Grand News Asia Close

(វីដេអូ) សម្រង់សារសំឡេង សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ស្តីពីផ្ទៃក្នុងគណបក្សប្រជាជន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 735

CNV:

សូមក្រាបថ្វាយបង្គំព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។

នៅមុននេះបន្តិច ជាការគាប់ជួន ខ្ញុំព្រះករុណាខ្ញុំ បានបើក(មើល) YouTube ហើយក៏ប្រទះឃើញនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលនិយាយទៅដល់ថា “គណបក្សប្រជាជនកម្ពុជាមានរឿងដ៏ធ្ងន់ធ្ងរ” ដែលក្នុងនោះ (វិទ្យុនេះ)បានលើកឡើងពីរបញ្ហា។ ទី១ គេបានបង្ហាញ(ពីការមិនចុះសំរុងគ្នានៅត្រង់)ថា មកដល់ពេលនេះ សម្ដេច ទៀ បាញ់, សម្តេចម៉ែន សំអន មិនទាន់មានការប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយ។ លើកលែងតែ សម្ដេច ស ខេង ប៉ុណ្ណោះ ដែលបានចេញសារគាំទ្រ។

ពួកនេះនៅតែឆ្លៀតឱកាសវាយប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បើទោះបីជាការវាយប្រហាររបស់គេគ្មានប្រយោជន៍ក៏ដោយ។ វាគ្មានការចាំបាច់ដើម្បីនឹងធ្វើការបញ្ជាក់នោះទេ។ សូមរង់ចាំមើលការជួបជុំរបស់គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជានៅថ្ងៃស្អែក ជាមួយសមាជិករាជរដ្ឋាភិបាលនីតិកាលទី៦ ដែលទើបបញ្ចប់ និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងឈានចូលកាន់តំណែងនាពេលខាងមុខ។ សូមវិទ្យុអាស៊ីសេរី កុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក ដែលវាធ្វើឱ្យគេដេញទាន់ជាន់កែង។

ចំណុចទី១ (ដែល)គេគិតថាគណបក្សប្រជាជនកំពុងតែដណ្ដើមអំណាច(គ្នា) ទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា។ ខ្ញុំសូមជម្រាបជូនទៅអស់លោកឱ្យបានជ្រាបថា បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១ មកម្លេះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ ដែល(នេះ)ជាការអនុវត្ត(ជាក់ស្តែងស្តីពីការ)លើកកំពស់តួនាទីរបស់ស្ត្រី។ ឯកឧត្តម ជាម យៀប នៅជាអនុប្រធានទីមួយដដែល និងឯកឧត្តម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា

អស់លោក (…) គួរតែស្វះស្វែង(ព័ត៌មាន) ដើម្បីនឹងរកការពិចារណា ជាជាងអ្វីៗសុទ្ធតែជាទំនាស់ផ្ទៃក្នុងរបស់គណបក្សប្រជាជន។ សូមវិទ្យុ​អាស៊ីសេរី ក៏ដូចជាវិទ្យុជនបរទេសនិយាយភាសាខ្មែរដទៃទៀត ចងចាំឱ្យបានថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះដណ្តើមអំណាចគ្នា ដូចដែលពួកអស់លោកធ្លាប់បាន កំពុងបាន និង ឈានទៅដួលរលំ ដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោក(នោះទេ)។ អស់លោកឃើញអំពីសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាស្តីពីការរៀបចំ(ការដឹកនាំជំនាន់ថ្មីនេះហើយ)។

ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា ឯកឧត្តម ឌិត មន្ទីរ ប្រធានតុលាការកំពូល ក៏បានធ្វើលិខិតថ្វាយព្រះមហាក្សត្រដើម្បីចូលនិវត្តន៍ពី(តំណែងជា)ប្រធានតុលាការកំពូលផងដែរ ដោយសារតែគាត់មានអាយុកាន់តែច្រើន និងសុខភាពមិនធានា។ ដូច្នេះ (ឥស្សរជន)មួយចំនួនទៀតក៏កំពុង(ត្រូវបានដាក់អោយចូលនិវត្តន៍) (…) (គណបក្សប្រជាជនកំពុង)ត្រៀមរៀបចំការដាក់បេក្ខភាពឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដោយសារសមាជិកព្រឹទ្ធ​សភាមួយចំនួន រាប់ទាំងប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភាទីមួយ ប្រធានគណៈកម្មការកិច្ចការបរទេស និងបន្តបន្ទាប់ដែលមានអាយុចាស់និងសុខភាពមិនល្អ នឹងត្រូវសុំចាកចេញនិងមិនឈរឈ្មោះតទៅទៀត

(…) អស់លោកមិនចាំបាច់មកញុះញង់អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាទេ។ អស់លោកបើកភ្នែកឱ្យធំៗ ដើម្បីសង្កេតមើលគណបក្សប្រជាជន។ ថ្ងៃស្អែក អស់លោកនឹងបានឃើញនូវសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី (ដែល)គ្រាន់តែមិនទាន់បានឆ្លងកាត់នូការអនុម័តពីសភានៅឡើយ។ ខ្ញុំក៏ជម្រាបអស់លោកឱ្យកាន់តែជ្រាបច្បាស់ថា គណបក្សប្រជាជនមិនមានទម្លាប់ឈ្លោះដណ្ដើមតំណែងនេះឬតំណែងនោះ(ទេ) (…)លោកជំទាវ ឃួន សុដារី ត្រូវបានកំណត់យកធ្វើជាប្រធានរដ្ឋសភារួចទៅហើយ។ សារអត្ថាធិប្បាយរបស់ខ្ញុំ បានចេញផ្សាយ តាំងពីអស់លោកមិនទាន់ឈប់ផ្សាយនៅវិទ្យុអាស៊ីសេរីផង។

សូមព្រះតេជោព្រះគុណនិងព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ កុំជឿការឃោសនាអកុសល។ ទុកឱ្យ​វិទ្យុនេះបន្តភូតភរតទៅទៀត ដើម្បីវាក៏ជាផលប្រយោជន៍ម្យ៉ាងសម្រាប់ការឈ្នះរបស់គណបក្សប្រជាជន។ ការឈ្នះរបស់គណបក្សប្រជាជន ក៏បានមកពីការភូតភរបស់អស់លោក ដែលវាជាការភូតកុហកដោយគ្មានសីលធម៌។ (អាស៊ីសេរី)គឺជាវិទ្យុនិងជាមនុស្សដែលអគុណធម៌បំផុតនៅលើលោកនេះ ហើយពេញដោយភាពជាតិរច្ឆានផងដែរ។ សូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់៕

************

 

អត្ថបទទាក់ទង