Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1017
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់​មួយឆ្នាំគត់នៃការចាប់ផ្តើមសង្គ្រាមឈ្លានពានទឹកដីកម្ពុជាទាំងបំពាន​ពីសំណាក់កងកម្លាំងយោធាថៃ។ វាគឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ​គ្រប់រូប​ចងចាំមិនភ្លេចអំពីការរំលោភបំពានមកលើអធិបតេយ្យភាព បូរណភាពទឹកដី រំលោភលើសិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិជៀសផុតពីការជ្រែតជ្រែកលើលំនៅឋាន ពីការរឹបអូស ឬលួច​យកទ្រប្យសម្បត្តិឯកជន​ ដែលច្បាប់អន្តរជាតិបានហាម។

ជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើនបានរងគ្រោះដោយគ្រាប់ផ្លោង និង​ការទម្លាក់គ្រាប់បែកពីលើអាកាស​ចូលជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់យោធាថៃ ខណៈដែលជនភៀសសឹកជិត ៦៥ម៉ឺននាក់​បានភៀសខ្លួនចេញពីផ្ទះសម្បែងដោយបង្ខំ។ កុមារកម្ពុជាជាច្រើន​បានឃ្លាតឆ្ងាយពីសាលា ខណៈដែល​ហេដ្ឋា​រចនាសម្ព័ន្ធជាច្រើនបានរងការ​បំផ្លាញ។ រហូតមកទល់ពេលនេះ នៅមានជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ​នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាននៅឡើយ​ដោយសារតែ​ការរារាំងដោយរបងលួស ទូរកុងតឺន័រ និងបញ្ហាសុវត្ថិភាព។

យើងក៏ចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់​វីរយុទ្ធជនជួរមុខដែលបានតស៊ូយ៉ាងស្វិត​ស្វាញ ក្រាញននៀល​ បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ វីរភាព​ដ៏អង់អាចក្លាហាននេះ ត្រូវបានចារទុកក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប​ដោយគ្មានថ្ងៃអាចបំភ្លេចបានឡើយ។ ព្រឹត្តិការណ៍​ដ៏គួរឱ្យចងចាំដែរនោះ គឺកម្លាំងមហាសាមគ្គីជាតិខ្មែរ​បានផុសឡើងគ្រប់ទិសទី ដើម្បីជ្រោងទង់ជាតិខ្មែរ និង​បញ្ចេញសំឡេងយ៉ាងកងរំពង​ដើម្បីការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពាន​ និងប្រកាសប្រាប់សហគមន៍អន្តរជាតិ​អំពីការបំពានយ៉ាងកម្រោលរបស់​កងកម្លាំងថៃ​មកលើបូរណភាពទឹកដីកម្ពុជា។

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូតយ៉ាងសកម្ម បទឈប់បាញ់លើកទី១ ត្រូវបានរកឃើញនៅថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការជួយជ្រោមជ្រែង​របស់អន្តរជាតិ​ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន។ ៣ខែក្រោយមក សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព​ក៏ត្រូវបានចុះហត្ថលេខា​រវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ ​នៅថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន​ជាសាក្សីរបស់​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឯកឧត្តម ដូណល ជេ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។

ទោះជាយ៉ាងនេះក្តី កងកម្លាំងប្រដាប់អាវុធថៃបានបំពាន​កិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនេះ ហើយបានបើក​ការវាយប្រហារជាលើកទី២ មកលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដូចជា កាំភ្លើងផ្លោង គ្រាប់​បែកចង្កោម និងយន្តហោះទម្លាក់​គ្រាប់​បែក​ F-16 និង Gripen ចូលជ្រៅក្នុងទឹកដីកម្ពុជា​។ ពួកគេបានប្រើកម្លាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់​ក្នុងតំបន់មួយចំនួននៅតាមបណ្តោយព្រំដែនដោយបំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។ ជាថ្មីម្តងទៀត ក្រោមកិច្ចខិតខំធ្វើការងារការទូតយ៉ាងសកម្ម កិច្ចព្រមព្រៀង​ឈប់បាញ់​លើកទី២ ​ក៏ត្រូវបានចុះហត្ថលេខានៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈសេចក្តីប្រកាសរួម​នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)។ តាមរយៈកិច្ចព្រមព្រៀងនេះ យោធិនកម្ពុជា ១៨រូប ដែលយោធាថៃបានចាប់ខ្លួនដោយខុសច្បាប់ក៏ត្រូវបានដោះលែងឱ្យ​ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

ទោះជាសេចក្តីប្រកាសរួមនេះ បាន​បញ្ជាក់ច្បាស់ពីការឈរជើងនៅមួយកន្លែង និងហាមធ្វើសកម្មភាពរុលចូលក្នុងទីតាំងនៃភាគីម្ខាងទៀត ហើយត្រូវប្រគល់ភារកិច្ចឱ្យ​គណៈកម្មការចម្រុះខណ្ឌសីមា​ព្រំដែនគោក(JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេស​ទាំងពីរឱ្យបានឆាប់បំផុត​តាមកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធថៃ​​នៅតែ​​បន្ត​បំពានកិច្ចព្រមព្រៀងនេះ ​ដោយបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងធ្វើសកម្មភាពបំផ្លិចបំផ្លាញ​ផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងសាងសង់សំណង់ថ្មី​ដើម្បីបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait Accomplis) ក្នុងចេតនា​ចង់កាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍។

ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លា​ប្រឆាំងនឹងអំពើរំលោភលើដែនអធិបតេយ្យកម្ពុជាទាំងបំពាននេះ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ​បានធ្វើការយ៉ាង​សកម្ម​ដោយគ្មានធ្វេសប្រហែសឡើយ។ ការតវ៉ានេះមានសារសំខាន់​មិនអាចខ្វះបាន​ដើម្បីបង្កើតទឡ្ហីករណ៍ផ្លូវច្បាប់រឹងមាំសម្រាប់ការពារបូរណភាពទឹកដី​កម្ពុជាចេញពីការកាន់កាប់ដោយខុសច្បាប់ និងរង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ តម្លាភាព តាមយន្តការទ្វេភាគីដោយផ្អែកលើច្បាប់អន្តរជាតិ។ ​រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តធ្វើការងារ​ការទូតយ៉ាងសកម្ម​ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី​ និងប្រជាជនដោយចាត់ទុកជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

តាមរយៈការទូតសកម្មនេះ សហគមន៍អន្តរជាតិបានដឹងលឺយ៉ាងទូលំទូលាយអំពីភាពជាអ្នក​រងគ្រោះរបស់កម្ពុជាពីការរំលោភបំពានរបស់ថៃ និងបាន​គាំទ្រជំហរការពារបូរណភាពទឹកដីកម្ពុជាតាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ ជាក់ស្តែង សភានៃប្រទេសនិយាយភាសាបារាំង(APF) បានចេញសេចក្តី​សម្រេចមួយកាលពីថ្ងៃទី១១ ខែ​​កក្កដា ឆ្នាំ២០២៦ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់លើជនស៊ីវិលកម្ពុជា និងសកម្មភាពឯកតោភាគីរបស់ថៃ ដោយទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង និង​ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC។ សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយក​ចិត្តទុកដាក់ទៅលើបញ្ហានេះ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូមបញ្ជាក់ជូនថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ​តាមរយៈ​ការប្រើកម្លាំងនោះឡើយ និងសូមបញ្ជាក់ថា បន្លាលួស និងទូរកុងតឺន័រ មិនអាចជំនួសខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរបានជាដាច់ខាត៕

សូមអរគុណ!

អត្ថបទទាក់ទង