Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វី ICC ក្លាយជាបន្លាក្នុងភ្នែកលោក ត្រាំ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1016
វិភាគអន្តរជាតិ៖ ហេតុអ្វី ICC ក្លាយជាបន្លាក្នុងភ្នែកលោក ត្រាំ? វិភាគអន្តរជាតិ៖ ហេតុអ្វី ICC ក្លាយជាបន្លាក្នុងភ្នែកលោក ត្រាំ?

(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានប្រកាសពីយុទ្ធនាការដើម្បីប្រឆាំង​តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដោយចោទប្រកាន់តុលាការនេះថាបានបង្កការគំរាមកំហែងមិនអាចអត់ឱ្យបានចំពោះពលរដ្ឋ​ក៏ដូចជាអធិបតេយ្យរបស់ខ្លួន។ ក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាក្រោមយុទ្ធនាការខាងលើ រដ្ឋាភិបាលអាមេរិកទាំងមូលនឹងធ្វើសកម្មភាពជាបន្ទាន់ដើម្បីបិទខ្ទប់សមត្ថភាពរបស់ ICC ក្នុងការធ្វើប្រតិបត្តិការកំណត់គោលដៅលើកងទ័ព ឬមន្រ្តីអាមេរិក ឬមួយក៏គំរាមកំហែងអធិបតេយ្យរបស់សហរដ្ឋអាមេរិក។

ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងតុលាការ ICC បានធ្លាក់ក្នុងស្ថានភាពដុនដាបខ្លាំង ដោយមន្រ្តីមួយចំនួនរបស់តុលាការនេះកំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិករួចជាស្រេច ចាប់តាំងពីលោក ត្រាំបានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥។ ទណ្ឌកម្មទាំងនោះបានផ្តោតជាចម្បងលើ​ការស៉ើបអង្កេតរបស់ ICC ពាក់ព័ន្ធអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏ជិតដិតបំផុតរបស់អាមេរិក។ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

ក៏ប៉ុន្តែលើកនេះ ក្រសួងការបរទេសអាមេរិកបានផ្តោតជាសំខាន់ទៅលើអ្វីដែលខ្លួនហៅថាការគំរាមកំហែងមិនអាចអត់ឱ្យបានរបស់ ICC ចំពោះអធិបតេយ្យរបស់សហរដ្ឋអាមេរិក។ នៅក្រោមយុទ្ធនាការរំលាយ ICC ក្រសួងការបរទេសអាមេរិកបានបង្ហាញចំណាត់ការមួយចំនួនដែលខ្លួនកំពុងពិចារណាដើម្បីប្រឆាំងតុលាការ ICC ក្នុងនោះ​រួមមានទាំងការឱ្យមន្រ្តីទូតអាមេរិកបញ្ចុះបញ្ចូលប្រទេសដទៃទៀតដកខ្លួនចេញពី ICC រួមជាមួយការដាក់បម្រាមធ្វើដំណើរ និងទណ្ឌកម្មបន្ថែមទៀតប្រឆាំងមន្រ្តីក៏ដូចជាស្ថាប័ននិងអង្គការផ្សេងៗដែលគាំទ្រឬពាក់ព័ន្ធនឹងតុលាការនេះ។ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងរ៉ូម ឬ Rome Statute ដើម្បីបង្កើត ICC។ ប៉ុន្តែអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton មិនដែលបញ្ជូនឯកសារនេះទៅឱ្យព្រឹទ្ធសភាអាមេរិកផ្ដល់សច្ចាប័ននោះទេ។ ដ្បិតបារម្ភថាមេដឹកនាំ ឬមន្ត្រីរដ្ឋាភិបាលអាមេរិក ជាពិសេសកងទ័ពអាមេរិក ដែលដើរធ្វើសង្រ្គាមនៅជុំវិញពិភពលោកអាចនឹងប្រឈមមុខនឹងការចាប់ខ្លួន ឬការកាត់ទោសពីតុលាការអន្តរជាតិមួយនេះ។

បង្កើតឡើងកាលពីឆ្នាំ២០០២ តុលាការ ICC កាត់ទោសបុគ្គលណាដែលរងការចោទប្រកាន់ប្រព្រឹត្តអំពើឃោរឃៅធ្ងន់ៗ រាប់បញ្ចូលទាំងឧក្រិដ្ឋកម្មសង្រ្គាម សង្រ្គាមប្រឆាំងមនុស្សជាតិ និងទង្វើប្រល័យពូជសាសន៍។ ទាំងអ៉ីស្រាអែល និងអាមេរិកសុទ្ធតែមិនមែនជាភាគីនៃសន្ធិសញ្ញាអន្តរជាតិដែលបង្កើត ICC នោះទេ។ ដោយឡែក រុស្ស៉ីក៏មិនមែនជាសមាជិកដែរ ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានតុលាការនេះចេញដីកាបង្គាប់ចាប់ខ្លួន តាំងតែពីខែមីនា ឆ្នាំ២០២៣។ លក្ខខន្តិកៈទីក្រុងរ៉ូមបានចែងថារដ្ឋជាសមាជិកមានកាតព្វកិច្ចអនុវត្តតាមសន្ធិសញ្ញាយ៉ាងពេញលេញ ក្នុងនោះរួមមានទាំងការចាប់ខ្លួន និងប្រគល់ជនសង្ស័យ ព្រមទាំងផ្ដល់ភស្តុតាង។ សហរដ្ឋអាមេរិក​មិនមែនជាប្រទេសហត្ថលេខីលក្ខខន្តិកៈទីក្រុងរ៉ូម ដែលទទួលស្គាល់យុត្តាធិការរបស់​តុលាការព្រហ្មទណ្ឌអន្តរជាតិក៏ពិតមែន។​ ក៏ប៉ុន្តែ​លក្ខខន្តិកៈរបស់​ ICC បានចែងថាតុលាការអាចមានអំណាចយុត្តាធិការក្នុងករណី​អំពើឧក្រិដ្ឋមួយ ត្រូវបានប្រព្រឹត្តិ​នៅលើទឹកដីនៃប្រទេសសមាជិក​ បើទោះបី​ជនបង្ក ឬជនសង្ស័យជាពលរដ្ឋនៃប្រទេសមិនមែនជាសមាជិក​ក៏ដោយ​។

នៅត្រង់ចំណុចនេះហើយ ទើបក្រុមអ្នកនយោបាយអាមេរិកបារម្ភថាទាហានអាមេរិកអាចនឹងប្រឈមមុខនឹងការចាប់ខ្លួន ឬកាត់ទោសសម្រាប់សកម្មភាពដែលបានប្រព្រឹត្តនៅលើទឹកដីនៃរដ្ឋជាសមាជិក ICC។ ដោយសារតែ ទាហានអាមេរិកដើរធ្វើសង្រ្គាមនៅជុំវិញពិភពលោក ហើយសហរដ្ឋអាមេរិកជាញឹកញាប់តែងតែប្រើប្រាស់កម្លាំងយោធា វាកាន់តែធ្វើឱ្យមេដឹកនាំអាមេរិកភ័យបារម្ភថាការទទួលស្គាល់យុត្តាធិការរបស់ ICC អាចនឹងកាត់បន្ថយ សេរីភាពនៃការធ្វើសកម្មភាពដើម្បីដឹកនាំប្រតិបត្តិការយោធា។ ចាប់តាំងពីលោក ដូណាល់ ត្រាំត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ ICC បានត្រឡប់មកក្លាយជាគោលដៅ របស់លោកសាជាថ្មី។ រដ្ឋបាលរបស់លោក ត្រាំ បានដាក់ឱ្យចៅក្រម ICC​ ចំនួន៨នាក់ និងអគ្គរដ្ឋអាជ្ញា ICC ដែលទើបតែត្រូវបានដកតំណែងកាលពីពេលថ្មីៗនេះនៅក្រោមទណ្ឌកម្មអាមេរិក ក្នុងនោះរួមមានទណ្ឌកម្មហិរញ្ញវត្ថុ ការរឹតត្បិត និងបម្រាមធ្វើដំណើរ។

ការប្រកាសដាក់ចេញយុទ្ធនាការប្រឆាំង ICC គឺជាការបង្កើនជម្លោះចុងក្រោយបំផុតមួយនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើ ICC។ តាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ICC បង្កការគំរាមកំហែង គ្រប់ទិដ្ឋភាពទាំងអស់ចំពោះនយោបាយ និងប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិក។ ដូច្នេះដើម្បីដោះស្រាយការគំរាមកំហែងដែលលោក Rubio បានអះអាងថា រដ្ឋបាលលោក ត្រាំដាក់ចេញយុទ្ធនាការការទូតមួយដែលនឹងមិនត្រឹមតែ បង្កើនការសម្លុតគំរាមទ្វេដងប្រឆាំងនឹង ICC ប៉ុណ្ណោទេ តែក៏នឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេសដទៃដែលបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយតុលាការនេះផងដែរ ជាឧទាហរណ៍តាមរយៈការដកចេញ ឬលុបចោលការផ្ដល់ជំនួយ របស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសទាំងនោះ។

ICC បានអះអាងថាខ្លួនមានយុត្តាធិការដើម្បីបើកការស៊ើបអង្កេត និងកាត់ទោសពលរដ្ឋអាមេរិកសម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋឃោរឃៅដែលបានកើតឡើងនៅលើទឹកដីនៃប្រទេសជាសមាជិក ICC ដែលទទួលស្គាល់យុត្តាធិការរបស់ តុលាការ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានទាត់ចោលការអះអាងបែបនេះ។ ICC​ ធ្លាប់បានបើកការស៊ើបអង្កេតលើទាហានអាមេរិកដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិក កន្លងមកក៏បានដាក់ចេញវិធានការជាច្រើនដើម្បីរារាំង ឬទប់ស្កាត់ការស៊ើបអង្កេតនេះផងដែរ។ ក្នុងនោះសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីច្រើនជាង ១០០ ជាមួយបណ្ដាប្រទេសជាសមាជិក ICC ដើម្បីរារាំងកុំឱ្យពួកគេប្រគល់ពលរដ្ឋអាមេរិកទៅឱ្យ ICC។

ក្នុងឆ្នាំ២០០២ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush បានចុះហ្ថលេខាឱ្យក្លាយជាទៅជាច្បាប់ជាផ្លូវការនូវច្បាប់ដែលមានគោលដៅការពារទាហានអាមេរិក American Servicemembers’ Protection Act។ នៅក្រោមច្បាប់នេះ សហរដ្ឋអាមេរិកបានប្រកាសថានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារបុគ្គលិកយោធាអាមេរិក និងមន្ត្រីអាមេរិកពីយុត្តាធិការរបស់ ICC។ តែទោះជាបែបនេះក្ដី រដ្ឋបាលសហរដ្ឋអាមេរិកជាច្រើន អាណត្តិមកនេះ បានផ្ដល់ការគាំទ្រជាសម្ងាត់ ឬពេលខ្លះជាសាធារណៈ នៅពេលដែលតុលាការ ICC ចាត់វិធានការប្រឆាំងសត្រូវរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ និយាយម្យ៉ាងទៀត ICC នឹងល្អនៅក្រោមក្រសែភ្នែកអាមេរិក ឱ្យតែតុលាការនេះធ្វើការស្របតាមផលប្រយោជន៍របស់សហរដ្ឋអាមេរិក៕
-Fresh News-

អត្ថបទទាក់ទង