Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 260

(ភ្នំពេញ)៖ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន ធ្វើយ៉ាងណាធានាជំរុញលំហូរធនធាន ឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់ក្រោមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍» ដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាពេលនេះ ពិតជាមានខ្លឹមសារសំខាន់ និងស័ក្តិសមបំផុតក្នុងការឆ្លើយតបទៅនឹង ភាពចាំបាច់ និងតម្រូវការជាក់ស្តែងរបស់ស្ថាប័ន និងប្រជាជនកម្ពុជា ក្នុងការបន្តរក្សា និងបង្កើនភាពធន់ទៅ នឹងគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អភិវឌ្ឍន៍ជីវភាពរស់នៅ និងភាពសុខុដុមនៅក្នុងសហគមន៍។

ក្នុងសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ ការងារពហុវិស័យ ការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះមិនថាវិស័យណាមួយ ស្ថាប័នណាមួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបសុទ្ធតែមានភារកិច្ច និងជាប់ពាក់ព័ន្ធរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវកតញ្ញុតាធម៌ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានការពារយ៉ាងមោះមុតនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ដឹកនាំការគ្រប់គ្រងគ្រោះមហន្តរាយ ដោយប្រយុទ្ធ ទប់ស្កាត់ រក្សាការពារអាយុជីវិត និងជីវភាពប្រជាជន ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយមិនមានការទទួលខុសត្រូវឡើយ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជន សប្បុរសជន និងប្រទេសជាមិត្ត ដែលបានឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធាន សម្ភារ ថវិកា ជួយដល់ប្រជាជនកម្ពុជាទទួលរងនូវគ្រោះមហន្តរាយ ដែលកើតមានលើទឹកដីកម្ពុជាកន្លងមក៕

អត្ថបទទាក់ទង