Grand News Asia Close

បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលសកម្មភាពរំលោភបំពានរបស់ថៃ នៅតំបន់បឹងត្រកួន

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ព័ត៌មានជាតិ 1028
បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលសកម្មភាពរំលោភបំពានរបស់ថៃ នៅតំបន់បឹងត្រកួន បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលសកម្មភាពរំលោភបំពានរបស់ថៃ នៅតំបន់បឹងត្រកួន

បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦—លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិនិត្យមើលដោយផ្ទាល់ សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃ នៅតំបន់បឹងត្រកួន និងទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោលនេះ ភាគច្រើនមកពីតំបន់បឹងត្រកួន បន្ទាប់ពីសង្គ្រាមឈ្លានពាន ការរាយបន្លាលួសព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ពីសំណាក់កម្លាំងថៃ កាលពីពេលកន្លងមក។

ការអញ្ជើញទៅដល់ទីតាំងជាក់ស្តែងរបស់ បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ក៏ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ពីសកម្មភាពរំលោភបំពាន ដែលខុសច្បាប់អន្តរជាតិរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។

សូមរម្លឹកថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា” ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។

ផ្ទុយទៅវិញកងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។ -AKP –

ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)


——————
#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង