Grand News Asia Close

វិភាគអន្តរជាតិ៖ តើការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន មានន័យយ៉ាងណាចំពោះលោកខាងលិច?

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ-Opinion ព័ត៌មានជាតិ 1089
វិភាគអន្តរជាតិ៖ តើការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន មានន័យយ៉ាងណាចំពោះលោកខាងលិច? វិភាគអន្តរជាតិ៖ តើការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន មានន័យយ៉ាងណាចំពោះលោកខាងលិច?

(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីការទន្រ្ទាញចូលថ្មីៗនេះពីសំណាក់ដ្រូនរុស្ស៉ីនៅក្នុងដែនអាកាសនៃប្រទេសប៉ូឡូញ និងរូម៉ានីដែលសុទ្ធសឹងជាសមាជិក NATO រដ្ឋាភិបាលប៉ូឡូញបានគាស់ឡើងវិញនូវ កិច្ចពិភាក្សាស្ដីពីការបង្កើតតំបន់គ្មានការហោះហើរ (no fly zone) នៅអ៊ុយក្រែនដើម្បីការពារប្រឆាំងនឹងសកម្មភាពឈ្លានពានជាថ្មីណាមួយម្ដងទៀតរបស់រុស្ស៉ី។ «ប្រសិនបើអ៊ុយក្រែនស្នើឱ្យយើង បាញ់ទម្លាក់ដ្រូននៅលើទឹកដីរបស់ពួកគេ នោះវាជារឿងមានប្រយោជន៍សម្រាប់ពួកយើង»។ នេះជាការលើកឡើងរបស់លោក Radoslaw Sikorski ជារដ្ឋមន្ត្រីការបរទេសប៉ូឡូញ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយរបស់អាល្លឺម៉ង់ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា។ លោកបន្ថែមថាការសម្រេចចិត្តណាមួយនឹងត្រូវធ្វើឡើងជាមួយ NATO និងប្រទេសជាដៃគូ ក្នុងសហភាពអឺរ៉ុប។

កាលពីជាង៣ឆ្នាំកន្លះមុន បណ្ដាប្រទេសលោកខាងលិចបានទាត់ចោលគំនិតចង់បង្កើតតំបន់គ្មានការហោះហើរតាមការទទូចសុំពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុង ប្រទេសរបស់លោក។ នៅពេលនោះ ក្រុមមេដឹកនាំ NATO បាននិយាយថាពួកគេបារម្ភថាការបង្កើតតំបន់គ្មានការហោះហើរអាចនឹងបង្កើនជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយអាចនឹងធ្វើឱ្យ NATO ធ្លាក់ចូលក្នុងសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ ក្នុងពេលបច្ចុប្បន្ន ធម្មជាតិនៃការគំរាមកំហែងរបស់រុស្ស៉ីបានប្រែប្រួលទៅហើយ ខណៈមូស្គូកំពុងពឹងផ្អែកលើការផលិតដ្រូនរយៈចម្ងាយឆ្ងាយ ទ្រង់ទ្រាយធំដើម្បីប្រើប្រាស់ជំនួសយន្ដហោះចម្បាំង។ ដូច្នេះការបង្កើតតំបន់គ្មានការហោះហើរអនុវត្តដោយ NATO នៅតែជាបញ្ហាប្រឈមខាងនយោបាយដ៏ធំ គួបផ្សំនឹងការរីកចម្រើននៃបច្ចេកវិទ្យា ដ្រូនបានកែប្រែសមរភូមិសង្រ្គាមអ៊ុយក្រែនខុសប្លែកយ៉ាងខ្លាំងកាលពីឆ្នាំ២០២២។ ក្នុងន័យនេះ ការបង្កើតតំបន់គ្មានការហោះហើរ នៅអ៊ុយក្រែនជារឿងមួយដ៏ពិបាក។

លោក Michael R. Carpenter ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អឺរ៉ុបបាននិយាយថាមន្ទីរបញ្ចកោណទំនងជានឹងមិនគាំទ្រដល់ ការបង្កើតតំបន់គ្មានការហោះហើរដឹកនាំដោយលោកខាងលិចនៅអ៊ុយក្រែននោះទេ។ ពីព្រោះវានឹងប្រែក្លាយពីសង្រ្គាមខ្ចីដៃ ឬ Proxy War ទៅជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ ម្យ៉ាង បើទោះជាសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនពិតជាហ៊ានប្រថុយគ្រោះថ្នាក់ដើម្បីជួយការពារដែនអាកាសរបស់អ៊ុយក្រែនក៏ដោយ ក៏វានៅតែមានបញ្ហាប្រឈមដដែល។ ពោលគឺប្រសិនបើពួកគេ បរាជ័យក្នុងការបញ្ឈប់ ឬបាញ់ទម្លាក់ដ្រូនរុស្ស៉ី នោះវានឹងបង្ហាញពីអសមត្ថភាពរបស់ NATO ហើយប្រសិនបើពួកគេចង់បាញ់ទម្លាក់ដ្រូនរុស្ស៉ីដោយប្រើប្រាស់មីស៊ីល នោះវាមិនមែនជាជម្រើសល្អទេ ត្បិតមីស៊ីលមានតម្លៃរាប់លានដុល្លារត្រូវយកទៅប្រើដើម្បីបាញ់ទម្លាក់ដ្រូនរបស់រុស្ស៉ីដែលមានតម្លៃថោក។

តាមលោក Justin Bronk ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ខាងអំណាចផ្លូវអាកាស និងបច្ចេកវិទ្យាមកពីវិទ្យាស្ថាន Royal United Services Institute ក្នុងទីក្រុងឡុងដ៍ អឺរ៉ុបតែម្នាក់ឯងនឹង ជួបការលំបាកក្នុងបាញ់ទម្លាក់ដ្រូនរុស្ស៉ីក្នុងចំនួនដ៏ច្រើន។ ការឆ្លើយតបរបស់ NATO ទៅនឹងការទន្ទ្រាញដោយដ្រូនរុស្ស៉ីចូលក្នុងដែនអាកាសប៉ូឡូញបានបង្ហាញយ៉ាងច្បាស់ពីបញ្ហាប្រឈមនេះ។ ប៉ូឡូញ និងដាណឺម៉ាកបានប្រើប្រាស់យន្ដហោះចម្បាំងប្រដាប់ដោយមីស៊ីលមានតម្លៃលើស ១លានដុល្លារ ដើម្បីបាញ់ទម្លាក់ដ្រូនរុស្ស៉ី ក្នុងនោះរួមមាន​ដ្រូនបញ្ឆោតជាច្រើនគ្រឿងដែលមានតម្លៃត្រឹម ប៉ុន្មានម៉ឺនដុល្លារ ឬថោកជាងនេះទៅទៀត។ នេះគឺជាលើកដំបូងដែល NATO ចូលរួមដោយផ្ទាល់ក្នុងសកម្មភាពបាញ់ទម្លាក់ដ្រូនរុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ ប៉ុន្តែយុទ្ធសាស្ត្របែបនេះមិនមាននិរន្តរភាពឡើយ។ លោក Justin Bronk យល់ថាទោះជាមិនខ្វល់ពីខ្ទង់ចំណាយលើការបាញ់មីស៊ីលក៏ដោយ ក៏អឺរ៉ុបមិនអាចផលិតមីស៊ីលគ្រប់គ្រាន់ និងទាន់ពេល ដើម្បីស្ទាក់បំផ្លាញដ្រូនរាប់រយគ្រឿងដែលរុស្ស៉ីអាចបញ្ជូនចូលក្នុងតំបន់គ្មានការហោះហើរណាមួយនោះដែរ។ តាមលោក Bronk យន្ដហោះចម្បាំងអឺរ៉ុបត្រូវតែធ្វើទំនើបកម្មជាមួយការបំពាក់ប្រព័ន្ធអាវុធ advanced precision kill weapon system ដែលប្រើប្រាស់គ្រាប់រ៉ុក្កែតបំពាក់ឡាស៊ែរនាំផ្លូវមានតម្លៃថោកអភិវឌ្ឍដោយក្រុមហ៊ុន BAE System ដើម្បីបាញ់ទម្លាក់ដ្រូន។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែកញ្ញាមក រុស្ស៉ីបានបាញ់ដ្រូនច្រើនប្រភេទផ្សេងៗគ្នាជាង ៣៥០០គ្រឿង និងមីស៊ីលជិត ១៩០គ្រាប់ រួមជាមួយគ្រាប់បែកទម្លាក់ចេញពីយន្ដហោះចម្បាំង ២៥០០គ្រាប់ លើគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីលោក ហ្សេលេនស្គីកាលពីថ្ងៃទី១៦ ខែកញ្ញា។ សព្វថ្ងៃនេះ យោធាតែមួយគត់នៅលើពិភពលោកដែលប្រឈមនឹងការវាយប្រហារ ដោយដ្រូនទ្រង់ទ្រាយធំគឺអ៊ុយក្រែន។ តែព្រមពេលជាមួយគ្នា អ៊ុយក្រែនក៏បានរៀនសូត្រពីសង្រ្គាមជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាដ្រូន និងអាវុធបាញ់ទម្លាក់ដ្រូនផងដែរ។ លោក Yurii Ihnat ជាប្រធានទំនាក់ទំនងសម្រាប់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថាអ្នកឯកទេសរបស់អ៊ុយក្រែនបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយបណ្ដុះបណ្ដាលសម្ព័ន្ធមិត្តអឺរ៉ុបពីទម្រង់ នៃសង្រ្គាមសម័យទំនើបថ្មីនេះដែលអ៊ុយក្រែនទទួលបានបទពិសោធន៍តាមរយៈការបង្ហូរឈាមការពារទឹកដី។

ជាច្រើនឆ្នាំមកនេះ អ៊ុយក្រែនបានទទូចសុំប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទពីលោកខាងលិចដែលធ្វើសមាហរណកម្មជាមួយប្រព័ន្ធអាវុធអ៊ុយក្រែន។ ប៉ុន្តែលោកខាងលិចនៅតែ មានការស្ទាក់ស្ទើរ។ ក្នុងនោះសូម្បីតែរូម៉ានីដែលទើបតែរងការឈ្លានពានដែនអាកាសពីដ្រូនរុស្ស៉ីកាលពីពេលថ្មីៗនេះ បាននិយាយកាលពីថ្ងៃទី១៦ ខែកញ្ញាថាខ្លួននៅមិនទាន់សម្រេចចិត្ត ថានឹងគាំទ្រការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែននៅឡើយទេ៕
-Fresh News-

អត្ថបទទាក់ទង