ក្មេងស្រែកនឹកផ្ទះ មនុស្សធំត្រូវការមុខរបរលើដីដំណាំ ពលរដ្ឋភៀសសឹកបន្ដទាមទារឱ្យថៃដកទូរកុងតឺន័រ និងលួសបន្លាចេញ
អ្នកអត្ថាធិប្បាយបណ្ដាញសង្គមជនជាតិអង់គ្លេស Kevin Smith ចុះទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ជាទីដែលយោធាថៃបានដាក់កុងតឺន័រ និងរបងលួសបន្លាចូលជ្រៅក្នុងទឹកដីកម្ពុជា។ រូបថត ហុង រស្មី
ខេត្ដពោធិ៍សាត់៖ រៀងរាល់ព្រឹក សំឡេងសើចក្អាកក្អាយរបស់កុមារលាន់ឮពេញជួរជម្រកតង់ពណ៌ខៀវនៅមណ្ឌលភៀសសឹក ដែលបានប្រែក្លាយជាសហគមន៍បណ្ដោះអាសន្នមួយ។
កុមារខ្លះប្រញាប់ទៅរៀននៅថ្នាក់បណ្ដោះអាសន្ន ខណៈអ្នកខ្លះលេងកម្សាន្ដទៅតាមសភាវគតិជាក្មេង រីឯឪពុកម្ដាយវិញរវល់ចម្អិនអាហារ ឬដងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
សម្រាប់កុមារ ជីវិតនៅមណ្ឌលភៀសសឹកបានក្លាយជាទម្លាប់ទៅហើយ។ ប៉ុន្តែសម្រាប់ឪពុកម្ដាយ ក្ដីសង្ឃឹមតែមួយគត់រៀងរាល់ថ្ងៃ គឺការវិលត្រឡប់ទៅផ្ទះវិញ។
ជិតមួយឆ្នាំបន្ទាប់ពីសង្គ្រាមឈ្លានពាន បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញពីភាគខាងលិចនៃប្រទេស ក្រុមគ្រួសារជាច្រើននៅខេត្តពោធិ៍សាត់ នៅតែមិនអាចវិលត្រឡប់ទៅភូមិកំណើតបាន ទោះបីមានបទឈប់បាញ់ដែលចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។

ពួកគេអះអាងថា កុងតឺន័រ និងរបងលួសបន្លារបស់យោធាថៃ ដែលត្រូវបានដាក់នៅជិតភូមិរបស់ពួកគេ នៅតែជាឧបសគ្គរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះ ដីស្រែចម្ការ និងមុខរបរចិញ្ចឹមជីវិតវិញបាន។
គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរបានកត់ត្រាប្រជាពលរដ្ឋភៀសសឹកចំនួន ៦៩គ្រួសារ ស្មើនឹង២០៣នាក់ កំពុងស្នាក់នៅមណ្ឌលជម្លៀសពីរកន្លែងក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះមានស្ត្រី ១០៤នាក់ និងកុមារអាយុក្រោម១៥ឆ្នាំ ៥៣នាក់។
មណ្ឌលវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ទទួលស្នាក់នៅ ៦១គ្រួសារ សរុប១៧០នាក់ ខណៈមណ្ឌលវត្តប្រម៉ោយ មាន ៨គ្រួសារ សរុប៣៣នាក់។
ជម្រកដែលធ្លាប់គ្រោងទុកសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន បានប្រែក្លាយជាកន្លែងរស់នៅយូរអង្វែង។
នៅក្នុងតង់មួយដែលត្រូវបានរៀបចំជាថ្នាក់រៀន កុមារបន្តការសិក្សារបស់ពួកគេ ខណៈនៅខាងក្រៅ ឪពុកម្ដាយបារម្ភមិនមែនអំពីការសិក្សារបស់កូនទេ ប៉ុន្តែបារម្ភថា តើថ្ងៃណាទើបពួកគេអាចវិលត្រឡប់ទៅផ្ទះវិញបាន។
ផ្ទះនៅពីក្រោយរបងលួសបន្លា
អ្នកស្រី សំ សារី គឺជាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលនៅតែរង់ចាំ។ ផ្ទះរបស់អ្នកស្រីស្ថិតនៅជិតបំផុតនឹងរបងលួសបន្លាដែលយោធាថៃបានដាក់ក្នុងតំបន់ថ្មដា។
អ្នកស្រីបានរៀបរាប់ថា គ្រួសាររបស់អ្នកស្រីបានភៀសខ្លួនអំឡុងពេលមានការឈ្លានពាន ហើយក្រោយមកបានវិលទៅមើលផ្ទះមួយរយៈខ្លី ប៉ុន្តែឃើញផ្ទះរងការខូចខាត និងទ្រព្យសម្បត្តិបាត់បង់ជាច្រើន។
អ្នកស្រីប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដោយសាររបងលួសនៅជិតផ្ទះពេក ឥឡូវយើងលែងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតហើយ។ យើងមិនដឹងថា អាចមានអ្វីកើតឡើងនៅពេលណាទេ»។
អ្នកស្រី សារី បន្តថា អ្វីដែលអ្នកស្រីចង់បាន គឺឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ឆាប់រកដំណោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះ និងប្រកបរបររកស៊ីដូចដើម។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងថៃ សូមជួយដោះស្រាយឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានត្រឡប់ទៅផ្ទះ និងប្រកបមុខរបរវិញ»។

អ្នកស្រីក៏បានអំពាវនាវដល់អាស៊ាន និងសហគមន៍អន្តរជាតិ ឱ្យជួយជំរុញដំណោះស្រាយសន្តិភាពផងដែរ។
ស្ដ្រីរូបនេះបានបន្ដថា៖ «យើងសូមឱ្យអាស៊ាន និងសហគមន៍អន្តរជាតិ ជួយដោះស្រាយរវាងកម្ពុជា និងថៃឱ្យបានឆាប់។ នេះជាទឹកដីរបស់កម្ពុជា ហើយពួកយើងគ្រាន់តែចង់រស់នៅដោយសុខសាន្តប៉ុណ្ណោះ»។
រំឭកពីការវិលទៅផ្ទះក្រោយការជម្លៀស អ្នកស្រីនិយាយទាំងទឹកភ្នែកថា៖ «ពេលខ្ញុំត្រឡប់មកវិញក្រោយបទឈប់បាញ់ ៧២ម៉ោង ខ្ញុំយំ។ ឃើញផ្ទះខូច ហើយទ្រព្យសម្បត្តិបាត់អស់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបាត់បង់គ្រប់យ៉ាង»។
បទឈប់បាញ់ ប៉ុន្តែមិនទាន់បានត្រឡប់ទៅផ្ទះ
ស្ថានភាពនេះក៏បានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិផងដែរ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានដឹកនាំឯកអគ្គរដ្ឋទូត ភារធារី និងតំណាងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពនៅឃុំថ្មដា ជាទីដែលកម្ពុជាអះអាងថា ត្រូវបានយោធាថៃកាន់កាប់ និងបានជួបជាមួយប្រជាពលរដ្ឋភៀសសឹក។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី និងយន្តការដែលមានស្រាប់ ហើយបដិសេធការផ្លាស់ប្តូរព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិដោយប្រើកម្លាំង។
ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ កិច្ចខិតខំផ្នែកការទូតមិនទាន់បានផ្លាស់ប្តូរជីវិតរបស់ពួកគេនៅឡើយ។
អ្នកស្រី យ៉ុង រ៉ែម ដែលរស់នៅថ្មដាតាំងពីឆ្នាំ១៩៩៩ បាននិយាយថា តំបន់នេះបានផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីយោធាថៃដាក់កុងតឺន័រ និងរបងលួសបន្លាក្រោយបទឈប់បាញ់។
អ្នកស្រីបានឱ្យដឹងថា៖ «ពីមុនមានផ្ទះធំៗ មានចម្ការកៅស៊ូ ធុរេន និងដំណាំជាច្រើន។ ឥឡូវប្រហែលពាក់កណ្ដាលប្រជាពលរដ្ឋនៅតែមិនអាចចូលផ្ទះបាន»។
គ្រួសារខ្លះនៅតែរស់នៅមណ្ឌលជម្លៀស ខ្លះជួលផ្ទះ និងខ្លះទៀតស្នាក់នៅជាមួយសាច់ញាតិ។ អ្នកស្រីថា ភាពភ័យខ្លាចបានក្លាយជាជីវិតប្រចាំថ្ងៃ។

អ្នកស្រី រ៉ែម បានបន្ថែមថា៖ «យើងរស់នៅទាំងយប់ទាំងថ្ងៃដោយការភ័យខ្លាច។ ពីមុនយើងនៅមានការងារ មានចំណូល។ ឥឡូវអត់មានអីទាំងអស់ ចំណូលសូន្យ»។
អ្នកស្រីបញ្ជាក់ថា យោធាថៃបានចូលកាន់កាប់តំបន់កាន់តែជ្រៅ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។
អ្នកស្រីបាននិយាយដោយសម្លឹងទៅមើលរថយន្ដធុនធំរបស់ថៃកំពុងតែឈូសឆាយកាយដំណាំធ្វើផ្លូវថា៖ «ពួកវាចូលក្រោយបទឈប់បាញ់។ ទោះការបាញ់គ្នាឈប់ហើយ ក៏ការឈ្លានពាននៅតែបន្ត»។
កុមារធំធាត់ក្នុងជីវិតជម្លៀស
សង្គ្រាមក៏បានផ្លាស់ប្តូរជីវិតកុមារផងដែរ។ កុមារាអាយុ៩ឆ្នាំ ម៉ាច រស្មី ដែលកំពុងរៀនថ្នាក់ទី៣ នៅមណ្ឌលជម្លៀស បានប្រាប់ថា ខ្លួននឹកផ្ទះ សាលារៀន និងសាច់ញាតិនៅថ្មដាជាខ្លាំង។
កុមារា រស្មី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំនឹកផ្ទះ នឹកសាលា ហើយនឹកបងប្អូន ខានជួបពួកគាត់យូរហើយ»។
នៅពេលសួរថា បើសិនជាអាចត្រឡប់ទៅផ្ទះថ្ងៃស្អែក តើចង់ធ្វើអ្វីមុនគេ?
កំពុងតែកត់មេរៀន កុមារា រស្មី បានឆ្លើយភ្លាមៗថា៖ «ចង់ចិញ្ចឹមមាន់ទា ដាំដំណាំ ហើយទៅរៀនវិញ»។

ទោះបីបច្ចុប្បន្នកុមារាបានរៀនដល់ទៅបីពេលក្នុងមួយថ្ងៃនៅមណ្ឌលភៀសសឹកក៏ដោយ រស្មី ថា ជីវិតនៅទីនេះមិនពេញលេញទេ។
កុមារីរូបនេះបានបញ្ជាក់ថា៖ «នៅទីនេះបានតែរៀន តែមិនបានដាំដំណាំ ឬធ្វើអ្វីទៀតទេ។ នៅផ្ទះយើងមានដី មានដំណាំ មានសត្វចិញ្ចឹម»។
នៅពេលសួរថា អ្វីជាឧបសគ្គមិនឱ្យត្រឡប់ទៅផ្ទះ?
រស្មី បានឆ្លើយក្នុងសំឡេងតិចៗថា៖ «ថៃព័ទ្ធយកផ្ទះខ្ញុំអស់ហើយ»។
ជីវិតដែលនៅតែជាប់គាំង
មិនឆ្ងាយពីមណ្ឌលភៀសសឹកប៉ុន្មាន ស្ពានជ័យជំនះ ឬស្ពានមេទឹកនៅតែបាក់បែក ដោយដែកសរសៃស្ពានបត់បែនចេញពីបេតុង ខណៈកុងតឺន័រ និងរបងលួសបន្លារបស់យោធាថៃនៅតែឈរនៅតាមតំបន់ព្រំដែន។
សម្រាប់អ្នកស្រី លី ម៉ៅ អាយុ៦០ឆ្នាំ ការភៀសសឹកមិនមែនគ្រាន់តែបាត់ផ្ទះទេ ប៉ុន្តែបាត់បង់ជីវភាពទាំងមូល។
មុនការប៉ះទង្គិច គាត់ដាំបន្លែ ចេក អំពៅ និងដំណាំជាច្រើនសម្រាប់លក់ចិញ្ចឹមគ្រួសារ។
អ្នកស្រីបាននិយាយថា៖ «អត់ដី គឺអត់ចំណូល។ ការរស់នៅលើដីគេ មិនដូចរស់នៅលើដីខ្លួនឯងទេ»។
បច្ចុប្បន្ន អ្នកស្រីរស់ដោយការងារស៊ីឈ្នួលម្តងម្កាល ដែលរកចំណូលបានប្រហែល ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុណ្ណោះ។
ដូចប្រជាពលរដ្ឋភាគច្រើននៅមណ្ឌលជម្លៀស សំណូមពររបស់គាត់គឺសាមញ្ញបំផុត។
អ្នកស្រី ម៉ៅ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពេលអង្គុយក្នុងជម្រកបណ្ដោះអាសន្នថា៖ «យើងចង់បានដីយើងមកវិញ។ បើដកកុងតឺន័រចេញ ហើយបានដីវិញ យើងអាចសង់ផ្ទះ និងធ្វើស្រែចម្ការវិញបាន»។
ខណៈកុមារនៅតែរត់លេងក្រោមជម្រកតង់ពណ៌ខៀវ មនុស្សពេញវ័យនៅតែជាប់គាំងរវាង បទឈប់បាញ់ និង ផ្ទះដែលពួកគេមិនទាន់អាចវិលត្រឡប់ទៅដល់។
ជិតមួយឆ្នាំក្រោយការភៀសខ្លួន ពួកគេនិយាយថា ពួកគេកំពុងរង់ចាំថ្ងៃបានត្រឡប់ទៅផ្ទះវិញ។
-Post Khmer-







