ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាកំពុងធ្វើអ្វីខ្លះដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា?
ចម្លើយ៖ ដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ កម្ពុជាបានប្រកាសជំហរច្បាស់ៗថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ហើយបន្តការពារយ៉ាងម៉ឺងម៉ាត់នូវខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ សកម្មភាពដែលយោធាថៃបាននិងកំពុងអនុវត្តត្រូវបានចាត់ទុកជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលភាគីកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។
លើសពីនេះ ការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ គឺជាអំពើរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងឡាយណាដែលបង្កភាពតានតឹង និងងាកមកគោរពតាមគោលការណ៍ដែលបានព្រមព្រៀងគ្នា ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ស្របតាមចំណុចទី៤ នៃសេចក្តីប្រកាសរួម ដែលបានចែងអំពីការអនុញ្ញាតឱ្យជនស៊ីវិលវិលត្រឡប់ទៅកាន់ផ្ទះសម្បែងដោយគ្មានការរំខាន ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
សំណួរទី២៖ តើអ្វីជាគោលការណ៍ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី អធិបតេយ្យភាពជាតិ និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ គោលការណ៍ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារទឹកដី អធិបតេយ្យភាពជាតិ និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន៖
– ទឹកដី និងប្រជាជននៅតែជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក នៅពេលបច្ចុប្បន្ន និងទៅអនាគត
– ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលប្តេជ្ញាប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីដែលមានដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ស្របតាមច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើកម្លាំងជាដាច់ខាត។
– កម្ពុជាប្រកាន់ខ្ជាប់នូវជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃ ដោយសន្តិវិធីផ្អែកលើផែនទី និងឯកសារដែលកំណត់ដោយអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ និងច្បាប់អន្តរជាតិព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលកម្ពុជានិងថៃបានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពនៅលើដីរៀងៗខ្លួន៕





