Grand News Asia Close

សមាជិកព្រឹទ្ធសភាថៃកំពុងបង្កើតនិទានកថាបំភាន់ពិភពលោកដើម្បីបិទបាំងអំពើឈ្លានពានលើកម្ពុជា

ដោយ៖ Morm Sokun ​​ | 50 នាទីមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1008
សមាជិកព្រឹទ្ធសភាថៃកំពុងបង្កើតនិទានកថាបំភាន់ពិភពលោកដើម្បីបិទបាំងអំពើឈ្លានពានលើកម្ពុជា សមាជិកព្រឹទ្ធសភាថៃកំពុងបង្កើតនិទានកថាបំភាន់ពិភពលោកដើម្បីបិទបាំងអំពើឈ្លានពានលើកម្ពុជា

ថ្មីៗនេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាននៃព្រឹទ្ធសភា កម្ពុជាបានធ្វើការទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភា Nophadol In-na ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ចំពោះ ការបន្តពង្រាយកងទ័ពទៅមុខនិងការឈ្លានពានតាម ផ្លូវអាកាសជាបន្តបន្ទាប់ពីសំណាក់ប្រទេសថៃដោយបាន ចាត់ទុកសកម្មភាពដ៏គគ្លើននេះគឺជាការរំលោភបំពានដោយផ្ទាល់លើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ និងពិធីសារទ្វេភាគីដែលមានស្រាប់។

ការឆ្លើយតបរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាននៃព្រឹទ្ធសភាកម្ពុជាចំពោះការលើកឡើងរបស់ភាគីថៃបានបង្ហាញថា បញ្ហាព្រំដែនកម្ពុជា–ថៃមិនអាចដោះស្រាយតាមរយៈការ ចោទប្រកាន់គ្នាទៅវិញទៅមកឬការបង្កើតនិទានកថាផ្នែកនយោបាយនោះឡើយ។ តាមទស្សនៈរបស់កម្ពុជា ការលើកឡើងមួយចំនួនរបស់ភាគីថៃមានលក្ខណៈបំភាន់ការពិតនិងព្យាយាមបង្វែរការយកចិត្តទុកដាក់ពីសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ដូច្នេះ ភាពត្រឹមត្រូវគួរត្រូវបានវាស់វែងតាមឯកសារ ច្បាប់អន្តរជាតិនិងភស្តុតាងជាក់ស្តែងមិនមែនតាមសំឡេងឃោសនារបស់ភាគីណាមួយឡើយ។

ចំណុចទីមួយ ការយកបទឈប់បាញ់ឬសេចក្តីព្រម ព្រៀងបណ្តោះអាសន្នមកធ្វើជាមូលដ្ឋានសម្រាប់អះអាង អំពីសិទ្ធិកាន់កាប់ទឹកដីគឺជាចំណុចដែលគួរត្រូវបានពិនិត្យយ៉ាងម៉ត់ចត់។ បទឈប់បាញ់មានគោលបំណង បញ្ឈប់អំពើហិង្សានិងបង្កើតលក្ខខណ្ឌសម្រាប់ការចរចា មិនមែនជាឯកសារដែលទទួលស្គាល់ជាស្វ័យប្រវត្តិបង្កើតអធិបតេយ្យភាពថ្មីលើទឹកដីឡើយ។ ដូច្នេះប្រសិនបើភាគីណាមួយប្រើប្រាស់ស្ថានភាពបណ្តោះអាសន្នដើម្បីបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើទីតាំងដែលកំពុងមានវិវាទ នោះអាចបង្កើតជាបញ្ហាធ្ងន់ធ្ងរចំពោះការដោះស្រាយព្រំដែនតាមផ្លូវច្បាប់និងការទូតជាក់ជាមិនខាន ។

ចំណុចទីពីរ ការចោទប្រកាន់របស់ភាគីថៃអំពីថា អ្នកណាជាអ្នកបាញ់មុននិងអ្នកណាជាអ្នកចាប់ផ្តើមការប៉ះទង្គិចមុននោះ គួរតែមានភស្តុតាងច្បាស់លាស់។ ប្រសិនបើមានការចោទប្រកាន់ថាកម្ពុជាជាអ្នកផ្តើមជម្លោះ ការ ចោទប្រកាន់បែបនេះគួរតែត្រូវបានគាំទ្រដោយភស្តុតាងដែលអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ។ ការដែលភាគីជម្លោះមួយអះអាងខ្លួនឯងថាជាភាគីការពារខ្លួនខណៈដែលខ្លួនជាភាគីពាក់ព័ន្ធដោយផ្ទាល់ មិនគួរត្រូវបានចាត់ទុកថាជាសេចក្តីសម្រេចចុងក្រោយនោះទេ។ កម្ពុជាមានហេតុផលក្នុងការទាមទារឱ្យមានការផ្ទៀងផ្ទាត់ដោយឯករាជ្យដើម្បីកំណត់ការពិតអំពីហេតុការណ៍និងការវាយប្រហារដែលអាចកើតមានលើប្រជាពលរដ្ឋស៊ីវិល។ ទន្ទឹមគ្នានេះការយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឬការឆបោកតាមប្រព័ន្ធអនឡាញមកភ្ជាប់ជាមួយបញ្ហាព្រំដែននិងសកម្មភាពយោធា ក៏គួរត្រូវបានបែងចែកឱ្យច្បាស់ផងដែរ។ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតគឺជាបញ្ហាដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសជាច្រើន ប៉ុន្តែមិនគួរត្រូវបានប្រើប្រាស់ជាលេសដើម្បីបង្កើនភាពតានតឹងយោធាឈានដល់ការឈ្លានពានអធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយ។ ប្រសិនបើមានសកម្មភាពខុសច្បាប់ណាមួយឆ្លងកាត់ព្រំដែនឬដែន អាកាសរបស់កម្ពុជា កម្ពុជាមានសិទ្ធិទាមទារឱ្យមានការបំភ្លឺនិងការទទួលខុសត្រូវតាមច្បាប់ជាអន្តរជាតិ។

ម្យ៉ាងទៀត ករណីដែលមិនគួរត្រូវបានមើលរំលងគឺជោគវាសនារបស់ប្រជាពលរដ្ឋស៊ីវិលដែលត្រូវបានផ្លាស់ ទីលំនៅដោយបង្ខំដោយសារតែភាពតានតឹងខាងយោធា ។ ការចោទប្រកាន់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីតំបន់មានហានិភ័យថាជា “អ្នកចូលទន្ទ្រាន” ដោយមិនពិនិត្យប្រវត្តិនិងស្ថានភាពជាក់ស្តែងនឹងបង្កើតជាការយល់ច្រឡំនិងប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សយ៉ាង ធ្ងន់ធ្ងរបំផុត។ សិទ្ធរបស់ប្រជាពលរដ្ឋស៊ីវិលត្រូវតែ ការពារនិងមានឱកាសវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរក្រោយ មានបទឈប់បាញ់ចូលជាធរមាន។

ការអះអាងអំពីព្រំដែនក៏មិនអាចផ្អែកលើកម្លាំងយោធាឬការបង្កើត “ស្ថានភាពថ្មីនៅលើដី” បានឡើយ។ ប្រវត្តិសាស្ត្រព្រំដែនកម្ពុជា–ថៃពាក់ព័ន្ធនឹងឯកសារនិងសន្ធិសញ្ញាអន្តរជាតិជាច្រើនរួមទាំងក្របខណ្ឌដែលមានប្រភពពីអនុសញ្ញានិងសន្ធិសញ្ញាបារាំង–សៀមឆ្នាំ ១៩០៤ និង ១៩០៧។ ដូច្នេះ ប្រសិនបើមានតំបន់ណាមួយនៅតែមិនទាន់កំណត់ព្រំដែនច្បាស់លាស់ វាគួរត្រូវបានដោះស្រាយតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដោយផ្អែកលើច្បាប់ ផែនទី ឯកសារប្រវត្តិសាស្ត្រនិងការវាស់វែងបច្ចេកទេសមិនមែនតាមការដាក់សម្ពាធកាន់កាប់ដោយកម្លាំងយោធាឡើយ។

ក្នុងបរិបទនេះ កម្ពុជាត្រូវតែបន្តប្រើប្រាស់ការទូតនិងវេទិកាអន្តរជាតិនានាដើម្បីបង្ហាញការពិតនិងស្នើឱ្យមានការផ្ទៀងផ្ទាត់ប្រកបដោយតម្លាភាព។ ការអំពាវនាវឱ្យកម្ពុជាមិនយកបញ្ហានេះទៅកាន់វេទិកាអន្តរជាតិមិនគួរត្រូវបានប្រើជាមធ្យោបាយរារាំងសិទ្ធិរបស់កម្ពុជាក្នុងការប្រាស្រ័យទាក់ទងជាមួយសហគមន៍អន្តរជាតិឡើយ។ ប្រសិនបើភាគីថៃមានការជឿជាក់លើអំណះអំណាងរបស់ខ្លួន ការផ្ទៀងផ្ទាត់ដោយឯករាជ្យនិងយន្តការផ្លូវច្បាប់គឺជាវិធីដែលអាចបង្ហាញការពិតបានប្រសើរជាងការផ្សព្វផ្សាយបំភ្លៃព័ត៌មាន។

សរុបមក ការការពារអធិបតេយ្យភាពមិនមែនមានន័យថា ត្រូវប្រឈមមុខដោយកម្លាំងយោធាតែមួយមុខនោះទេ។ កម្ពុជាអាចការពារផលប្រយោជន៍ជាតិរបស់ខ្លួនបានតាម គ្រប់មធ្យោបាយ ដូចជា តាមរយៈច្បាប់អន្តរជាតិ ឯកសារប្រវត្តិសាស្ត្រ ការទូតនិងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។ ចំពោះភាគីថៃ ប្រសិនបើមានការចោទប្រកាន់ណាមួយប្រឆាំងកម្ពុជា គួរតែខិតខំបង្ហាញភស្តុតាងជាក់លាក់និងគោរពយន្តការដោះស្រាយវិវាទដោយ សន្តិវិធី។ ដូច្នេះ សន្តិភាពពិតប្រាកដនិងយូរអង្វែងនៅតាមព្រំដែនមិនអាចកើតចេញពីការបង្កើតនិទានកថាឬការបង្កើតស្ថានភាពជាក់ស្តែងដោយកម្លាំងយោធាបានឡើយ ប៉ុន្តែត្រូវកើតចេញពីការគោរពអធិបតេយ្យភាព ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងនិងការពិតដែលអាចផ្ទៀងផ្ទាត់បាន៕

ដោយ៖ ឌី វីរៈ

អត្ថបទទាក់ទង