Grand News Asia Close

[Video] កិច្ចសម្ភាសន៍ផ្តាច់មុខរវាងឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយសារព័ត៌មាន Bloomberg ពាក់ព័ន្ធកិច្ចការពន្ធសហរដ្ឋអាមេរិក, ផែនការវិនិយោគ និងគម្រោងព្រែកជីកហ្វូណន

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទំព័រវីដេអូ ព័ត៌មានជាតិ 1020


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញពីការពេញចិត្តចំពោះអត្រាពន្ធ ១០% ដែលសហរដ្ឋអាមេរិកដាក់លើទំនិញកម្ពុជា ក្រោមផ្នែក Section 301 ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ ខណៈកំពុងរង់ចាំការសម្រេចលើផ្នែក Excess Capacity ដែលរំពឹងថា នឹងមិនលើសពី ៩%។ ជាថ្នូរកម្ពុជាបានកាត់បន្ថយពន្ធនាំចូលពីអាមេរិក មកនៅសូន្យសម្រាប់ទំនិញមួយចំនួន ប្តេជ្ញាអនុវត្តច្បាប់បរិស្ថាន និងលុបបំបាត់ឧបសគ្គមិនមែនពន្ធ ព្រមទាំងកំពុងសិក្សាពីលទ្ធភាពនាំចូលកប្បាសពីសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍឧស្សាហកម្មក្រណាត់។

សំណួរ-ចម្លើយរវាង រវាងឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយសារព័ត៌មាន Bloomberg (បកប្រែក្រៅផ្លូវការ)

សំណួរ៖ ខ្ញុំពិតជាទន្ទឹងរង់ចាំជួបសម្ភាសន៍លោក ព្រោះកាលពីឆ្នាំមុន លោកគឺជាអ្នកចរចាសំខាន់ដែលបានជួយកាត់បន្ថយអត្រាពន្ធដែល សហរដ្ឋអាមេរិកដាក់លើទំនិញកម្ពុជា ពីជាង ៤០% មកនៅប្រហែល ១៩%។ ថ្ងៃនេះយើងឮថា អត្រាពន្ធផ្នែក Section 301 ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ មានត្រឹម ១០% ប៉ុន្តែផ្នែក Excess Capacity នៅមិនទាន់ច្បាស់នៅឡើយ។ តើស្ថានភាពបច្ចុប្បន្នយ៉ាងដូចម្តេច?

ចម្លើយ៖ យើងមានការពេញចិត្តយ៉ាងខ្លាំងចំពោះអត្រាពន្ធដែលយើងទទួលបានថ្ងៃនេះ សម្រាប់ផ្នែក Section 301 ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ អត្រាពន្ធនេះមានចន្លោះពី ១០% ដល់ ១២.៥% ប៉ុន្តែកម្ពុជាទទួលបានអត្រាទាបបំផុត គឺ ១០%។ បច្ចុប្បន្ន យើងកំពុងរង់ចាំការសម្រេចលើផ្នែកទីពីរ គឺ Excess Capacity ហើយយើងសង្ឃឹម និងរំពឹងថា អត្រានេះនឹងមិនលើសពី ៩% ទេ។ ដូច្នេះ អត្រាពន្ធទាំងពីរផ្នែកនេះ រួមបញ្ចូលគ្នា នឹងមានប្រហែល ១៩% ឬតិចជាង ១៩% ដែលស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

កម្ពុជា គឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានចុះហត្ថលេខាលើ ART (Agreement on Reciprocal Trade) ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំមុន នៅទីក្រុងកូឡាឡាំពួរ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ បន្ទាប់ពីនោះ លោកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ART ជាមួយនាយករដ្ឋមន្ត្រីរបស់យើងផងដែរ។

សំណួរ៖ តើលោកមានទំនុកចិត្តកម្រិតណាថា អត្រាពន្ធផ្នែក Excess Capacity នឹងតិចជាង ៩%? ហើយតើលោកគិតថា វានឹងនៅកម្រិតប៉ុន្មាន?

ចម្លើយ៖ ខ្ញុំរំពឹងថា វានឹងមិនលើសពី ៩% ទេ ព្រោះខ្ញុំជឿថា សហរដ្ឋអាមេរិកនឹងគោរពតាមការប្តេជ្ញារបស់ខ្លួន។ ខ្ញុំគិតថា វានឹងនៅជិត ៩% ព្រោះការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ចង់ឱ្យអត្រាពន្ធរបស់កម្ពុជា ស្ថិតក្នុងកម្រិតប្រហាក់ប្រហែលនឹងប្រទេសដៃគូប្រកួតប្រជែង របស់យើងនៅអាស៊ាន។ USTR បានប្តេជ្ញាថា នឹងគោរពអ្វីដែលពួកគេបានចុះហត្ថលេខាជាមួយយើង ហើយយើងក៏ប្តេជ្ញាគោរពអ្វីដែលយើងបាន ចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកដែរ។

សំណួរ៖ ចុះអ្វីដែលសហរដ្ឋអាមេរិកស្នើសុំជាថ្នូរវិញ? ខ្ញុំបានសម្ភាសន៍រដ្ឋមន្ត្រីពាណិជ្ជកម្មមុននេះ ហើយគាត់បាននិយាយថា មានការស្នើសុំមួយចំនួនពីសហរដ្ឋអាមេរិក ដើម្បីផ្តល់ការលើកលែងទាំងនេះ។ តើលោកអាចចែករំលែកបន្ថែមបានទេ?

ចម្លើយ៖ ជាដំបូង យើងបានកាត់បន្ថយពន្ធនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាឱ្យនៅសូន្យ សម្រាប់ទំនិញមួយចំនួន ស្របតាមកាតព្វកិច្ចដែលយើងបានព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក។ ឧទាហរណ៍ លើបញ្ហាបរិស្ថាន យើងត្រូវអនុវត្តច្បាប់របស់យើងឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់ជាដើម។ យើងក៏បានប្តេជ្ញាកាត់បន្ថយ ឬលុបបំបាត់ឧបសគ្គមិនមែនពន្ធ (Non-Tariff Barriers) ដូចជា វិធានការអនាម័យ និងអនាម័យរុក្ខជាតិ (SPS)។ ប្រសិនបើផលិតផលណាមួយត្រូវបានអនុម័តដោយស្ថាប័នអាមេរិក ដូចជា USDA ឬ FDA នោះកម្ពុជាមិនចាំបាច់ធ្វើតេស្តឡើងវិញទេ។ ឧទាហរណ៍ ប្រសិនបើឱសថត្រូវបាន FDA អនុម័តរួចហើយ កម្ពុជាក៏មិនចាំបាច់ធ្វើតេស្តម្ដងទៀតដែរ។

សំណួរ៖ ចុះការស្នើឱ្យកម្ពុជានាំចូលវត្ថុធាតុដើមពីសហរដ្ឋអាមេរិកវិញ? តើវាស្ថិតក្នុងផែនការដែរឬទេ?

ចម្លើយ៖ ប្រសិនបើកម្ពុជាអាចនាំចូលកប្បាសពីសហរដ្ឋអាមេរិក ដើម្បីផលិតក្រណាត់ នោះយើងអាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ TRQ (Tariff Rate Quota) រយៈពេល ៣ ឆ្នាំ ដែលមានន័យថា អាចទទួលបានអត្រាពន្ធទាប ឬសូន្យ ក្នុងរយៈពេលបីឆ្នាំ។ ដូច្នេះ យើងនឹងសិក្សាលទ្ធភាពនាំចូលកប្បាសពីសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍឧស្សាហកម្មក្រណាត់នៅកម្ពុជា និងពង្រីកទៅដល់ការផលិតវត្ថុធាតុដើមក្នុងស្រុក។ លើសពីនេះ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ART មានផលិតផលមួយចំនួនដែលអាចនាំចេញទៅសហរដ្ឋអាមេរិកដោយអត្រាពន្ធសូន្យ។ សម្រាប់ផលិតផលទាំងនោះ យើងនឹងបង់ត្រឹមតែអត្រា MFN (Most Favoured Nation) ប៉ុណ្ណោះ។ ចំពោះផលិតផលផ្សេងទៀត បច្ចុប្បន្នយើងនៅបង់ MFN បូក ១០% រហូតដល់ការកំណត់អត្រាពន្ធផ្នែក Excess Capacity ត្រូវបានបញ្ចប់ក្នុងប៉ុន្មានខែខាងមុខ។

សំណួរ៖ មានការលើកឡើងថា កម្ពុជាអាចបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) សម្រាប់កប្បាសពីសហរដ្ឋអាមេរិក។ តើកម្ពុជាកំពុងពិចារណារឿងនេះដែរឬទេ?

ចម្លើយ៖ បច្ចុប្បន្ន យើងមិនទាន់មានតំបន់សេដ្ឋកិច្ចពិសេសណាមួយ ដែលកំណត់សម្រាប់ការនាំចូលកប្បាសពីសហរដ្ឋអាមេរិក និងផលិតក្រណាត់នោះទេ។ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា បើកចំហសម្រាប់សកម្មភាពផលិតកម្មគ្រប់ប្រភេទ។ បច្ចុប្បន្ន យើងមាន ៣៩ តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការ ខណៈ ៦៣ តំបន់ ត្រូវបានអនុម័ត។

សំណួរ៖ ដូច្នេះ មិនមានផែនការបង្កើត SEZ សម្រាប់កប្បាសអាមេរិកទេ?ហើយក៏មិនទាន់ស្ថិតក្នុងផែនការអនាគតដែរ?

ចម្លើយ៖ មិនទាន់មានការកំណត់តំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលបំណងនោះទេ។ វាអាស្រ័យលើវិស័យឯកជន។ ប្រសិនបើក្រុមហ៊ុន ឬវិនិយោគិនណាម្នាក់ ចង់វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលផ្តោតលើការផលិតក្រណាត់ យើងរីករាយនឹងពិចារណាសំណើនោះ។

សំណួរ៖ តើចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា សម្រាប់តំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាអ្វី? ព្រោះកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន។ ខ្ញុំគិតថា បច្ចុប្បន្នមាន ៣៩ តំបន់កំពុងដំណើរការ និងសរុប ៦៣ តំបន់ត្រូវបានអនុម័ត។

ចម្លើយ៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៣ ត្រូវបានអនុម័ត ប៉ុន្តែមានតែ ៣៩ ប៉ុណ្ណោះដែលកំពុងដំណើរការ។ យើងរំពឹងថា តំបន់សេដ្ឋកិច្ចពិសេសទាំងនេះនឹងបន្តពង្រីក និងអភិវឌ្ឍ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនចូលមកកម្ពុជា។ ប៉ុន្តែ ការវិនិយោគផ្ទាល់ពីបរទេស មិនចាំបាច់ត្រូវតែចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ ព្រោះវិនិយោគិននៅក្រៅតំបន់ទាំងនោះ ក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរ។

ច្បាប់វិនិយោគរបស់កម្ពុជា គឺជាច្បាប់ដែលមានភាពបើកចំហបំផុតមួយក្នុងអាស៊ាន។ យើងផ្តល់ការលើកលែងពន្ធរហូតដល់ ៩ ឆ្នាំ អនុញ្ញាតឱ្យវិនិយោគិនបរទេសកាន់កាប់កម្មសិទ្ធិ ១០០% ហើយគ្រប់វិស័យសេដ្ឋកិច្ចនៅកម្ពុជា បើកចំហសម្រាប់វិនិយោគិនបរទេស។ កម្ពុជាក៏មិនមានការគ្រប់គ្រងលើការប្តូររូបិយប័ណ្ណ (Exchange Control) ផងដែរ។

សំណួរ៖ នោះជាគោលនយោបាយដែលទាក់ទាញខ្លាំងណាស់។ ប៉ុន្តែចុះបញ្ហាអភិបាលកិច្ចក្នុងប្រទេសវិញ? ជាពិសេស ការបង្ក្រាបការឆបោកតាមអនឡាញ តើវាមានផលប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជាដែរឬទេ?

ចម្លើយ៖ នាយករដ្ឋមន្ត្រីរបស់យើងបានហៅមជ្ឈមណ្ឌលឆបោកទាំងនោះថា ជា “សេដ្ឋកិច្ចងងឹត” (Black Economy)។ សេដ្ឋកិច្ចងងឹតមិនបានផ្តល់ផលប្រយោជន៍អ្វីដល់សេដ្ឋកិច្ចកម្ពុជានោះទេ។ ផ្ទុយទៅវិញ វាប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការទាក់ទាញវិនិយោគិនល្អៗ ហើយក៏ប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាផងដែរ។ ប៉ុន្តែនាយករដ្ឋមន្ត្រីរបស់យើង មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ហើយរាជរដ្ឋាភិបាលក៏មានការប្តេជ្ញា និងការតាំងចិត្តយ៉ាងពេញលេញ ក្នុងការលុបបំបាត់ការឆបោកតាមអនឡាញ។

សំណួរ៖ ដោយសារមានភាពរីកចម្រើនក្នុងការបង្ក្រាបទីតាំងឆបោក និងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ តើលោកឃើញសញ្ញាវិជ្ជមាននៅក្នុងទិន្នន័យវិនិយោគផ្ទាល់ពីបរទេសដែរឬទេ?

ចម្លើយ៖ ថ្មីៗនេះ ខ្ញុំទើបតែត្រឡប់មកពីដំណើរផ្សព្វផ្សាយវិនិយោគនៅជប៉ុន កូរ៉េ និងចិន។ នៅពេលខ្ញុំជម្រាបពួកគេថា កម្ពុជាមានការប្តេជ្ញាចិត្តទាំងស្រុងក្នុងការលុបបំបាត់ការឆបោកតាមអនឡាញ ហើយពួកគេក៏បានអានព័ត៌មានតាមសារព័ត៌មានផងដែរ ពួកគេមានទំនុកចិត្តកាន់តែខ្លាំង។

សំណួរ៖ ហើយពួកគេកំពុងសម្រេចចិត្តវិនិយោគមែនទេ?

ចម្លើយ៖ ពួកគេមានទំនុកចិត្ត និងកំពុងពិចារណាវិនិយោគនៅកម្ពុជា។ បើយើងមើលទិន្នន័យ៖ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង មានទុនវិនិយោគសរុប ៦.៩ ពាន់លានដុល្លារអាមេរិក។ ឆ្នាំ២០២៥ យើងអនុម័ត ៦៣០ គម្រោង មានទុនវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក។ នោះមានន័យថា ចំនួនគម្រោងបានកើនឡើងប្រមាណ ៥០% ខណៈទំហំទុនវិនិយោគកើនឡើង ៤៥%។ សម្រាប់រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ យើងបានអនុម័ត ២៧៦ គម្រោង មានទុនវិនិយោគ ៤.៧ ពាន់លានដុល្លារ។ នេះស្មើនឹងប្រហែលពាក់កណ្តាលនៃទុនវិនិយោគដែលបានអនុម័តពេញមួយឆ្នាំ២០២៥។

ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ យើងនឹងអាចទាក់ទាញការវិនិយោគបានកាន់តែច្រើន។ ប៉ុន្តែសង្គ្រាមនៅមជ្ឈិមបូព៌ា ក៏បានប៉ះពាល់ដល់ការវិនិយោគផងដែរ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែទាំងតំបន់ និងពិភពលោកទាំងមូល។

សំណួរ៖ តើការវិនិយោគទាំងនេះ ប៉ុន្មានភាគរយមកពីប្រទេសចិន? ហើយកម្ពុជាកំពុងខិតខំទាក់ទាញវិនិយោគិនពីប្រទេសផ្សេងៗក្រៅពីចិនយ៉ាងដូចម្តេច?

ចម្លើយ៖ នៅឆ្នាំ២០២៤ ការវិនិយោគពីប្រទេសចិនមានចំនួន ៤៩%។ នៅឆ្នាំ២០២៥ កើនឡើងដល់ ៥៤%។ ប៉ុន្តែក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ សមាមាត្រនេះបានធ្លាក់ចុះមកនៅ ៣៥%។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានវិនិយោគិនមកពីប្រទេសផ្សេងៗទៀតផងដែរ។ ច្បាប់វិនិយោគរបស់យើង មិនរើសអើងវិនិយោគិនពីប្រទេសណាមួយឡើយ។ យើងស្វាគមន៍ និងលើកទឹកចិត្តឱ្យវិនិយោគិនគ្រប់រូប មកវិនិយោគនៅកម្ពុជា ដោយសារយើងមានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច កម្លាំងពលកម្មវ័យក្មេង មានសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធកំពុងអភិវឌ្ឍ។ យើងចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារសម្រាប់តំបន់អាស៊ាន។

សំណួរ៖ គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ ១.៧ ពាន់លានដុល្លារ។ ថ្មីៗនេះ លោកបានបញ្ជាក់ជាមួយ Bloomberg ថា មានកិច្ចព្រមព្រៀងកម្ចីជាមួយប្រទេសចិន។ តើកម្ចីនោះមានចំនួនប៉ុន្មាន? លក្ខខណ្ឌដូចម្តេច? ហើយនឹងយកទៅប្រើប្រាស់លើអ្វីខ្លះ?

ចម្លើយ៖ ប្រទេសចិនបានអនុម័តផ្តល់កម្ចី ២០០ លានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធទ្វារទឹកនាវា (Ship Lock) និងប្រព័ន្ធស្រោចស្រពនៅក្នុងព្រែកជីក។ លក្ខខណ្ឌនៃកម្ចីនេះល្អណាស់ ដោយមានអត្រាការប្រាក់ ១.២៥% និងរយៈពេលសង ២០ ឆ្នាំ។ បន្ថែមពីនេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណង ២០០ លានដុល្លារ សម្រាប់សាងសង់ស្ពានចំនួន ៦ ឬ ៧ ដែលឆ្លងកាត់ព្រែកជីក។ លើសពីនេះទៀត ប្រទេសចិនក៏នឹងផ្តល់ហិរញ្ញប្បទានជិត ១ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនសម្បទាន ដើម្បីសាងសង់ព្រែកជីកនេះ។ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលនឹងផ្លាស់ប្តូរយ៉ាងសំខាន់វិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ យើងចង់ផ្លាស់ប្តូរពីការដឹកជញ្ជូនតាមផ្លូវគោក មកប្រើផ្លូវទឹកឱ្យបានច្រើនជាងមុន ដើម្បីកាត់បន្ថយការខូចខាតផ្លូវ គ្រោះថ្នាក់ចរាចរណ៍ ថ្លៃដឹកជញ្ជូន ពេលវេលាដឹកជញ្ជូន និងការបញ្ចេញឧស្ម័ន CO₂ ទៅក្នុងបរិស្ថាន។

សំណួរ៖ តើគម្រោងនេះនឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ប្រទេសវៀតណាមដែរឬទេ? ព្រោះមានការព្រួយបារម្ភថា ព្រែកជីកនេះអាចធ្វើឱ្យការដឹកជញ្ជូនរំលងកំពង់ផែ និងផ្លូវទឹករបស់វៀតណាម។ តើកម្ពុជាបានពិភាក្សាបញ្ហានេះជាមួយវៀតណាមដែរឬទេ?

ចម្លើយ៖ ខ្ញុំមិនគិតថាការលើកឡើងនោះត្រឹមត្រូវទាំងស្រុងទេ។ ការដឹកជញ្ជូនមួយចំនួននឹងនៅតែឆ្លងកាត់វៀតណាម ខណៈមួយចំនួនទៀតនឹងឆ្លងកាត់កំពង់ផែរបស់កម្ពុជា។ អ្វីដែលយើងកំពុងធ្វើ គឺបង្កើតបរិយាកាសដែលអាចឱ្យកម្ពុជារីកចម្រើន និងពង្រីក “នំសេដ្ឋកិច្ច” ឱ្យធំជាងមុន ដើម្បីឱ្យគ្រប់ភាគីអាចទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននោះ។

សំណួរ៖ តើលោកមិនបារម្ភទេថា ការសាងសង់ព្រែកជីកនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច ឬសន្តិសុខជាមួយប្រទេសជិតខាង?

ចម្លើយ៖ មិនបារម្ភទាល់តែសោះ។ ផ្ទុយទៅវិញ វានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងកាន់តែងាយស្រួល និងកាន់តែរីកចម្រើន។

សំណួរ៖ សូមនិយាយអំពីចក្ខុវិស័យរយៈពេលវែងក្នុងការទាក់ទាញការវិនិយោគផង។

ចម្លើយ៖ យើងមានចក្ខុវិស័យឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយពង្រីកទៅកាន់វិស័យអេឡិចត្រូនិក ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មកែច្នៃម្ហូបអាហារ ដើម្បីផ្លាស់ប្តូរពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើន។ នោះគឺជាចក្ខុវិស័យរបស់យើង។ -FN-

អត្ថបទទាក់ទង