខ្ញុំគិតថា នេះមិនមែនសំរាប់តែរាជធានីភ្នំពេញទេ។ នៅក្នុងក្រុងនៅក្នុងអី កន្លងទៅក៏ដូចគ្នា ហើយជាពិសេសនៅក្នុងតំបន់។ ពិតណាស់ កន្លែងខ្លះ បងប្អូនខាងធុរកិច្ច គាត់ឃើញឱកាស។ កន្លែងនេះស្ងាត់ល្អ អត់មានក្លឹប ដាក់មួយ។ អត់ទេ! កុំអី! យើងកំណត់ច្បាស់លាស់ ងាយស្រួលអ្នកធ្វើផែនការវិនិយោគ កុំឱ្យបើកហើយ ខណ្ឌត្រូវចុះទៅណែនាំរហូត មួយខែ ៥ដង ព្រោះអ្នកជិតខាង complain ឯគាត់រកស៊ីក៏មិនកើត។ អញ្ចឹង យើង ធ្វើ Zone ហ្នឹង ជាឧទាហរណ៍។ ការគិតគូរនេះ គឺចូលនៅក្នុងអ្វីដែលការណែនាំពី រឿងបុរីជនបទ ឬមួយក៏ភូមិគំរូ ស្រុកខណ្ឌ។ វានឹងទៅដល់ហ្នឹង។ ជឿខ្ញុំចុះ។ លើកលែងតែសង្គ្រាមផ្ទុះ អស្ថិរភាព យើងមិនអភិវឌ្ឍខ្លួនយើង តែបំផ្លាញខ្លួនយើង។ ហ្នឹងជារឿងផ្សេង។
តែបើដូចយើងធ្វើតាំងពី១៩៧៩ មកនេះ អត់មានបំផ្លាញខ្លួនយើងទេ។ បញ្ហាវាមាន។ ខ្ញុំជឿថាវាមិនអត់ទេ គ្មានប្រទេសមួយណាដែលគ្មានបញ្ហានោះទេ។ មហាអំណាចអាមេរិកក៏ដោយ ពេលបោះឆ្នោតម្ដងៗ គណបក្សនីមួយៗ តែងតែលើកយកបញ្ហានេះបញ្ហានោះ ជាប្រធានបទនៃការបោះឆ្នោត … រាជរដ្ឋាភិបាលចាប់ផ្ដើមពីការទទួលស្គាល់នូវបញ្ហាដែលមាន ដើម្បីដាក់(គោលដៅ)ធ្វើ។ អញ្ចឹងហើយ សម្តេចតេជោអនុវត្តកំណែទម្រង់ឆ្នាំ ១៩៨៩ ដើម្បីឱ្យកម្មសិទ្ធិហ្នឹងពេញសិទ្ធិតែម្ដង។ ចេញពីរបប ប៉ុល ពត មក យើងអត់មានទេ … ប្រជាពលរដ្ឋយើងដូរទីលំនៅច្រើន។ កាលឆ្នាំ១៩៩៣ ពេលយើងបោះឆ្នោត គណបក្ស ហ៊្វុនស៊ីនប៉ិច សន្យាថាប្រសិនជាជាប់ គាត់នឹងឱ្យកម្មសិទ្ធិមុនសង្គ្រាម។ កាលណោះ បើសិនជាធ្វើបែបនោះ គឺកាប់ចាក់គ្នាផងមិនខាន ព្រោះអ្នកខ្លះ ពេលដែលផុតពី របប ប៉ុល ពត ទៅនៅភូមិស្រុកវិញ តែអ្នកខ្លះអត់ទៅនៅទេ។ នៅភ្នំពេញ ឧទាហរណ៍ ផ្ទះ១០ អញ្ចឹង អត់ទៅនៅទេ ១០គ្រួសារនៅតែមួយអាគារហ្នឹង។ ពូមួយថា បើដឹងផ្ទះថ្លៃអញ្ចឹង ឆ្នាំ១៩៧៩ យក ៣-៤ ផ្ទះ។ កាលណោះគឺផ្ទះ ៣-៤ ទុកចោល ទៅនៅប្រមូលផ្តុំគ្នាមួយផ្ទះហ្នឹង ៤-៥ គ្រួសារ ផ្ទះផ្សេងទុកចោលទៅ។
(ឥឡូវ)ស្ថានភាពប្រែប្រួល។ យើងនៅបន្តទៅទៀត។ រាជរដ្ឋាភិបាលទទួលស្គាល់ការពិត ទទួលស្គាល់បញ្ហាដែលនៅសេសសល់ តាំងពីសង្គ្រាមមក … អម្បាញ់មិញ វិធានការដែលខ្ញុំដាក់ចេញនេះ ក៏ជាការទទួលស្គាល់ នូវបញ្ហាកកស្ទះដែលយើងនៅមាន ទន្ទឹមនឹងយើងមកអបអរសាទរថាបានវាស់ ១៤ លានបណ្ណហើយ ដោយក្នុង ២អាណត្តិនេះ គឺបូកជាមួយអាណត្តិមុនៗ។ យើងចែកបាន ៩លានបណ្ណ។ ប៉ុន្តែវានៅកកស្ទះ។ យើងក៏ត្រូវសិក្សាមើល បញ្ហានៅកន្លែងណា។ កន្លែងណាដែលអាចជួយបាន ជាការទទួលខុសត្រូវរបស់រដ្ឋ។ រដ្ឋត្រូវជំរុញការដោះស្រាយ។ ដូចរឿងដាក់ចូលទិន្នន័យ ចែកទិន្នន័យរវាងដែនដីជាមួយពន្ធដារស្អីៗហ្នឹង គឺដើម្បីជួយសម្រួល។ កន្លែងណាដែលត្រូវការពន្លឿន ការជួយសម្រួល ការប្រទាក់ក្រឡាជាមួយប្រជាជនដើម្បីឱ្យគាត់មក ទាក់ទង។ កន្លែងណាដែលត្រូវឱ្យប្រជាជនមកចូលរួម ជួយសម្រួលឱ្យគាត់ ដូចជាការអនុគ្រោះពិន័យទៅលើការយឺតឯកសារលើស ៣ខែ ស្អីៗដែលយើងមានពីមុន ដើម្បីឱ្យគាត់មក។
រួមគ្នា ចាប់ផ្ដើមពីការទទួលស្គាល់បញ្ហា ដាក់ចេញនូវវិធានការជាក់ស្ដែងដោះស្រាយ ហើយយើងតាមដានត្រួតពិនិត្យ វាយតម្លៃទៀត ស្ដាប់ប្រជាពលរដ្ឋ ថាតើរឿងនៅកន្លែងណាទៀតដែលមិនទាន់ដោះស្រាយ ដើម្បីយើងនឹងខិតខំដោះស្រាយបន្តទៀត។ មិនមែនជាការដោះសារទេ គឺជាការដោះស្រាយ ការពន្យល់និងការរៀបចំដាក់វិធានការ ផ្សព្វផ្សាយឱ្យបានច្បាស់។ ពេលខ្លះ ការលើកឡើងអត់មានហេតុផល យើងពន្យល់(ថា) ខុស(ដល់តែ) អត់ពន្យល់ ក៏ខុស។( យើង)ពន្យល់គេថា យើងមិនដោះស្រាយ យើងដោះសារ។ ដល់ពេលយើងនិយាយថា ខ្ញុំបានដោះស្រាយហើយ គេថាយើងអួត។ (បើធ្វើក៏ខុសមិនធ្វើក៏មិនត្រូវក៏)តាមដំណើរទៅ។ ខ្ញុំមិនអួតម៉េច បើរាជរដ្ឋាភិបាលខិតខំ មន្ត្រីយើងបែកញើស ហូរញើស។ ក្រសួង-ស្ថាប័ន ខិតខំចុះធ្វើបណ្ណ ក្នុង៣ឆ្នាំនេះ ចូល ៦លានក្បាលដីទៀតដែលវាស់វែងបាន។ មិនតិចទេ មួយក្បាលដីៗមិនស្រួលទេ ហើយវាស់ឱ្យប្រាកដ។
បងប្អូនមន្ត្រីសុរិយោដីចំណាយថ្ងៃសៅរ៍ថ្ងៃអាទិត្យចុះទៅចែកបណ្ណ។ មិនស្រួលទេ។ រឿងអវិជ្ជមាន រឿងចន្លោះប្រហោងខ្លះវាមាន។ យើងទទួល។ យើងទទួលសំណូមពរ ហើយកែសម្រួល។ ប៉ុន្ដែ(ក៏)សូមមើលចំណុចវិជ្ជមាន របស់រដ្ឋាភិបាល របស់មន្ត្រីដែលខិតខំហូរញើសបែកញើស ទៅអង្គុយចាំបងប្អូនថ្ងៃសៅរ៍អាទិត្យដើម្បីចែកបណ្ណ ចុះបណ្ណ ចុះបញ្ជីជូន … បើយើងគ្មានឆន្ទៈ មន្ត្រីគ្មានឆន្ទៈ យើងមិនអាចធ្វើ(ការចុះបញ្ជី) បាន ១៤ លានក្បាលដីក្នុងរយៈពេលនេះ ហើយចែក(ជូនប្រជាពលរដ្ឋជាបណ្ដើរៗទេ)។ សង្ឃឹមថា ចែកអស់នៅចុងឆ្នាំ២០២៧ ដើម្បីឱ្យប្រជាពលរដ្ឋបានបណ្ណ។ អាចយឺតអីខ្លះ សុំយោគយល់ ប៉ុន្តែ(នៅតែ)ធ្វើជូន។ រឿងនៅមានចន្លោះប្រហោង យើងទទួលស្គាល់ ដោះស្រាយជូនទៀត។ នេះមិនមែនត្រឹមតែប្ដេជ្ញាចិត្តលើមេក្រូ ឬចេញគោលការណ៍លើក្រដាសទេ។
យើងបានធ្វើផ្ទាល់ ១៤លានក្បាលដីតាំងពីអាណត្តិមុនមកគឺជាក្បាលដីដែលចុះវាស់វែងពិតប្រាកដ។ បណ្ណដែលយើងរៀបចំចែកឱ្យជិត ៩លានបណ្ណនេះ ក៏ជាបណ្ណពិតប្រាកដ។ ប្រជាពលរដ្ឋដែលមកទទួលបណ្ណថ្ងៃនេះ មិនមែនបណ្ណសិប្បនិម្មិត បណ្ណ AI ទេ ចែកហើយជូន មិនមែនចែកហើយយកមកទុកវិញទេ។ បើចែកហើយ ដកយកមកវិញ ហ្នឹងប្រាប់មកខ្ញុំ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឯកឧត្តម សាយ សំអាល់ នៅនេះ អត់មានភូតទេ។ អ្នកណាថា រដ្ឋាភិបាល(ធ្វើ)សូន្យ។ អឺ! សូន្យក៏សូន្យចុះ! តាមអ្នកឯងចុះ ព្រោះអ្នកឯងនៅក្រៅប្រទេស។ ប្រជាពលរដ្ឋ ៩លាន ១០លាននាក់ នឹងទទួលបណ្ណនេះ អត់សូន្យសម្រាប់គាត់ទេ។ គាត់បានផលជាក់ស្ដែង។ នេះជាអ្វីដែលយើងមកអបអរសាទរថ្ងៃនេះ។
នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ គ្រប់ពេលទាំងអស់ ដោះស្រាយបញ្ហាដើម្បីប្រទេសជាតិរឹងមាំ ដើម្បីប្រជាជនមានបាន ដើម្បីប្រជាពលរដ្ឋមានឱកាស និងកាន់តែរីកចម្រើនបន្តទៅទៀត។ បញ្ហាវាមិនចេះចប់ យើងត្រូវរួមគ្នាដោះស្រាយ។ ផ្អែកលើការសហការ ឯកភាពគ្នានេះជាគោលដៅដែលយើងចង់បាន។ នេះគឺជាអ្វីដែលខ្ញុំមានមោទនភាព ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ដែរ ដែលឃើញជាតិរឹងមាំ ការសាមគ្គីឯកភាពគ្នា បន្ទាប់ពីជាង៥០០ឆ្នាំនៃការបែកបាក់ យើងរួមគ្នា។ ពិសេស ទោះបីជាមានបញ្ហាព្រំដែន យើងរួមគ្នា។ មានអ្នកខ្លះ គិតថាសង្គ្រាមព្រំដែននេះ នឹងធ្វើឱ្យគណបក្សប្រជាជនរលំ ជាពិសេសត្រកូលហ៊ុននឹងរបូតអំណាច … មិនដូច្នឹងទេ។ កុំថាឡើយគណបក្សប្រជាជន (សូម្បីតែ)កម្ពុជាបែកបាក់ ក៏អត់មានដែរ។ រឿងជាតិនិយម ធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ ក្រោមរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រោះវាជាផលប្រយោជន៍រួមរបស់ជាតិយើង។
បញ្ហាកើតមាន បានធ្វើឱ្យយើងមានកម្លាំងចិត្ត ធ្វើការវះកាត់ និងដាក់ចេញវិធានការមុតស្រួច ធ្វើជាក់ស្ដែង។ ការពន្លឿន និងវិនិយោគធ្វើ ទោះបីជាប្រឈមបញ្ហាខ្លះក៏ដោយ ក៏យើងត្រូវតែធ្វើ ដើម្បីជាតិយើងរឹងមាំ ដើម្បីឱ្យកូនខ្មែរ ក្មួយៗជំនាន់ក្រោយៗ ទៀត កាន់តែរឹងមាំ ពីមួយអាណត្តិទៅមួយអាណត្តិ កាន់តែរីកចម្រើន នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្ដេជ្ញាចិត្តធ្វើកិច្ចការនេះ។ សំរាប់គណបក្សផ្សេងខ្ញុំមិនដឹងទេ តែគណបក្សប្រជាជនកម្ពុជា បានដាក់ទិសដៅវាស់វែង ចុះបញ្ជី ចែកបណ្ណជូនប្រជាពលរដ្ឋ។ ប៉ះបញ្ហាកន្លែងណា ដោះស្រាយកន្លែងនោះ ដើម្បីឱ្យប្រជាជនមានកម្មសិទ្ធិដីធ្លី។ ខ្ញុំមិនដឹងបក្សផ្សេងចង់ធ្វើម៉េចទេ តែគណបក្សប្រជាជននៅហ្នឹង។ រឿងមិនយកពន្ធដីស្រែចំការកសិកម្ម នៅតែមិនយក មិនត្រឹមតែឱ្យបណ្ណទេ។ ជំនាន់បារាំង ធ្វើបណ្ណ ឱ្យកម្មសិទ្ធិ ឆ្នាំ(១៨)៣០ ប៉ុន្តែដើម្បីយកពន្ធលើកសិកម្ម។ ហ្នឹងហើយបានឈានដល់ភូមិតិរច្ឆានកាលនោះ … យើងមានគោលនយោបាយច្រើនគឺចែកដីជូនប្រជាពលរដ្ឋ។ ដីកម្រិតណាដែលត្រូវជួយក្នុងសង្គម ដីកម្រិតណាដែលត្រូវធ្វើទៀត។ ប៉ុន្ដែ ធំបំផុតរបស់ទ្រព្យទាំងអស់នេះ បានដល់ប្រជាជនដោយភាពច្បាស់លាស់ និងសំរាប់តកូនតចៅទៅមុខទៀត (ដើម្បី)ជួយដល់ប្រទេសយើង(រីកចំរើន)។ នេះគឺជាអ្វីដែលខ្ញុំសុំលើក(ជាមតិ)នៅព្រឹកនេះ។
[បញ្ចប់សេចក្ដីអធិប្បាយ៤]
ទី៤. ចំពោះការងាររៀបចំដែនដី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងរដ្ឋបាលរាជធានីខេត្ត ត្រូវសហការគ្នាជិតស្និទ្ធ ជំរុញការសិក្សារៀបចំផែនការប្រើប្រាស់ដី, និងការបង្កើតរបៀងសេដ្ឋកិច្ច ស្របតាមសក្តានុពលពីធម្មជាតិនៃធនធានដីនៅតាមភូមិសាស្រ្តដែលអាចបង្កើត និងបង្កើនតម្លៃសេដ្ឋកិច្ច។ ជាក់ស្តែង, សម្រាប់ខេត្តកណ្តាល ដែលមានភូមិសាស្ត្រជាតំបន់វាលទំនាបទន្លេមេគង្គ, ព័ទ្ធជុំវិញរាជធានីភ្នំពេញ, និងជាខេត្តមានផ្លូវជាតិសំខាន់ៗតភ្ជាប់ទៅកាន់ខេត្តដទៃ, ខ្ញុំសូមគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ក្នុងការប្រែក្លាយខេត្តកណ្តាល ឱ្យទៅជា «ខ្សែក្រវាត់គាំទ្រ សន្តិសុខ, សុវត្ថិភាព, ឧស្សាហកម្ម, ភស្តុភារកម្ម, ស្បៀង, និងលំនៅឋាន» ដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាល។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
យើងមានព្រលានយន្តហោះ ព្រែកជីក គឺតាមផ្លូវហ្នឹងជាមូលដ្ឋានធំ ជាខ្សែក្រវាត់គាំទ្រទៅដល់ការរីកចម្រើននៅក្នុងរាជធានីភ្នំពេញ។ វិស័យខ្លះគ្រាន់តែដាំដុះ បន្លែផ្លែឈើ ចិញ្ចឹមសត្វ នៅខេត្តកណ្ដាលហ្នឹង ក៏អាចចិញ្ចឹមសណ្ឋាគារ ភោជនីយដ្ឋានក្នុងក្រុងភ្នំពេញ ហ្នឹងក៏អាចជាការគិតគូរ។
[បញ្ចប់សេចក្ដីអធិប្បាយ៥]
ទី៥. ត្រូវបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន, ទាំងថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ, បន្ថែមទៀត ដោយផ្តោតលើ (១). ការកែលម្អបរិយាកាសការងារ និងកន្លែងធ្វើការ ឱ្យស័ក្តិសម ជាមជ្ឈមណ្ឌលផ្តល់សេវាកម្មរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, (២). ការកសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ឱ្យស័ក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ, (៣). ពង្រឹងភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្ម និងការប្រើប្រាស់តួនាទីខុសច្បាប់ ព្រមទាំងចាត់វិធានការតឹងរឹង ប្រសិន មានករណីនេះកើតឡើង, (៤). ពង្រឹងយន្តការតាមដានការអនុវត្ត ច្បាប់ គោលនយោបាយ និងបទបញ្ជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីវាយតម្លៃការអនុវត្តគោលនយោបាយ ធៀបនឹងការអនុវត្តជាក់ស្តែង, ធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព និងវិជ្ជាជីវៈ, និង(៥). បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម, ទាំងក្នុងក្របខ័ណ្ឌការងារ និងការផ្តល់សេវាសាធារណៈ។
មុននឹងបញ្ចប់, ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាមូលដ្ឋានគ្រឹះ នៃការកសាងសេដ្ឋកិច្ចទំនើប និងសង្គមស៊ីវិល័យ តាមរយៈ ការគិត រចនា និងកសាងទីក្រុង ប្រកបដោយរចនាបថសហសម័យ ស្របតាមបទប្បញ្ញត្តិ និងនិយាមបច្ចេកទេសត្រឹមត្រូវ សំដៅប្រែក្លាយទីក្រុងរបស់យើង ឱ្យទៅជា «ទីក្រុងទំនើប ទីក្រុងសហសម័យ និងទីក្រុងផ្សារភ្ជាប់សុខភាពប្រជាជន » ដែលប្រជាជនអាចរស់នៅជាមួយគ្នា ប្រកបដោយ ភាតរភាព ផាសុកភាព និងបរិស្ថានល្អ។
ជាមួយនេះ, ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល និងប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល ដើម្បីរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយជីវភាពគ្រួសារ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]
មុននឹងបញ្ចប់នេះ ខ្ញុំសូមលើករឿងមួយក្រៅបន្តិច ព្រោះវាឃើញច្របូកច្របល់។ ប៉ុន្មានថ្ងៃនេះ ឃើញ(ព្រោកប្រាជ)រឿងកាត់ក្រសួង បង្រួមក្រសួង ទម្លាក់ក្រសួងជាអគ្គនាយកដ្ឋាន។ រឿងនេះប្លែកដែរ។ ខ្ញុំជានាយករដ្ឋមន្ត្រីអត់ដឹងរឿងហ្នឹង។ ទៅដឹងតាម Facebook វិញ។ ខ្ញុំសូមបញ្ជាក់ អ្នកដែលបង្កើតរឿងនេះ គឺគ្មាន (ការពិតទេ)។ ការ(ធ្វើ)កំណែទំរង់គោលនយោបាយយើងដាក់ចេញពីដើមទី នៅតែដដែល៖
ទី១. គ្មានការកាត់ក្រសួង-ស្ថាប័នទេ។ នៅដដែល។ ប៉ុន្តែ ក្រសួង ស្ថាប័ននីមួយៗ ត្រូវវិភាគមុខងារ អាចមានការកាត់នាយកដ្ឋាននៅខាងក្នុង ដើម្បីពង្រឹងឱ្យចំ សម្រួចឱ្យចំ។ ថ្ងៃមុន គេដាក់សារមកខ្ញុំថា «ឮសម្តេចធិបតី មានផែនការកាត់អគ្គនាយកដ្ឋាន ឬមួយអី(ដែលនៅ)ខាងឧស្សាហកម្ម ពីក្រសួងឧស្សាហកម្ម យកទៅដាក់ក្រសួងពាណិជ្ជកម្ម»។ ខ្ញុំអត់ទាំងដឹងផង។ ម្សិលមិញ ឃើញ Page មួយបង្ហោះថា មានក្រសួង៦ ដែលជាន់គ្នា។ រាជរដ្ឋាភិបាលនឹងកាត់ក្រសួងមួយចំនួនទម្លាក់ទៅជាអគ្គនាយកដ្ឋាន ហើយរដ្ឋមន្ត្រីរុញឡើងទៅធ្វើទេសរដ្ឋមន្ត្រី។ ខ្ញុំថា «អ្នកណាចេះជួយគិតគូរជំនួសរាជរដ្ឋាភិបាលទៀត?»។ ខ្ញុំដូចអត់មានគោលការណ៍ហ្នឹង។ ក៏ទៅសួរខាងមុខងារសាធារណៈ ក្រែងលោពេលប្រជុំហ្នឹងមានគិតរឿងហ្នឹង។
ខ្ញុំថាបើគិតរឿងហ្នឹង ឈប់គិតទៅ ព្រោះគោលគំនិតឱ្យទៅពង្រឹងស្ថាប័ននីមួយៗ គឺពង្រឹងតួនាទីភារកិច្ចកុំឱ្យជាន់គ្នា។ ស្ថាប័ននីមួយៗ សម្រួចឱ្យចំគោលដៅ ហើយស្របទៅតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច សង្គម បច្ចេកវិទ្យា។ ឧទាហរណ៍ កន្លែងខ្លះលែងត្រូវការហើយ។ ដូចថ្ងៃមុន ទៅពន្ធដារ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថាកាលមុនមាននាយកដ្ឋានរាប់លុយ។ ត្រូវលុបចោល។ ពីជំនាន់ ៨០ជាង លុយច្រកបាវ។ ប្រហែលជាក្មួយៗ ខ្លះ គ្រូៗខ្លះ កើតមិនទាន់ជំនាន់ ៨០ជាងលុយច្រកបាវទេ។ លុយទាំងការ៉ុងៗ អញ្ចឹងត្រូវមានអ្នករាប់។ តែឥឡូវគេប្រើប្រព័ន្ធ FMIS ពេលល្ងាចឡើងបិទបញ្ជីពន្ធដារនៅខេត្ត រត់ទៅដល់លើភ្លាម។ ល្ងាចឡើង ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ បាញ់ឱ្យខ្ញុំភ្លាមថាថ្ងៃហ្នឹងប្រមូលពន្ធបានប៉ុន្មាន សាច់ប្រាក់ចេញប៉ុន្មាន? … ប៉ុន្តែក៏សុំបង្កើតការិយាល័យថ្មីមួយនៅពន្ធដារទទួល AI ព្រោះ ឥឡូវត្រូវតែរៀបចំផ្នែកបច្ចេកវិទ្យា AI ហ្នឹង។ ឯកឧត្តម យើងបង្កើតជាអី? ជាផ្នែក? ជាការិយាល័យ? ការិយាល័យពន្ធ AI។ បើសម័យខាងមុខ AI ហើយ យើងអត់មានអ្នកទទួល AI យើងនៅរាប់លុយនៅដៃ វាមិនត្រូវ។
ហ្នឹងដែលជាគោលការណ៍កែទម្រង់។ យើង(ត្រូវ)មើលកន្លែងណាដែលជាន់គ្នានៅក្នុងក្រសួង-ស្ថាប័ន បង្រួមទៅ។ កន្លែងណាដែលហួសដឺឡេហើយ (យើង)លុបចោលទៅ។ កន្លែងណាដែលមិនទាន់គ្រប់ យើងពង្រឹងវា។ បើបំពាក់មុខងារហ្នឹងទៅឱ្យកន្លែងណាដែលមានស្រាប់អត់បានទេ យើងបង្កើតថ្មីតូចមួយដូច AI អញ្ចឹង។ ដើម្បីឱ្យស្រប(តាមការវិវត្ដពិភពលោក) … នេះគឺជាគោលការណ៍។ បើមិនអញ្ចឹង វាធ្វើឱ្យចលាចលនៅក្នុងអារម្មណ៍របស់មន្ត្រី ដែលឮសូរបន្តិចទៀតត្រូវកាត់ទៅក្រោមក្រសួងពាណិជ្ជកម្ម។ ក្រសួងបន្តិចទៀតទម្លាក់ទៅជាអគ្គនាយកដ្ឋាននៅកន្លែងណាខ្លះ? អត់មានទេ។ សូមឱ្យមានភាពនឹងនរ។ គោលនយោបាយ ការកែទម្រង់យើងបានដាក់ហើយ។ គ្មាននរណាធ្វើមួយថ្ងៃ តាមការនឹកឃើញទេ។
ខ្ញុំដឹងថា នៅវៀតណាម មុននឹងកែទម្រង់នេះ គាត់សិក្សាប្រហែលយូរដែរ។ ព្រោះកែទំរង់តាំងពីលើដល់ក្រោម ដូចជាកាត់ថ្នាក់ស្រុកមួយចោលទៀត។ តែត្រូវការសិក្សា មិនមែនគ្រាន់តែនឹកឃើញធ្វើភ្លាមទេ។ គេសិក្សាផលប៉ះពាល់។ ប្រទេសផ្សេងៗ កែទម្រង់ ក៏ត្រូវការសិក្សាដែរ។ ជំហានមួយយើងធ្វើ គឺពង្រឹងស្ថាប័ន អត់មាននឹកឃើញ(ធ្វើដោយមិនសិក្សាផលប៉ះពាល់ទេ)។ បើមានការលើកយោបល់ ខ្ញុំទទួល ប៉ុន្តែរបៀបរបបការងារនៅក្នុងប្រទេសខុសៗ គ្នា។ ប្រទេសខ្លះដាក់ក្រសួងពាណិជ្ជកម្មជាមួយឧស្សាហកម្ម។ ប្រទេសខ្លះអត់ដាក់ជាមួយឧស្សាហកម្មទេ។ គេដាក់ពាណិជ្ជកម្មជាមួយក្រសួងការបរទេស។ នៅអូស្ត្រាលី គឺក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មនៅក្រោមឆ័ត្រតែមួយ។ ក្រសួងពាណិជ្ជកម្មនៅក្រោមក្រសួងការបរទេស ព្រោះគោលនយោបាយការបរទេសជាមួយពាណិជ្ជកម្មដើរជាមួយគ្នា។ ប្រទេសខ្លះគឺឧស្សាហកម្មជាមួយពាណិជ្ជកម្ម ដើម្បីទៅបើកច្រក។ សម្រាប់យើង រូបមន្តរបស់យើង តែធ្វើម៉េចឱ្យស្ថាប័ននីមួយៗ សង្គតិភាពជាមួយគ្នា ពង្រឹងតួនាទីរបស់ខ្លួន សហការគ្នាបានល្អ ហើយពង្រឹងផ្ទៃក្នុង។
សូមបញ្ជាក់ប៉ុណ្ណឹង។ សូមកុំមានភាពជ្រួលច្របល់។ មានអ្នក chat មកសួរខ្ញុំៗ ថារឿងនេះរឿងថ្មី។ បើសិនប្រមុខរដ្ឋាភិបាលអត់ដឹងផង ដឹងអ្នកណាឱ្យទៅកែ? ទោះបីវាមិនពិត បើយើងមិនបកស្រាយទាន់ពេល ធ្វើឱ្យច្របូកច្របល់ក្នុងអារម្មណ៍។ កុំរង់ចាំនរណាបកស្រាយ ខ្ញុំបកស្រាយតែម្ដងទៅថា ឈប់គិតគូររឿងរំលាយក្រសួង រឿងស្អីៗ។ ម៉ោងថ្មើរនេះ កំណែទម្រង់ ពង្រឹងស្ថាប័ននីមួយៗ បែងចែកភារកិច្ចឱ្យបានច្បាស់ ហើយធ្វើការរួមសហការគ្នាដើម្បីបម្រើប្រជាជន។ នេះគឺជាការកំណែទម្រង់ ពង្រឹងស្ថាប័នរបស់យើង។ អភិក្រមពង្រឹង អត់ពង្រីកទេ។ ត្រូវ “ពង្រឹង” អ្វីដែលមានស្រាប់តាមរយៈការវិភាគមុខងារ ការពង្រឹងតួនាទី កន្លែងណាដែលជាន់គ្នា កន្លែងណាដែលខ្វះបានយើងអាចបន្ថែម តែត្រូវមាននិក្ខេបបទ បានន័យថាត្រូវមានទឡ្ហីករណ៍ឲ្យច្បាស់។ សំណើមួយៗ មុននឹងឱ្យ មុននឹងស៊ីញ៉េ ខ្ញុំហៅមកប្រជុំ។ គណៈកម្មាធិការអចិន្ត្រៃយ៍ ក្រសួង ស្ថាប័ន អន្តរក្រសួង ប្រជុំជាមួយមុខងារសាធារណៈ ប្រជុំអន្តរក្រសួង ហើយសួរដេញដោល។ បើនិក្ខេបបទអត់ជាប់ អត់ឱ្យ ព្រោះយើងទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ប្រទេសជាតិ។
ក្រសួង-ស្ថាប័ន មានភារកិច្ចបម្រើសេវាឱ្យប្រជាពលរដ្ឋ។ បើក្រសួង ស្ថាប័នអត់រៀបចំផ្ទះសម្បែងខ្លួនឯងឱ្យស្រួលបួលទេ ធនធានមនុស្សអត់តម្រូវតាមភារកិច្ចនិងជំនាញទេ ការរៀបចំប្រព័ន្ធព័ត៌មានឌីជីថលអត់គ្រប់គ្រាន់ទេ តើយើងរំពឹងបម្រើសេវាគាប់ចិត្តឱ្យប្រជាជនយ៉ាងម៉េច? ពាក្យថា “គាប់ចិត្ត” មានន័យដាក់មក ខ្ជិលឈឺក្បាល។ កាត់នីតិវិធី ប៉ុន្តែការកាត់នេះត្រូវឱ្យឆ្លុះបញ្ចាំង កុំឱ្យវាច្របូកច្របល់ … ព្រោះកន្លែងកាត់ខ្លះ កាត់ទៅខុស។ ដូចថ្ងៃមុន ជជែកជាមួយឯកឧត្តម គង់ ម៉ារី ដោះស្រាយរឿង SME។ នីតិវិធីកន្លែងខ្លះជាន់គ្នា កន្លែងខ្លះវាមិនទាន់មានការចាំបាច់ ហើយកន្លែងខ្លះអាចយកក្រោយ។ ឧទាហរណ៍ ផលិតផលសុំអាជ្ញាបណ្ណបានហើយ តែមុននឹងចេញទៅ យើងត្រូវសុំ “អាជ្ញាបណ្ណផ្សព្វផ្សាយ” បានន័យថា ផ្សព្វផ្សាយផលិតផល មុននឹងលក់ និងដាក់តែមថាផលិតផលហ្នឹងធ្វើស្អីខ្លះ។ អញ្ចឹងត្រូវមានស្ថាប័នត្រួតពិនិត្យជំនាញថាអ្នកឯងអត់ភូត ដាក់ត្រឹមត្រូវ។ មិនមែនដាក់ថ្នាំមួយគ្រាប់ ប្រាប់ថា លេបថ្នាំមួយគ្រាប់ហ្នឹងឡើង Six-pack នោះទេ។ ដូច សំអាល់ អញ្ចឹងថាបើចង់ឡើង Six-pack មិនបាច់ហាត់យកសាច់ដុំទេ ដាក់តែមួយគ្រាប់បាត់ one-pack ចេញ Six-pack។ និយាយឱ្យឯកឧត្តម សាយ សំអាល់ ម្នាក់ ត្រូវទាំងអស់ រាប់ទាំងខ្ញុំដែរហ្នឹង។ កូនខ្ញុំថា ប៉ាមិនបាច់ហាត់ទេ ទិញអាវ Six-pack យកមកពាក់ទៅ។
អ្វីដែលនិយាយគឺថា ផលិតផលខ្លះវាមិនគ្រោះថ្នាក់។ ឧទាហរណ៍ផលិតផលបែបនេះ កែវ ឬមួយអី យើងអាចសម្រួលនីតិវិធីឱ្យគាត់ទៅ ទុកពេលឱ្យគាត់ ៣០ថ្ងៃ ដើម្បីឆ្លងទៅ។ បើខុស យើងកែ ឬមួយក៏គាត់មិនកែ ដកមកវិញ ឈប់ឱ្យផលិត។ ប៉ុន្តែ ផលិតផលណាត្រូវតែប្រកាសមុន ត្រូវតែត្រួតពិនិត្យមុន ដូចថ្នាំ ដូចសាប៊ូលាងដៃដែលមានជាតិគីមី អត់អាចបានទេ ព្រោះអាហ្នឹងប៉ះ(ពាល់)។ បើសិនជាឱ្យទៅ ស្រាប់តែគាត់យកទៅលេប យកទៅអី … ប៉ុន្តែនីតិវិធីបែបនេះគឺដើម្បីឆ្លុះបញ្ចាំង និងពន្លឿន។ នេះជាការដោះស្រាយបញ្ហា។ នេះហើយគឺការកែសម្រួលពង្រឹងនៅក្នុងការដោះស្រាយបម្រើប្រជាពលរដ្ឋ។ រឿង SME រឿងវិនិយោគ រឿងអ្វីផ្សេងៗ ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេ។ សូម្បីតែសេវាសុរិយោដីនេះក៏ឌីជីថលច្រើន។
ឥឡូវ ឯកឧត្តម សាយ សំអាល់ បញ្ជូនឱ្យខ្ញុំរាល់ថ្ងៃ ថាមានស្ថានភាពអចលនទ្រព្យយ៉ាងម៉េច? មើលអាទិន្នន័យនៃការលក់ដូរ ដោះដូរដៃនៅក្នុងមួយឆ្នាំ ជួនកាលចូលជិតរាប់ពាន់លាននៃអចលនទ្រព្យ បានន័យថា ជាសូចនាករមួយអាចឱ្យយើងយកទៅវាយតម្លៃពីស្ថានភាព(សេដ្ឋកិច្ច)។ ជួនកាលរឿងហ្នឹងមើលអត់ឃើញទេ។ ទិន្នន័យលើក្រដាសអត់មាននរណាសិក្សា តែដល់ទៅមើលទិន្នន័យហ្នឹង បានដឹងថា អចលនទ្រព្យហាក់ដូចជាថា មើលទៅឃើញជាប់តែរឿងបុរីជាប់គាំង ដូចគ្រប់គ្នាមានបញ្ហា។ តាមពិត វាដើរ លក់ដូរ គ្រាន់តែថាកន្លែងខ្លះ ផ្ទះថ្លៃៗ អត់សូវដើរ ឆ្នាំទៅអីផ្ទះទាបៗ តូចៗ ដើរ។ ទិញច្រើនដូចមុន សម្រាប់ទិញលក់កាលពីដីធ្លីឡើងថ្លៃ។ ការទិញម្ដង ៥០-៦០ ទៅ ១០០ផ្ទះដើម្បីបង្វិល មិនមាន។ ប៉ុន្តែ ការទិញសំរាប់រស់នៅ មាន។ អញ្ចឹង យើងមើល អាទិន្នន័យភ្ជាប់បែបនេះ ដើម្បីយើងជួយ។
យើងធ្វើកំណែទម្រង់ច្រើន។ បន្តិចទៀត យើងថ្ពក់ពីលើទៅក្រោម ឆ្លងស្ថាប័ន រវាងដែនដីជាមួយពន្ធដារ ជាមួយមហាផ្ទៃ … ថ្ងៃក្រោយស្រួល។ ហ្នឹងហើយគឺប្រព័ន្ធ E-Government។ ទៅមុខទៀត យើងបំពាក់ AI បន្ថែមទៀត។ AI នេះឆ្លាតណាស់។ ពេលខ្លះ ចង់សរសេរអី ខ្ញុំសួរ AI។ AI សរសេរឱ្យ។ លឿនដែរ។ នៅសាលាមួយចំនួនក្រៅប្រទេស គ្រូចាប់ផ្ដើមវិលមុខហើយ ព្រោះសិស្សលែងធ្វើ Homework ហើយ ដាក់ AI ទៅតែម្តង។ ហ្នឹងក៏មិនដឹងយ៉ាងម៉េចដែរ។ ប៉ុន្តែខាងអប់រំយើង កុំឱ្យប្រើ AI។ គ្រូៗ កុំឱ្យសិស្សប្រើ AI។ ត្រូវរៀនសរសេរ រៀនគុណលេខ រៀនបូកលេខ។ ប្រយ័ត្ន AI ទាំងអស់ ថ្ងៃក្រោយដាច់កុំព្យូទ័រ អត់អ៊ីនធឺណិត ចប់។ “អេអញ” ហ្មង។ មិនមែន AI ទេ ព្រោះខ្លួនឯង “អេ” ហើយ។ អត់មានអីទៀត បើអស់ទូរស័ព្ទ អស់អ៊ីនធឺណិត ធ្វើអីលែងកើត អេបាត់ មិនមែន AI ទេ … ជាបញ្ហា។
មូលដ្ឋានគ្រឹះត្រូវតែធ្វើ។ បង្រៀនសូម្បីតែមានម៉ាស៊ីនបូកលេខ គុណលេខ ក៏ត្រូវតែបង្រៀនចេះបូកលេខ គុណលេខនៅលើក្រដាសដែរ។ ឥឡូវ ក្មេងៗ ឈប់ធ្វើប្រមាណវិធីនឹងដៃឬនៅ? ឱ្យប្រើម៉ាស៊ីនគិតលេខនៅថ្នាក់ទីប៉ុន្មានឡើង?សូមមកមុខ ឱ្យជិតបន្តិចលោកគ្រូ។ ម៉េចហើយ បូកលេខនិងគុណលេខ?
លោកគ្រូឆ្លើយ៖ បាទ! សូមគោរពសម្ដេច។ ទាក់ទងនឹងការរៀនទាំងផ្នែកចំណេះទូទៅនិងបច្ចេកទេសនៅសាលា ROTA នេះ គឺលោកគ្រូ/គ្រូ តម្រូវឱ្យសិស្សរៀនធ្វើប្រមាណវិធីដោយដៃ។ និយាយរួមទៅគឺថ្នាក់ទី១០ ទី១១ ទី១២ គឺប្រើការគិតលេខដោយ(ខួរក្បាលនិង)ប្រើដៃទាំងអស់។
ប្រសាសន៍សម្តេចបន្ត៖ បាទ! ល្អកុំប្រើម៉ាស៊ីន។ ពឹងខ្លួនឯង មូលដ្ឋានគ្រឹះនៃការគិតគូរ វាស់វែង។ ខ្ញុំមិនបន្ថែមទៀតទេ។ ថាថែមមួយម៉ោងកន្លះទៀត តែឥឡូវមិនបាច់ទេ សុំតែមួយនាទីទៀតចុះ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ព្រមទាំងសមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះ ក៏មានយុវជនកាយប្ញទ្ធិ កាកបាទក្រហម ស.ស.យ.ក សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត យុវជនស្រឡាញ់សន្តិភាព សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សមាគមរាជសីហ៍ យុវជនគណបក្ស ៥៥០ នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនក្មួយៗសិស្សានុសិស្ស ១.៦៨៥នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច ១ដើម ថវិកា ១ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ៨២នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។
ជូនក្រុមយុវជនវាស់វែងដីធ្លី ៩៨៤នាក់ ម្នាក់ៗថវិកា ២០ ម៉ឺនរៀល។ ហើយជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រតនៈ ROTA ខ្សាច់កណ្តាល ថវិកា ៥ លានរៀល។ ហើយចូលមកមិញនេះ គ្រូថាមានសិស្សកើនឡើងច្រើន អញ្ចឹងស្នើសុំអគារ ១ខ្នង ២ជាន់ ១០បន្ទប់ ចឹងផ្តល់ជូនតាមសំណើ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ គឺជួយកសាងបន្ថែមទៀត។ សូមអរគុណ។ ក្រៅពីនោះ ជូនសាលាស្រុកខ្សាច់កណ្តាល ថវិកា ២ លានរៀល ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល និងក្រុមតន្ត្រី ថវិកា ១០ លានរៀលផងដែរ។ តន្ត្រីថ្ងៃនេះមាន៖ អ្នកនាង ហ៊ឹម ស៊ីវន មើលនៅឯណា សុំមើលមុខបន្តិចមើល។ អ្នកនាង សួន ចន្ថា អ្នកនាង ខាត់ សុឃីម លោក ខាត់ ជេម លោក ច័ន្ទ កូម៉ែន លោក អ៊ូ ប៊ុណ្ណារ៉ាត់ (ដូចអត់ធ្លាប់ឮ ស្គាល់តែនាយ ក្រឹម) អ្នកនាង ទេព ម៉ូលីកា អ្នកស្រី ប៉ែន ស្រីពេជ្រ អ្នកនាង ចំរើន ចរិយា លោក សំ សុវណ្ណារ៉ាក់ លោក ករុណាពេជ្រ (ពេជ្រ ដូចជាទ្រលុកទ្រលន់បន្តិចថ្ងៃនេះ មានព្រលឹង) លោក សេន រ៉ានុត អ្នកនាង គង់ ច័ន្ទស៊ីណា។ សូមអរគុណណាស់ដែលបានមក។ រាល់ដងគេហៅលោកស្រី ដល់ហៅអ្នកនាងដូចក្មេងជាង គួរហៅអ្នកនាង បង ស៊ីវន? បងក្មេងរហូត ជូនពរឱ្យក្មេងរហូតដើម្បីកុំឱ្យខ្ញុំចាស់ផង។ អញ្ចឹងសូមអរគុណណាស់ ហើយក្រុមតន្ត្រី អង្គភាពប្រឆាំងភេរវកម្មផងដែរ បាទសូមអរគុណណាស់ដែលបានចូលរួមថ្ងៃនេះ បាទសូមអបអរសាទរ៕





