ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះការចោទប្រកាន់របស់ភាគីថៃដែលថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន?
ចម្លើយ៖ កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងបញ្ជាក់ថា តាមពិត ភាគីថៃទេដែលជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជា។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមុន មិនអាចមកដើរតួជាជនរងគ្រោះ និងមិនអាចលើកហេតុផលភូតកុហកថា ជាសិទ្ធិការពារខ្លួន ដើម្បីទទួលបានភាពស្របច្បាប់នៃសកម្មភាពយោធារបស់ខ្លួនបានឡើយ។
សំណួរទី២៖ តើកម្ពុជាមានភស្តុតាងអ្វីដែលអាចអះអាងបានថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុន?
ចម្លើយ៖ សកម្មភាពយោធារបស់ថៃគឺជាការរៀបចំទុកជាមុន ព្រោះប៉ុន្មានថ្ងៃមុនការវាយប្រហារប្រដាប់អាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសផែនការ «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ការដាក់ចេញនូវផែនការនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការរៀបចំទុកជាមុន និងចេតនាពិតប្រាកដរបស់ភាគីថៃ ក្នុងការប្រើប្រាស់កម្លាំង ដែលផ្ទុយពីការអះអាងថា «សកម្មភាពរបស់ខ្លួនគ្រាន់តែជាការឆ្លើយតបដើម្បីការពារខ្លួន»។
សំណួរទី៣៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការដែលថៃយកបញ្ហាសន្តិសុខ ការញុះញង់ និងបញ្ហាមីន មកធ្វើជាហេតុផលពន្យារពេលការងារព្រំដែន?
ចម្លើយ៖ កម្ពុជាយល់ថា ការយកបញ្ហាសន្តិសុខ ការចោទប្រកាន់អំពីការញុះញង់ និងបញ្ហាមីន មកធ្វើជាហេតុផលដើម្បីបង្អាក់ ឬពន្យារពេលការងារវាស់វែង និងខណ្ឌសីមាព្រំដែន មិនស្របទៅនឹងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការប្តេជ្ញាចិត្តដែលមានស្រាប់រវាងប្រទេសទាំងពីរឡើយ។ បញ្ហាទាំងនេះគួរត្រូវបានដោះស្រាយតាមយន្តការដែលមានស្រាប់ ខណៈដែលការងារវាស់វែង និងខណ្ឌសីមាព្រំដែនគួរតែបន្តទៅមុខ ដោយមិនយកហេតុផលទាំងនេះមកធ្វើជាលេសដើម្បីគេចវេស ឬពន្យារពេលនោះឡើយ។ ម្យ៉ាងទៀត លេសដែលភាគីថៃបានប្រើក្នុងការពន្យារពេលការវាស់វែងខណ្ឌសីមាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ គឺជាភស្តុតាងមួយទៀតដែលបញ្ជាក់ថា ថៃពិតជាអ្នកឈ្លានពានទឹកដីកម្ពុជា ហើយមានបំណងកាន់កាប់ទឹកដីនោះជាអចិន្ត្រៃយ៍យ៉ាងពិតប្រាកដ៕





