បទអត្ថាធិប្បាយ៖ នៅខួបមួយឆ្នាំនៃការបញ្ចប់សង្គ្រាមឈ្លានពានលើកទី១របស់ថៃ យើងសង្ឃឹមថាសន្តិភាពនឹងមានជានិរន្តរ៍ ឯទំនាក់ទំនងប្រទេសជិតខាងនឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ
បទអត្ថាធិប្បាយ៖ នៅខួបមួយឆ្នាំនៃការបញ្ចប់សង្គ្រាមឈ្លានពានលើកទី១របស់ថៃ យើងសង្ឃឹមថាសន្តិភាពនឹងមានជានិរន្តរ៍ ឯទំនាក់ទំនងប្រទេសជិតខាងនឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃការបញ្ចប់សង្គ្រាមឈ្លានពានលើកទី១របស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវការឈឺចាប់ ការបាត់បង់ និងការខូចខាតជាច្រើន ប៉ុន្តែក៏បានបង្ហាញពីស្មារតីរួបរួមរបស់ប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី។

សង្គ្រាមឈ្លានពាននេះបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃម្នាក់បានរងរបួសដោយសារជាន់មីន។ ភាគីថៃបានយកហេតុការណ៍នេះធ្វើជាលេស ដោយចោទប្រកាន់កម្ពុជាថាជាអ្នកបង្កប់មីន។ នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងថៃបានចាប់ផ្តើមប្រតិបត្តិការយោធាវាយប្រហារលើទឹកដីកម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ មុននឹងរាលដាលទៅកាន់តំបន់ផ្សេងៗតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ក្នុងដំណាក់កាលដំបូង កម្ពុជាបានអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងាត់អស់រយៈពេលជាង២៤ម៉ោង មុននឹងមានបទបញ្ជាពីថ្នាក់ដឹកនាំឱ្យកងកម្លាំងប្រដាប់អាវុធឆ្លើយតប ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ក្នុងអំឡុងពេលជម្លោះ ភាគីថៃបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ រួមទាំងយន្តហោះចម្បាំង ដើម្បីវាយប្រហារលើទឹកដីកម្ពុជា។ ការវាយប្រហារនេះបានបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការខូចខាត រួមមានវត្តអារាម សាលារៀន មណ្ឌលសុខភាព និងលំនៅឋានរបស់ប្រជាពលរដ្ឋ ហើយសកម្មភាពប្រយុទ្ធបានបន្តរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ជម្លោះប្រដាប់អាវុធនេះបានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន ទៅកាន់ទីតាំងមានសុវត្ថិភាព ដែលត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់។
ទន្ទឹមនឹងការការពារប្រទេសនៅលើសមរភូមិ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រើប្រាស់យន្តការការទូតយ៉ាងសកម្ម ដើម្បីបញ្ចៀសការរីករាលដាលនៃសង្គ្រាម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទំនាក់ទំនងជាមួយ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាននៅពេលនោះ ព្រមទាំងបានផ្ញើលិខិតទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្វែងរកការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វេចាយ៉ាឆៃ (Phumtham Wechayachai) ក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន។ គោលបំណងនៃជំនួបនេះ គឺសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបញ្ចប់ការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរ។
គំនិតផ្តួចផ្តើមសន្តិភាពនេះ ទទួលបានការគាំទ្រពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ដែលបានជំរុញឱ្យភាគីទាំងពីរព្រមទទួលយកបទឈប់បាញ់ និងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសកម្ពុជា និងប្រទេសថៃបានឈានដល់ការឯកភាពលើបទឈប់បាញ់ ដែលបានបញ្ចប់ការប្រយុទ្ធ និងបើកផ្លូវឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការចរចា និងការដោះស្រាយបញ្ហាតាមមធ្យោបាយការទូត។ មួយឆ្នាំក្រោយព្រឹត្តិការណ៍នោះ ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជា គឺឱ្យសន្តិភាពនៅតាមព្រំដែនមាននិរន្តរភាព ទំនាក់ទំនងរវាងប្រទេសជិតខាងវិលត្រឡប់ទៅរកភាពប្រក្រតី និងជម្លោះទាំងឡាយត្រូវបានដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព និងការសន្ទនាដោយសន្តិវិធី។
កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដោយគ្មានលក្ខណ្ឌត្រូវបានអនុវត្តនៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និងមានសាធារណរដ្ឋប្រជាមានិតចិនជាអ្នកសង្កេតការណ៍។
នៅពេលនោះជនរួមជាតិខ្មែរទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស បានអបអរសាទរ និងបង្ហាញក្តីសប្បាយរីករាយ ហើយទន្ទឹងរង់ចាំឱ្យដល់ម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ហើយពិតប្រាកដមែន អ្វីៗក៏បានស្ងប់ស្ងាត់ ដោយមិនមានការផ្ទុះអាវុធបន្តទៀតនោះទេនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។
អ្វីដែលនឹងស្មានមិនដល់ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា បន្ទាប់ពីនោះ ភាគីថៃបានធ្វើការឡោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង ហើយគ្រប់គ្រងអស់រយៈពេលប្រមាណ ៥ខែ។
អ្វីៗមិនដូចការរំពឹងទុក ព្រោះថៃនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដដែល បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដែលសម្រេចបាននៅម៉ាឡេស៊ីក៏ដោយ ក្រោមលេសដដែលៗ គឺការដើរជាន់មីននៅតាមបន្ទាត់ព្រំដែន ហើយចោទប្រកាន់មកកម្ពុជាទាំងគ្មានភស្តុតាង ហើយកម្ពុជាតែងតែបដិសេធជានិច្ច ព្រោះថាកម្ពុជាដែលជាសមាជិកដ៏សកម្មនៃអនុសញ្ញាអូតាវ៉ា (Ottawa Convention) មិនប្រើប្រាស់មីនប្រឆាំងមនុស្សជាដាច់ខាត ហើយកម្ពុជាក៏មិនមានមីនប្រឆាំងមនុស្សនៅក្នុងឃ្លាំងផងដែរ ព្រោះបានកំទេចចោលអស់ជាយូរមកហើយ។
ក្រោមលេសដដែលៗនេះ និងការបង្កហេតុជាបន្តបន្ទាប់ គឺនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។
នៅពេលនោះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសបដិសេធភ្លាមៗ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
នៅម៉ោង២០:០០នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ ជាច្រើនគ្រាប់។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។
កម្ពុជាតែងតែឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតភ្លាមៗឡើយ ប៉ុន្តែបានតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាបន្តបន្ទាប់ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវទៀតផង។
ក្នុងសង្គ្រាមឈ្លានពានលើកទី២នេះ ថៃបានប្រើគ្រប់ប្រភេទអាវុធរបស់ខ្លួន មានទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក កាំភ្លើងផ្លោងបាញ់ចេញពីនាវា គ្រាប់បែកចង្កោម ផ្សែងពុល ។ល។ បាញ់ស្រោចចូលមកក្នុងទឹកដីកម្ពុជា និងកាន់តែជ្រៅដល់ខេត្តដែលមិនជាប់ព្រំដែន មានដូចជានៅស្រុកស្រីស្នំ ខេត្តសៀមរាប ជាដើម។
ដោយមិនមានជម្រើស កម្ពុជាបានឆ្លើយតបទៅវិញ ដោយប្រើអាវុធប្រភេទមធ្យម និងផ្តោតតែលើគោលដៅយោធារបស់ថៃប៉ុណ្ណោះ ដើម្បីតែការពារបូរណភាពទឹកដីរបស់ខ្លួន។
ដោយសារតែសង្គ្រាមឈ្លានពានលើកទី២នេះ ថៃមានគោលបំណងចង់កាន់កាប់ទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែន ថៃបានប្រើអាវុធមិនសមមាត្រ ដែលរំលោភច្បាប់សង្គ្រាម ហើយបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ថៃមិនបានរើសគោលដៅនៃការវាយប្រហារឡើយ ដោយបានទម្លាក់គ្រាប់បែក និងបាញ់ផ្លោងបំផ្លិចបំផ្លាញវត្តអារាម មណ្ឌលសុខភាព សាលារៀល ស្ពាន ថ្នល់ ផ្ទះសម្បែងប្រជាពលរដ្ឋ ដោយមិនរើសមុខ ព្រមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។
ការវាយប្រហារនេះបានធ្វើឱ្យជនភៀសសឹកប្រមាណជាង ៦៤ម៉ឺននាក់ បានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាពនានា ខ្លះក៏ទៅស្នាក់នៅផ្ទះសាច់ញាតិ ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាមឈ្លានពាននេះ។
ឆ្លើយតបទៅនឹងការឈ្លានពានរបស់ថៃនៅពេលនោះ សម្តេចធិបតី បានរិះគិតរកគ្រប់មធ្យោបាយ ដើម្បីបញ្ចប់សង្គ្រាមនេះឱ្យខាងតែបាន ដើម្បីចរចាជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ តាមរយៈកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពឱ្យមានបទឈប់បាញ់បន្ទាន់ ត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែលនោះ។ ពេលនោះ ក្រោយបទឈប់បាញ់ចូលជាធរមាន ជាមួយនឹងការអនុវត្តបានពេញលេញ ក្នុងរយៈពេល៧២ម៉ោង ភាគីថៃ នឹងដោះលែងវីរកងទ័ពកម្ពុជា១៨រូបវិញ បន្ទាប់ពីត្រូវបានចាប់ខ្លួន រយៈពេលប្រមាណ ៥ខែ មកហើយ។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ GBC លើកទី៣ នោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ “យើងសង្ឃឹមថា កិច្ចព្រមពៀងឈប់បាញ់នាពេលនេះ នឹងអាចបើកផ្លូវឱ្យជនភៀសសឹករាប់ម៉ឺននាក់ អាចត្រឡប់ទៅវិញផ្ទះវិញបាន។ បទឈប់បាញ់នេះ ស្របទៅតាមស្មារតីនៃសេចក្ដីថ្លែងការណ៍ នៅទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមថា៖ “ចំណុចដ៏សំខាន់មួយទៀត គឺកិច្ចព្រមព្រៀងនេះមិនប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរក៏បានឯកភាពគ្នា ជូនដល់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោលកម្ពុជា-ថៃ ឬហៅកាត់ JBC បន្តធ្វើដំណើរការឡើងវិញ ឱ្យបានឆាប់រហ័សបំផុត ក្នុងការងារវាស់វែងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់”។
បន្ទាប់ពីសង្គ្រាមឈ្លានពានលើកទី២ ដែលអូសបន្លាយរហូតដល់២០ថ្ងៃនេះ បានបិទបញ្ចប់ ជនរួមជាតិខ្មែរ ជាពិសេសប្រជាពលរដ្ឋនៅតាមព្រំដែនមានអារម្មណ៍ធូរស្រាល និងគិតថាអាចត្រលប់ទៅលំនៅឋានវិញ និងស្តារជីវភាពរបស់ពួកគាត់ឡើងវិញ។ ប៉ុន្តែអ្វីៗមិនដូចការគិតនោះឡើយ ថៃបែរជាចេញសេណារីយ៉ូថ្មី បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន គឺមានការដាក់ទូកុងតឺន័រ រាយបន្លាលួស និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅក្នុងដែលអធិបតេយ្យភាពកម្ពុជា ដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់នោះ។
ជាការពិតណាស់ នេះគឺជាទង្វើបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait acompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងជ្រើសយកយន្តការច្បាប់អន្តរជាតិ និងយន្តការការទូត ដែលសង្ឃឹមថានឹងអាចបញ្ចប់ជម្លោះនេះបាន និងទទួលបាននូវសន្តិភាពយូរអង្វែងសម្រាប់ព្រំដែននៃប្រទេសទាំងពីរ។
តាមរយៈក្រសួងការបរទេស កម្ពុជាបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការប្រឆាំងនឹងសកម្មភាពទាំងនេះ ហើយចាត់ទុកសកម្មភាពនេះ ជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនឹងធ្វើឱ្យមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការគ្រប់គ្រងដោយយោធា ឬបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង។ ទង្វើនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជនស៊ីវិល ទៅកាន់ទីលំនៅរបស់ពួកគេវិញដែរ។
គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅមានជនភៀសសឹកជាង ២០ ០០០នាក់ទៀត ដែលភាគច្រើនជាស្ត្រី និងកុមារ ដែលមិនទាន់អាចវិលទៅលំនៅឋានរបស់ពួកគាត់វិញ ដែលនេះគឺជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។
សរុបសេចក្តីមក កម្ពុជានៅតែប្រកាន់ជំហរ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ ចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ដោយប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា “ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ!”៕
ដោយ ផែន រតនៈ





