ភាពជាអ្នកដឹកនាំជាកញ្ចក់ឆ្លុះបញ្ចាំងបញ្ហាសង្គម និងពន្លឺនៃដំណោះស្រាយ
#វិភាគសង្គម
តាមរយៈការសិក្សាស្រាវជ្រាវ, ការសង្កេតលើការវិវត្តនៃសង្គមនិងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ខ្ញុំកាន់តែយល់ច្បាស់ថា “ភាពជាអ្នកដឹកនាំ” មិនមែនគ្រាន់តែជាទ្រឹស្តីគ្រប់គ្រងក្នុងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិញ្ញាសាដ៏សំខាន់បំផុតក្នុងការកំណត់ជោគវាសនារបស់សង្គម។ នៅពេលយើងពិនិត្យមើលបញ្ហាសង្គមតាមរយៈកែវភ្នែកនៃភាពជាអ្នកដឹកនាំ យើងនឹងឈប់មើលឃើញបញ្ហាត្រឹមតែជាព្រឹត្តិការណ៍ចៃដន្យ ឬជាកំហុសបុគ្គល ប៉ុន្តែយើងនឹងមើលឃើញវាជា “វិបត្តិប្រព័ន្ធ” ដែលទាមទារនូវការដោះស្រាយដោយប្រើប្រាស់បញ្ញាញាណ និងមនសិការទទួលខុសត្រូវខ្ពស់។ ក្នុងនាមជាអ្នកធ្វើការដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនិងភាពជាអ្នកដឹកនាំ ខ្ញុំសូមលើកយកទស្សនៈគន្លឹះចំនួន ៣ មកពិចារណា៖
សុខទុក្ខរបស់ជាតិអាស្រ័យលើគុណភាពនៃភាពជាអ្នកដឹកនាំ
ជាញឹកញាប់ យើងតែងសម្លឹងមើលរោគសញ្ញានៃបញ្ហា ដូចជាអំពើពុករលួយ ភាពអយុត្តិធម៌ ការបែកបាក់សាមគ្គីភាព ឬអសីលធម៌ក្នុងសង្គម ជាបញ្ហាដាច់ដោយឡែក។ ប៉ុន្តែការពិតបញ្ហាទាំងនេះគឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់ពី “ភាពខ្វះចន្លោះនៃអ្នកដឹកនាំ” (Leadership Void)។ ប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា “ការរីកចម្រើន ឬការដួលរលំនៃជាតិសាសន៍ និងស្ថាប័ននានា គឺអាស្រ័យទៅលើគុណភាពនៃភាពជាអ្នកដឹកនាំ”។
នៅពេល “អ្នកដឹកនាំ” (Leader) គ្រាន់តែប្រើប្រាស់តួនាទីជា “ចៅហ្វាយ” (Boss) ដើម្បីពង្រីកអំណាច និងបម្រើផលប្រយោជន៍បុគ្គល នោះវប្បធម៌នៃភាពអយុត្តិធម៌នឹងចាក់ឬស។ ផ្ទុយទៅវិញ ភាពជាអ្នកដឹកនាំពិតប្រាកដនឹងបង្កើតឱ្យមាន “វប្បធម៌ទទួលខុសត្រូវ” (Accountability) ដែលជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់ព្យាបាលមហារីកសង្គម និងកសាងទំនុកចិត្តឡើងវិញ។
ដំណោះស្រាយស្ថិតលើការកសាង “មនុស្ស” ជាជាងការប្រឹងតែបង្កើតនិងការរឹតបន្តឹងច្បាប់មួយមុខ
ទោះបីជាច្បាប់គឺជាឧបករណ៍សម្រាប់រៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែច្បាប់តែមួយមុខមិនអាចដោះស្រាយបញ្ហាសង្គមបានឡើយ ប្រសិនបើគ្មានការផ្លាស់ប្តូរផ្នត់គំនិត (Mindset Shift) របស់មនុស្ស។ ការផ្លាស់ប្តូរផ្នត់គំនិត មិនមែនគ្រាន់តែជាការផ្លាស់ប្តូរគំនិតបណ្តោះអាសន្ននោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរ “ប្រព័ន្ធជំនឿ” និង “របៀបដែលយើងសម្លឹងមើលពិភពលោក”។ ក្នុងបរិបទភាពជាអ្នកដឹកនាំ វារួមមានការផ្លាស់ប្តូរគន្លឹះចំនួន ៣៖
1) ពី “ការអនុលោមតាម” មកជា “ការប្តេជ្ញាចិត្ត” (From Compliance to Commitment)៖ ក្នុងផ្នត់គំនិតចាស់ មនុស្សធ្វើការងារដោយសារខ្លាចច្បាប់ ឬខ្លាចការដាក់ទណ្ឌកម្ម (Compliance)។ ប៉ុន្តែតាមរយៈភាពជាអ្នកដឹកនាំ យើងផ្លាស់ប្តូរមកជាការបណ្តុះមនសិការឱ្យមនុស្សស្រឡាញ់ និងចង់ធ្វើរឿងត្រឹមត្រូវដោយខ្លួនឯង (Commitment) ទោះបីជាគ្មានអ្នកមើល ឬគ្មានច្បាប់បង្ខំក៏ដោយ។
2) ពី “អញនិយម” មកជា “យើងនិយម” (From Ego-centric to Eco-centric)៖ ផ្នត់គំនិតចាស់ផ្ដោតលើការប្រកួតប្រជែង ការចង់បានឋានៈ និងការឡើងខ្ពស់តែម្នាក់ឯង។ ការផ្លាស់ប្តូរផ្នត់គំនិតថ្មី គឺការមើលឃើញខ្លួនឯងជាផ្នែកមួយនៃប្រព័ន្ធសង្គមទាំងមូល (Ecosystem)។ បើស្ថាប័ន ឬសង្គមដួលរលំបុគ្គលក៏មិនអាចរស់នៅដោយសុខសាន្តបានដែរ។
3) ពី “ការមើលឃើញបញ្ហា” មកជា “ការមើលឃើញដំណោះស្រាយ” (From Problem-oriented to Solution-oriented): ជាជាងការចំណាយពេលបន្ទោសកាលៈទេសៈ ឬស្វែងរកអ្នកខុស ផ្នត់គំនិតថ្មីជំរុញឱ្យយើងសួរថា “តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីកែលម្អស្ថានភាពនេះ?”។ វាគឺជាការផ្លាស់ប្តូរពីភាពជាជនរងគ្រោះ (Victim Mindset) មកជាភាពជាម្ចាស់ (Owner Mindset) លើបញ្ហាសង្គម។ នៅពេលផ្នត់គំនិតផ្លាស់ប្តូរ សកម្មភាពនឹងផ្លាស់ប្តូរ។ នៅពេលសកម្មភាពផ្លាស់ប្តូរ លទ្ធផលសង្គមក៏នឹងផ្លាស់ប្តូរតាមនោះដែរ។ នេះហើយជាថាមពលនៃភាពជាអ្នកដឹកនាំដែលចាក់ឬសចេញពីខាងក្នុង។
4) ភាពជាអ្នកដឹកនាំ គឺជាកម្លាំងចលករដែលជំរុញឱ្យមនុស្ស “ធ្វើរឿងដែលត្រឹមត្រូវ” (Doing the right things) ជាជាងគ្រាន់តែ “ធ្វើការងារឱ្យបានត្រឹមត្រូវ” (Doing things right) ដើម្បីបិទបាំងកំហុស។
5) យើងត្រូវចងចាំថា “ភាពជាអ្នកដឹកនាំដ៏អស្ចារ្យ មិនមែនស្ថិតនៅលើកម្ពស់នៃឋានៈដែលអ្នកដឹកនាំសម្រេចបាននោះទេ ប៉ុន្តែវាស្ថិតនៅលើកម្ពស់នៃគុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃជីវិតរបស់ពលរដ្ឋដែលត្រូវបានលើកកម្ពស់”។ នេះគឺជាគោលការណ៍នៃអភិបាលកិច្ចល្អ និងសីលធម៌នៃការដឹកនាំ។
៣. អំណាចនៃគំរូនិងឥទ្ធិពលក្នុងបរិបទសង្គមខ្មែរ
ក្នុងបរិបទសង្គមខ្មែរដែលផ្ដល់តម្លៃខ្ពស់លើឋានានុក្រម និងការគោរពបុគ្គល (High Power Distance) “អំណាចនៃគំរូ” (Power of Role Model) មានឥទ្ធិពលខ្លាំងក្លាបំផុត។ មហាជនតែងតែសម្លឹងមើលទៅលើ និងមានទំនោរដើរតាមទង្វើរបស់អ្នកដឹកនាំ។ ប្រសិនបើអ្នកដឹកនាំបង្ហាញនូវភាពស្មោះត្រង់ យុត្តិធម៌ និង ការលះបង់ នោះសង្គមទាំងមូលនឹងដើរតាមដោយជំនឿចិត្ត និងសេចក្តីសង្ឃឹម។ ឥទ្ធិពលនៃគំរូដ៏ល្អប្រៀបបាននឹងពន្លឺព្រះអាទិត្យដែលចាំងមកលើផែនដី។ វាមិនត្រឹមតែបំភ្លឺឱ្យយើងមើល ឃើញផ្លូវច្បាស់ក្នុងភាពងងឹតនៃបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវកម្ដៅ និងថាមពលដែលជម្រុញឱ្យ គ្រាប់ពូជនៃសេចក្តីល្អ និងសីលធម៌នៅក្នុងចិត្តរបស់ពលរដ្ឋគ្រប់រូប អាចដុះដាលឡើងវិញបាន យ៉ាង រស់រវើក។
ខ្ញុំជឿជាក់ថា បញ្ហាសង្គមមិនមែនជាការដាក់បណ្តាសាដែលមិនអាចកែប្រែបាននោះទេ។ ការផ្លាស់ប្តូរ សង្គមត្រូវចាប់ផ្តើមពីការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងការដើរតួជា “អ្នកដឹកនាំ” ដែលហ៊ានធ្វើរឿងត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ដើម្បីធានាបាននូវចីរភាពនៃការផ្លាស់ប្តូរ ការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជនខ្មែរ គឺជាកិច្ចការអាទិភាពដ៏ចាំបាច់បំផុត។ យើងត្រូវរួមគ្នាផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយទទួលបានការអប់រំដែលមិនត្រឹមតែផ្ដោតលើចំណេះដឹងបច្ចេកទេស ប៉ុន្តែគឺជាការកសាងចរិតលក្ខណៈ មនសិការ និងសីលធម៌នៃការដឹកនាំ ដើម្បីឱ្យពួកគេក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ។ ការដាំគ្រាប់ពូជនៃក្តីសង្ឃឹមតាមរយៈយុវជនដែលមានភាពជាអ្នកដឹកនាំបែបបម្រើនិងស្មារតីទទួលខុសត្រូវ គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាថា ពន្លឺនៃដំណោះស្រាយដែលយើងកំពុងស្វែងរកនៅថ្ងៃនេះ នឹងកាន់តែភ្លឺស្វាង និងចាក់ឬសយ៉ាងរឹងមាំសម្រាប់សង្គមជាតិយើងនៅថ្ងៃអនាគត។ នៅពេលយើងរួមគ្នាពង្រឹងភាពជាអ្នកដឹកនាំដែលមានសីលធម៌ ចាប់ពីកម្រិតបុគ្គល គ្រួសារ រហូតដល់ស្ថាប័នជាតិ នោះយើងនឹងអាចកសាងសង្គមមួយដែលមានយុត្តិធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់៕
លោក ប៉ា ចន្ទរឿន គឺជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ ទស្សនៈដែលបានលើកឡើង គឺជាទស្សនៈរបស់លោក។
-Phnom Penh Post-





