ក្រសួងព័ត៌មានតវ៉ាចំពោះថៃនាំអ្នករាយការណ៍ព័ត៌មាន ABC ចូលតំបន់អូរស្មាច់ ដោយចាត់ទុកជាការរំលោភអធិបតេយ្យភាពកម្ពុជា
A film crew from Australia’s ABC News recently reported from an alleged scam compound which was located on Cambodian territory that is under Thai occupation. Supplied
ភ្នំពេញ៖ ក្រសួងព័ត៌មានបានតវ៉ាយ៉ាងដាច់អហង្ការចំពោះការដែលភាគីថៃនាំអ្នកសារព័ត៌មានបរទេស រួមទាំងក្រុមការងាររបស់ទូរទស្សន៍ ABC News របស់អូស្ត្រាលី ចូលទៅកាន់តំបន់អូរស្មាច់ ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតពីអាជ្ញាធរកម្ពុជា ដោយចាត់ទុកថា ទង្វើនេះជាការរំលោភអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពី ABC News បានចេញផ្សាយរបាយការណ៍មួយ បង្ហាញពីទិដ្ឋភាពខាងក្នុងទីតាំងដែលខ្លួនពិពណ៌នាថា ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ (Scam Centre) នៅតំបន់អូរស្មាច់ តាមព្រំដែនកម្ពុជា-ថៃ ដោយក្នុងវីដេអូ ក្រុមអ្នកសារព័ត៌មានត្រូវបានគេឃើញមានយោធាថៃនាំផ្លូវ និងពន្យល់អំពីភស្តុតាងដែលត្រូវបានអះអាងថា ជារបស់បណ្ដាញឆបោក។
នៅក្នុងសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអះអាងថា តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា ហើយការដែលភាគីថៃនាំអ្នកសារព័ត៌មានបរទេសចូលទៅកាន់តំបន់នេះ ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតពីអាជ្ញាធរកម្ពុជា គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោកបានលើកឡើងថា យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋទាំងអស់មានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ ហើយភាគីថៃ «មិនមានសិទ្ធិ ឬយុត្តាធិការណាមួយ» ក្នុងការនាំអ្នកសារព័ត៌មាន ឬជនបរទេសចូលទៅធ្វើសេចក្ដីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ។
លោកបានថ្លែងថា: «រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតរូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ»។
ក្រសួងព័ត៌មានក៏បានអះអាងថា កម្ពុជា និងថៃមានយន្តការទ្វេភាគីជាច្រើនសម្រាប់ដោះស្រាយបញ្ហាព្រំដែន ដូច្នេះការចូលទៅកាន់តំបន់នេះដោយឯកតោភាគី មិនត្រឹមតែផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានលើពិធីសារការទូត និងប៉ះពាល់ដល់ទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរផងដែរ។
លោក អស្នារិទ្ធ បានរំឭកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាជាផ្លូវការរួចមកហើយ ចំពោះការដែលភាគីថៃនាំអ្នកសារព័ត៌មាន និងអនុព័ន្ធយោធាបរទេសចូលទៅកាន់តំបន់អូរស្មាច់ ហើយកម្ពុជានៅតែប្រកាន់ជំហរទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលខ្លួនចាត់ទុកថា ជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រសួងព័ត៌មានបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន ឱ្យពិចារណាស្ថានការណ៍ដោយផ្អែកលើអង្គហេតុ និងច្បាប់អន្តរជាតិ និងជៀសវាងការធ្លាក់ក្នុង «ឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មាន» ដែលក្រសួងអះអាងថា ត្រូវបានរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជា។
របាយការណ៍របស់ ABC News បានបង្ហាញពីបន្ទប់ដែលត្រូវបានអះអាងថា ប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកអនឡាញ រួមមានបញ្ជីជនរងគ្រោះ ឯកសារណែនាំសម្រាប់អ្នកឆបោក ខ្នោះដៃ ដំបង និងបន្ទប់ក្រោមដីដែលត្រូវបានពិពណ៌នាថា ជាកន្លែងឃុំឃាំង និងធ្វើទារុណកម្មលើអ្នកដែលមិនអាចបំពេញគោលដៅការងារ។
ថ្មីៗនេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងថា ខ្លឹមសារអំពីការបង្ក្រាបមជ្ឈមណ្ឌលឆបោកមិនមែនជាបញ្ហានោះទេ ប៉ុន្តែអ្នកសារព័ត៌មានគួរបញ្ជាក់ថា ទីតាំងដែលបានចុះយកព័ត៌មានជាតំបន់ព្រំដែនកំពុងមានវិវាទ។
ដោយឡែក លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានយល់ថា របាយការណ៍របស់ ABC ផ្ដោតលើការលាតត្រដាងអំពីមជ្ឈមណ្ឌលឆបោក ហើយមិនបានអះអាងថា ទីតាំងនោះជាទឹកដីរបស់ប្រទេសណាមួយឡើយ។ លោកបានលើកឡើងថា តាមទស្សនៈវិជ្ជាជីវៈសារព័ត៌មាន បញ្ហានឹងកើតឡើង លុះត្រាតែអ្នកសារព័ត៌មានធ្វើការអះអាងអំពីអធិបតេយ្យភាពលើទីតាំងនោះ។
ស្របពេលមានការជជែកដេញដោលនេះ កម្ពុជាក៏កំពុងបន្តពង្រឹងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែមិថុនាថា កម្ពុជានឹងបង្កើតយន្តការសហប្រតិបត្តិការអចិន្ត្រៃយ៍ជាមួយឡាវ និងវៀតណាម ដើម្បីពង្រឹងការស៊ើបអង្កេត និងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ខណៈរដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវបានកោតសរសើរយុទ្ធនាការបង្ក្រាបរបស់កម្ពុជាថា «សកម្ម និងមានប្រសិទ្ធភាពខ្ពស់»។
-Post Khmer-





