Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រ​ធាន​បទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌និងទេសចរណ៍ធម្មជាតិ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 523


CMF:

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង សមាជិក-សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាទី-មេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៩ ដែលបានកំពុងប្រព្រឹត្តទៅលើទឹកដីខេត្តតាកែវ ដែលជាខេត្ត មានវ័យចំណាស់ជាងគេមួយនៅកម្ពុជា និងជាទឹកដី «ដើមកំណើតនៃអរិយធម៌ខ្មែរ» ដ៏មានអត្ថន័យជ្រាលជ្រៅ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តតាកែវ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

ថ្ងៃនេះ អាកាសធាតុល្អ។ កន្លងទៅ មួយឆ្នាំជាងនេះ ឆុងបុណ្យសមុទ្រ។ បុណ្យសមុទ្រ ២ដង ចំភ្លៀងទាំង ២ ដង។ តែបុណ្យទន្លេ ២ដង គឺអាកាសធាតុល្អ។ ម្សិលមិញ ឮសូរថាមានប្រជាពលរដ្ឋជាង ១០ម៉ឺននាក់មកកម្សាន្តនៅទីនេះ។ សង្ឃឹមថាថ្ងៃនេះនិងស្អែកមានមនុស្សកាន់តែច្រើនមកសាទរបុណ្យទន្លេនៅទីនេះ។

[ចប់សេចក្តីអធិប្បាយ ១]

ប្រធានបទនៃពិធីបុណ្យទន្លេលើកទី៩ នៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្ដានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយនឹងការអបអរសាទរចំណងដ៏ជ្រាលជ្រៅរវាងទន្លេរបស់យើង និងប្រជាជនដែលអាស្រ័យផលនឹងទន្លេ។ ពីបរមបុរាណ រហូតដល់បច្ចុប្បន្ន ទន្លេគឺជាចំណុចកណ្តាលនៃទំនៀមទម្លាប់ ជីវភាពរស់នៅ និងជារបៀងវប្បធម៌ដែលបង្រួបបង្រួមសហគមន៍ចម្រុះរបស់យើង។

បន្ថែមលើនេះ ជាមួយកត្តាសុខសន្តិភាពដែលទទួលបាន ២៧ ឆ្នាំមុនក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ ១៣ដង ធៀបនឹងឆ្នាំ១៩៩៣។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទនៈ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុងផលិតផលក្នុងស្រុកសរុប។ បទពិសោធន៍នៃការទទួលរងនូវផលប៉ះពាល់ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងស្ថានភាពភូមិសាស្រ្តនយោបាយអន្តរជាតិ ដែលប្រែប្រួលមិនច្បាស់លាស់ តម្រូវឱ្យយើងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការដោះស្រាយបាននូវរាល់បញ្ហាលំបាកនានាចំពោះមុខ ដើម្បីធានាចីរភាព នៃកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចជាអតិបរមា ព្រមទាំងចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសការទាក់ទាញវិនិយោគផ្ទាល់ និងទេសចរពីបរទេស ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យ ទេសចរណ៍ ដែលជាចំណែកមួយនៃការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងបរិបទនេះ ការប្រារព្ធពិធីបុណ្យទន្លេ មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតាមដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ជាការពិត សក្តានុពលវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទឹកសាបកម្ពុជា មានលក្ខណៈលេចធ្លោ មានភាពសម្បូរបែប ដែលអំណោយផលដល់ការអាស្រ័យផល និងការអភិវឌ្ឍជាសកម្មភាពទេសចរណ៍នៅតាមតំបន់ទាំងនេះ។

ទន្ទឹមនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហួត ហាក់ ដែលក្នុងរយៈពេលជាង ៦ខែ មកនេះ បានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ និង ទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ជាពិសេសតាមរយៈការពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ជាលក្ខណៈកញ្ចប់ ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្ដល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ និងជំរុញការអនុវត្តគំនិតផ្តួចផ្ដើមពាក់ព័ន្ធនឹងវិស័យទេសចរណ៍នានា ឱ្យទទួលបានជោគជ័យ ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ ដែលជាចំណែកមួយនៃការទ្រទ្រង់ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

(១) សហគមន៍នេសាទនៅកែប ជាគំរូល្អក្នុងការជំរុញអភិវឌ្ឍន៍នៅហ្នឹងកន្លែង

ប៉ុន្មានថ្ងៃមុន ខ្ញុំបានជួបនឹងឯកឧត្ដម MASATO KANDA ជាប្រធានថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ គាត់មកកម្ពុជាដើម្បីចុះ MoU មួយចំនួន។ គាត់បានទៅទស្សនកិច្ច ២កន្លែង។ គាត់បានប្រាប់ខ្ញុំពីទស្សនកិច្ចទី១ របស់គាត់នៅសហគមន៍នេសាទនៅខេត្តកែប។ គាត់បានលើកឡើងថា គឺជាគំរូមួយល្អក្នុងការជំរុញការអភិវឌ្ឍនៅ​ហ្នឹងកន្លែង ការអភិវឌ្ឍដោយបរិយាបន្ន និងការភ្ជាប់ទេសចរណ៍ជាមួយលក្ខណៈសម្បត្តិ សក្ដានុពលនៅហ្នឹងកន្លែង។ កិច្ចការនៅទីនោះគឺសហគមន៍នេសាទ។ ការនេសាទជាប្រភព(ចំណូល)មួយហើយ តែការនេសាទនោះក៏ជាផលិតផលទេសចរណ៍មួយផងដែរ។ កន្លងមក ឯកឧត្ដម សាយ សំអាល់ ធ្លាប់លើក ហើយខ្ញុំក៏ធ្លាប់ជជែកនឹងឯកឧត្ដម។ ថ្ងៃមិញ បានសួរទៅគណៈអភិបាលខេត្តកែបថា តើផ្លូវឆ្នេរអង្កោលដែលបានកសាងហើយនេះ បានជួយអ្វីឬទេដល់សហគមន៍នៅទីនោះ? តើជួយបង្កើនចំណូលបន្ថែមឬទេ? ថាបានជួយ។

(២) អភិវឌ្ឍហ្នឹងកន្លែង ភ្ជាប់ប្រព័ន្ធនិងកញ្ចប់ទេសចរណ៍ នាំទេសចរមករកផលិតផលក្នុងសហគមន៍

ការផ្ដល់ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺបានជួយទៅដល់សហគមន៍នេសាទនៅទីនោះ បង្កើតផលិតផលបន្ថែមទៅលើចំណូលពីនេសាទដែលគាត់។ នេះជាការគិតគូរពីការអភិវឌ្ឍវិស័យទេសចរណ៍។ ទេសចរណ៍មានសក្ដានុពលធំនិងតូច ជាពិសេស សក្ដានុពលដែលយើងភ្ជាប់ទៅនឹងសហគមន៍មូលដ្ឋាន។ នេះគឺជា model ល្អ។ យើងគឺត្រូវធ្វើយ៉ាងណាគិតគូរឱ្យបានច្បាស់ថា តើយើងអាចទាញផលអ្វីបានដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បើសិនជាការអភិវឌ្ឍនៅហ្នឹងកន្លែង និងការនាំមកនូវទេសចរតាមការភ្ជាប់បណ្ដាញនៃប្រព័ន្ធទេសចរណ៍ បូកនឹងកញ្ចប់ទេសចរណ៍នានា អាចថ្ពក់មកដល់ផលិតផលមូលដ្ឋានដែលប្រតិបត្តិដោយសហគមន៍ នោះគឺជាកិច្ចការល្អបំផុត។ រឿងនេះវាកើតមកពីការដែលខ្ញុំធ្វើទស្សនកិច្ចក្រៅផ្លូវការនៅគូលែន និងថ្ងៃមុនទៅខ្នងផ្សារ។ ឃើញថារូបមន្តនេះបានដើរនៅច្រើនកន្លែង ដូចជាសហគមន៍នៅក្រចេះជាដើម។ នេះជារូបមន្តទាញទេសចរ។

(៣) ផ្ដោតលើអភិក្រមផ្ដល់អាទិភាពដល់សហគមន៍ មុននឹងនាំយកការវិនិយោគពីខាងក្រៅ

កន្លងទៅ យើងគិតថាទេសចរត្រូវការវិនិយោគ ដែលពេលខ្លះទាល់តែយកការវិនិយោគពីខាងក្រៅមក ទុនពីខាងក្រៅ ហើយគ្រប់គ្រាន់ត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋនៅទីនោះ។ វាមានទ្រង់ទ្រាយ មានទំហំ ប៉ុន្តែការអភិវឌ្ឍទេសចរណ៍ធម្មជាតិមានលក្ខណៈតូចល្មម។ យើងគួរផ្ដោតទៅលើអភិក្រមអភិវឌ្ឍ និងផ្ដល់អាទិភាពដល់សហគមន៍ ដើម្បីទទួលបានសក្ដានុពលឱ្យអស់លទ្ធភាពសិន មុននឹងយក(ការវិនិយោគ)ពីអ្នកខាងក្រៅ។ ចង់និយាយថា យើងត្រូវគិតគូរវាយតម្លៃភូមិសាស្រ្ត និងសក្ដានុពលនៅក្នុងតំបន់ ដែលអាចទាញផលបាន បង្កើតជាផលិតផលទេសចរណ៍ តើសហគមន៍អាចធ្វើបានឬទេ? កន្លែងខ្លះសហគមន៍ធ្វើបាន កន្លែងខ្លះមិនធំទេ។ សក្ដានុពលកន្លែងហ្នឹងគឺសហគមន៍អាចរ៉ាប់រងបានទាំងមូល។ អញ្ចឹង យើងបង្កលក្ខណៈឱ្យគាត់ធ្វើ ហើយគាត់បានធ្វើរួចទៅហើយកន្លែងខ្លះ។

(៤) សហគមន៍ខ្លះមាន Ecosystem ហើយ រដ្ឋជួយតែបង្កើនសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ និងជំនួយហិរញ្ញវត្ថុខ្លះ

ខ្ញុំទៅអន្លង់ធំ នៅគូលែន/សៀមរាប។ សហគមន៍មួយនោះបានរៀបចំប្រទាក់ក្រឡាជា Ecosystem រួចហើយ មានទាំងកន្លែងស្នាក់នៅក្នុងភូមិ មានអ្នកដឹក(ទេសចរដោយ)ម៉ូតូទៅមើលប្រាសាទ មានទាំងទេសចរទៅទទួលសេវាហើយ។ អ្វីដែលខ្វះគឺការជួយបង្កើនសមត្ថភាពគាត់ ជួយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តិចតួច … (និងជំនួយ)ហិរញ្ញវត្ថុខ្លះ។ អញ្ចឹង នៅខ្នងផ្សារ ខ្ញុំឃើញមានសក្ដានុពល។ ឧទាហរណ៍ ជួបជាមួយសហគមន៍ដែលពីមុនប្រជាពលរដ្ឋមិនមានអី្វធ្វើ មានតែកាប់ឈើលក់ ដល់ពេលមានទេសចរទៅ គាត់ក៏(កែប្រែការ)រកចំណូលតាម​ហ្នឹង។ គាត់ធ្វើសេវាបម្រើជា guide ឡើងភ្នំផង ផ្ដល់សេវានៅកន្លែងនោះផង លក់អាហារខ្លះៗ ផង ដល់អ្នកដែលទៅបោះតង់។ កន្លងទៅ ក្រសួងបរិស្ថានក៏បានធ្វើបន្ទប់អនាម័យអីមួយចំនួនឱ្យ។ យើងឃើញថា កិច្ចការកន្លែងនោះគឺមានទំហំនៃការវិនិយោគ និងការអនុវត្តរួចទៅហើយ។ សហគមន៍អាចរ៉ាប់រង។ គាត់មាន ៩០គ្រួសារ គឺខ្ទង់ប៉ុន្មានរយនាក់។ គាត់អាចធ្វើបាន។

(៥) ពិនិត្យវាយតម្លៃសក្ដានុពលផលិតផលទេសចរ និងត្រិះរិះថាត្រូវជួយអ្វីខ្លះទៀត

អ្វីដែលសហគមន៍ព្រួយបារម្ភមាន២។ ទី១ មានអ្នកវិនិយោគទៅលើភ្នំនោះ block ទីតាំងមួយចំនួន (ធ្វើអោយពួកគាត់)មិនអាចមានសក្ដានុពល(បន្តទៀត)។ គាត់ខ្លាចមានការវិនិយោគនៅខាងក្រោម ដែល(នឹងធ្វើអោយសេវារបស់គាត់)ដួល ព្រោះគាត់មានផ្ទះសំណាក់ប្រហែលជា ៨ខ្នង ដែលភ្ញៀវអាចទៅស្នាក់បាន។ ឯកឧត្ដម ហួត ហាក់ (រដ្ឋមន្ត្រីទេសចរណ៍) និងឯកឧត្ដម អ៊ាង សុផល្លែត (រដ្ឋមន្ត្រីបរិស្ថាន) បានទៅជាមួយគ្នា អង្គុយជាមួយសហគមន៍។ ដើម្បីជួយនៅទីនោះ ទី១ យើងពិនិត្យវាយតម្លៃសក្ដានុពលនៅទីនោះ។ យើងឃើញថាមានសក្ដានុពលទេសចរណ៍ធម្មជាតិ។ អ្វីដែលរដ្ឋត្រូវធ្វើ គឺជួយការពារទីតាំងនោះ ថែរក្សាឱ្យបានសក្ដានុពលរបស់វា ព្រោះកន្លែងខ្លះមានសក្ដានុពលធម្មជាតិ។ យើងមិនអាចទៅវិនិយោគធ្វើហេដ្ឋារចនាសម្ព័ន្ធ ឬអ្វីដែលដូចនៅក្នុងទីក្រុងទេ។ វាបាត់តម្លៃ។ អញ្ចឹង ត្រូវថែរក្សាលក្ខណៈធម្មជាតិ។ ការវិនិយោគ​ដែល​អាចធ្វើទៅបាននៅទីនោះគឺការផ្តល់សេវា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបែបណា ដើម្បីទាញយកសក្តានុពលនៅហ្នឹងកន្លែងហើយភ្ជាប់សហគមដែលបានធ្វើ។

ទី២ យើងជួយស្អីខ្លះទៀត? … យើងអាចជួយធ្វើផ្លូវបន្តិចបន្តួចតភ្ជាប់ រៀបចំបន្ទប់ទឹកឱ្យកាន់តែល្អ រៀបចំកន្លែងសង្គ្រោះ ព្រោះអ្នកទៅបោះតង់កន្លែងហ្នឹង ដើរលើភ្នំអី អាចត្រូវការកន្លែងសង្គ្រោះបន្ទាន់ សង្គ្រោះបឋម។ រៀបចំកន្លែងលក់ដូរឱ្យគាត់។ កន្លងទៅមានកម្មវិធី World bank ធ្វើជាមួយក្រសួងបរិស្ថាន។ អញ្ចឹងយើងធ្វើរឿងហ្នឹងបន្តទៀត។ ការរៀបចំបែបនេះគឺផ្តោតទៅលើសហគមន៍។ ពេលនោះឯកឧត្តមអភិបាលខេត្ត សួរខ្ញុំ “សម្តេច បើសិនជាសហគមក៏អត់មានសមត្ថភាពធ្វើ តើយើងគួរហៅវិនិយោគពីខាងក្រៅមកជួយទេ?”។ ខ្ញុំថា “ឈប់សិន។ វិនិយោគខាងក្រៅយើងអត់បិទទេ ប៉ុន្តែត្រូវឱ្យអាទិភាពអ្នកនៅសហគមន៍”។

(៦) រៀបចំអោយតំបន់មានសក្តានុពលទេសចរប្រទាក់ក្រឡាគ្នា

យើងបង្រៀនសហគមន៍ឱ្យចេះនិងបង្កើនលទ្ធភាពឱ្យគាត់ចេះរកស៊ីឱ្យកាន់តែខ្លាំង។ បង្រៀនរឿងបដិសណ្ឋា​កិច្ច … គាត់ចេះហើយ ប៉ុន្តែសមត្ថភាពគាត់នៅមានកម្រិត។ គាត់មានឆន្ទៈក្នុងការប្រកបរបរ។ យើងជួយហេដ្ឋា​រចនាសម្ព័ន្ធមួយចំនួន សហការជាមួយដៃគូ បង្កលក្ខណៈឱ្យគាត់ បង្រៀនគាត់ឱ្យចេះធ្វើប្រព័ន្ធ Marketing។ ឥឡូវគាត់ធ្វើ Marketing ដោយមានភ្នាក់ងារនៅភ្នំពេញដើររកភ្ញៀវឱ្យគាត់បានខ្លះ។ យើងជួយភ្ជាប់ជាមួយបណ្តាញ Agent នៅខាងក្នុងដើម្បីភ្ជាប់អោយបានកាន់តែទូលាយ។ ក្រសួងទេសចរណ៍ជា​មួយខេត្ត មន្ទីរទេសចរណ៍ បង្រៀនពីបដិសណ្ឋារកិច្ចរៀបចំរចនាសម្ព័ន្ធមួយចំនួនឱ្យកាន់តែប្រសើរ។

បែបនេះហើយដែលហៅថាជួយដោយផ្តោតទៅលើសហគមន៍។ ធ្វើដូចនេះវាប្រសើរជាងគ្រាន់តែនាំវិនិយោគពីក្រៅទៅ ដែលសហគមន៍ជាកម្លាំងពលកម្ម បានប្រាក់ខែ។ យើងជួយឱ្យសហគមន៍មាន Business នៅក្នុងការរកស៊ី ចំណូលបន្ថែមនៅក្នុងហ្នឹង ហើយគាត់ជាកម្លាំងពលកម្មនៅកន្លែងហ្នឹងតែម្តង។ នេះជារូបមន្តដែលយើងបានបង្កើត Eco-system នៅខ្នងផ្សារ។ មិនមែនតែនៅកន្លែងហ្នឹងទេ នៅជិតហ្នឹងមានតេទឹកពុះមួយទៀត។ ធ្វើឱ្យទាំងខេត្ត ឱ្យទាំងទេសចរណ៍ ឱ្យទាំងក្រសួងបរិស្ថានជជែកគ្នាថា ប្រទាក់ក្រឡារបៀបណាជា Eco-system … តេទឹកពុះ ជាមួយខ្នងផ្សារ ជាមួយតំបន់មួយចំនួនដែលមានសក្តានុពលទេសចរណ៍ តើរៀបចំចំណុចទាំងនេះប្រទាក់ក្រឡាគ្នាយ៉ាងម៉េច? ដើរបន្តិចអម្បាញ់ម៉ិញ ខ្ញុំដឹងថាខេត្តតាកែវក៏មានសក្តានុពលច្រើនកន្លែង ប៉ុន្តែអត់ទាន់ប្រទាក់ក្រឡាគ្នា នៅដាច់ដោយដុំៗ។ យើងសាកល្បងរៀបចំជាប្រព័ន្ធ Eco-system ជូននៅតេទឹកពុះ/កំពង់ស្ពឺ និងខ្នងផ្សារ/កំពង់ស្ពឺ ប៉ុន្មាននៅកន្លែងនេះ។

(៧) សូមធនាគារឯកជននិងធនាគារពាណិជ្ជកម្ម ជួយដល់សហគមន៍មានផលិតផលទេសចរសក្តានុពល

បង្កើនសមត្ថភាពរបស់សហគមន៍ឱ្យចេះរកស៊ី។ ទី១ បង្រៀន(ពីសេវាទេសចរណ៍) ដូចជាពិធីបដិសណ្ឋារកិច្ចស្អីៗ ហ្នឹង។ ទី២ បង្រៀនរឿង Marketing … ប្រធានសហគមន៍ប្រាប់ថា “សម្តេច! ឱ្យតែភ្ញៀវមក ពួកខ្ញុំបម្រើគាត់ដូចស្តេចអញ្ចឹង”។ ផ្នត់គំនិតហ្នឹងត្រូវហើយ។ បើមានផ្នត់គំនិតបែបនេះ គ្រាន់តែបង្កើនសមត្ថភាពឱ្យគាត់គឺត្រូវ។ ខ្ញុំប្រាប់គាត់ថា ទោះកន្លែងល្អក៏ដោយ តែសេវាអត់ល្អ គេឈប់ទៅ។ ទៅតែម្តងរាង។ តែបើកន្លែងលំបាកក៏ដោយ ជួនកាលចូលទៅដល់ព្រៃភ្នំ តែទៅដល់សេវាផ្កាយ៥ គេសប្បាយចិត្ត សុវត្ថិភាពល្អ អនាម័យល្អ។ គួររៀបចំចងក្រងជាសហគមន៍។ ជួយរៀបចំជាសហគមន៍ បង្កើនសមត្ថភាពសហគមន៍។ បើគាត់រៀបចំ ត្រូវយើងអាចជួយរហូតទៅដល់ហិរញ្ញវត្ថុទៀតផង។ អម្បាញ់មិញ ឯកឧត្តម ហួត ហាក់ គ្រោងជួបជាមួយ ឯកឧត្តម អ៊ិន ចាន់នី ប្រធានអេស៊ីលីដា និយាយគ្នាពីការជួយឱ្យកម្ចីខាងសហគមន៍ខាងវិស័យ​ទេស​ចរណ៍។ ស្រដៀងយើងធ្វើជាមួយវិស័យកសិកម្មដែលសហគមន៍ទំនើប។ អញ្ចឹង បើសិនជាចងក្រងគ្នាល្អ ជួនកាលវិនិយោគនៅហ្នឹងកន្លែងមួយចំនួន មិនបាច់យកលុយពីវិស័យឯកជនទេ។ ឱ្យតែសហគមន៍មាន Model ធុរកិច្ចរបស់គាត់ច្បាស់លាស់ មានសមត្ថភាព … សូមឱ្យធនាគារយើង មានធនាគារ SME របស់រដ្ឋ មានធនាគារមួយចំនួនដែលជួយដល់វិស័យទេសចរណ៍(ចូលរួមជួយ)។ សង្ឃឹមថា ធនាគារក្នុងវិស័យឯកជន និងធនាគារពាណិជ្ជកម្ម ចូលរួមគិតគូរជួយដល់វិស័យទេសចរណ៍ តាមរយៈការជួយដល់សហគមន៍ដែលមានផលិតផលទេសចរជាសក្តានុពលនេះឯង

(៨) អភិវឌ្ឍវិស័យទេសចរណ៍ជាបរិយាបន្ន គឺមើលគ្រប់វិស័យ គ្រប់កន្លែង និងផ្នែកនីមួយៗ

នេះការអភិវឌ្ឍវិស័យទេសចរណ៍ដោយបរិយាបន្ន។ ពាក្យថា បរិយាបន្នមួយ មិនមែនមើលតែទិន្នន័យឡើងប៉ុន្មានភាគរយ ឬ GDPឡើងប៉ុន្មានភាគរយទេ? យើងត្រូវមើលគ្រប់វិស័យគ្រប់កន្លែង។ តើគ្រប់វិស័យមានកើនប៉ុន្មាន? យើងអត់មើលតួលេខទាំងមូលបានទេ។ តួលេខទាំងមូលគឺជាសេដ្ឋកិច្ចថ្នាក់ជាតិ។ ត្រូវមើលគ្រប់វិស័យ គ្រប់ទីកន្លែង។ គ្រប់វិស័យ ត្រូវមើលផ្នែកនីមួយៗ របស់វា។ នេះជាអ្វីដែលយើងបានកំពុងសាកល្បងជំរុញក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យទេសចរណ៍និងបរិស្ថាន ដើរតួជាមួយគ្នា។ អញ្ចឹង នេះជា Model ដែលយើងត្រូវផ្តោតពង្រឹងសមត្ថភាពសហគមន៍របស់យើង ថាមុននឹងរកវិស័យឯកជនមកវិនិយោគ។ បើគាត់បានជោគជ័យនៅហ្នឹងកន្លែង ជាផលិតផលទេសចរនៅហ្នឹងកន្លែងរួចហើយ (យើងអាចជួយ)គាត់ពង្រឹងវិនិយោគ។ អញ្ចឹងរដ្ឋអាចបង្កើនច្រើនទីកន្លែង។ នេះហើយផលិតរួម។ យើងប្រទាក់ក្រឡាគ្នាទៅដល់ទីកន្លែង​ណាដែលជាកញ្ចប់ទេសចរណ៍ ព្រោះនៅមូលដ្ឋានសុទ្ធតែមានផលិតផល។

(៩) ទីតាំងមានសក្តានុពលទេសចរធំៗ ដែលត្រូវការវិនិយោគពីក្រៅ សូមអនុវត្តអភិក្រមចែកគ្នារស់

សួរថាតើយើងឈប់ឱ្យវិស័យឯកជនចូលវិនិយោគឬ? យើងលែងឱ្យមានការវិនិយោគធំៗ ចូលក្នុងវិស័យ​ទេសចរណ៍ឬ? ថាមិនដូច្នោះទេ។ សមត្ថភាពរបស់សហគមន៍ មិនអាចទៅគ្រប់កន្លែងបានទេ។ យើងផ្តោតទៅលើសហគមន៍ជាអាទិភាពចម្បង នៅកន្លែងណាដែលសហគមន៍អាចគ្រប់គ្រងបាន១០០% … កន្លែងខ្លះ(សហគមន៍មិនអាចធានា)បានទេ។ ឧទាហរណ៍ បើមានទឹកជ្រោះតូចមួយកន្លែងហ្នឹង គឺសហគមន៍គ្រប់គ្រងបានហើយ មិនបាច់ទៅរកក្រុមហ៊ុនវិនិយោគធំពីក្រៅទៅធ្វើទេ។តែបើវិនិយោគតំបន់កោះឆ្នេរមួយទាំងមូល ហ្នឹងត្រូវ(ការវិនិយោគ)ធំណាស់។ ត្រូវរៀបចំយកវិនិយោគធំទៅដាក់។ ប៉ុន្តែវិនិយោគនេះសុំឱ្យគិតគូរ គឺវិនិយោគក្នុងរូបភាពកុំឱ្យស្លាប់សហគមន៍ផង។ គឺរូបមន្ត/អភិក្រមចែកគ្នារស់។ ថ្ងៃមុន សហគមន៍(ដែលខ្ញុំបានទៅមើលមានការ)បារម្ភអញ្ចឹង។ បារម្ភថាបើមានគេមកវិនិយោគនៅជើងភ្នំ ពួកគាត់ខ្លាចទប់មិនរួច។ ខ្លាចពេលវិនិយោគឯកជនមកបង្កើត​ resort បង្កើតផ្ទះសំណាក់ ពួកគាត់នឹងដួល។

ខ្ញុំថាកុំភ័យ។ យើងអោយគិតមើលអញ្ចេះថា បើសិនជាទីផ្សារមានតែប៉ុណ្ណឹង មិនអាចពង្រីកទៀតទេ ហ្នឹងប្រា​កដហើយ អោយតែគេមក យើងនឹងដួលហើយ។ ប៉ុន្តែទីផ្សារមានសក្ដានុពលរីក តែសហគមន៍ធ្វើបានតែប៉ុណ្ណឹង។ អញ្ចឹងកុំខ្លាចហៅគេមក។ ផលិតផលដែលគេមកវិនិយោគជា resort អីនោះ បានន័យថាមកជាការជួយគ្នាបំពេញអោយគ្នា ជាមួយផលិតផលដែលសហគមន៍មាន។ ឧទាហរណ៍ថា ទៅកន្លែងមួយនោះ បានតែ​បោះតង់ទេ។ អ្នកដែលចង់ទៅអត់បោះតង់ អត់មានកន្លែងស្នាក់នៅ។ គាត់អត់ទៅ។ សហគមន៍យើង(មាន)កន្លែងអត់គ្រប់។ បើសិនជាមានវិនិយោគ resort កន្លែងណាមួយ គេអាចនាំភ្ញៀវទៅស្នាក់នៅច្រើន ដោយសហគមន៍នឹងបានទទួលផល ត្បិតពេលឡើងទៅលើ សេវាលក់ដូរអីគឺសហគមន៍ជាអ្នកផ្ដល់។

(១០) រក្សាស្ថានភាពដដែល រក្សាសក្តានុពលដដែល ដើម្បីទាញផល​រយៈពេលវែង

នៅតេទឹកពុះដូចគ្នា … ទី១ ធ្វើយ៉ាងណាកុំអោយបាត់សណ្ឋាន លក្ខណៈធម្មជាតិនៅហ្នឹងកន្លែង ដែលជាសក្តានុពល។ ទី២ កុំអោយបិទសិទ្ធិមូលដ្ឋានរបស់សាធារណៈ។ បើកន្លែងតេទឹកពុះហ្នឹងជាកន្លែងសាធារណៈ កុំវិនិយោគនៅជុំវិញហ្នឹង កុំបិទរបងមិនអោយគេចូល។ ថយក្រោយបន្តិចទៅ។ អោយឆ្ងាយទៅ។ គេទៅលេងកន្លែងសាធារណៈ។ សេវានៅឆ្ងាយបន្តិចទៅ។ បើអោយផ្គុំគ្នាទាំងសហគមន៍ និងវិស័យឯកជន។ ឧទាហរណ៍ ដូចនៅខ្នងផ្សារ ខ្ញុំក៏បានសម្រេច។ អរគុណដល់ម្ចាស់គម្រោងដែលបានឯកភាព។ កន្លែងវាលមួយគឺថា បើសិនជាយើងវិនិយោគកន្លែងហ្នឹង យើងបិទលែងអោយអ្នកទៅបោះតង់ហើយ។ កែសម្រួលទីតាំង​ទៅ។ ទុកអោយកន្លែងហ្នឹងនៅជាកន្លែងបោះតង់ដដែល មនុស្សទៅកន្លែងដដែល។ គាត់ត្រូវការសេវា ត្រូវការអីនៅក្បែរ។ កែសម្រួលកន្លែងណាដែលមិនធ្វើអោយខូចស្ថានភាពបច្ចុប្បន្ន។ រក្សាស្ថានភាពដដែល រក្សានូវសក្តានុពលដដែល ដើម្បីយើងទាញផល​រយៈពេលវែង

កែសម្រួលការវិនិយោគ ដើម្បីជួយដល់សហគមន៍ ជួយប៉ះប៉ូវគ្នា ជាការព្រួយបារម្ភដែលសហគមន៍បានលើក។ គាត់ព្រួយខ្លាចអ្នកមានលុយទៅវិនិយោគបិទច្រក។ អត់ទេ។ យើងអោយធ្វើតែការវិនិយោគណាដែលជួយបង្កើនសក្ដានុពលនេះបាន។ បានន័យថាដៃគូជាឯកជនត្រូវតែជួយ ប៉ុន្តែកុំភ្លេចសហគមន៍ជាគោល … រូបមន្តនៅកែបភ្ជាប់ជាមួយសហគមន៍នេសាទដែលឯកឧត្តម ប្រធានធនាគារអភិវឌ្ឍអាស៊ីបានលើកគឺអញ្ចឹង យើងមិនចាំបាច់ធ្វើអីផ្សេងអោយគាត់ទេ។ សហគមន៍មានផលិតផលហើយ។ ត្រូវការតភ្ជាប់ បង្កើនសមត្ថភាពអោយគាត់។ ជួយផ្សព្វផ្សាយផលិតផលអោយច្រើន អោយដឹងតាមប្រព័ន្ធទេសចរណ៍ ភ្នាក់ងារត្រូវដឹងថា​នៅកែបមានសហគមន៍នេសាទកែប ដែលមានផ្លូវទៅស្រួល អាចដាក់ចូលទៅក្នុងកម្មវិធីមួយថ្ងៃ គេនឹងធ្វើ tour បាន​។ នេះជារូបមន្តដែលត្រូវគិត។ នេះជាអ្វីដែលខ្ញុំបានលើកដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ី។

(១១) សក្ដានុពលទេសចរណ៍ខេត្តតាកែវ គឺភូមិសាស្ត្រជិតភ្នំពេញតាមផ្លូវជាតិ២ និងផ្លូវជាតិ៣ និងជាមួយបណ្តាខេត្តជាប់សមុទ្រ

ត្រឡប់មកខេត្តតាកែវវិញ។ អម្បាញ់មិញ ខ្ញុំដើរគ្រប់កន្លែង ឃើញសក្តានុពលច្រើន។ ដូចក្នុងសុន្ទរកថារបស់ឯកឧត្តម វី សំណាង ខេត្តតាកែវជាទឹកដីកកើតនៃប្រទេសខ្មែរយើង។ រាជធានីអង្គបុរី ពីសតវត្សរ៍ទី១ ដល់សតវត្សរ៍ទី៦ នៅក្នុងសម័យហ្វូណននៅកន្លែងហ្នឹង។ មានបន្សល់ប្រសាទប្រវត្តិសាស្ត្រច្រើន។ សម័យចេនឡាន។ មុនសម័យអង្គរ បានសម័យអង្គរសតវត្សរ៍ទី៩ … កន្លែងនេះ ទី១ មានសក្តានុពលធម្មជាតិ។ ទី២ ភូមិសាស្ត្រខេត្តតាកែវនៅជាប់រាជធានីភ្នំពេញ។ ពីក្មេងខ្ញុំធាក់កង់មកលេងទន្លេបាទី និងកៀនស្វាយ។ កាលពីពេលនោះ អត់មានអីជិះ ធាក់កង់ក៏មកដល់ដែរ។ បានន័យថាជិត។ ឥឡូវយើងមានភ្នំតាម៉ៅ តំបន់សិប្បកម្ម។ សក្ដានុពលធនធានមនុស្សនៅទីនេះ ទេពកោសល្យខ្ពស់ ល្ខោនតាកែវកក់(ជួល)មិនទាន់ មានយីកេ មានសិប្ប​កម្មតម្បាញ … ភូមិឃុំដែលធ្វើ(របរនេះ)ថយចុះ ប៉ុន្តែនៅមាន្លះ។ យើងកំពុងស្ដាររៀបចំតំបន់បឹងនេះ។ យើងមានពងទាកូនពិសេស និងបង្កងតាកែវ GI … យើងមានសក្ដានុពលច្រើន។ សួរថាតើយើងផ្សារភ្ជាប់យ៉ាង​ម៉េច? ភូមិសាស្ត្រនៅជាប់ខេត្តកណ្ដាល រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាប់ជាមួយខេត្តកំពត ខេត្តកែប ខេត្តជាប់សមុទ្រទៀត។ សក្ដានុពលទេសចរណ៍មានច្រើន​។ ទីតាំងប្រវត្តិសាស្រ្តប្រាសាទ​ចាស់ៗ នៅទីនេះមានមួយចំនួន។

(១២) ទោះបីមានសក្តានុពល បើប្រជាពលរដ្ឋមិនចង់ធ្វើ មិនជោគជ័យទេ

យើងអាចគិតគូរពីការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី​កម្រិតណា? ផ្ដោតទៅលើសហគមន៍នីមួយៗ ព្រោះមិនចាំបាច់ថាត្រូវទាញវិនិយោគពីខាងក្រៅ​មកទេ អោយសហគមន៍នីមួយៗធ្វើ ដោយយើងអាចជួយរូបភាពណាមួយ បង្កើតជាផលិតផលទេសចរណ៍ក្នុងខេត្ត ប្រទាក់ក្រឡាគ្នាជាសហគមន៍ មានមន្ទីរទេសចរណ៍ អភិបាលខេត្តនៅទីនេះ។ យើងអាចសាកល្បងពី ១ផលិតផល ២ផលិតផល។ មិនមែនជាការងារតូចទេ។ ជាការងារធំ។ អ្វីដែលសំខាន់ បើយើងមិនចាប់ផ្តើមពីជំហានមួយទេ យើងអត់ដល់ជំហានមួយរយទេ។ រូបភាពនេះគ្រាន់តែជាឧទាហរណ៍។ យើងសាកល្បងនៅកំពង់ស្ពឺ/នៅខ្នងផ្សារមុនគេ ហើយតេទឹកពុះយករូបមន្តនេះដើម្បីសាកល្បងដែរ។ ក្រសួងទាំងពីរសាកល្បងភ្ជាប់ជាមួយវិស័យឯកជន។ ពេលជាមួយគ្នា កុំចាំក្រសួងទាំងពីរ។ ខេត្តទាំងមូល(អាចគិតគូរទៅ)។ ក្នុងសហគមន៍មួយៗ ខ្លាចបំផុតគឺប្រជាពលរដ្ឋអត់មានទឹកចិត្ត អត់មានឆន្ទៈចង់ធ្វើ។ (បើដូច្នោះ)កុំទៅបង្ខំគាត់។ បើសិនជាយើងមានសក្តានុពលហើយ ប្រជាពលរដ្ឋអត់ចង់ធ្វើ កុំទៅបង្ខំគាត់ មិនជោគជ័យទេ។ តែបើគាត់ខំហើយៗ គាត់ព្រួយបារម្ភខ្លាចគេមកដណ្តើមអាជីពគាត់ៗ កាន់តែខិតខំធ្វើៗ ទៅកន្លែងហ្នឹងអត់ខុសទេ។ គាត់ចង់រស់។

(១៣) “ឱ្យតែភ្ញៀវ/ទេសចរមក ខ្ញុំបំរើដូចស្តេចអញ្ចឹង ដើម្បីឱ្យមកទៀត”

នៅខ្នងផ្សារ សហគមន៍ថាកាប់ឈើពីមុនអត់ចំណេញទេ។ ហត់ណាស់ ហើយខ្លាចត្រូវចាប់ទៀត។ ឥឡូវ កន្លែងនេះឱ្យតែភ្ញៀវមកបន្តិចបន្តួច ខ្ញុំបំរើគាត់ដូចស្តេចចឹង ដើម្បីឱ្យគាត់មកទៀត។ កន្លែងហ្នឹងហើយដែលត្រូវជួយគាត់ឱ្យរីក ផ្តល់លទ្ធភាពឱ្យគាត់ ព្រោះគាត់ចង់ធ្វើ គាត់ដឹងថាហ្នឹងជាផលប្រយោជន៍របស់គាត់។ រកកន្លែងហ្នឹង។ ខ្ញុំឃើញថាមាននៅច្រើនកន្លែង ហើយការអភិវឌ្ឍនៅហ្នឹងកន្លែង ធ្វើយ៉ាងម៉េចកុំឱ្យខូចភូមិសាស្ត្រនៅហ្នឹង។ បើកន្លែងហ្នឹងសំបូរទៅដោយធម្មជាតិពណ៌បៃតង គេទៅកន្លែងហ្នឹងដោយសារខែវស្សាខែអីមកឃើញតំបន់បៃតង។ បើយើងទៅធ្វើសុទ្ធតែផ្ទះថ្មនៅកន្លែងហ្នឹង តិចទៀតបាត់អស់ គេលែងទៅហើយ។ ទាល់តែធ្វើអភិវឌ្ឍហ្សូនយ៉ាងម៉េច ដើម្បីរក្សាបៃតងហ្នឹងផង មានកន្លែងស្នាក់អាស្រ័យផង … នៅខ្នងផ្សារ យើងសម្រេចលុបគម្រោងនៅខាងលើនោះប៉ុន្មានចោល ដោយសារវានឹងអាចប៉ះពាល់លំហនៃការទាក់ទាញ … លើខ្នងភ្នំហ្នឹង ជិតជើងភ្នំ ខ្នងភ្នំសំពៅហ្នឹង ខ្នងផ្សារខាងនោះមិនសូវមាន។

(១៤) ទេសចរណ៍ក្នុងស្រុក ជាអ្នកនាំមុខទេសចរណ៍ក្រៅប្រទេស

ក្រោយមក យើងឱ្យគិតគូរមើលដែរដែលមានការជជែកជាមួយអ្នកវិនិយោគ ដើម្បីធ្វើឱ្យសហគមន៍យល់។ បើប្រជាជននៅក្នុងសហគមន៍យល់ គាត់លែងខ្លាចហើយ។ គាត់ខ្លាចពេលឮថាតែវិស័យឯកជន អ្នកមានលុយទៅវិនិយោគ។ គាត់ខ្លាចដួលរបស់គាត់។ អត់ទេ។ រស់ទាំងអស់គ្នា។ ពន្យល់ឱ្យគាត់ឱ្យយល់។ ពេលដែលវិនិយោគ យើងសម្របសម្រួលឱ្យជួយគ្នាទៅវិញទៅមក។ សហគមន៍ជាគោល។ នេះជាសរសៃឈាម។ គេថាកោសិការបស់យើងគឺប្រជាជននៅសហគមន៍។ នៅខេត្តតាកែវ ខ្ញុំក៏សូមឱ្យខេត្ត ជាមួយមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងវិស័យទេសចរណ៍ក្នុងខេត្ត ឯកជន ប្រទាក់ក្រឡាគ្នា។ ឃើញមានខាងកាតា ខាងសហគមន៍ទេសចរណ៍អីមក។ ទេសចរណ៍ក្នុងស្រុកច្រើន។ កុំភ្លេចថា ទេសចរណ៍ក្នុងស្រុកជាកន្លែងនាំមុខនៃទេសចរណ៍ក្រៅប្រទេស។ ពេលដែលខ្ញុំទៅក្រៅប្រទេសម្តងៗ ខ្ញុំតែងតែសួរគេថា តើកន្លែងណាគួរទៅ? ភាគច្រើនមិនមែនជាកន្លែងដែលពោរពេញទៅដោយមនុស្សមកពីក្រៅប្រទេសទេ។

មុនដំបូងគេ គឺប្រជាពលរដ្ឋនៅក្នុងប្រទេសនោះដែលទៅច្រើន។ សកម្មភាពដើរ បានគេហៅទេស​ចរពីក្រៅទៅ។ អញ្ចឹង ទេសចរណ៍ក្នុងស្រុកច្រើនណាស់។ មិនខុសពីគេទេ។ ឥឡូវអ្នកភ្នំពេញស្ត្រេស។ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ស្ត្រេសការងារ ស្ទះតែចរាចរណ៍ហ្នឹងក៏ស្ត្រេសដែរ។ អភិបាលក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង អួតប្រាប់ថា ឥឡូវថែមម្ហូបឥណ្ឌានៅ(ផ្លូវសំរាប់អ្នកថ្មើជើង) នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យហ្នឹងទៀត។ មនុស្សណែនណាន់។ ដើរនៅមាត់ទន្លេភ្នំពេញ។ ដំបូងអត់ដឹងថា ដើរមិនដើរផង។ គ្រាន់តែគិតថាអាចមនុស្សទៅ តែទស្សនៈមួយចំនួនគិតថា នៅភ្នំពេញអត់មានអ្នកណាទៅទេ។ ដល់ជាក់ស្តែងមនុស្សទៅ។ គាត់ស្ត្រេស គាត់ធ្វើការ។ អញ្ចឹងគាត់ត្រូវការកន្លែង(សំរាកខួរក្បាលជាមួយ)បរិស្ថាន។ អញ្ចឹង ខេត្តតាកែវ អត់ឆ្ងាយទេ។ គាត់អាចមកលេងទន្លេបាទី មកលេងភ្នំ មកលេងអី។

(១៥) “សេវាគាប់ចិត្ត” ទាក់ទាញទេសចរឱ្យទៅទៀត បង្កាកុំឱ្យមាននិងយករឿងល្អលុប រឿងអាក្រក់

អញ្ចឹង ត្រូវសហការជាមួយគ្នា ហើយសូមឱ្យមានការចូលរួម។ យើងបង្កើតការរៀបចំជួយសហគមន៍។ ខ្ញុំនិ​យាយជាមួយឯកឧត្តម សោម ពិសិដ្ឋ នៅខេត្តកែប។ គាត់កំពុងរៀបចំសហគមន៍អ្នកលក់ដូរអាជីវករ ថាធ្វើម៉េចសេវាកម្មឱ្យល្អ ហើយកុំយករដ្ឋទៅសម្រាប់គ្រប់គ្រង។ ឱ្យអាជីវករគាត់គ្រប់គ្រងគ្នាឯង។ ឱ្យសហការគ្នាទៅ។ វិស័យឯកជនជួយគិត ជួយអនុវត្តទៅ។ ការផ្តល់សេវាល្អ សេវាគាប់ចិត្តនេះហើយ ប្រើពាក្យឯកឧត្តម សាយ សំអាល់ បន្តិចចុះ។ សេវាគាប់ចិត្តនេះហើយ គឺជាអ្វីដែលទាញមនុស្សទៅទៀត។ កុំឱ្យមានរឿង រឿងដូចបាយមួយចានប៉ុន្មានម៉ឺនថ្ងៃមុន។ វាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកែបហើយ។ រឿងអាក្រក់ វាឆេះលឿន វាដុះលឿន ហើយមិនងាយលុប។ ត្រូវយករឿងល្អមកលុបវា។ ការពារកុំឱ្យរឿងអាក្រក់កើតចន្លោះប្រហោង។ រដ្ឋយើងអាចប្រទាក់ក្រឡា ប៉ុន្តែអាស្រ័យទៅលើប្រជាពលរដ្ឋនៅសហគមន៍។ យើងជួយសហគមន៍ទាល់​តែគាត់ចង់។ បើអ្នកអត់ចង់ យើងជួយអត់ជោគជ័យទេ។ បើគាត់ចង់ហើយ គាត់និយាយគ្នាហើយ ឯកភាពគ្នាហើយ គាត់ជួយគ្នាបាន។

(១៦) សហគមន៍ឯកភាពគ្នា ជួយគ្នារស់ ជួយគ្នារីកចម្រើន ទើបជាភាពជោគជ័យ

ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ ខិតខំកសាងសហគមន៍រឹងមាំ ឯកភាពគ្នា ជួយគ្នារស់ ជួយគ្នារីកចម្រើន។ នេះទើបជាភាពជោគជ័យ។ រដ្ឋអាចជួយ អ្នកក្រៅអាចជួយមួយចំនួន ប៉ុន្តែដែលជួយពិតប្រាកដ គឺអ្នកនៅក្នុងសហគមន៍។ ដូចជាសហគមន៍នៅទន្លេបាទី បើសហគមន៍សហការគ្នា ត្រួតពិនិត្យតម្លៃ ត្រួតពិនិត្យសេវា ធ្វើការវិនិយោគ រដ្ឋអាចជួយមួយចំនួនបានល្អ។ សហគមន៍នៅភ្នំ សហគមន៍នៅតាមតំបន់ប្រាសាទ យើងអាចធ្វើទៅបាន ព្រោះនៅខេត្តតាកែវមានសក្តានុពលច្រើន។ នេះហើយរូបមន្តអភិវឌ្ឍ ជាពិសេសសំរាប់ទេសចរណ៍ខ្នាតតូច ទេសចរណ៍បែបធម្មជាតិ ទេសចរណ៍សហគមន៍នេះ។ គ្រាន់តែការធ្វើនេសាទយូរឆ្នាំ ក៏អាចជាផលិតផលទាក់ទាញទេសចរណ៍ដែលចង់មើលអីប្លែកៗ មួយដែរ។ គាត់ទៅទិញត្រី ទិញអីនៅហ្នឹង។ បង្កើតអាហារដ្ឋាននៅកន្លែងហ្នឹង។ យើងធ្វើតែផ្លូវតឱ្យគាត់ ភ្ជាប់តែ tour package ឱ្យទៅ កន្លែងតម្បាញ កន្លែងអីដែលមាននៅហ្នឹង ជាការល្អ …។

(១៧) ធនាគារឯកជនផ្ដល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ល្អ ដើម្បី “ជួយគ្នារស់ និងជួយគ្នារីក”

នៅប្រទេសខ្លះ គ្រាន់តែវត្តមួយទេសចរណ៍ ១លាននាក់/ឆ្នាំ។ នៅអង់គ្លេស ថ្មតែ ១០ដុំទេ (ទេសចរ) ១០លាននាក់/ឆ្នាំ គេហៅ Stonehenge។ ជាដុំថ្មជំនាន់ពីមុនមកដែលរៀបជាដូចទ្រនិចនាឡិកាអញ្ចឹង។ អ្នកដែលមើលម៉ោង គេមើលថ្ងៃ។ បើថ្ងៃដើរដល់ត្រង់ណា ស្រ​មោលវានៅនឹងមើលម៉ោងតាមនឹង។ ឥឡូវមនុស្សលែងមើលម៉ោងហើយ។ ថ្មហ្នឹងលែងមានតំលៃរឿងម៉ោង ពេលវេលាហើយ។ ប៉ុន្ដែតំលៃវាត្រង់ភាពទាក់ទាញ។ មនុស្ស ១០លាននាក់ជាង ដែលជិះឡានពី(ក្រុង)ឡុង និងគ្រប់កន្លែងទៅមើលកន្លែងហ្នឹង។ ការផ្សារភ្ជាប់គ្នា ដោយការប្រទាក់ក្រឡានៃប្រព័ន្ធអេកូឡូស៊ី ការផ្សព្វផ្សាយប្រព័ន្ធទេសចរណ៍របស់គេ tour agent ដាក់នៅក្នុង group។ ការជួយសម្រួល/ពង្រឹងនេះ ប្រសិនបើមានការវិនិយោគទៀត កុំចាំបាច់ទាល់តែក្រុមហ៊ុន​ឯកជនមកវិនិយោគ សហគមន៍ក៏អាចធ្វើបាន។

យើងនិយាយជាមួយធនាគារ​ឯកជន មើលសហគមន៍(ណា)រឹងមាំ អាចជួយផ្ដល់ហិរញ្ញប្បទានខ្លះ ដូចដែលយើងធ្វើនៅក្នុងវិស័យកសិកម្ម​ និងក្នុងវិស័យផ្សេងៗ។ ខ្ញុំសូមឱ្យវិស័យធនាគារឯកជនគិតគូរពីការជួយផ្ដល់ហិរញ្ញប្បទាន ឥណទានជូនដល់​ខាងវិស័យ​ទេស​ចរណ៍ ជាពិសេសសហគមន៍ ក្នុងអត្រាការប្រាក់ល្អផងដើម្បីជួយសម្រួលដល់គាត់ក្នុងកិច្ចការនេះ រួមជាមួយការជួយរបស់ក្រសួងស្ថាប័នពង្រឹងសហគមន៍ បច្ចេកទេស ឬប្រព័ន្ធ ដើម្បីមានភាពជោគជ័យ។ ទាំងអស់នេះហើយជាការ “ជួយគ្នាដើម្បីរស់ ជួយគ្នាដើម្បីរីក”។ ​វិស័យ​ឯកជនមិនចំាបាច់ទៅសំលាប់សហគមន៍ទេ។ យើងអាចធ្វើជាមួយគ្នា ជួយគ្នាបាន។ ជួយគ្នាដើម្បីរស់ ជួយគ្នាដើម្បីរីក ទើបអាចដើរជាមួយគ្នាបានយូរអង្វែង …។

(១៨) គ្រោងតែងតាំងអន្ទិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា

និយាយរឿងខេត្តតាកែវ ខ្ញុំសូមបើកវង់ក្រចកបន្ដិចចុះ ដើម្បីបញ្ជាក់ជូនប្រជាពលរដ្ឋបន្ដិច។ ឃើញរឿងមួយហ្នឹង នៅតែ(បង្កអោយមានការយល់មិនត្រូវ)។ អម្បាញ់មិញ ហៀបចេញមកក៏នៅតែមានរឿងថា “របបរដ្ឋាភិបាល​ត្រកូល ហ៊ុន នេះកំណាចណាស់ សូម្បីតែលោកក៏ចាប់ផ្សឹកដែរ”។ ព្រះសង្ឃ ជួន កក្កដា លោកទើប​សឹក។ អញ្ចឹង(ពួកអមិត្ត)នាំគ្នាចោទថាយើងបង្ខំផ្សឹកលោក។ ឯកឧត្តម ចាយ បូរិន អត់មកទេឬ? សូម​​លោកប្អូនជួយពន្យល់ផង។ រឿងហ្នឹងពីរដងហើយ។ អត់មានអ្នកណាបង្ខំលោកទេ។ តាមពិត ពុទ្ធបរិស័ទជា fan របស់លោក រួមទាំងប្រពន្ធរបស់ខ្ញុំ មិនចង់ឱ្យលោកសឹកទេ។ គាត់ទៅថ្វាយបង្គំលោកកាលជាព្រះអង្គ លោកមានសង្ឃដីកាប្រាប់ប្រពន្ធខ្ញុំថា បន្ដិចទៀតបែបត្រូវសឹកហើយ។ ប្រពន្ធខ្ញុំមកដល់ផ្ទះប្រាប់ថា “បងអើយ លោកដូច ២ ឬ៣ អង្គហើយ ដែលខ្ញុំទៅថ្វាយបង្គំ លោកសឹកបាត់។ ទី១ លោក សាន សុខជា។ ឥឡូវមកលោក ជួន កក្កដា។

លើកទី១ ដែលគេ(ចោទ)គឺសម្ដេចសង្ឃ ឃី សុវណ្ណរតនា។ កាលមុនបោះឆ្នោត។ ឥលូវលោកជារដ្ឋលេខា​ធិការក្រសួងការបរទេស។ មុនសឹក លោកជួបជាមួយខ្ញុំ​ ហើយមានសង្ឃដីកាថា លោកបានបំពេញតួនាទីយូរឆ្នាំជួយប្រទេសជាតិតាមផ្លូវពុទ្ធចក្រ។ ឥឡូវលោកចង់បានបទពិសោធន៍ជួយប្រទេសជាតិតាមផ្លូវអាណាចក្រម្ដង។ លោកនៅតែប្រើជំនាញរបស់លោក​ជួយប្រទេសជាតិ។ អញ្ចឹង(យើង)មិនដឹងថា (តើ)ហាមយ៉ាងម៉េច បើជាការសំរេច​ចិត្ដរបស់លោក។ ប៉ុន្ដែ ពេលលោកសឹក គេចោទប្រកាន់ថារដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោផ្សឹកទាំងសម្ដេចសង្ឃទៀត។ ឥឡូវ ដល់តេជព្រះគុណ ជួន កក្កដា ដូចគ្នា។ ខ្ញុំសូមបញ្ជាក់តាមមេក្រូព្រោះគេយក​ទៅផ្សព្វផ្សាយ … (អ្នកទាំងនោះ)ចង់ឱ្យអ្នកគាំទ្រ​លោកយល់ច្រលំលើរដ្ឋាភិបាល។ រឿងតែប៉ុណ្ណឹង … ព្រោះលោកមានអ្នកគាំទ្រច្រើន។ គេចង់ឱ្យមើលឃើញបែបនេះ។ អញ្ចឹងខ្ញុំសូមពន្យល់បន្ដិចចុះ ព្រោះទាក់ទងនឹងពុទ្ធសាសនានៅខេត្តតាកែវដែរ។ លោកនៅវត្ដប្រាសាទ​នាងខ្មៅ នៅស្រុកសំរោង …។

សូមបញ្ជាក់ថា មិនមានអ្នកណាផ្សឹកលោកដោយបង្ខំទេ។ លោកអត់មាន​ប្រព្រឹត្ដអ្វីខុសទេ។ ជាការសំរេចរបស់ព្រះអង្គ។ សូមឱ្យពុទ្ធបរិស័ទ អ្នកដែលគាំទ្រព្រះអង្គ សូមឱ្យគាំទ្រលោកទៀតចុះ។ លោកនឹងបន្ដជួយក្នុងពុទ្ធសាសនា​ទៀត។ តាមពិត ដោយសារចំណេះដឹងរបស់លោកល្អ/ខ្លាំង ជួយច្រើនក្នុងវិស័យនេះ រាជរដ្ឋាភិបាលត្រូវការអ្នកដែលមានសមត្ថភាពនេះ។ លោកក៏មានបំណង ឆន្ទៈ ចូលរួមជួយក្នុងវិស័យពុទ្ធ​សាសនាថែមទៀត។ អញ្ចឹង យើងគ្រោងរៀបចំលោកជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដើម្បីបន្ដជួយវិស័យពុទ្ធសាសនាតទៅទៀត។ មិនបានផ្សឹកលោកទេ ហើយក៏មិនបោះបង់ចោលធនធានល្អ មានឆន្ទៈជួយនោះដែរ។

សូមឱ្យលោកតា លោកយាយ អ៊ំ ពូ មីង ជា fan របស់ព្រះអង្គ ជួន កក្កដា កុំយល់ច្រលំ។ ប្រ​ពន្ធខ្ញុំជឿថា ខ្ញុំអត់បង្ខំលោកទេ ព្រោះគាត់ក៏ជា fan មួយដែរ។ យើងគោរពតាមការសំរេចចិត្តរបស់លោកប្អូនបណ្ឌិត ជួន កក្កដា ដែលចង់បន្ដការងារជួយដល់សាសនាសង្គមជាតិ ប៉ុន្តែគ្រាន់តែដូរផ្លូវពីផ្លូវពុទ្ធចក្រ មកផ្លូវអាណាចក្រតែប៉ុណ្ណោះ។ យើងនឹងបន្តផ្ដល់ឱកាសឱ្យលោកប្អូនបណ្ឌិតបន្តចូលរួមជួយកសាង ពង្រឹងពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិបន្តទៅទៀត … ខ្ញុំមានប្រវត្តិ មានអនុស្សាវរីយ៍រឿងព្រះពុទ្ធសាសនាច្រើននៅខេត្តតាកែវ ។ (មក)សម្ពោធវត្តច្រើនជាងគេគឺនៅតាកែវ។ ព្រះអង្គ ឃឹម សន តែងតែបិណ្ឌបាត។ ឱ្យតែជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃនៅតាកែវ លោកថា ឃើញមុខញោម ដូចមាននិស្ស័យ ទៅសម្ពោធវត្តអាត្មាផង។

(១៩) សាសនា វប្បធម៌ ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ អាចប្រទាក់ក្រ​ឡាបង្កើតផលិតផលទេសចរណ៍​ជួយសហគមន៍

ឥឡូវត្រឡប់មកវិញ។ សាសនា វប្បធម៌ ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ កន្លែងដែលមនុស្សបង្កើត កន្លែងកម្សាន្តផ្សេងៗ សុទ្ធតែអាចប្រទាក់ក្រ​ឡា​គ្នាជួយសហគមន៍ និងជួយបង្កើតជាផលិតផលទេសចរណ៍បន្ថែមទៀត។ សូមយកចិត្តទុកដាក់ ផ្ដោតអារម្មណ៍លើទេសចរក្នុងស្រុក ដែលយើង(មាន)ច្រើន។ កុំគិតថា ខេត្តតាកែវមិនមានអ្វីទាក់ទាញ(ដើម្បី)ឱ្យទេសចរមកពីអឺរ៉ុប(បានមកទស្សនា/កំសាន្ត)។ កុំអាលគិតអញ្ចឹង។ ទេស​ចរក្នុងស្រុកយើងច្រើន អ្នកភ្នំពេញ អ្នកខេត្តកណ្ដាល ក៏ stress ដែរ (ទោះ)មិន stress ច្រើន (ក៏ត្រូវការដើរកម្សាន្ត)។ ពេលដែលយើងមានការងារច្រើន រវល់(ច្រើន) គ្រប់គ្នាចង់បានគុណភាពនៃពេលវេលាជាមួយគ្រួសារ។ អញ្ចឹង ពេលថ្ងៃសៅរ៍ អាទិត្យ តែងតែចង់នាំប្រពន្ធកូនដើរលេង ចង់មានឱកាស។ បើនៅផ្ទះកូនមើលតែទូរស័ព្ទ ឪមើលតែទូរទស្សន៍ ម៉ែនៅតែចង្ក្រាន្ត បានពេលឯណានៅជាមួយគ្នា។ អញ្ចឹងទាល់តែដាក់មួយឡានទៅអង្គុយ picnic នៅកន្លែងណាមួយ ទើបបានជុំគ្នា។

(២០) សក្ដានុពលទេសចរណ៍នាំចំណូល ការងារ អាជីវកម្ម ធុរកិច្ច ជាផលប្រ​យោជន៍ដល់សហគមន៍មូលដ្ឋាន

អញ្ចឹង សក្ដានុពលនៅខេត្តតាកែវ សំរាប់អ្នកមកពីកំពត កណ្ដាល ភ្នំពេញ ជាចលករនាំមុខ។ បន្តិចទៀតមានទេសចរមកពីក្រៅប្រទេសទៀត។ នេះយើងនិយាយក្នុងវិស័យទេសចរណ៍។ នេះជាអភិក្រមដែលយើងអាចធ្វើបាន នាំយកចំណូល នាំយក business នាំយកការងារ នាំយកអាជីវកម្មផ្សេងៗ ធុរកិច្ចផ្សេងៗ ឱកាសដែលផ្ដោតអាទិភាពជាផលប្រ​យោជន៍អតិបរមាដែលអាចធ្វើទៅបាន ជូនសហគមន៍នៅមូលដ្ឋាន។ បង្រៀនសហគមន៍ឱ្យចេះធ្វើធុរកិច្ច មុននឹងយើងយកអ្នកធុរកិច្ចមកចូលធ្វើការវិនិយោគ បើអាចធ្វើទៅបាន។ ការរួមគ្នាពីក្រសួងស្ថាប័ន យើងអាចពិនិត្យមើលនៅក្នុងការជួយផលិតផលមួយចំនួន ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យបាត់សណ្ឋាន ការទាក់ទាញនៅមូលដ្ឋាន ដែលធ្វើឱ្យបាត់សក្ដានុពលរយៈពេលវែង។

កុំ copy។ ពិបាកបំផុតគឺ copy។ ឃើញកន្លែងហ្នឹងតំបន់ភ្នំល្អ ស្រាប់តែ copy យក model ពីកំពង់សោមឬពីរាជធានីភ្នំពេញទៅធ្វើ សុទ្ធតែ ២០ជាន់នៅលើហ្នឹង។ បាត់(សោភណ្ឌភាពដើម)អស់ហើយ។ គេមិនចង់ទៅភ្នំមួយដែលមានសុទ្ធតែបុរីនៅពេញលើហ្នឹងទៀតទេ។ គេចង់ទៅកន្លែងណាដែលមានលក្ខណៈសាមញ្ញ។ បើធ្វើជា resort ជាអីសូមឱ្យមានទម្រង់ស្ថាបត្យកម្មសំណង់នៅទីនោះស្របទៅតាមស្ថានភាពភូមិសាស្រ្តដែល​អាចធ្វើទៅ … ដូចនៅបាលី អញ្ចឹង។ គេមិនធ្វើអីដូចនៅហ្សាកាតាទេ … អ្វីដែលប្រធានធនាគារអភិវឌ្ឍន៍អា​ស៊ីនិយាយពីថ្ងៃមុន ពីការចាប់អារម្មណ៍អំពីសហគមន៍នេសាទនៅកែប គឺដូចដែលយើងបានធ្វើ បានគិតគូរនៅសហគមន៍នៅខ្នងផ្សារ ឬតេទឹកពុះ ក៏ដូចជាការគិតគូរនៅកន្លែងផ្សេង ដូចជានៅភ្នំគូលេនដែរ ព្រោះការអភិវឌ្ឍ មិនបាច់ចាំទាល់តែមានន័យថាធ្វើផ្លូវបេតុងទៅទេ។ ដូចនៅគូលេនហ្នឹង បើសិនជាយើងហ៊ានធ្វើផ្លូវបេតុងនៅលើហ្នឹង គឺបាត់លក្ខណៈទាក់ទាញភ្លាម។ ផ្លូវលំបាក យើងឈូសឱ្យល្អ(បង្ក)លក្ខណៈ ទុកផ្លូវដី ប្រ​ឡោះល្មម រក្សាធម្មជាតិ(ឱ្យនៅ)ដដែល …។

សូមអរគុណ​ ហើយសូមកោតសរសើរចំពោះក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងបរិស្ថាន ដែលតាំងពីអា​ណត្តិមុនៗ មក ក៏បានគិតគូរ ភ្ជាប់ការជួយជំរុញសហគមន៍ ជាពិសេសបើមានសក្ដានុពលអី យើងជួយគាត់បែបនេះ។ ឥឡូវសហគមន៍កសិកម្ម សហគមន៍អីផ្សេងៗ គឺក្រសួងស្ថាប័នយើងជួយ បង្កើតតូចៗ ដើម្បីផ្គុំគ្នាជាមាត្រដ្ឋាន។ សហគមន៍មួយ អាចផ្គុំគ្នាជាមាត្រដ្ឋាននៅហ្នឹងកន្លែង។ បានន័យថា ផ្គុំពីគ្រួសារនីមួយៗ សហគមន៍នីមួយៗនេះ បើសហគមន៍ ៣-៤ ផលិតផលស្រដៀងគ្នា គឺអាចបង្កើតជាមាត្រដ្ឋាន។ យើងធ្វើការបាន។ នេះគឺជារូបមន្ត ដែលយើងបន្តអនុវត្ត។

[ចប់សេចក្តីអធិប្បាយ ២]

ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូលបាន និងកំពុងប្រឈមនឹងការវិវត្តថ្មីៗ ទាំងលើនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្តែងឡើងតាមរយៈការប្រែប្រួលជាសកលជាច្រើន ដូចជា ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក បញ្ហាគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ ជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ការយកចិត្តទុកដាក់លើទស្សនទាននៃភាពស្អាតនិងបៃតង គឺពិតជាមានភាពចាំបាច់ ខណៈដែលពិភពលោកទាំងមូល កំពុងបោះជំហានទៅមុខដើម្បីសម្រេចបានសេដ្ឋកិច្ចបៃតង។

ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ ដូចខាងក្រោម៖

(ទី១)   ការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ សម្រាប់បងប្អូនប្រជាពលរដ្ឋ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបន្តថែរក្សាឱ្យបានដើម្បី យើងខិតខំធ្វើយ៉ាងណាទាញសក្តានុពល អំពីធនធានធម្មជាតិ និងសក្តានុពលរបស់ប្រជាពលរដ្ឋយើងដើម្បីអភិវឌ្ឍ។

(ទី២)   ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់, ពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និង ជាប់ជាប្រចាំ។

(ទី៣)   ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញទន្លេមេគង្គ និង បឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និង ការដឹកជញ្ជូន ។

(ទី៤)   ត្រូវជំរុញការផលិតឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ។

(ទី៥)   ខ្ញុំសូមយកឱកាសនេះ បន្តលើកទឹកចិត្តដល់ប្អូនៗយុវជន អ្នកផលិតមាតិកាលើបណ្តាញសង្គម (Content Creators) បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងគោលដៅទេសចរណ៍នានារបស់កម្ពុជា។ យើងរួមគ្នាផ្សព្វផ្សាយពីព័ត៌មានល្អៗរបស់កម្ពុជា ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យប្រជាជនយើងបានឃើញ ផ្សព្វផ្សាយឱ្យពិភពលោកបានដឹង និងខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង។

(ទី៦)   ដោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងចូលមកដល់នាពេលខាងមុខនេះ ខ្ញុំសូមស្នើឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ បំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍ អបអរសង្រ្កាន្តឆ្នាំថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ចាប់តាំងពីកម្រិតថ្នាក់ខេត្ត ដល់ថ្នាក់ក្រុង ស្រុក ឃុំ ភូមិ និងនៅតាមគោលដៅទេសចរណ៍ និងវត្តអារាមនានា បន្ថែមពីលើមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលយើងនឹងប្រារព្ធឡើងនៅខេត្តសៀមរាប។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]

សូមជំរុញ និងលើកទឹកចិត្តនិងរៀបចំលក្ខណៈដើម្បីឱ្យលេងល្បែងប្រជាប្រិយឱ្យបានច្រើន នៅតាមមូលដ្ឋានគ្រប់ទីកន្លែង។ យើងមិនហាមទេ ការបាញ់ទឹកនោះ ប៉ុន្តែសូមលេងឱ្យស្រួលបួល ប្រយ័ត្នគ្រោះថ្នាក់។ លើកទឹកចិត្តឱ្យលេងល្បែងប្រជាប្រីយ៍ឱ្យបានច្រើន។ ឆ្នាំទៅខ្ញុំឃើញលេងច្រើន បោះអង្គុញ ចោលឈូង អីផ្សេងៗហ្នឹង។ យើងបន្តឱ្យលេងតទៅទៀត សូមឱ្យប្រជាពលរដ្ឋយើងនៅគ្រប់កន្លែងចូលរួម។

[ចប់សេចក្តីអធិប្បាយ ៣]

(ទី៧)   ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ និងវិស័យឯកជន ចូលរួម ឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យពិធីបុណ្យទន្លេនៅឆ្នាំនេះទទួលបានជោគជ័យ ជាពិសេសត្រូវរួមគ្នា ដើម្បីវិស័យទេសចរណ៍ ស្របតាមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ», «ទាំងអស់គ្នាដើម្បីទេសចរណ៍» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា» និង «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ផងដែរ។

(ទី៨) បន្ថែមលើនេះ, ខ្ញុំសូមអំពាវនាវដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់  ចូលរួមឱ្យកាន់តែសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការធ្វើពិពិធកម្មព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ ជាពិសេស ក្នុងរដូវកាលបៃតង (Green season) ចាប់ពីខែមេសាដល់ខែតុលា និងចូលរួមក្នុងចលនាប្រឡងប្រណាំង   «ទីក្រុង ស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សា  សោភណភាព អនាម័យ បរិស្ថាន, ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ទេសចរណ៍ឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ អភិរក្សបរិស្ថាន និងអភិវឌ្ឍធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស ការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយយើងត្រូវ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីប្រែក្លាយតំបន់តាមដងទន្លេឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ សំដៅរួមចំណែកការបង្កើនការងារ ប្រាក់ចំណូល ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថានធនធានធម្មជាតិ។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដឹកនាំដោយ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង-ទេសចរណ៍ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលបានសហការដឹកនាំ និងអន្តរក្រសួង-ស្ថាប័ន វិស័យឯកជន បានចូលរួមរៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដ៏អធិកអធម និងពោរពេញដោយភាពសប្បាយរីករាយនេះ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក «ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥» ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

អត្ថបទទាក់ទង