Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធបើកដំណើរការអាជីវកម្មជា​ផ្លូវការ “កំពង់ផែពហុបំណងកំពត”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 628

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិកា រាជរដ្ឋាភិបាល
អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត
គណៈធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី អ៊ំពូមីង
បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជនរួមជាតិជាទីមេត្រី!

​ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយជាអនេក ដោយបានចូលរួម ក្នុងពិធីសម្ពោធបើកដំណើរការ អាជីវកម្ម ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត, ស្ថិតនៅភូមិគីឡូ ១២, សង្កាត់កោះតូច និង សង្កាត់បឹងទូក, ក្រុងបូកគោ, ខេត្តកំពត ដ៏អធិកអធមនៅថ្ងៃនេះ ។

ជាដំបូង, ខ្ញុំសូមយកឱកាសនេះ សំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត, ក្រសួង-ស្ថាប័ន និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមហ៊ុនកំពតផត ក្នុងការសម្រេចបាននូវសមិទ្ធផលកំពង់ផែពហុបំណងកំពតនេះ ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកំពតផត ដែលបានជឿជាក់ បោះទុនវិនិយោគអភិវឌ្ឍ វិស័យកំពង់ផែ ដែលជាការគាំទ្រដល់ កម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និង កំពង់ផែ ឱ្យមានការអភិវឌ្ឍរីកចម្រើន ដែលនឹងរួមចំណែកដល់ការធានាបាននូវការប្រកួតប្រជែងរបស់កម្ពុជា ។

បន្ទាប់ពី, កំពង់ផែពហុបំណងកំពត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចឯកភាពជាគោលការណ៍ឱ្យក្រុមហ៊ុនកំពតផតធ្វើការវិនិយោគ, ក្រសួងសាធារណការ និង ដឹកជញ្ជូន បានសម្រេច ផ្តល់លិខិតអនុញ្ញាតសាងសង់នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១២ ហើយក្រុមហ៊ុនក៏បានចាប់ផ្ដើមដំណើរការសាងសង់កំពង់ផែនេះ នៅឆ្នាំ២០១៩ ។ បច្ចុប្បន្ន, ក្រុមហ៊ុនកំពតផតក៏ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និង ដឹកជញ្ជូន ។

ក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង, កំពង់ផែពហុបំណងកំពត មានឈ្មោះ “កំពង់ផែអន្តរជាតិកំពត”។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ខ្ញុំបានសម្រេចចេញអនុក្រឹត្យឱ្យកែឈ្មោះទៅជា កំពង់ផែពហុបំណងកំពតវិញ ដើម្បីកុំឱ្យមានការយល់ច្រឡំ។នៅ​ក្នុងប្រទេសយើង មិនមែនមានផែតែមួយទេដែលជាផែអន្តរជាតិ។ តាមពិត ផែកំពតនេះ ជាផែទីមួយនៅកម្ពុជាក្រោយពី(យើងចេញ)ច្បាប់ថ្មី ដែលទទួលបានអនុក្រឹត្យកំណត់ស្តង់ដារជាផែអន្តរជាតិទីមួយ។ សូមអបអរសាទរ។​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ អត់ទាន់បាន(កំណត់)ផង។ ឥឡូវក្រសួងសាធារណការត្រូវរៀបចំ។ អញ្ចឹង(កំពង់ផែពហុបំណងកំពត)បានមុនគេ ជាផែកម្រិតថ្នាក់ទី ១បេ ថ្នាក់អន្តរជាតិខ្ពស់បំផុតសម្រាប់ក្រុមហ៊ុន ឬមួយកំពង់ផែឯកជន ដែលទទួលការដឹកជញ្ជូនផ្សេងៗ។

[ចប់សេចក្ដីអធិប្បាយ១]

ទោះបីជាកំពង់ផែពហុបំណងកំពត គឺជាការបោះទុនវិនិយោគដោយវិស័យឯកជន ដែលមានក្រុមហ៊ុន កំពតផត ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និង ទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះ ក៏ពិតមែន, ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និង ធ្វើឱ្យប្រសើរឡើង​នូវសកម្មភាព ពាណិជ្ជកម្ម និង ការ​ផ្លាស់ប្តូរ​ទំនិញ​ រួមទាំង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ខេត្តកំពត ក៏ដូចជា​ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច​កម្ពុជា​ផងដែរ ។

វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និង កៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តែ រីកចម្រើនថែមទៀត ។ ដោយឡែក, កំពង់ផែពហុបំណងកំពតនេះ គឺត្រូវចាត់ទុកថា នឹងក្លាយជាកំពង់ផែ ទឹកជ្រៅមួយទៀតនៅកម្ពុជា និង ជាកំពង់ផែដ៏ទំនើប និង មានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១) គោលដៅជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ គឺដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែសម្បូណ៌សប្បាយ

ប្រទេសយើងត្រូវការរីកចំរើន។ គោលដៅធំគឺអភិវឌ្ឍប្រទេស ឲ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ចំណូលខ្ពស់មានន័យថាម៉េច? មិនមែនចំណូលខ្ពស់សំរាប់រដ្ឋទេ គឺចំណូលខ្ពស់ជាមធ្យម​សំរាប់ប្រជាពលរដ្ឋ។ បានន័យថា ២០៥០ យើងចង់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែសម្បូរសប្បាយ ឲ្យប្រទេសរបស់យើង ប្រជាជនរបស់យើងជំនាន់ក្រោយៗ កាន់តែមានសក្ដានុពល និងមានលទ្ធភាពអាចទទួលបាននូវផលពីសន្ដិភាពដែលទទួលបានពីឆ្នាំ ១៩៩៨។ នៅក្នុងន័យនេះ ការធានានូវសុខសន្ដិភាព ស្ថិរភាព ទាំងស្ថិរភាពនយោបាយសង្គម និងសេដ្ឋកិច្ច ទាំងការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវគឺជាការចាំបាច់។

(២) មានលំនឹង​សេដ្ឋកិច្ច សុខសន្ដិភាព តែគោលនយោបាយខុស ក៏មិនអាចរីកចំរើន

មានគោលនយោបាយត្រឹមត្រូវ តែគ្មានបរិស្ថាន​អំណោយផល ប្រទេសមានសង្គ្រាម គ្មានលំនឹងសេដ្ឋកិច្ច យើងពិបាកធ្វើ(កិច្ចការទាំងនេះអោយសំរេច)។ យើងដើរទៅមុខលំបាក។ មានលំនឹង​សេដ្ឋកិច្ច សុខសន្ដិភាព តែមានគោលនយោបាយខុស យើងក៏មិនអាចរីកចំរើននោះដែរ។ អញ្ចឹងការដាក់ចេញនូវគោលនយោបាយ ចាំបាច់ត្រូវពិនិត្យមើលឲ្យបានច្បាស់។ ដើម្បីឲ្យប្រទេសកម្ពុជាមួយទាំងមូលរីកចំរើន ទាល់តែខេត្តនិងរាជធានីនីមួយៗ រីកចំរើន។ យើងចង់ឲ្យប្រទេសរីកចំរើនជារួម។ ប្រទេសយើងមាន ២៥ រាជធានីខេត្ត។ យើងមានជាង ២០០ ស្រុក ក្រុងខណ្ឌ។ យើងមានទៅដល់ភូមិរាប់ម៉ឺន។ អញ្ចឹង ទាល់តែកោសិកាមួយៗកាន់តែរីកចំរើន។

(៣) ដើម្បីឲ្យសេដ្ឋកិច្ចទូទាំងប្រទេសកើន ទាល់តែសេដ្ឋកិច្ចរាជធានីខេត្តនីមួយៗ រីកចំរើន

ឥឡូវខ្ញុំនិយាយតែថ្នាក់ខេត្ត។ ដើម្បីឲ្យសេដ្ឋកិច្ចទូទាំងប្រទេសកើន ទាល់តែសេដ្ឋកិច្ចរាជធានីខេត្តនីមួយៗកាន់តែរីកចំរើន កាន់តែកើនបានបូកផ្គុំគ្នាបានទៅជាកំណើនសេដ្ឋកិច្ចរួម។ អញ្ចឹង ដើម្បីឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសដែលមានជីវភាពចំណូលកំរិតខ្ពស់ ទាល់តែចំណូលរបស់រាជធានីខេត្តនីមួយៗ មានកំរិតខ្ពស់ (ហើយយកមក)បូកបញ្ចូលគ្នា។ បានន័យថា (ចំណូលរបស់)ប្រជាពលរដ្ឋ​នៅ​ក្នុងរាជធានីខេត្តនីមួយៗ មានចំណូលកាន់តែកើន។ នេះគឺជាគោលដៅធំរបស់គោលនយោបាយរាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០ គឺមានន័យថា ធ្វើឲ្យប្រជាពលរដ្ឋនៅគ្រប់រាជធានីខេត្ត​ទាំងអស់មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ នេះជាគោលដៅធំ។

(៤) ដាក់ចេញជាគោលនយោបាយឱ្យសមស្របតាមសក្តានុពលនៃខេត្តនីមួយៗ

ដើម្បីដាក់ចេញគោលនយោបាយឲ្យត្រូវសំរាប់រាជធានីខេត្ដនីមួយៗ យើងត្រូវធ្វើការវិភាគឲ្យបានច្បាស់លាស់ ថាខេត្តនីមួយៗ មានសក្ដានុពលអី? យើងមិនអាចដាក់គោលដៅអភិវឌ្ឍទេសចរណ៍វប្បធម៌ខ្លាំងនៅខេត្តកំពតទេ ហើយក៏មិនអាចអភិវឌ្ឍគោលដៅផែទឹកប្រៃ ឬផែបែបនេះ នៅខេត្ដសៀមរាប​ដែរ។ (គោលនយោបាយទាំងនេះ)​វាមិនត្រូវគោលដៅសក្ដានុពល។ អញ្ចឹងយើងត្រូវមើលឲ្យច្បាស់ថា តើខេត្តនីមួយៗ រាជធានីនីមួយៗ មានស្អីខ្លះដែលខ្លាំង ដើម្បីបង្កើននិងចាប់យកនូវសក្ដានុពលដែលមាន។ ធនធានធម្មជាតិ ទីតាំង​ភូមិ​សាស្ដ្រ តើត្រូវជាមួយអី? ធ្វើយ៉ាងម៉េចឲ្យចំណេញ? ប៉ុន្ដែ សំរាប់ប្រទេសមួយ ដើម្បីឲ្យកាន់តែខ្លាំង យើងមិនយកខេត្ត​រាជធានីនីមួយៗ ប្រកួតដើម្បីចាញ់ឈ្នះនោះទេ យើងត្រូវផ្គុំកម្លាំងគ្នា យកសក្ដានុពលនីមួយៗ ដែលមានស្រាប់​ផ្គុំគ្នា ធ្វើផែនការចេញឲ្យមានភាពប្រទាក់ក្រឡា។

(៥) កសាងផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់សមុទ្រទាំង៤ ផ្គុំជាកម្លាំងរួមដើម្បីប្រកួតប្រជែង

យើងបានសិក្សាតាំងពីអាណត្ដិមុនថា មានតែខេត្ត ៤ ទេ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានសមុទ្រគឺ ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ ២១ រាជធានីខេត្តទៀតមិនមាន(ព្រំប្រទល់ជាប់សមុទ្រ)ទេ។ ប៉ុន្ដែ បើយើងចង់ប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងលក្ខណៈជាសកលនោះ ឃើញថាខេត្តនីមួយៗ ​ខ្លួនឯងមានទំហំតូច។ អញ្ចឹ​ង​ខេត្ត៤ នេះត្រូវផ្គុំជាកំលាំងតែមួយសំរាប់កម្ពុជា។ អញ្ចឹងយើងកំពុងក​សាងនូវកសាងផែនកាមេមួយដែលនឹងដាក់ប្រកាសអនុវត្ដនៅពេលឆាប់ៗ ដើម្បីអភិវឌ្ឍខេត្តជាប់សមុទ្រទាំង៤ ឲ្យមានផែនការប្រទាក់ក្រឡាគ្នា។ ខេត្តនីមួយៗ មានលក្ខណៈពិសេសរៀងៗ ខ្លួន ប៉ុន្ដែក៏មានលក្ខណៈខ្លះដែលត្រូវអភិវឌ្ឍរួមគ្នា។ ត្រូវផ្គុំកំលាំងគ្នា។ នេះហើយជាគោលដៅនៃការដាក់ចេញនយោបាយ​ត្រឹមត្រូវ។ យើងមិនអាចឲ្យយកខេត្តព្រះសីហនុមកប្រកួតជាមួយខេត្តកំពតនៅលើគ្រប់វិស័យនោះទេ។ ខេត្តកំពតក៏មិនចាំបាច់ត្រូវអភិវឌ្ឍលើគ្រប់វិស័យនោះដែរ។ ខេត្តយើងមានតែប៉ុណ្ណឹង។ យើងមិនអាចយក៣០ វិស័យមកអភិវឌ្ឍ ឬថាចែកព្រំដែនស្រុកឱ្យខ្លាំងមួយៗ បានទេ។ យើងត្រូវមានមាត្រដ្ឋាន។ អាទិភាពរបស់ខេត្តនីមួយៗ តំបន់ខ្លះ ដូចជាសៀមរាបអាទិភាពធំទេសចរណ៍ ទោះបីវិស័យផ្សេងៗទៀត កសិកម្ម សិប្បកម្ម​ ឧស្សាហកម្ម មានសក្ដានុពល តែយក(ទេស​ចរណ៍)​ជាគោល។

(៦) ផែពហុបំណងកំពត នឹងបំរើភស្តុភាកម្ម ឧស្សាហកម្ម/កម្មន្តសាល និងទេសចរណ៍

ចំពោះខេត្តនៅជាប់សមុទ្រ យើងមានសក្ដានុពលច្រើន។ យើងកំពុងតែពិនិតយមើលនិងធ្វើផែនការ។ ឥឡូវខ្ញុំលើកខេត្តកំពត(មកនិយាយ)តែម្ដង។ ដែលនៅជាប់សមុទ្រ ខេត្តកំពតមានសក្ដានុពលស្អី? យើងភ្ជាប់ផ្លូវទឹក ជា​មួយពិភពលោក។ ការអភិវឌ្ឍប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនផ្លូវទឹក ដែលយើងសង់កំពង់ផែនៅទីនេះ ខេត្តព្រះសីហនុ និងនៅកោះកុងក៏មាន ជាការចាំបាច់។ ធ្វើផែដើម្បីអី? ផែមិនមែនសំរាប់ដាក់តាំងលម្អ​នោះទេ។ ផែដើម្បីបំរើឲ្យការរីកលូតលាស់ខាង logistics ខាងភស្ដុភារ ដឹកជញ្ជូនមកត្រូវមានការទុកដាក់ ការឆ្លងកាត់។ ផែបំរើឲ្យឧស្សាហកម្ម រោងចក្រជាច្រើន ដើម្បីដឹកជញ្ជូនតាមផែចេញទៅក្រៅ។ ទំនិញឆ្លង​កាត់ពេលខ្លះយកមកស្ដុកដើម្បីចេញទៅក្រៅ។ អញ្ចឹង យើងមើលខេត្តជាប់នេះ មានសក្ដានុពល ទី១ ភស្ដុភារកម្ម។ ទី២ រឿងឧស្សាហកម្ម និងកម្មន្ដសាល រោងចក្រផ្សេងៗ ហើយទី៣ រឿងទេសចរ​ណ៍ដែលយើងអាចមាន។ រឿងទេសចរណ៍នេះ នៅតាមខេត្តដែលមានកោះនិងនៅលើដី ដែលជាអាទិភាពនៃការអភិវឌ្ឍ។​

(៧) ដឹកបានច្រើននិងមានតម្លៃទាប គឺការដឹកជញ្ជូនតាមផ្លូវទឹក

យើងមិន​ហាមប្រជាពលរដ្ឋមិនឲ្យធ្វើកសិកម្មទេ។ នៅនេះ យើងមានកសិកម្ម។ យើងអាចធ្វើបាននៅកន្លែងមួយចំនួនដូចជាដាំចេកជាដើម។ យើងធ្វើបាន។ ​ប៉ុន្ដែសក្ដានុពលដែលយើងនិយាយទាំងប៉ុន្មាន និងការធ្វើប្រទាក់ក្រឡាគ្នាជាអាទិភាពធំ។ កសិឧស្សាហកម្មក៏អាចជួយតាមការដឹកជញ្ជូននេះដែរ ព្រោះការដឹកជញ្ជូនដូចជា ៩០% លើពិភពលោកត្រូវដឹកតាមផ្លូវទឹក ព្រោះ(វាមានតំលៃ)ថោកជាងគេ។ កប៉ាល់មួយៗ ដឹកដល់រាប់ម៉ឺនតោន។ យន្ដហោះមួយៗ មិនអាច​ដឹកដល់មួយម៉ឺនតោនទេ។ (យន្តហោះ)ដឹក(បាន)លឿន ប៉ុន្ដែ(មានតម្លៃ)ថ្លៃ ហើយដឹកបានតិច។ ដល់ម៉ោងនេះ (មធ្យោបាយដឹកជញ្ជូនបានច្រើននិងមានតម្លៃទាប)នៅតែ(ជាការ)ដឹក(ជញ្ជូន)តាម(ផ្លូវ)ទឹកដដែល។ ហេតុនេះហើយ បានដាក់ចេញគោលនយោបាយអភិវឌ្ឍ(ផែនៅ)កំពត ដែលជាខេត្តមានសក្ដានុពល។ កាលខ្ញុំមកពីក្មេង ខេត្តកំពតស្ងាត់។ តែខេត្តកំពតឥឡូវមិនស្ងាត់ទេ។

(៨) ពុះពារវិបត្តិកូវីដ១៩សេដ្ឋកិច្ចនិងសង្គ្រាមសកល ដើម្បីមានច្រកដឹកជញ្ជូនបន្ថែមមួយទៀតទៅពិភពលោក

មានសក្ដានុពលច្រើន ហើយឥឡូវថែម​ផែ​អន្ដរជាតិបែបនេះទៀត កប៉ាល់ នាវាដឹកទេសចររាប់ពាន់នាក់អាចចូលមកបាន កប៉ាល់ដឹកទំនិញក៏អាចចូលមកបាន​បង្កើតការងារ។ ទាក់ទងនឹងផែនេះ, ខ្ញុំបានមកកាលពីប៉ុន្មានឆ្នាំមុន នៅចាក់ដីរៀបចំនៅឡើយ។ ការប្ដេជ្ញា​ចិត្តរបស់អ្នកឧកញ៉ា វិញ ហ៊ួរ ពេលនោះមានការលំបាក។ ជំនាន់កូវីដ១៩ អ្នកឧកញ៉ា បានប្ដេជ្ញាចិត្តធ្វើផែនេះឲ្យបាន។ គាត់មានការ​វិនិយោគច្រើនមុខ ប៉ុន្ដែគាត់សុខចិត្តលះបង់មុខខ្លះយក(ទុន)មកប្រមូលផ្ដុំវិនិយោគនៅកន្លែងនេះ ដើម្បីអោយកម្ពុជាមានច្រកក្នុងវិស័យដឹកជញ្ជូនគមនាគមន៍នេះមួយបន្ថែមទៀតទៅពិភពលោក។ សូមអរគុណណាស់។ ជាការគិតស្រម៉ៃ អាចគិតបាន។ អ្នកណាក៏គិតបានដែរ។ ប៉ុន្តែការធ្វើឱ្យចេញជារូងរាង និងក្នុងទំហំបែបនេះ ជាពិសេសក្នុងពេលដែលប្រ​ឈមជាមួយនឹងវិបត្ដិសេដ្ឋកិច្ចពិភពលោក កូវីដ១៩ ផ្ទួនៗ បូកជាមួយវិបត្ដិសង្គ្រាមសេដ្ឋកិច្ចសកល រហូតចេញបានប៉ុណ្ណេះ ដើម្បីទាញយកសក្ដានុពលជូនអ្នកកំពត (ជាការប្រឹងប្រែងដ៏ធំ)។

(៩) ផែនការមេខេត្តជាប់សមុទ្រទាំង៤ ត្រូវមានភាពប្រទាក់ក្រឡា

ក្នុងការ​រៀបចំ ខេត្តកំពតមិនចាំបាច់ប្រកួតប្រជែងស្លាប់រស់ជាមួយខេត្តព្រះសីហនុ ឬខេត្តកែបនោះទេ។ អញ្ចឹងការដាក់ផែនការទាញសក្ដានុពលត្រូវមានការប្រទាក់ក្រឡា។ បានន័យថាម៉េច? ទាមទារឲ្យមានការរៀបចំផែន​ការមេសំរាប់៤ខេត្តនេះ ជាជាងរៀបចំផែនការមួយៗ ដាច់ដោយឡែក។ ដីមួយខេត្តៗ មិនធំទេ ប៉ុន្ដែ៤ ខេត្តបូកបញ្ចូលគ្នានឹងធំ។ អញ្ចឹងការបែងចែកទៅលើអាទិភាពវិស័យមួយៗ យើងអាចមានមាត្រដា្ឋនធំ បំរើវិស័យមួយៗ អាចរីកចំរើននិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថា ខេត្តទាំងអស់រួមគ្នាទាញយកបានសក្ដានុពល(ធំ)។ បើនៅមួយៗ (ដាច់ពីគ្នា) បានតែមួយទេ តែបើបូកបញ្ចូលគ្នាអាចបាន ៣។ មួយៗ បូកបញ្ចូលគ្នាបានបួន ប៉ុន្ដែធ្វើដាច់ពីគ្នាអាចបាន​៣។ កន្លែងខ្លះប្រកួតគ្នាពេក អត់អាចជោគជ័យវិស័យមួយណាទេ។ ប៉ុន្ដែបើខេត្ត៤ នេះ មានផែនការរួមគ្នាប្រទាក់ក្រឡាគ្នា អាច(មានសក្ដានុពល)ដល់ទៅ ៥ ឬ៦ ក៏ថាបាន …។

(១០) មានសក្ដានុពលដូចគ្នា តែមិនសហការ​ នឹងមិនជោគជ័យ

ឥឡូវយើងយក​ការរៀបចំពិធីថ្ងៃនេះ មានជាងជំនាញខាងរោង ភ្លើង ក្រុមភ្លេង ទាំងអស់គ្នាសុទ្ធតែអាចរៀបរោង​ ដំឡើងរោង។ ប៉ុន្ដែបើឲ្យមួយក្រុមៗ ធ្វើទាំង៤ មុខ ប្រហែលជាជាន់ជើងគ្នាហើយ។ បើឲ្យខាងភ្លេងមករៀបរោងផង មេក្រូសំរាប់ខ្ញុំនិយាយផង រៀបមេក្រូសម្រាប់ខាងនោះផង ខាងបុណ្យជាតិរៀបផង ប្រហែលជាវាជាន់គ្នាមិនដឹងអ្នកណារៀប(អី)ទេ។ ប្រហែលមួយយប់ទល់ភ្លឺមិនទាន់​ចេញផង ព្រោះមិនដឹងអ្នកណាធ្វើអី មិនស្រួលអន្សមខ្លោច។ បានន័យ ធ្វើកន្លែងណាដែលស្រួលធ្វើហើយ កន្លែងណាមិនស្រួល ប្រចាំ(គ្នា)។ ប៉ុន្ដែបើបែងចែកគ្នា អ្នកណាធ្វើរោងធ្វើតែរោងទៅ អ្នកណាធ្វើវេទិកាជាមួយឧបករណ៍ភ្លេង អញ្ចឹងបានន័យថា បីនាក់នេះ រៀបចំធ្វើប្រទាក់ក្រឡាគ្នាធ្វើឲ្យប្រសិទ្ធភាព ចង់បានន័យថាអញ្ចឹង។ បើខេត្ត ៤ មានសក្ដានុពលដូចគ្នា តែអត់សហការ​ នឹងមិនជោគជ័យទេ។ ប្រកួតប្រជែង ជាន់តែជើងគ្នា ដណ្ដើមតែម៉ូយគ្នា។ ប៉ុន្ដែបើខេត្ត៤ នេះ ចែកគ្នា អ្នកណាពង្រឹងទៅលើអីសូម្បីតែទេសចរណ៍ តើកែបយកទេសចរណ៍ប្រភេទណា កំពតយកទេសចរណ៍ប្រភេទអី ខេត្តព្រះសីហនុប្រភេទអី នឹងកាន់តែល្អ ព្រោះសក្ដានុពលខុសគ្នា។ ហ្នឹងហើយផែនការប្រទាក់ក្រឡា …។

(១១) ផែនការមេខេត្តជាប់សមុទ្រទាំង៤ ដើម្បីមានសហថាមពល

ពាក្យថាសហថាមពល ១​ បូក ១ ចំនួន៤ ដង ឡើងជា ៦ ឬ ៧, មិនមែន ១ បូក ១ ចំនួន៤ ដងចេញ៤ ទេ … ការរៀបផែនការនៅខេត្តកំពត ត្រូវឱ្យខេត្តអាចសហថាម​ពល សហការគ្នាជាមួយខេត្តព្រះសីហនុលើវិស័យអីខ្លះ លើវិស័យឧស្សាហកម្ម លើវិស័យកម្មន្តសាល លើវិស័យទេសចរណ៍។ អញ្ចឹង ជាជាងធ្វើតែខ្លួនឯង មិនគិតអ្នកជិតខាង កំពតដាក់ផែនការប្រទាក់ក្រឡាជាមួយគ្នា។ ពិតណាស់ ខេត្តព្រះសីហនុ មានសក្ដានុពលឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ប៉ុន្ដែដីជាសក្ដានុពលជិតសមុទ្រជិតអស់ហើយ។ អញ្ចឹងត្រូវគិតផែនការមេប្រទាក់ក្រឡាគ្នាជាមួយកំពតផងដើម្បីទៅថ្ងៃមុខ។ ឧទាហរណ៍តំបន់សេដ្ឋកិច្ចពិសេស កម្មន្ដសាល និងទេសចរណ៍ត្រូវប្រទាក់ក្រឡាគ្នានៅទីនេះ។ កែបជាមួយកំពត ជាខេត្តជិតខាង។ យើងអាចសហកាគ្នាលើវិស័យទេសចរណ៍។ ពីមុនខេត្តតែមួយទេ ក្រោយមកបែកជាពីរ។ សក្ដានុពលអី? យើងអាចចែកគ្នា ឧទាហរណ៍ថា កែបត្រូវរក្សាទេស​ចរណ៍បែបធម្មជាតិ បែបស្ងៀមស្ងាត់។ ទេសចរនៅខេត្តព្រះសីហនុ បែបដែល integrate resort មានកាស៊ីណូអីអញ្ចឹងទៅ។ នៅកំពត សំរាប់ទេសចរប្រភេទណា។ យើងមានកោះទន្សាយជាដើម។ អញ្ចឹងការរៀបចំផែនការមេនេះ គឺឲ្យកំពតដឹងថាអាចធ្វើអី ហើយប្រទាក់ក្រឡា​លើអីខ្លះ ដើម្បីខ្លួនឯងដឹងពីនិងប្រើប្រាស់សក្ដានុពលផង ហើយវិស័យអីដែលត្រូវសហការគ្នាដើម្បីរួមគ្នាធ្វើជាជាងប្រកួតប្រជែងគ្នា។

(១២) មិនឲ្យអាជ្ញាបណ្ណបើកកាស៊ីណូនៅកំពតនិងកែប អាចបើកបាននៅតែតាមច្រកព្រំដែន

ទាក់ទងនឹងការរៀបចំនេះ សំរាប់ខេត្ដកំពត ខ្ញុំបានលើកហើយពីសក្ដានុពល ដែលមានវិស័យឧស្សាហកម្ម កម្មន្ដសាល កសិឧស្សាហកម្ម​ ភស្ដុភារ logistics និងទេសចរណ៍។ នៅក្នុងទេសចរណ៍នះ ខ្ញុំសូមបញ្ជាក់ កន្លងទៅមានការស៊ើបសួរពីការស្នើសុំអាជ្ញាបណ្ណបើកកាស៊ីណូនៅខេត្តកំពត។ ខ្ញុំសូមបញ្ជាក់អញ្ចេះ (ទី១) កន្លងទៅ យើង​អនុញ្ញាតអោយបើកកាស៊ីណូតែនៅ(តាម)ច្រកព្រំដែន។ មានតែមួយទេដែលបានអនុញ្ញាតនៅភ្នំបូកគោ។ ពីនេះទៅមុខ ក្រៅពី(នៅច្រកព្រំដែន)នេះគឺមិនចេញអាជ្ញាបណ្ណធ្វើកាស៊ីណូក្នុងខេត្តកំពតទៀតទេ។ បើចង់វិនិយោគ(ធ្វើ​កាស៊ីណូ) ទៅធ្វើនៅច្រកព្រំដែន។ នៅក្នុងខេត្តកំពត យើងមានតែមួយនៅភ្នំបូកគោ។ ឲ្យតែមួយនៅភ្នំបូក​គោ។ ក្រៅពីហ្នឹងអត់ឲ្យអាជ្ញាបណ្ណធ្វើទៀតទេ។ ទី២ ខេត្តកែបក៏ដូចគ្នា គឺមិនឲ្យអាជ្ញាបណ្ណធ្វើកាស៊ីណូទេ។ សុំអាជ្ញាបណ្ណធ្វើតំបន់សេដ្ឋកិច្ចពិសេស ​ខ្ញុំអនុញ្ញាតឲ្យធ្វើ សុំអាជ្ញាបណ្ណធ្វើអូតែល ខ្ញុំអនុញ្ញាតឲ្យធ្វើ សុំអាជ្ញាបណ្ណធ្វើបុរី អនុញ្ញាតឲ្យធ្វើ (តែបើ)សុំធ្វើកាស៊ីណូ មិនអោយធ្វើទេ។ បើចង់ធ្វើនៅព្រែកចាកនៅអីយើងឱ្យធ្វើបាន ហើយអត់ឆ្ងាយពីក្រុងទេ។ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ហ្នឹងរឿងផ្សេង …។

(១៣) ស្វាគមន៍ការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ឧស្សាហកម្ម កម្មន្តសាល កសិ-ឧស្សាហកម្ម ទេសចរណ៍នៅខេត្តកំពត និងខេត្តកែប

ខ្ញុំគិតថា យើងទុកកន្លែងនេះសម្រាប់វិស័យទេសចរណ៍។ ខ្ញុំសូមបញ្ជាក់សាជាថ្មីនេះគឺជាគោលការណ៍ដែលត្រូវអនុវត្ត អញ្ចឹងសូមបញ្ជាក់ទៅគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សុំកត់ត្រានិងអនុវត្ត ព្រោះមានសំណួរថា តើបើកបានឬទេនៅក្នុងក្រុងកំពត? ខ្ញុំថា បើចង់ធ្វើកាស៊ីណូនៅច្រកព្រែកចាក អត់ឆ្ងាយពីទីនេះទេ។ នៅខេត្តព្រះសីហនុអត់ឆ្ងាយទេ តែបើបើកធ្វើអូតែល វិនិយោគលើវិស័យទេសចរណ៍ផ្សេងៗ យើងស្វាគមន៍ ដើម្បីរក្សាតំបន់នេះ។ ចង់ធ្វើតំបន់សេដ្ឋកិច្ចពិសេស ឧស្សាហកម្ម កម្មន្តសាល កសិ-ឧស្សាហកម្ម យើងស្វាគមន៍ ឱ្យចូលមកវិនិយោគច្រើនលើវិស័យទាំងនេះនៅខេត្តកំពត និងខេត្តកែប។ នៅខេត្តកែប ទេសចរណ៍មានសក្តានុពលធំ។ យើងមានកសិកម្មពិសេសមួយចំនួនដូចជាម្រេច។ ឥឡូវ ម្រេចដាំនៅភ្នំវល្លិ៍ក៏ដាក់ថាជាម្រេចកំពត … ដាក់ម្រេចកំពតមាន GI (geographical indication) មានហាងឆេង។ ថ្ងៃក្រោយអាចពិនិត្យមើល។ សំខាន់យើង Marketing។ យើងផ្សាយពាណិជ្ជកម្មខ្លួនឯង។ ភ្ញៀវមកម្តងៗ កាដូឱ្យគេបន្តិចទៅ ហើយដាក់ម្រេចផលិតនៅកែបអញ្ចឹងទៅ។ គេដាក់ម្រេចភ្នំវល្លិ៍អតីតសមរភូមិ ដែលពីអតីតកាលទម្លាក់គ្រាប់បែក គ្រាប់ផ្លោង វាយគ្នា ឥឡូវទៅជាកន្លែងទេសចរណ៍ កន្លែងកសិ-ឧស្សាហកម្ម កន្លែង Resort ផ្សេងៗ។

(១៤) ផែពហុបំណងកំពត បើកការតភ្ជាប់ជាសហថាមពលជាមួយផែតូចផ្ទៃក្នុងឱ្យបានរលូន

ទី២ កំពង់ផែពហុបំណងកំពត។ នៅកម្ពុជាឥឡូវមានផែជាង ១០ និងផែទឹកប្រៃ ផែកម្រិតមួយ ផែកម្រិតពីរ។ ការរៀបចំកំពង់ផែនេះត្រូវគិតគូរ។ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ថ្ងៃមុនបានធ្វើផែនការ ដើម្បីរៀបចំផែនការអោយផែធំ​ៗ ប្រទាក់ក្រឡាគ្នា ហើយជួយគាត់គាំទ្រគ្នាកម្រិតណា ផែកម្រិតតំបន់ដែលត្រូវជួយគ្នានៅកន្លែងណា។ ឧទាហរណ៍ ផែនៅកំពតនេះ ជាផែអន្តរជាតិ ប៉ុន្តែយើងបានតែ ១៣ម៉ែត្រទេ(នៃជម្រៅទឹក)។ អញ្ចឹងកប៉ាល់ដែលចូលមកនេះ បើគិតជាស្តង់ដារអាចកប៉ាល់មកពីអឺរ៉ុបចូលបាន។ ប៉ុន្តែនៅខេត្តព្រះសីហនុមានទៅដល់ ២០ម៉ែត្រ។ ថ្ងៃក្រោយ កប៉ាល់ទាំងអស់អាចចូលបាន។ អញ្ចឹងយើងនឹងរៀបផែនការប្រទាក់ក្រឡា។ ផែណាដែល(កប៉ាល់អាច)ចូលមកចត ជាជាយើងពឹងប្រទេសផ្សេងដើម្បីចត … បន្តិចទៀតផែនេះត្រូវប្រ​ទាក់ក្រឡាជាមួយផែស្វ័យតក្រុងព្រះសីហនុ។​

នៅទីនេះ យើងបើកជាផែប្រភេទទេសចរណ៍ ប្រភេទទំនិញ Container … យើងត្រូវគិតពីសក្តានុពល … ដើម្បីផ្តុំគ្នា មិនមែនផ្ដាច់មុខទេ។ បានន័យថា ផ្តុំគ្នា ព្រោះយើងត្រូវចែក Capacity គ្នា … យើងត្រូវសហការគ្នា ជួយគ្នា អ្វីកម្រិតណា … ដីយើងមានតែប៉ុណ្ណឹង។ បើយើងដាក់គ្រប់មុខ វាបានតិចៗ … ត្រូវគិតមើលថា រវាងទំនិញរាយ និង Container ឬមួយទំនិញប្រភេទណារវាងផែទាំងពីរ ដើម្បីយើងវិនិយោគ Warehouse ហ្នឹងឱ្យត្រូវ សំរាប់ពេលដែល(កប៉ាល់នាំទំនិញ)ចូលមក កុំឱ្យថាស្ទះ។ អញ្ចឹង យើងអាចទទួលបានច្រើន (បាន)ទាំងពីរ ឧទាហរណ៍​ (និង)ទៅថ្ងៃក្រោយ ការដឹកទំនិញអីផ្សេងៗ … យើងមានក្រុមការងារចំពោះកិច្ច ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកលើភស្តុភារកម្មទូទាំងប្រទេស … ផែតូចៗផ្សេងៗទៀត ដែលមិនអាចទៅជាផែអន្តរជាតិទេ ផែខ្លះប្រភេទពីរ គឺតំបន់ត្រូវភ្ជាប់ជាមួយផែយើងយ៉ាងម៉េចដើម្បីឱ្យវារលូន … ជាសហថាមពលរបស់យើងតែម្តង។

(១៥) ផែដែលមានទាំងប៉ុន្មានរួមគ្នាបង្កើតជាទំហំមួយធំឈ្មោះថា “ផែកម្ពុជា”

ខ្ញុំសូមឱ្យ ទី១ មានការគិតគូរផែនការប្រទាក់ក្រឡាផែដែលនៅជិត ដូចជាកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាប្រភេទកំពង់ផែដូចគ្នា។ ទី២ ផែទេសចរណ៍ ADB ដែលយើងធ្វើនៅជិតនេះអាចសហការគ្នាកម្រិតណា ព្រោះជួន​កាល គេមកចូលនៅកន្លែងនេះ ហើយផ្ទេរទេសចរណ៍ពីនេះទៅផែនោះ ដែលផែនោះទឹករាក់ … ផែមួយទៀតជាផែ Logistics នៅប្រហែលជា ២០គីឡូពីទីនេះ ក៏ជាផែទឹកជ្រៅដែរ។ អញ្ចឹងជាជាងមានផែទឹកជ្រៅ២ ផ្តុំគ្នា … ផែនោះអាចផ្តោតទៅលើរ៉ែទៅលើអីទៅ។ អញ្ចឹងកុំឱ្យយក Container ដាក់នៅជាប់រ៉ែ ឬទៅលើពោងប្រេង … ថ្ងៃក្រោយ ពេលដែលយើងមានលទ្ធភាព, ឧទាហរណ៍ រុករកប្រេងនៅតំបន់ត្រួតស៊ីគ្នាជាមួយថៃ, ពេលនោះ Petrochemicals ដែលចេញពីការចម្រាញ់ប្រេង ធ្វើជាជីជាអីហ្នឹង អាចរីកចម្រើន យើងអាចពិនិត្យមើលថាផែណាដែលនៅជិត។

ឧទាហរណ៍ ផែកោះកុង (ជាដើម ដើម្បី)ឱ្យដាច់ពីគ្នា ព្រោះវិនិយោគមួយៗខុសគ្នា … Container មិនអាចឱ្យនៅជាមួយប្រេង ជាមួយរ៉ែ … អញ្ចឹងដាក់មួយដុំទៅ ដើម្បីអោយត្រូវតាមស្តង់ដារបរិស្ថានអីជាមួយគ្នា។ បានន័យថាសហថាមពល។ កុំគិតតែប្រកួតប្រជែងគ្នា ខំប្រឹងច្បាមយកគ្រប់មុខមកមួយកន្លែង។ យើងចែកគ្នា​ រួមគ្នាដើម្បីឱ្យខ្លាំង។ បានន័យថាផែទាំង៤ ខេត្ត ឬផែទាំងប៉ុន្មាននេះ យើងរួមគ្នាបង្កើតជាទំហំមួយធំឈ្មោះថាផែកម្ពុជា។ គ្រាន់តែកន្លែងចតនៅក្បែរៗគ្នា។ ដូចផ្ទះយើងផ្ទះតែមួយគ្រាន់តែបន្ទប់ខុសគ្នា តែផ្ទះនេះគឺសម្រាប់រស់នៅទាំងអស់គ្នា បានរីកចម្រើនទាំងអស់គ្នា កុំឱ្យប្រកួតគ្នា។ បងប្អូននៅផ្ទះជាមួយគ្នាបន្ទប់ជាមួយគ្នា សម្អាតផ្ទះហើយកសាងផ្ទះជាមួយគ្នា។ រដ្ឋាភិបាលត្រូវដាក់ចេញផែនការមេ ដើម្បីសម្របសម្រួល ហើយសុំឱ្យមានការចូលរួមពីក្រុមហ៊ុនឯកជន ដើម្បីសហការគ្នាធ្វើ ជំរុញវិស័យភស្តុភារកម្ម និងដឹកជញ្ជូនទូរគមនាគមន៍ផ្លូវទឹក ជាពិសេសទឹកប្រៃនេះ ឱ្យកាន់តែរីកចម្រើន នេះគឺអ្វីដែលសុំរួមគ្នាធ្វើ។

(១៦) ផែនការមេអភិវឌ្ឍខេត្ត៤ ជាប់សមុទ្រ មិនមែនជាទ្រឹស្តី តែជាការអនុវត្តជាក់ស្តែង

(ហេតុដូចបានរៀបរាប់មកខាងលើ) ផែនការនេះមិនមែនជាទ្រឹស្តីទេ។ ផែនការនេះគឺជាអ្វីដែលយើងបានកសាង និងបានធ្វើ(ជាក់ស្តែង)ហើយ។ អ្នកខ្លះគេថាឱ្យតែខ្ញុំនិយាយគឺទ្រឹស្តីហៀរកែង។ មិនដូចនោះទេ។ ខ្ញុំនិយាយពីអ្វីដែលបានធ្វើ។ ផែទាំងអស់នេះ មានអាជ្ញាបណ្ណ និងបានធ្វើ។ ថ្ងៃនេះខ្ញុំសម្ពោធមួយ។ យើងបានដាក់ផែនការនិងបានធ្វើរួចហើយ ដើម្បីអនាគតវែងឆ្ងាយ។ អត់ដើរក្រោយសភាពការណ៍ទេ។ ខ្ញុំសូមសរសើរអ្នកចេះទាំងអស់នៅខាងក្រៅប្រទេស អ្នកខ្លះម្នាក់ចេះគ្រប់មុខ មន្ត្រីរាជរដ្ឋាភិបាលរាប់រយនាក់អត់ចេះដល់គាត់ទេ ចេញស្អីក៏គាត់ពូកែជាងយើងដែរ ស្អីក៏រដ្ឋាភិបាលធ្វើខុសដែរ។ បើពូកែឱ្យនៅពូកែទៀតចុះ ហើយអ្នកដែលកំពុងចូលឱ្យរង្វាន់មេដាយអីជួយគាត់ទៀតចុះ។ ជួនកាលគេផ្ញើមកឱ្យមើល។ ខ្ញុំអង្គុយសើច។ បើថានិយាយឱ្យខ្ញុំឈឺ គឺបរា​ជ័យហើយ ព្រោះខ្ញុំឥឡូវអផ្សុក។

ពេលខ្លះ មើលរឿងដែលគេវាយប្រហារ(ដោយគ្មានមូលដ្ឋាន) ដើម្បីសើចកម្សាន្ត។ បើសិនជាគេវាយឱ្យយើងឈឺ ហើយយើងឈឺ យើងនឹងចាញ់ហើយ។ គេដុតឱ្យយើងក្តៅ បើយើងក្តៅយើងបរាជ័យហើយ។ អញ្ចឹងឱ្យក្តៅតែខ្លួនឯងចុះ ខ្ញុំត្រជាក់រហូត។ យ៉ាងណាក្តី ខ្ញុំសរសើរដែលគាត់ចេះគ្រប់មុខ។ ស្តីក៏ដឹង ហើយដឹងខ្លាំងជាពួកយើងទៅទៀត។ ថ្ងៃមុន គេថាបានដឹងព័ត៌មានថាកាលខ្ញុំនៅអាមេរិក សុំពុកឱ្យដណ្តឹងប្រពន្ធអាមេរិក ដែលខ្ញុំមិនបានទាំង​​ដឹងផង … (ខាងក្រុមគ្រួសារខ្ញុំ)ទៅចរចា(ស្ដីដណ្ដឹង)ខាងគ្រួសារ(ខាងភរិយា) ហើយក៏ទៅសារភាពថា អត់មាន(ជាប់ជំពាក់នឹង)អ្នកណាទាំងអស់។ ស្រាប់តែ “អ្នកវិភាគ” ថាខ្ញុំធ្លាប់ចង់ដណ្តឹងស្ត្រីអាមេរិកការ …។

(១៧) ប្រទាក់ក្រឡារវាងផែនិងផែ និងជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក អាកាស និងទឹក

ក្នុងផែនការទាំងអស់នេះ យើងមិនគិតតែពីការប្រទាក់ក្រឡារវាងផែនិងផែនោះទេ។ យើងត្រូវគិតពីការប្រទាក់ក្រឡាជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលមានទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក និងប្រភេទផ្សេងផងដែរ។ ដែល ឧកញ៉ា វិញ ហួរ សម្រេចថាធ្វើផែនៅទីនេះ ប្រាកដជាបានសិក្សាច្បាស់លាស់ហើយ។ មិនអាចសង់តែផែកំបុតឆ្កុយទេ។ ផែនេះក៏មិនមែនសម្រាប់តែទូកនេសាទចូលចេញដែរទេ។ ផែនេះគឺសម្រាប់តភ្ជាប់លើកស្ទួយវិស័យទេសចរណ៍ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម អញ្ចឹងវាត្រូវការប្រព័ន្ធដឹកជញ្ជូនផ្លូវគោក។​ តាំងពីសម័យមុនសង្គ្រាម ហើយឥឡូវក្រោយ(សង្រ្គាម) ជាពិសេស រាជរដ្ឋាភិបាលក្រោយសង្គ្រាម ក្រោមការដឹកនាំជាង ៤០ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពង្រីក និងពង្រឹងប្រព័ន្ធផ្លូវប្រទាក់ក្រឡា។

គ្រាន់តែនិយាយផ្លូវគោក ផ្លូវថ្នល់មកខេត្តកំពត យើងមានផ្លូវជាតិលេខ ៣, លេខ ៤១, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនៅជិតនេះ, ផ្លូវជាតិលេខ ៤៨ ហើយថ្ងៃមុនគឺ អ្នកឧកញ៉ា​ សុខ គង់ បានសុំវិនិយោគ BOT ចុះពីបូកគោចាក់ទៅផ្លូវជាតិលេខ ៤ តែម្តង ដើម្បីតភ្ជាប់ឱ្យកាន់តែជិតថែមទៀត។​ អញ្ចឹង យើងមានប្រព័ន្ធតភ្ជាប់កាន់តែច្រើន​មកខេត្តកំពតនេះ។ ផ្លូវមួយកំណាត់ទៅវាលរេញ កំពុងត្រូវបានរៀបចំធ្វើ(ឡើងវិញ) … ផ្លូវ ៤៨ ដែលបុកទៅដល់(ខេត្តព្រះសីហនុ) ហើយចាក់ទៅកោះកុង មួយកំណាត់ហ្នឹងដូច ២០គីឡូម៉ែត្រ វាជាំទឹកខ្លាំងពេក ធ្វើហើយខូចៗ ឥឡូវរកវិធីដើម្បី(ធ្វើឱ្យស្អាត) ហៅបច្ចេកទេសសិក្សាប៉ុន្មានឆ្នាំដើម្បីធ្វើអាហ្នឹងឱ្យរឹងមាំ ដើម្បីធ្វើយ៉ាងណាភ្ជាប់សរសៃឈាមនេះឱ្យកាន់តែល្អប្រសើរ។

(១៨) ពង្រឹងប្រព័ន្ធសុវត្ថិភាព និងពង្រឹងផ្លូវដែក ដើម្បីអោយរថភ្លើងអាចរត់ដល់ល្បឿន ៨០គម/ម៉ោង, ផ្លូវដែកល្បឿនលឿនទុកចាំពេលក្រោយ

អញ្ចឹងយើងគិតផ្លូវទឹក ផ្លូវគោក មានទាំងផ្លូវដែកទៀត។ កំពតក៏ជាខេត្តដែលបានតភ្ជាប់ដោយផ្លូវដែលមានស្រាប់ជាក់ស្តែងពីប៉ូលខាងជើង មកប៉ូលខាងត្បូង គឺពីប៉ោយប៉ែត មកភ្នំពេញ ពីភ្នំពេញមកដល់ខេត្តកំពតនេះ។ ឥឡូវយើងកំពុងតែមានផែនការពង្រឹងបន្ថែមទៀត (Upgrade)។ ទី១ យើងពង្រឹងប្រព័ន្ធសុវត្ថិភាព(ផ្លូវដែក)។ ឯកឧត្តម ប៉េង ​ ពោធិ៍នា …ម៉េចហើយរថភ្លើងលែងបុកឡានទៀតហើយ? សូមដោះស្រាយរឿងហ្នឹងមុនគេ។ ទី២ យើងរៀបចំផ្លូវដែកមានស្រាប់អោយអាចបររថភ្លើងបានពី ៦០គីឡូ/ម៉ោង ទៅ៨០គីឡូ/ម៉ោង ហើយផ្តោតទៅលើការដឹកទំនិញឱ្យច្រើន។ អ្នកឧកញ៉ា គិត ម៉េង សូមជំរុញការចរចារឿងផ្លូវដែកហ្នឹងឱ្យឆាប់ចប់ យ៉ាងយូរចុងឆ្នាំនេះ ដើម្បីយើងចាប់ផ្តើមអនុ​វត្តការពង្រឹងផ្លូវដែកមា​នស្រាប់ហ្នឹង កុំអាលគិតផ្លូវដែកល្បឿនលឿន ចាំក្រោយ។ ថ្ងៃមុនក្រុមហ៊ុន Royal បានកម្មង់ទូររថភ្លើងថ្មី (មួយទឹក)ពីជប៉ុន មកបន្ថែម។ ខ្ញុំមិនទាន់បានជិះផង។ ថ្ងៃណាលួចជិះ តែឥឡូវលួចជិះ គេដឹងមុនរហូតហ្នឹង។ ចង់មើលទេសភាពតាមផ្លូវហ្នឹង។ សំខាន់ធ្វើម៉េចឱ្យបានប្រព័ន្ធដឹកជញ្ជូន Logistics។ អំពីផ្នែកល្បឿនលឿន ផ្ដោតទៅលើការកសាងផ្លូវល្បឿនលឿនសិន។ ផ្លូវដែកល្បឿនលឿនចាំក្រោយ។ ផ្លូវល្បឿនលឿនកសាងឱ្យច្រើនសិន ដើម្បីសម្រួលការដឹកជញ្ជូន។

(១៩) កសាងផ្លូវល្បឿនលឿនស្របតាមផ្លូវជាតិមានស្រាប់ផង ផ្លូវកាត់ត្រង់ផង អោយកាន់តែទំនើប

អំពីផ្លូវល្បឿនលឿន យើងកសាងផ្លូវល្បឿនលឿនស្របតាមផ្លូវដែលមានស្រាប់ ដូចជាផ្លូវជាតិលេខ ៤​ ប៉ុន្តែត្រូវគិតគូរអំពីផ្លូវកាត់ផង។ ផ្លូវកាត់ដែលយើងបើកថ្មីៗ ដើម្បី(ធ្វើដំណើរត្រង់ឆ្ពោះ) ដូចជាផ្លូវជាតិលេខ ១០ ដើម្បីកាត់ត្រង់ពីខាងកោះកុង ឡើងទៅខាងប៉ោយប៉ែត។ កាលមុនយើងត្រូវចុះទៅឡើងតាមភ្នំពេញ ព្រោះវាអត់មានផ្លូវ។ ឥឡូវយើងគិតផ្លូវកាត់ពីប៉ោយប៉ែតទៅសៀមរាប។ ឱ្យកាន់តែខ្លី ជាជាងការធ្វើដំណើរឆ្ងាយ។ កាត់ឱ្យបានច្រើន។ សុខចិត្តឱ្យអ្នកបើកបររអ៊ូថាផ្លូវច្រើនជិះវង្វេង ជាជាងមានផ្លូវ(តិច)។ (ត្រូវធ្វើ)ផ្លូវឱ្យបានច្រើន ហើយស្តង់ដារឱ្យកាន់តែទំនើប ឱ្យប្រជាពលរដ្ឋរបស់យើង(ប្រើប្រាស់តាមត្រូវការ)។ ខ្ញុំតែងតែលើករឿងប៉ូលិសព្រំដែនម្នាក់នាំខ្ញុំវង្វេង ហើយបន្ទោសទៅលើរដ្ឋាភិបាលធ្វើផ្លូវច្រើនខ្សែ។ ខ្ញុំជិះឡានពីខេត្តស្ទឹងត្រែងមកព្រះវិហាទាំងយប់។ មកដល់ជិតម្តុំឆែប ក៏វង្វេងផ្លូវ។ គេថាមេប៉ុស្តិ៍ប៉ូលិសមួយនៅ​ ជាំ ស្គាល់ផ្លូវ។ ដឹកទាំងយប់វង្វេងផ្លូវ។ ដល់ខ្ញុំថាចុមមកដល់ម៉ោងនេះហើយវង្វេង … គាត់ដោះសារថា “បងមិនមែនកំហុសខ្ញុំទេ។ កាលមុនខ្ញុំជិះឱ្យតែមកតាមផ្លូវកៅស៊ូ គឺអត់វង្វេងទេ។ ឥឡូវផ្លូវកៅស៊ូមកដល់ហ្នឹងគេធ្វើច្រើនខ្សែពេក។ កាលមុនមានតែផ្លូវកៅស៊ូមួយ ផ្លូវដីមួយ ក្រោយមកមានផ្លូវកៅស៊ូមួយ ផ្លូវដី ២ ៣ អញ្ចឹងទៅ” … គេបន្ទោសរដ្ឋាភិបាលធ្វើផ្លូវកៅស៊ូច្រើន។

(២០) នឹងកសាងផ្លូវសម្រាប់អ្នកជិះកង់តាមខេត្តជាប់ឆ្នេរសមុទ្រ, តភ្ជាប់កំពង់ផែជាមួយការដឹកជញ្ជូនតាមផ្លូវដែកផ្លូវអាកាស និងផ្លូវទឹក

ឥឡូវបន្តិចទៀត សំរាប់អ្នកខេត្តព្រះសីហនុ យើងនឹងធ្វើ(ផ្លូវសំរាប់អ្នកជិះកង់)។ ឯកឧត្តម សាយ​ សំអាល់ កំពុងតែឡើងផែនការមួយ។ ខ្ញុំឱ្យគិតមើល។ គាត់បានឡើងគំនិតផ្តួចផ្តើមល្អ រៀបចំផ្លូវជិះកង់ពីកែបទៅ (ព្រះសីហនុនិង/ឬកោះកុង) តាមឆ្នេរសមុទ្រតែម្តង បើអាចធ្វើបាន។ សម្រាប់ទេសច បងប្អូនណាទំនេររត់ម៉ារ៉ាតុងយកថវិកាជួយ គន្ធបុប្ផា ក៏អាចរត់ ២០០ ឬ៣០០គីឡូលេងទៅ។ អ្នកណាចង់លឿនអីពី ៨០ ទៅ៩០គីឡូអី យើងអាចដើរមួយជុំមកវិញ … ដើម្បីផាសុខភាពប្រជាពលរដ្ឋយើង។ យើងធ្វើផ្លូវឲ្យច្រើន ដើម្បីសម្រួល(ការធ្វើដំណើរ)។ នៅតាមភូមិ ឃុំ ពីមុនលំបាក។ ឥឡូវយើងមានធ្វើ(ផ្លូវ)ច្រើន ផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវដី។ តាមផ្លូវដែក យើងគិតពីការតភ្ជាប់មកខេត្តកំពត និងផែ។ ត្រូវធ្វើ និងពង្រីកបន្តទៀត ដើម្បីឲ្យមានសក្តានុពល។

គិតគូរពីផ្លូវទឹក ការតភ្ជាប់ទេសចរចូលមកខេត្តព្រះសីហនុ ដូចជា cruise ចូលមក។ យើងអាចមានសេវាក្រុមហ៊ុនដឹកជញ្ជូន ចន្លោះពីនេះទៅព្រះសីហនុ ដូចតែ ១០០ គីឡូម៉ែត្រទេ ហើយបើតាមទឹកលឿនជាងផ្លូវគោក។ អាចអស់ថវិកាតិចទៀត។ ទេសចរខ្លះជិះយន្តហោះមកកងកេង តែអត់ចូលខេត្តទេ។ គាត់ឡើងកាណូតទៅកោះ។ ឥឡូវ ចូលតាមច្រកផ្សេងៗ ពីប្រ​ទេសជិតខាង គាត់អាចឡើងកាណូតមកកំពត មកលេងបូកគោ។ ជិះតាមផ្លូវអាចយូរ។ ឡើងកាណូតពីនេះទៅ។ បើបានអូប៊័រលឿនទៀត កាណូតលឿន កាន់តែលឿនទៀត។ អញ្ចឹងគិតគូរផ្តល់លទ្ធភាព និងការរីកចម្រើនខាងវិស័យទេសចរណ៍ផ្សេងទៀត។

តំបន់ជិតៗនេះ ថ្ងៃក្រោយអាចទៅជាកន្លែងអូតែល កន្លែងសម្រាប់ទេសចរ … ហើយអ្នកកំពតនឹងប្រកបការងារផ្សេងៗទៀត។ ឥឡូវផែដឹកជញ្ជូន និងរោងចក្រអីមកបោះនៅកន្លែងនេះច្រើន។ ជាគោលនយោបាយ មានចិនមកសុំវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ដូចនៅម្តុំបូកគោ។ កាន់តែរុលមក។ បន្តិចទៀតអ្នកកំពត (មានការវិនិយោគ)បង្កើតការងារនៅទីនេះ សម្រាប់នាំចេញ ទេសចរចូល។ អញ្ចឹង យើងត្រូវគិតពីការប្រទាក់ក្រឡាជាមួយផ្លូវអា​កាស យើងភ្ជាប់ជាមួយព្រលានយន្តហោះកងកេង(នៅខេត្តព្រះសីហនុ)។ យើងអត់ធ្វើព្រលានយន្តហោះអន្តរជាតិមួយទៀតនៅកំពតទេ។ យើងបានធ្វើនៅកំពង់សោមហើយ។ អត់អាចធ្វើ២ ជិតគ្នាទេ។ ប្រកួតប្រជែងទៅមិនរួចទេ។ ឧស្សាហកម្មនីមួយៗ តម្លៃគាត់ខ្ពស់។ ខាងយន្តហោះកាន់តែខ្ពស់។ បើសិនជា២ ជិតគ្នា មិនមានអ្នកប្រើប្រាស់សេវា យើងពិបាក។ អញ្ចឹងភ្ជាប់មកតាមផ្លូវទឹកនិងផ្លូវគោក។ យើងមានព្រលានយន្តហោះមួយទៀតនៅកោះរ៉ុង។ អញ្ចឹងមាន២ រួចទៅហើយ។

(២១) ព្រែកជីកហ៊្វូណនតេជោ ជាគំរោងកសាង ប្រតិបត្តិការ និងផ្ទេរ (BOT) ដោយក្រុមហ៊ុនកម្ពុជាមានភាគហ៊ុន ៥១%

ប្រព័ន្ធគមនាគមន៍ផ្លូវទឹក ដូចខ្ញុំនិយាយអញ្ចឹង ត្រូវគិតពីការតភ្ជាប់ជាមួយផែកោះកុង ជាមួយផែព្រះសីហនុ ផែ ADB ផែមួយទៀត … សមុទ្រធំ ការដឹកជញ្ជូនកាន់តែខ្ពស់។ មួយទៀតគឺប្រព័ន្ធតភ្ជាប់ជាមួយផ្លូវគមនាគមន៍ ផ្លូវទឹកសាប គឺព្រែកជីកហ្វូណនតេជោនេះឯង។ ព្រែកជីកហ្វូណនតេជោ ខ្ញុំសូមយកឱកាសនេះ ធ្វើការអរគុណជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក និយាយដោយឡែកប្រជាពលរដ្ឋអ្នកខេត្តកំពត ដែលបានយល់អំពីតម្លៃនៃព្រែកជីកហ្វូណនតេជោមួយនេះ។ កំពតជាខេត្តដែលទទួលផលផ្ទាល់តែម្តង។ អ្នកកំពតនឹងទទួលផលពីការវិវឌ្ឍនៃព្រែកជីកមួយនេះ ដែលបើកច្រកសេដ្ឋកិច្ចបន្ថែមសម្រាប់ខេត្តកំពត និងខេត្តផ្សេងទៀតនៅទិសនិរតីនិង​ទូទាំងប្រទេស។ សូមបងប្អូនបន្តការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តព្រែកជីកហ្វូណនតេជោនេះ។

ទាំងអស់នេះគឺដើម្បីផលប្រយោជន៍ខ្មែរ។ ខ្ញុំមិនចាំបាច់ពន្យល់ពីផលប្រយោជន៍សេដ្ឋកិច្ចនោះទេ ព្រោះមានការពន្យល់ច្រើនហើយ។ ខ្ញុំសូមបញ្ជាក់ថា មកដល់ម៉ោងនេះ នៅតែមានអ្នកឃោសនាថា យើងទៅខ្ចីលុយបរទេសមកវិនិយោគ។ មិនដូច្នោះទេ។ (ទី១) វាជាគម្រោងលក្ខណៈឯកជន វិនិយោគិនឯកជន។ ឯកជន/អ្នកវិនិយោគខ្ចីលុយពីធនាគារមកកសាង ហើយសុំសិទ្ធិដើម្បីប្រតិបត្តិការនៅក្នុងរយៈពេល ៥០ឆ្នាំ … ចប់ពីហ្នឹងគឺផ្ទេរឲ្យរាជរដ្ឋាភិបាលគ្រប់គ្រង។ នេះគេហៅថាគម្រោង BOT។ ប្រជាពលរដ្ឋ រដ្ឋាភិបាលយើងអត់ចាយលុយនៅក្នុងការសង់ទេ គឺក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ។ យើងនឹងមានឱកាសប្រើប្រាស់ដើម្បីផលប្រយោជន៍ទាំងអស់គ្នា ទាំងវិស័យ​ទេស​ចរ ដឹកជញ្ជូន នៃខេត្តទាំងប៉ុន្មានហ្នឹង បូកជាមួយខេត្តដែលជាប់ទន្លេមេគង្គ ទន្លេសាប ក៏អាចដឹកមកបាន។

ទី២ ពីមុនការវិនិយោគិននេះ ១០០ ភាគរយ ជាវិនិយោគិនបរទេស។ ឥឡូវខ្ញុំសូមបញ្ជាក់អញ្ចេះ គម្រោងនេះលែង ១០០ភាគរយ ជាគំរោងវិនិយោគដោយបរទេសទៀតហើយ។ គម្រោងនេះនឹងមានវិនិយោគិនពីខ្មែរយើង ៥១ភាគរយ និងហោចណាស់ (ខ្មែរ)ជាអ្នកមានភាគរយច្រើន។ បានន័យថា គម្រោងនេះ​ កម្ពុជាយើងនឹងចូលរួមក្នុងរូបភាពជាអ្នកកាន់ភាគហ៊ុនវិនិយោគច្រើន។ យើងមានក្រុមហ៊ុនរដ្ឋរបស់យើង បានន័យថាក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានកំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ជាអ្នកចូលរួមវិនិយោគជា​មួយក្រុមហ៊ុនឯកជនមួយទៀត។ ក្រុមហ៊ុនរដ្ឋទាំង ២នេះ គឺជាអ្នកកាន់ភាគហ៊ុនច្រើន។ អញ្ចឹងខ្មែរយើងនឹងចូលរួមទុនក្នុងការកសាង ហើយរដ្ឋរបស់យើងនឹងចូលរួម មិនមែនយកថវិការដ្ឋទៅចាយទេ មិនមែនយកថវិកាខ្ចីគេមកវិនិយោគដើម្បីសងគេទេ គឺក្រុមហ៊ុនរបស់រដ្ឋអភិវឌ្ឍមានវិនិយោគដូចឯកជនអញ្ចឹង …។

(២២) បើកការដ្ឋានព្រែកជីកហ្វូណនថ្ងៃទី ០៥ សីហា ឆ្នាំ ២០២៤ ដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាពលរដ្ឋកម្ពុជា និងសូមកុំលុះតាមការញុះញង់នៃក្រុមប្រឆាំង

នេះគឺជាការវិវត្តថ្មី។ ខ្ញុំសូមបញ្ជាក់ផងដែរថា ការបើកសាងសង់គម្រោងនេះមិនយូរទេ។ ថ្ងៃមុនខ្ញុំទៅគិរីរម្យ ខ្ញុំថានឹងបើកខែសីហា ឆ្នាំ ២០២៤ ខាងមុខ។ នៅសល់តែ ២ខែ។ អ្នកខ្លះគាត់ស្តាប់ហើយចាំចាក់។ ឥឡូវខ្ញុំឮថាមានភ្នាល់គ្នាថាខែ៨ ប៉ុន្តែចាក់ថ្ងៃ។ អ្នកខ្លះចាក់ថា ប្រាកដជាថ្ងៃ ២២ ហើយ ព្រោះខួបមួយឆ្នាំនៃរដ្ឋាភិបាលអាណត្តិទី ៧ … កុំឲ្យពិបាកចាក់នាំតែខាត កុំឱ្យមានល្បែងស៊ីសង ខ្ញុំសូមប្រកាសថាថ្ងៃទី ៥ សីហា ២០២៤។ អត់ចាំបាច់ដល់ ១ ឆ្នាំខួបរដ្ឋាភិបាលទេ … យើងបានកំណត់ទីតាំងរួចហើយ។ យើងត្រៀមលក្ខណៈ សម្ភារៈ ឧបករណ៍ មធ្យោបាយហើយ។ អញ្ចឹង អ្នកណាដែលខំឃោសនាថា យើងធ្វើមិនរួច ខំឃោសនាឲ្យប្រជាពលរដ្ឋប្រឆាំង កុំឲ្យគម្រោងនេះចេញ យកល្អមិនបាច់ខំទេ នាំតែហត់។ យើងបើកការដ្ឋានហើយនៅថ្ងៃទី ៥ សីហា ខាងមុខនេះ …។

បន្ថែមទៅលើការគាំទ្រដែលប្រជាពលរដ្ឋបានបង្ហាញមកដល់ម៉ោងនេះ ខ្ញុំសូមប្រជាពលរដ្ឋបន្តជួយជំរុញ … ផ្តល់ជាយោបល់និងការចូលរួមរបស់ប្រជាពលរដ្ឋ។ យើងចង់បានគម្រោងដើម្បីជាតិនិងជានិរន្តរភាពនៃទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែល ទី១ សូមបងប្អូនប្រជាពលរដ្ឋជឿជាក់ថា គម្រោងមួយនេះមិនមែនដើម្បីផលប្រយោជន៍របស់ប្រទេសណាទេ គឺជាផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពីបច្ចុប្បន្ន និងទៅអនាគត។ គម្រោងនេះ មិនមែនធ្វើហើយ ៥ ឆ្នាំ កប់វិញទេ គឺធ្វើសម្រាប់រាប់រយឆ្នាំតទៅទៀតដើម្បីប្រជាជនខ្មែរយើង ទាំងការគ្រប់គ្រងទឹក គ្រប់គ្រង​ការដឹកជញ្ជូន ការធានាឯករាជ្យភាពជាតិ ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព និងលទ្ធភាពបង្កើតឧស្សាហកម្មផ្សេងៗនៅតាមបណ្តោយព្រែក …។

ទី២ កុំជឿតាមការញុះញង់របស់ក្រុមមួយចំនួន ឬអ្នកនយោបាយខ្លះ ដែលចេះតែយករូបភាពនេះរូបភាពនោះ បំភ្លៃ អុចអាលប្រជាពលរដ្ឋឱ្យបាត់ជំនឿលើគម្រោង ហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រគម្រោងនេះ។ សូមកុំជឿទៅលើការញុះញង់បែបនេះ។ អ្នកនយោបាយខ្លះ ដូចជាតាមួយ ម្សៀមួយចាស់វស្សានៅក្រៅ។ ខ្ញុំមិនយល់ អ្នកសេដ្ឋកិច្ចហ្នឹងគេដែរ ម្ង៉ៃៗជេរតែរឿងគម្រោង។ ផលប្រយោជន៍ជាតិខ្មែរសោះ។ ខ្ញុំថាកុំប្រឆាំងគ្រប់ពេល គ្រប់ប្រធានបទពេក។ បើមិននិយាយក៏គេមិនថាគដែរ។ ស្អីដែលជាផលប្រយោជន៍ប្រជាពលរដ្ឋ រួមទាំងអ្នកគាំទ្ររបស់អស់លោកផង សុំបើកឱកាសឲ្យខ្មែរបានរីកចម្រើន។ សុំឲ្យមានភាពជឿជាក់ និងសាមគ្គីឯកភាពជាតិគ្នាទៅលើអ្វីដែលជាផលប្រយោជន៍របស់ជាតិយើង ជាពិសេសផលប្រយោជន៍សង្គម ផលប្រយោជន៍សេដ្ឋកិច្ច ជូនប្រជាពលរដ្ឋយើង គួរកុំប្រឆាំងផ្កាប់មុខពេក គួរតែរួមគ្នាផ្តល់នូវសច្ចភាព រួមគ្នាធ្វើទៅ។

ក្រៅពីគាត់និងមួយក្រុមគាត់ប៉ុន្មាននាក់ ខ្ញុំអរគុណគ្រប់គណបក្ស និន្នាការផ្សេងៗនៅក្នុងប្រទេស មិនថានិន្នាការប្រឆាំងនៅក្នុងប្រទេស គឺមិនមានការប្រឆាំងនោះទេ មានតែគាំទ្រ ព្រោះគេយល់ពីគោលបំណង និងអត្ថប្រ​យោជន៍សម្រាប់ជាតិ។ គម្រោងនេះ ខុសពីគម្រោងផ្សេងៗ ព្រោះមានលក្ខណៈជាតិនិយម។ គ្មានគម្រោងណា ទោះបីជាធំជាងនេះក៏ដោយ គម្រោងព្រលានយន្តហោះរាប់ពាន់លាន លុយច្រើនជាងនេះ ប៉ុន្តែអត់មាន(សន្ទុះជាតិនិយម)ដូចគម្រោងនេះទេ។ ប្រជាជនខ្មែរទូទាំងពិភពលោកគាំទ្រ។ អញ្ចឹង សុំឲ្យស្មារតីនេះបន្ត ហើយកុំជឿទៅដល់ការញុះញង់របស់ជនមួយក្តាប់តូចដែលមាន(គោលបំណងបំផ្លិច)បំផ្លាញ …។

(២៣) សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រែកជីក ចូលរួមគាំទ្រការដោះស្រាយផលប៉ះពាល់ដោយគោលនយោបាយរបស់រាជរដ្ឋាភិបាល

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយគម្រោងព្រែកជីក ចូលរួមគាំទ្រដល់ព្រែកជីក​នេះ … បើគ្មានការចូលរួមពីបងប្អូនទេ យើងមិនអាចធ្វើបាន ហើយអាចប្រើប្រាស់ជាផលប្រយោជន៍រួមទេ។ រាជរដ្ឋាភិបាលនឹងចុះរៀបចំចាត់ចែងដោះស្រាយតាមបច្ចេកទេស ហើយនឹងដោះស្រាយគោលនយោបាយដើម្បីបងប្អូន។ យើងបានធ្វើ survey ហើយ ផ្ទះប៉ុន្មានខ្នង ដីស្រែប៉ុន្មាន អីប៉ុន្មាន ដើម្បីផ្តល់ការដោះស្រាយជូនប្រជាពល​រដ្ឋ។ បើគ្មានការចូលរួមពីប្រជាពលរដ្ឋយើងមិនអាចធ្វើបានទេ មិនអាចទទួលផលបានទេ។ (ផលប៉ះពាល់នៃ)ព្រែក​ជីកនេះ បើតាមរបាយការណ៍ឯកឧត្តម ស៊ុន ចាន់ថុល មាន ១៦៤០ ខ្នង ហើយអាចលើសហ្នឹងបន្តិច អាចថា ១៦០០ ទៅខ្ទង់ ២០០០ ជាងនៅទីតាំងកន្លែងខ្លះ។ សូមកុំឲ្យពេលចាប់ផ្តើមក្លាយទៅជា ១ម៉ឺនខ្នងផ្ទះ ព្រោះផ្ទះឥឡូវគេដាំលឿនណាស់ … សូមប្រជាពលរដ្ឋជួយ។

រដ្ឋនឹងខិតខំ ហើយរដ្ឋក៏ត្រូវចូលរួមចេញថវិកាលើបញ្ហានេះ។ ដោយ​ពង្រីកព្រែក យើងច្បាស់ជាមានប៉ះដីបងប្អូនហើយ។ យើងខិតខំដើម្បីដោះស្រាយផលប៉ះពាល់ជូនបងប្អូន តែបើមិនបើកទេ បងប្អូនឃើញរាល់ថ្ងៃហើយ ដីអត់តម្លៃ ហើយក៏មិនមានសេដ្ឋកិច្ចទៅដែរ។ មួយ​ពាន់ជាងខ្នងផ្ទះ ដីស្រែប៉ះប៉ុន្មាន យើងនឹងខិតខំដោះស្រាយ ប៉ុន្តែបានផលមកវិញគឺសម្រាប់រាប់លាននាក់នៅទូទាំងប្រទេស តតំណ។ អញ្ចឹងសុំចូលរួមនៅក្នុងការគាំទ្រការធ្វើព្រែកជីកនេះទាំងអស់គ្នា ព្រោះពិតជាមានក្រុមខ្លះបានទៅខ្សឹបហើយ “នែ! ត្រូវតែធ្វើអញ្ចេះ​”។ គេចាប់ផ្តើមបំផុសឲ្យតវ៉ា។ សូមជម្រាបករណីពិតមួយនៅស្រុកស្អាង ខេត្តកណ្តាល ទើបដោះម្សិលមិញ។ ប្រជាពលរដ្ឋ ១៥០ គ្រួសារ សុំឲ្យអាជ្ញាធរធ្វើផ្លូវបេតុងមួយជូនគាត់។ ពីមុនផ្លូវនេះគឺផ្លូវរទេះជិះបានម៉ូតូ ហើយជាប់ព្រែក។ អញ្ចឹងវាបាក់ចូលទៅក្នុងទឹក។ ប្រជាពលរដ្ឋថាសុំធ្វើឲ្យមានលំនឹងតែម្តងពង្រីកទៅដល់ ៤ ឬ ៥ ម៉ែត្រ ហើយធ្វើពីបេតុង ព្រោះគាត់ធ្វើបដិភាគដីដែលចូល(ជាចំណីផ្លូវ)ព្រោះដឹងថាបើទុកផ្លូវរទេះ គ្មានអ្នកណាចូលមកកន្លែងគាត់ទេ កូនចៅគាត់ទៅរៀនក៏លំបាក។ អញ្ចឹងគាត់ព្រមបដិភាគ ព្រមជួយការដោះគោលនយោបាយបាន។

យើងដោះគោលនយោបាយជូន តែគាត់ដឹងថាផ្លូវបេតុងនេះ តាំងពីផ្លូវរទេះតូចមួយ គាត់លំបាកជិះចូលក្នុងព្រែក ផ្លូវដី ផ្លូវរទេះគោ ឥឡូវបានផ្លូវបេតុង ៤ ទៅ ៥ ម៉ែត្រដើម្បីគាត់ប្រើជាង ៥០០ នាក់ ១៥០ គ្រួសារគាត់ចង់បាន។ អញ្ចឹងក៏រាជរដ្ឋាភិបាល អាជ្ញាធរឯកភាពធ្វើជូនគាត់។ គាត់ស្នើ ២០២១។ ប្រជុំចុះឡើង យើងដាក់គោលនយោបាយ ២០២៣។ ដល់ពេលចៃដន្យ កាលដែលខ្ញុំប្រជុំថ្ងៃ ២៤ ឧសភា) ជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោ​បល់ជាមួយនឹងតំណាងគណបក្ស៣០ មានតំណាងគណបក្សមួយគាត់នាំសំណូមពររបស់ប្រជាជននៅស្រុកហ្នឹងមកថា សម្តេចមើលផ្លូវដែលសន្យាជូនប្រជាពលរដ្ឋផង អត់ធ្វើទេ។ ខ្ញុំក៏ឲ្យឆែកភា្លម។ តាមពិតមិនមែនផ្លូវអត់ធ្វើទេ ផ្លូវធ្វើរួចហើយ ១០០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ។ ប៉ុន្តែបើកមិនរួចដោយសារមាន ៣ ផ្ទះនៅដើមផ្លូវគាត់អត់ព្រម​បើក។ អញ្ចឹងធ្វើ ៩០០ ម៉ែត្រជាងជាបេតុងហើយ។

ប្រជាពលរដ្ឋ ១៥០ គ្រួសារ គាត់រំពឹងថាបានផ្លូវហ្នឹងប្រើ។ តែអត់បានប្រើ ដោយសារប្រជាពលរដ្ឋ៣ គ្រួសារខាងដើមផ្លូវគាត់អត់ព្រម។ គាត់អត់ឯកភាព គាត់ថាប៉ះផ្ទះគាត់ច្រើនពេក។ អញ្ចឹងគាត់អត់ឲ្យបើក។ អញ្ចឹង ១៤៧ គ្រួសារទៀតអត់បានប្រើ។ ជិះមកដល់កន្លែង ៤០ ម៉ែត្រហ្នឹង នៅកដប ស្ទះរហូត។ ប៉ុន្តែបានខេត្តចុះទៅសម្របសម្រួលម្សិលមិញ ២ គ្រួសារគាត់បើកហើយ ប៉ុន្តែដោយប៉ះច្រើនពេក គាត់ថាឥឡូវជាជាងបើក ៥ ម៉ែត្រ ខ្ញុំមកដល់ហ្នឹងខ្ញុំបើក ៤ ម៉ែត្រឲ្យធ្វើផ្លូវបេតុង។ ឥឡូវនៅមួយគ្រួសារទៀតនឹងចរចាបន្តទៀត។ ខ្ញុំសូមអរគុណណាស់ប្រជាពលរដ្ឋទាំង ១៤៩ គ្រួសារ រួមទាំងប្រជាពលរដ្ឋ ២ គ្រួសារដែលម្សិលមិញឯកភាពលះបង់ រំកិលសសរចូលទទួលនូវផលប៉ះពាល់មួយចំនួនដើម្បីបើកផ្លូវនេះឲ្យ ១៥០ គ្រួសារបានប្រើ។

ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋមួយគ្រួសារដែលនៅសល់នេះ នឹងព្រមដើម្បីបើកផ្លូវនេះធ្វើជាផ្លូវបេតុង ទោះបីមិនបាន ៥ម៉ែត្រ បានត្រឹម ៤ម៉ែត្រ​ ដើម្បីល្អជាងផ្លូវរទេះតូចមួយដែលប្រជាពលរដ្ឋ ១៥០គ្រួសារ ៥០០នាក់ផ្សេងទៀត អត់បានផល។ អញ្ចឹង ដោយសារបងប្អូននៅទីនេះ បើប្រជាពលរដ្ឋមួយគ្រួសារនេះគាត់ឯកភាពថ្ងៃនេះ នឹងចូលរួម ផ្លូវនេះនឹងបើកបានជាគុណប្រយោជន៍សម្រាប់ ១៥០គ្រួសារនៅថ្ងៃនេះ និងរាប់រយគ្រួសារដែលកាន់តែរីកនៅភូមិនេះ នៅថ្ងៃក្រោយ។ អ្វីដែលខ្ញុំនិយាយគឺថា (មិនថាតែ)ព្រែកជីក (ឬ)ហេដ្ឋារចនាសម្ព័ន្ធអ្វីទេ តែធ្វើក៏ត្រូវការពង្រីក និងត្រូវការការលះបង់ខ្លះរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយ(ទីតាំងគំរោង) សូមចូលរួមដើម្បីយើងបានផលទាំងអស់គ្នា។ សួរថា បើសិនជាផ្លូវបេតុងនេះមិនធ្វើ ដីរបស់គាត់ក៏មិនឡើងថ្លៃ សេដ្ឋកិច្ចក៏មិនឡើង កសិផលគាត់ក៏ពិបាកដឹកចេញមកដែរ កូនគាត់ទៅរៀនខែភ្លៀងជិះព្រួយធ្លាក់ចូលក្នុងព្រែក គាត់មានលទ្ធភាពទិញឡានម៉េចក៏ទៅមិនរួច ព្រោះផ្លូវរទេះ មានតែផ្ញើគេនៅក្រៅ។ តែឥឡូវ រីកបានដោយសារបងប្អូនយើងចូលរួម។

(២៤) ទោះបីជាត្រូវប៉ះពាល់ខ្លះ ប៉ុន្តែដីឡើងថ្លៃ អាចបង្កើតរោងចក្រ កំពង់ផែដឹកជញ្ជូន មានការងារធ្វើ

(ពាក់ព័ន្ធនឹង)ព្រែកជីកនេះក៏ដូចគ្នា។ ឥឡូវដែលយើងមានតួព្រែកស្រាប់ជាង ១០០គីឡូម៉ែត្រ តែមានទំហំតូច (នៅ)ខែប្រាំង។ ខ្ញុំមើលឃើញតែកំប្លោកទេ។ ធ្វើអ្វីមិនបានទេ។ ខែវស្សាមានទឹកខ្លះ។ ប៉ុន្តែ ពេលដែលព្រែកជីកធ្វើហើយ អ្នកដែលនៅតាមសណ្ដនេះ គឺខួបប្រាំង ខួបវស្សា​ មានព្រែកមួយ ១០០ម៉ែត្រ ដែលមានទឹកសម្រាប់បងប្អូនធ្វើដំណើរដឹកជញ្ជូនគ្រប់ពេលវេលាទាំងអស់។ ដីរបស់បងប្អូន​ដែលទោះបីជាត្រូវផលប៉ះពាល់ខ្លះ ប៉ុន្តែនឹងឡើងថ្លៃ មិនមែនសម្រាប់តែអ្នកនៅជាប់ទេ គឺទាំងអស់គ្នាដែលនៅ(ក្នុងបរិវេណ)ទីនោះ។ ហ្នឹងយើងនិយាយរឿងដី។ ប៉ុន្តែ ដីនេះមិនត្រឹមជាផលទេ ប៉ុន្តែអាចបង្កើនលទ្ធភាពបង្កើតរោងចក្រ កំពង់ផែដឹកជញ្ជូន ដែលនាំឲ្យភូមិឃុំនៅកន្លែងនោះកាន់តែរីក ឲ្យមានកម្មករកូនចៅយើងធ្វើការ អ្នកបច្ចេកទេស រៀនសូត្រ ធ្វើនៅទីនេះ។ បានផលច្រើនណាស់។ បើសិនជាព្រែកជីកនេះមិន(ត្រូវបាន)ធ្វើ យើងនឹងមិនបានផលទេ …។

(២៥) ទាញប្រយោជន៍ពាណិជ្ជកម្មដាក់ហោប៉ៅរដ្ឋ ដើម្បីចំណាយលើការថែទាំសុខភាព កម្មវិធីបណ្តុះបណ្តាលជំនាញ ការបន្ថែមម៉ោងសិក្សាក្នុងវិស័យអប់រំ និងតម្លើងប្រាក់ខែមន្ត្រីរាជការ

សូមប្រជាពលរដ្ឋមេត្តាចូលរួម ព្រោះជាគម្រោងរបស់ជាតិ។ រដ្ឋាភិបាលមិនមែនយកដីហ្នឹងលក់ឲ្យឯកជនទេ។ ការគ្រប់គ្រងនៅកន្លែងនេះ មានគណៈកម្មការច្បាស់លាស់ មានក្រុមហ៊ុនរបស់រដ្ឋចូលរួមវិនិយោគបន្ថែមទៀត។ ខ្ញុំប្រាប់ថា ដល់ម៉ោងរដ្ឋចេះរកស៊ីហើយ។ បន្តិចទៀតនឹងឃើញហើយ។ យើងមិនមែនទាញយកសក្ដានុពលតែព្រែកជីកទេ។ អ្វីនៅទីនោះ រដ្ឋនឹងមានក្រុមហ៊ុនរដ្ឋទាញយកផលប្រយោជន៍ខាងពាណិជ្ជកម្ម ដើម្បីដាក់ចូលក្នុងហោប៉ៅរបស់រដ្ឋថែម។ ហើយរដ្ឋយកទៅណា? លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន អាណត្តិទី៧នេះ យើងដាក់ចេញគោលនយោបាយពង្រីកសុខភាពប្រជាពលរដ្ឋ ចំណាយទៅលើសុខភាពតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ កម្មវិធីប្រជាពលរដ្ឋក្រីក្រ កម្មវិធីបណ្ដុះបណ្ដាលអាហារូបករណ៍។ យកលុយមកហ្នឹង យកមកដំឡើងប្រាក់ខែឲ្យមន្រ្តីរាជការ ដែលជាឪពុកម្ដាយ បងប្អូន កូនចៅរបស់ប្រជាពលរដ្ឋ។

វិនិយោគបន្ថែម ទម្លាក់មក(វិស័យអប់រំ)។ ម្សិលមិញ ខ្ញុំឲ្យអនុវត្តសាកល្បងដើម្បីបន្ថែមម៉ោងនៅសាលាបឋមសិក្សា។ យើងចាប់ផ្ដើមពង្រឹងវិធានការគោលនយោបាយមួយនេះ គឺពង្រឹងមូលដ្ឋានអប់រំ ក្នុងនោះពង្រឹងថ្នាក់មូលដ្ឋានបឋម។ និយាយរួមពីថ្នាក់បឋមដល់ថ្នាក់ទី១២។ ឥឡូវយើងអនុវត្តទីមួយគឺកម្មវិធីចាប់ផ្ដើមពង្រឹងបឋមសិក្សា។ បឋមសិក្សា យើងចាប់ផ្ដើមពង្រឹងឥរិយាបថ ការអប់រំផ្សេងៗ ហើយថែមទាំងបន្ថែមម៉ោង ព្រោះឥឡូវជួនកាលរៀនម៉ោងព្រឹក រសៀលសិស្សទំនេរ អញ្ចឹងសល់ពេល ទី១ រៀនជួនកាលអត់គ្រប់ពេលព្រឹក អត់មានអីបំប៉ន អ្នកខ្លះកន្លែងមានបង្រៀនគួរ ក៏រៀនគួរទៅ អ្នកខ្លះអត់។ ក្រៅពីនេះ កន្លែងជនបទផ្សេងៗ អត់(រៀនគួរ) គាត់ទៅដើរកាប់ដាវអីអញ្ចឹងៗទៅ។

(២៦) អនុវត្តអភិក្រម “ងើបមួយ សង្កត់មួយ ងើបមួយក្រុម សង្កត់មួយក្រុម” ចំពោះករណីក្រុមបងធំ/តូច

នៅនេះមានឬទេ ក្រុមបងធំបងតូច? អត់ទេ។ អនុវត្តក្ដៅហើយ។ ក្រុមកាប់ដាវសាមូរ៉ៃ។ យើងជួយឪពុកម្ដាយថែទាំបង្កាកុំឲ្យឈានទៅដល់ដាច់ដៃដាច់ជើង ឬស្លាប់។ អនុវត្តបទបញ្ជាគ្រប់ខេត្តទាំងអស់។ ឲ្យតែមានងើបមកមួយ អនុវត្តច្បាប់មួយ។ មួយអាណត្តិពេញ រាប់ទាំងអាណត្តិក្រោយៗ អត់មានឃើញតែមួយអាណត្តិនេះ(ហើយបាត់ឈឹង)ទេ។ ខ្ញុំបានអំពាវនាវរួចហើយ ដល់ប្រព័ន្ធតុលាការថា មិនអាចមានករណីអាជ្ញាធរ កម្លាំងសមត្ថកិច្ចខំចាប់ ហើយអត់មានមូលហេតុច្បាប់ច្បាស់លាស់ ដោះលែងនោះទេ។ ត្រូវឲ្យច្បាស់លាស់។ បើមានមូលហេតុច្បាប់ច្បាស់លាស់ យើងត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។ រួមគ្នាធ្វើ​ដើម្បីជាការព្រមាន។ នៅកំពតដូចជាមិនមានទេឬ? រឿងបងធំបងតូចមួយមិនដែលលាក់ទេ។ រឿងល្បែងគេលាក់ ជល់មាន់គេលាក់។ រឿងបងធំ ទាល់តែចំហបានគេខ្លាច។ បងធំកាប់ដាវស្ងាត់ៗ គ្មានអ្នកណាខ្លាចទេ។ បើបិទទ្វារកាប់ដាវក្នុងផ្ទះគ្មាននរណាដឹងទេ។ កាប់ពេញផ្លូវ ជ្រែពេញផ្លូវ។ អនុវត្តឲ្យបាន ហើយអនុវត្ត(ដូច)ភ្លៀងរលឹម។ បានន័យថា ងើបមួយសង្កត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម។ អនុវត្តអភិក្រមនេះឲ្យជាប់ ឲ្យបាន។ គ្មានម្ដាយឪពុកណា រួមទាំងម្ដាយឪពុកដែលភ័យជាងគេ គឺម្ដាយឪពុកអ្នកដែលកាប់ដាវនោះហើយ មួយថ្ងៃៗ ឃើញពួកម៉ាកហៅចេញទៅ មកវិញមិនដឹងដាច់ដៃឬជើងទេ ឬមួយមិនដឹងវាកាប់អ្នកណាគេទៀតថ្ងៃនេះ …។

(២៧) រដ្ឋយកចំណូលថវិកាជាតិពីការអិវឌ្ឍនានា ចំណាយលើកទឹកចិត្តគ្រូ បង្រៀនថែមពីរម៉ោងពេលរសៀល

អំពីការបន្ថែមម៉ោងនេះ ខ្ញុំបានដាក់ឲ្យអនុវត្តប្រកាសគណៈកម្មការពង្រឹងវិស័យអប់រំ​ ដែលមានឯកឧត្ដម ហង់ជួន ណារ៉ុន ជាអនុប្រធានប្រចាំការ ហើយមានលេខាធិការដ្ឋានមួយក្នុងនេះ ចុះអនុវត្ត។ យើងបានសាកថែមពីរម៉ោងល្ងាចឲ្យសិស្ស។ ឃើញឪពុកម្ដាយគាំទ្រ។ សិស្សចូលរៀនច្រើន។ អញ្ចឹង ជាជាងកូនក្មេងថ្នាក់បឋមនៅផ្ទះ សល់ពេលច្រើន អត់ធ្វើអី រៀនរាងខ្សោយ រករៀនគួរ តែអ្នកដែលមិនមានលទ្ធភាពរៀនគួរ ឥឡូវថែមពីរម៉ោងនេះចាត់ទុកជាម៉ោងបំប៉នបន្ថែម ដើម្បីឲ្យសិស្សយើងកាន់តែរឹងមាំ។ សម្រាប់ការថែមម៉ោងនេះ រដ្ឋត្រូវចេញលុយលើកទឹកចិត្តឲ្យគ្រូ។ យកលុយមកពីណា? លុយមកពីចំណូលថវិកាជាតិ តាមរយៈការអភិវឌ្ឍផ្សេងៗនេះឯង។ អញ្ចឹងហើយ តាមរយៈការអភិវឌ្ឍ រដ្ឋទាញចំណូលដើម្បីជួយទាំងអស់។ ចំណូលច្រើនពីសារពើពន្ធ ពីការវិនិយោគផ្សេងៗ ចំណូលក្រៅពីពន្ធក៏យើងមាន ហើយបើកើតអានេះ គឺកាន់តែរឹងមាំថែមទៀត។

(២៨) សូមអ្នកវិនិយោគនិងអ្នកគួកជេ កុំទិញដីទុកលក់យកចំណេញក្នុងគំរោងព្រែកជីក

សូមបងប្អូនប្រជាពលរដ្ឋចូលរួមការអភិវឌ្ឍនៅកន្លែងនេះ។ ចុងក្រោយ ខ្ញុំសូមបងប្អូនដែលមិនរស់នៅតំបន់សណ្ដ ជាពិសេសអ្នកវិនិយោគ អ្នកដែលចាប់ឱកាស (ព្រោះលេចឮល្ហិចល្ហែងថាប្រមូលគ្នាដើម្បីទិញដីកាក់ទុក) និងសូមកុំប៉ះកន្លែងដែលយើងធ្វើទាំងប៉ុន្មានម៉ែត្រហ្នឹង។ ការអភិវឌ្ឍនៅកន្លែងផ្សេងៗនៅជាប់ហ្នឹង ធ្វើចុះ ពេលដែលគេធ្វើហើយ។ បើសិនជាព្រែកជីកហ្នឹងធ្វើមិនចេញ ឬធ្វើយឺត យើងក៏នឹងខាតដែរ។ ប្រជាពលរដ្ឋនៅនោះ មានដីមានអី គាត់វិនិយោគ គាត់ធ្វើអីផ្សេង អ្នកណាទិញលក់អាហ្នឹងរឿងផ្សេង កន្លែងផ្សេង(ធ្វើបាន) តែកុំប៉ះកន្លែងយើងធ្វើហ្នឹង។ ទុកកន្លែងហ្នឹងដើម្បីឲ្យយើងអនុវត្តគំរោងអោយចេញ។ ជាពិសេស អ្នកគួកជេដី កុំឲ្យដល់រដ្ឋចាប់ផ្ដើមដោះស្រាយគោលនយោបាយ ស្រាប់តែដីស្រែចេញមកបង្ហោះទង់មួយការ៉េ ១ពាន់ដុល្លារ។ កន្លែងហ្នឹងមួយសុំទុកទៅ។ រដ្ឋមិនហាមឃាត់កន្លែងជាប់ហ្នឹងទេ។ សក្ដានុពលទាំងអស់។ យើងនឹងដោះស្រាយផលប៉ះពាល់ទៅតាមរង្វង់នៃការដោះស្រាយ។ ខ្ញុំសុំអំពាវនាវឲ្យហើយ ក៏ដូចជាការប​ញ្ជូនសារទុកមុនឲ្យហើយ ដើម្បីបងប្អូនទាំងអស់គ្នា ជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយសណ្ដព្រែកចូលរួម។

(២៩) សូមជួយរដ្ឋ ជួយប្រទេសជាតិ កសាងគម្រោងនេះឲ្យជោគជ័យ ជាប្រវត្តិសាស្រ្តថ្មីលើទឹកដីអង្គរ

ខ្ញុំឃើញវិទ្យុមួយគាត់ធ្វើសម្ភាសន៍។ ប្រជាជនថា ឥឡូវនេះគាត់ធ្វើកសិកម្មមានដាំស្វាយដាំអី តែមានតែព្រែកតូចមួយ អត់មានស្អីចូល។ បើដឹកទៅផ្លូវមុខវាឆ្ងាយ។ តែបើយកផ្លូវទឹកអន្តរជាតិមកដាក់នៅជាប់ដីគាត់ ថ្ងៃក្រោយនឹងកើនឱកាស។ គាត់ចង់បានណាស់។ អញ្ចឹងអ្នកនៅជាប់ហ្នឹងចង់បាន។ សុំអ្នកវិនិយោគ ជាពិសេសអ្នកគួកជេដីធ្លី កុំដណ្ដើមគ្នាទៅចាប់ទិញកាក់នៅកន្លែងនោះ ដែលនាំឱ្យរដ្ឋចំណាយថវិកាដោះធ្ងន់។ សូមជួយរដ្ឋ ជួយប្រទេសជាតិយើង កសាងគម្រោងនេះឲ្យជោគជ័យ។ មានអ្នកពូកែស៊ើប គេស៊ើបច្បាស់ជាងខ្ញុំទៀត។ គេដឹងកន្លែងណាបត់កប៉ាល់ មុនខ្ញុំទៅទៀត។ បើគ្មានការចូលរួម គម្រោងរបស់ជាតិនៅតែលើក្រដាសទេ។ បើស្រឡាញ់ជាតិពិតប្រាកដ ចង់ធ្វើឲ្យជាតិមានឯករាជ្យភាពក្នុងការដឹកជញ្ជូន ចង់ឲ្យខេត្តទិសនិរតីបានផលផ្ទាល់ពីការអភិវឌ្ឍសេដ្ឋកិច្ច ចង់ឲ្យទូទាំងប្រទេសបានផលពីព្រែកជីកប្រវត្តិសាស្រ្តនេះ ចង់ឃើញនូវប្រវត្តិសាស្រ្តថ្មីមួយនៅលើទឹកដីអង្គរដែលកូនខ្មែរជំនាន់នេះបានកសាងឡើង (សូមជួយរដ្ឋ)។ បងប្អូនទាំងអស់នៅទីនេះនឹងអាចប្រើប្រាស់បាន ព្រោះធ្វើមិនយូរទេ អត់ធ្វើ ១០០ឆ្នាំទេ។ បងប្អូននៅទីនេះអាចជិះបានពីនេះទៅភ្នំពេញពេលធ្វើហើយ ដូចជា ៤ ទៅ ៦ឆ្នាំ។ ថាប៉ុណ្ណឹងទៅចុះ … ហើយបើសិនលោកយាយលោកតាដែលឥឡូវអាយុ១០០ឆ្នាំ អញ្ចឹងត្រឹមអាយុ ១០៦ឆ្នាំ នៅអាចជិះបានភ្លឹង។

(៣០) ប្រែក្លាយកម្លាំងជាតិក្នុងស្មារតី ជាកម្លាំងជាតិជួយអនុវត្តគម្រោងជាក់ស្តែង ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ

លទ្ធភាពអ្នកវិនិយោគ គ្រឿងចក្រ បច្ចេកទេសយើងមានអស់ហើយ ដើម្បីគម្រោងប្រវត្តិសាស្រ្តនេះអាចអនុវត្តបាន អ្វីដែលសំខាន់គឺសុំឲ្យការគាំទ្រពីទឹកចិត្ត ប្រែក្លាយពីទឹកចិត្តផុសផុល ទៅជាសកម្មភាពជាក់ស្ដែង រួមគ្នាគ្រប់ជ្រុង គ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពជួយជំរុញ អនុគ្រោះ ក្នុងការបង្កលក្ខណៈឲ្យការសាងសង់ រួមទាំងប្រឆាំងសកម្មភាពទាំងឡាយណាដែលប៉ុនប៉ង​ធ្វើឲ្យគម្រោងនេះមិនជោគជ័យ ទោះបីក្នុងរូបភាពណាក៏ដោយ … សល់តែ ២ខែទៀតទេ។ រឿងសំខាន់បំផុត គឺប្រែក្លាយទឹកចិត្តប្រជាជនដែលចង់បានព្រែកនេះ ទៅជាព្រែកជាក់ស្ដែងនៅលើដី។ កំពង់ផែនេះ ដែលពីប៉ុន្តែខែមុន ឧកញ៉ា វិញ ហួរ គ្រាន់តែគិតស្រមៃទេ ឆ្លងគ្រាន់តែឡើងផែនទីលើក្រដាសទេ តែឥឡូវក្លាយទៅជាការពិត។ ថ្ងៃនេះ ប្រជាពលរដ្ឋអ្នកកំពតឃើញនៅទីនេះ មិនទាន់មានសកម្មភាពច្រើនទេ តែ ៦ខែក្រោយ ឬ១ឆ្នាំក្រោយនឹងមាន។ កាលមុន មានទេសចរចូលមកតាមកំពង់សោមមក ឥឡូវនឹងមានចូលមកកន្លែងនេះថែមទៀត … អញ្ចឹងដើម្បីព្រែកជីកមួយនេះបានរីកចម្រើន បានឈានទៅមុខដោយរលូន ប្រែក្លាយពីកម្លាំងជាតិនៅក្នុងស្មារតី ទៅជាកម្លាំងជាតិក្នុងការជួយអនុវត្តគម្រោងនេះទាំងអស់គ្នា សុំបងប្អូនទាំងអស់បន្តគាំទ្រ និងជឿទុកចិត្តទៅលើរាជរដ្ឋាភិបាល ថាគម្រោងនេះធ្វើដើម្បីបុព្វហេតុជាតិ និងមាតុភូមិ …។

(៣១) សូមអ្នករស់នៅតាមសណ្ដព្រែក និងអ្នកគិតពីសក្ដានុពលវិនិយោគ កុំឲ្យរាំងស្ទះការសាងសង់

មួយទៀត សូមប្រជាពលរដ្ឋ ទាំងអ្នកនៅសណ្ដព្រែក បូកនឹងអ្នកផ្សេងៗដែលគិតពីសក្ដានុពលវិនិយោគ និងចង់ចូលរួម និងទាញផលប្រយោជន៍បាន កុំរាំងស្ទះ ឬបង្កការលំបាកដល់ការសាងសង់ព្រែកជីក​មួយនេះ … ដូចខ្ញុំបានលើកអញ្ចឹង។ ផ្លូវមួយពាន់ម៉ែត្រ ធ្វើបេតុងឲ្យអស់ហើយ តែដោយសារយើងមិនមានការឯកភាពគ្នាពី ៣គ្រួសារ នៅលើ ១៥០គ្រួសារ យើងធ្វើឲ្យស្ទះជិតមួយឆ្នាំមិនបានផល។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ទះប្រជាពលរដ្ឋ ១៥០គ្រួ​សារ ដែលកំពុងទន្ទឹងរង់ចាំចង់បាន រហូតទៅដល់ផ្ដាំតាមគណបក្សមួយឲ្យ​មកប្រាប់នាយករដ្ឋមន្រ្តីកាលពីថ្ងៃ ២៤ ខែ ៥នេះ ដោយសារគាត់ដោះមិនចេញមួយឆ្នាំ … ខ្ញុំយល់ពីបងប្អូនទាំង៣គ្រួសារ។ ខ្ញុំមិនបន្ទោសគាត់ទេ ព្រោះគាត់រងផលប៉ះពាល់។ គាត់មានផលប្រយោជន៍ គាត់មានដី មានផ្ទះ មានសសររបស់គាត់។ អញ្ចឹងរដ្ឋនឹងខិតខំយកចិត្តទុកដាក់ ដើម្បីឲ្យស្មើភាពជាមួយអ្នកផ្សេង។យើងដោះត្រូវមានគោលការណ៍ស្មើភាពផង។ យើងយល់ អ្នកដែលប៉ះខ្លាំងយ៉ាងម៉េច។ ប៉ុន្តែ បើសិនជាគ្មានបងប្អូន​ទាំង៣ គ្រួសារនេះចូលរួមទេ ផ្លូវនេះនៅតែជាផ្លូវនៃក្ដីស្រមៃដដែល។ ផ្លូវនេះនៅតែផ្លូវធ្វើហើយតែមួយកំណាត់ដដែល។ មិនអាចប្រើបាន។ ផលសម្រាប់ប្រជាជន ១៥០គ្រួសារនេះ នៅតែមិនបានដដែល។

ដោយសារបងប្អូនពីរគ្រួសារបានឯកភាពម្សិលមិញហើយ ខ្ញុំសង្ឃឹមថាមួយគ្រួសារទៀតនឹងចូលរួមលះបង់ខ្លះនូវសម្បត្តិរបស់ខ្លួនដើម្បីបើកផ្លូវមួយកំណាត់នោះ ទោះបីជាមិនបាន៥ម៉ែត្រ ត្រឹមតែ៤ម៉ែត្រក៏ដោយ ព្រោះបើកាត់ ៥ម៉ែត្រ វាប៉ះធ្ងន់ពេកដើម្បីផលប្រយោជន៍ដល់បងប្អូនទាំង ១៥០គ្រួសារ តកូនតចៅផង ត្រូវមានការចូលរួមលះ​បង់ និងសាមគ្គីគ្នា គិតផលប្រយោជន៍រួមទើបអាចធ្វើទៅបាន។ អញ្ចឹង ឧទាហរណ៍នៅខេត្តកណ្ដាល នៅត្រើយស្លា ស្រុកស្អាងនេះ ក៏មិនខុសពីគម្រោងព្រែកជីកដែលយើងគ្រោងធ្វើនេះដែរទេ … យើងមិនអាចបានផលសម្រាប់ប្រទេសយើងរាប់លាននាក់នោះទេ បើខ្នងផ្ទះនិងដីស្រែទាំងប៉ុន្មាន(ដែលប៉ះពាល់) មិនចូលរួមក្នុងការលះបង់ ហើយទទួលយកការទូរទាត់។ យើងនឹងខិតខំធ្វើឲ្យបានល្អ … មានអ្នកដែលស្រែកកោកៗ ចាំស្រែកពេលដែលយើងមិនធ្វើអី។ ស្រែកពេលដែលយើងមិនធ្វើផ្លូវបេតុងឲ្យប្រជាជនហើយ ស្រែកថា ៤០ឆ្នាំហើយ ផ្លូវនៅតែផ្លូវដីធ្លាក់ព្រែកអញ្ចឹង។ ដល់ពេលយើងធ្វើផ្លូវបេតុង ទៅស្រែកប្រាប់ប្រជាពលរដ្ឋថាកុំឲ្យធ្វើ ប៉ះសិទ្ធិដីធ្លីប្រជាពលរដ្ឋ។ ដល់ធ្វើហើយ ទៅញុះញង់ឲ្យប្រជាពលរដ្ឋមួយចំនួនតវ៉ា។ ដល់ធ្វើមិនចេញ​ នៅតែស្រែកចោទថា រដ្ឋាភិបាលគ្មានសមត្ថភាពធ្វើផ្លូវបេតុងមួយឲ្យប្រជាជននៅត្រើយស្លា។ នេះជាកិច្ចការដែលគេធ្វើ។

(៣២) សម្ដេចតេជោផ្ដួចផ្ដើមគំនិត សម្តេចធិបតីដឹកនាំអនុវត្ត មន្រ្តី/អាជ្ញាធរនិងប្រជាពលរដ្ឋរួមគ្នាធ្វើ

ព្រែកជីកនេះក៏មិនខុសគ្នាដែរ។ គេស្រែក គេយកហេតុផលគ្រប់យ៉ាងដើម្បីឲ្យប្រជាពលរដ្ឋមិនគាំទ្រ ប្រឆាំងគម្រោងនេះ តាំងពីថ្ងៃដែលសម្ដេចបញ្ជាក់។ យើងធ្វើយូរណាស់មកហើយ។ ឥឡូវថ្ងៃ៥ សីហានេះ យើងនឹងបើកធ្វើ។ប្រហែលគេនឹងរុញមនុស្សមកឲ្យតវ៉ា។ សូមកុំចូលរួមជាមួយល្បិចកលបែបនេះ។ គេគិតថា ផលប្រ​យោជន៍ទាំងអស់នេះ បានជាគុណសម្បត្តិដល់គណបក្សប្រជាជន បានជាគុណសម្បត្តិសម្ដេចតេជោ ដែលជាអ្នកផ្ដួចផ្ដើម ជាគុណសម្បត្តិ ហ៊ុន ម៉ាណែត ដែលដឹកនាំធ្វើ។ អត់ទេ។ រាជរដ្ឋាភិបាលសម្ដេចតេជោ និងខ្ញុំ គ្រាន់តែជាតួអង្គតូចមួយ សម្ដេចតេជោផ្ដួចផ្ដើម ឯខ្ញុំដឹកនាំការអនុវត្ត។ មន្រ្តីយើងច្រើនណាស់ ប្រជាពលរដ្ឋច្រើនណាស់ អាជ្ញាធរច្រើនណាស់ដែលរួមធ្វើ។ ជាគម្រោងរួមរបស់ជាតិ។ យើងគ្រាន់តែមានមោទនភាពដែលបានចូលរួមជាផ្នែកតូចមួយទេ។ ជាផលរបស់ជាតិនិងប្រជាពលរដ្ឋ … ខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះ។

អ្នកគួកជេដី សូមកុំទៅ(ទិញដីគួកជេ) ជាពិសេសអ្នកជំនាញដាំផ្ទះ។ មួយយប់ដុះ ១០០ខ្នង សូមកុំទៅកន្លែងហ្នឹង។ យើងមាន satellite មាន drone អស់ហើយ។ ខ្ញុំធ្លាប់ទៅដោះនៅលើកោះមួយ។ គេមកថតរឿង Survivor។ show ហ្នឹង មានមនុស្សរាប់លាននាក់លើពិភពលោកមើល។ ដល់ហើយវាស្ទះទីកន្លែងមួយដែលមានប្រជាជនសង់ផ្ទះ។ ប្រហែលជា ១០ខ្នង។ អញ្ចឹងខ្ញុំក៏ឡើងទៅដើម្បីដោះស្រាយរឿងហ្នឹង។ ខ្ញុំក៏ទៅជួបជាមួយនឹងម្ចាស់ផ្ទះ ដែលគេធ្វើ resorts។ ខ្ញុំសួរថា ផ្ទះហ្នឹងធ្វើពីអង្កាល់? កាលហ្នឹង ខ្ញុំមិនមានងារជាសម្ដេចអីទេ គេហៅតែ បងៗ។ គេប្រាប់ថា “បង! ផ្ទះហ្នឹង ខ្ញុំធ្វើប្រ​ហែលជា ៣ខែហើយ”។ ខ្ញុំថា “ប្រាប់ឱ្យត្រង់មក! ផ្ទះហ្នឹងធ្វើពីអង្កាល់?”។ ប្រហែលជា ២-៣ខែហើយ បង!។ ខ្ញុំថា ច្បាស់នៅ? ច្បាស់ហើយ។ កុំភូត។ នេះតំបន់សមុទ្រ ដែកគោលមិនទាន់ច្រែះ។ ដែកគោលនៅស ហើយ ៣ខែ នៅជាប់សមុទ្រ។ ឯកឧត្តម គួច ចំរើន ដូចជាទៅជាមួយនឹងខ្ញុំ។ បានសារភាពថា បងអើយ! ធ្វើ ៣-៤ថ្ងៃមុន។

(៣៣) សូមអ្នកក្រៅតំបន់គំរោង អង្គការសង្គមស៊ីវិល កុំញុះញង់ប្រជាពលរដ្ឋឱ្យខ្ទាស់ការអនុវត្តគំរោង ប្រឆាំងប្រយោជន៍ជាតិ

សកម្មភាពនិងតំបន់ដែលយើងធ្វើព្រែកនេះ កន្លែងក្រោយ(ព្រែកជីក)នេះ ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសិទ្ធិធ្វើអី្វធ្វើចុះ។ គាត់ចង់លក់ គាត់ចង់វិនិយោគ គាត់ចង់រៀបចំដើម្បីធ្វើ ថ្ងៃក្រោយធ្វើអូតែល ជួលឱ្យគេធ្វើរោងចក្រធ្វើអីជាសិទ្ធិរបស់គាត់។ ប៉ុន្តែអ្នកនៅក្រៅតំបន់ មិនមែនតែអ្នកគួកជេដីទេ អង្គការសង្គមស៊ីវិលមួយចំនួន សូមកុំលូកដៃ ទៅបំផុសប្រជាជនឱ្យលេងរបៀបហ្នឹង … កុំទៅញុះញង់ដើម្បីឱ្យខ្ទាស់ កុំប្រើវិធីបែបនេះ ធ្វើឱ្យខាតប្រយោជន៍ជាតិ ដើម្បីប្រឆាំងអស់ប្រយោជន៍។ ភស្ដុតាងងាយរកទេ។ បច្ចេកទេសឥឡូវ(ទំនើប) ស្រួលរក(ភស្ដុតាង)ណាស់។ ថ្ងៃមុន អ្នកទៅរំលោភដីធ្លីនៅស្ទឹងត្រែង គាត់បន្លំធ្វើជាអង្គការហៅប្រជាពលរដ្ឋទៅចាប់ដីរដ្ឋ។ គាត់លក់ដីឱ្យប្រជាពលរដ្ឋមួយឡូត៍ ២០០០(ដុល្លារ) មួយឡូត៍ ៥០០(ដុល្លារ) ប្រជាពលរដ្ឋមិនដឹង ក៏ទៅទិញ។ ចាប់ដីរដ្ឋយកទៅលក់ ភស្ដុតាងមានទាំងអស់។ ក្បៀសចេញ អនុវត្តច្បាប់។ បន្លំធ្វើជាអង្គការ ដល់ទៅសួរប្រធានអង្គការថាអត់ដឹងទេ អ្នកហ្នឹងក្លែង(បន្លំ)។ អ្នកខ្លះបន្លំធ្វើជាអាជ្ញាធរ អ្នកខ្លះបន្លំធ្វើជាមន្រ្តី …។

រឿង(កសាងព្រែកជីកហ្វូណនតេជោ)នេះជារឿងជាតិ។ គម្រោងព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ របស់ជាតិខ្មែរទាំងមូល។ យើងត្រូវតែធ្វើឱ្យបានដាច់ខាត ហើយមានការគាំទ្រនិងការចូលរួមរបស់ប្រជាពលរដ្ឋ។ អញ្ចឹង កម្លាំងមួយចំនួនតូច មិនអាចបំផ្លាញបានទេ រួមទាំងការខិតខំញុះញង់បំភ័យប្រជាពលរដ្ឋឱ្យប្រឆាំងនឹងគម្រោងនេះ។ អញ្ចឹង ខ្ញុំអរគុណណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលគាំទ្រ ហើយសង្ឃឹមថាយើងនឹងសហការដោះស្រាយបញ្ហានេះ។ ខ្ញុំនិយាយមុន ជាជាងមានរឿងហើយបាននិយាយក្រោយ។ ខ្ញុំក្ដាប់បានថាមានគួកជេប្រ​មូលលុយគ្នាទៅទិញ ទាំងអង្គការមួយចំនួនក៏រៀបចំផែនការដើម្បីប្រមូលមនុស្សប្រឆាំងដាច់ដោយដុំ។ ដូចជាផ្លូវបេតុងមួយពាន់ម៉ែត្រអញ្ចឹង ដោយសារតែ(ដោះស្រាយមិនចេញ) ៤០ម៉ែត្រ វាបើកមិនបាន។ នៅខ្ទាស់ដើមខ្សែ។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ទាល់តែ ១៨០គីឡូម៉ែត្របើកបាន។ បើធ្វើបានតែ ១៧០គីឡូម៉ែត្រ ១០គីឡូម៉ែត្រទៀតបើកមិនបាន ខាតលុយ ប្រជាពលរដ្ឋអត់ចំណូល ខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលត្រូវចូលរួម ត្រូវធ្វើឱ្យបាន។

(៣៤) រាជរដ្ឋាភិបាលនឹងដោះស្រាយផលប៉ះពាល់ ប៉ុន្តែកុំឱ្យមានដៃទី៣ ដែលកេងចំណេញបង្កការបំផ្លិចបំផ្លាញ

ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាបន្តគាំទ្រ ទាំងគោលគំនិត ទាំងស្មារតី ទាំងនៅលើដី ហើយប្រឆាំងជាមួយនឹងការញុះញង់បំផុសបែបណា ទោះបីជាចង់កេងចំណេញផលប្រយោជន៍ជាថវិកា ជាផលប្រយោជន៍សេដ្ឋកិច្ច ជាផលប្រយោជន៍នយោបាយ ដែលប៉ះពាល់ទៅដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនិងសិទ្ធិស្របច្បាប់របស់យើង ដែលត្រូវតែធ្វើ។ រាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ។ យើងមិនដេញប្រជាពលរដ្ឋដោយគ្មានការដោះស្រាយទេ។ យើងធ្វើកន្លែងណាក៏មាន(ផលប៉ះពាល់)ដែរ។ ប៉ុន្តែកុំឱ្យមានដៃទី៣ ដែលចង់កេងចំណេញនយោបាយ ឬចំណេញអីមួយចេះតែទៅបំផ្លាញ។ ដីដែលរងផលប៉ះពាល់ យើងនឹងដោះស្រាយ។ តែបើសិនជាទារថ្លៃដីមួយការ៉េមួយពាន់(ដុល្លារ) ថ្លៃជាងភ្នំពេញទៀត យើងមិនអាចធ្វើបានទេ។ ការ(ទារ ត្រូវឱ្យ)សមហេតុផល។ សូមបញ្ជូនសារឱ្យហើយ រាជរដ្ឋាភិបាលត្រូវធ្វើឱ្យខានតែបាននូវគម្រោងមួយនេះ។ យើងប្រឈមជាមួយនឹងអន្តរជាតិមួយចំនួនដែលឆ្ងល់។ យើងបានប្រាប់ហើយនេះគឺជាសិទ្ធិរបស់កម្ពុជា ផលប្រយោជន៍កម្ពុជា មិនធ្វើបំផ្លាញបរិស្ថានប្រទេសណា មិនធ្វើដើម្បីបំផ្លាញប្រទេសណាមួយនោះទេ។ យើងត្រូវហ៊ានធ្វើ(ដើម្បីផលប្រ​យោជន៍ជាតិនិងប្រជាជន)។ ប៉ុន្តែផ្ទៃក្នុងប្រទេស យើងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ឯកភាពជាតិមួយនៅក្រោយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជំរុញការធ្វើឱ្យបានជោគជ័យគ្រប់ប្រការ … អ្នកដែលបានភ្នាល់គ្នាថា នៅថ្ងៃណា នៅក្នុងខែសីហា​, អ្នកដែលចាក់ថ្ងៃទី ២២ហ្នឹង ខុសហើយ …។

(៣៥) ដរាបណាថែរក្សាបានសុខសន្ដិភាព ស្ថិរភាព សេដ្ឋកិច្ចកម្ពុជាទាំងមូលកាន់តែរឹងមាំ ប្រជាពលរដ្ឋនឹងឈានទៅរស់ក្នុងប្រទេសមានតាមផែនការ

កំពង់ផែនេះ ថ្ងៃនេះយើងឃើញវាល ដីនៅមាន(កន្លែងទំនេរ)ច្រើន បម្រុងសម្រាប់ធ្វើឃ្លាំង សម្រាប់ធ្វើកន្លែងឧស្សាហកម្ម ធ្វើកន្លែងផ្សេងៗ។ ខ្ញុំថា ៥ឆ្នាំទៅមុខ កន្លែងនេះលែងជាដីវាលទៀតហើយ។ វានឹងជាកន្លែងបម្រើសេដ្ឋកិច្ច បង្កើតការងារឱ្យបងប្អូនកាន់តែច្រើននៅទីនេះ។ ថ្ងៃនេះ មានអ្នកធ្វើការនៅកំពង់ផែនេះមួយចំនួន។ ពេលកំពង់ផែនេះកាន់តែរីក ទាញយកទេសចរចូល ដើម្បីឱ្យអូតែល ឱ្យ restaurant ខេត្តកំពតកាន់តែរឹងមាំ។ យើងភ្ជាប់បន្ថែមទៀតជាមួយនឹងកំពង់ផែ ADB ដើម្បីទាញសក្ដានុពល។ ផែ ADB ដូចជាមានក្រុមហ៊ុន AZ ដើម្បីយកទៅវិនិយោគបន្ថែម ដើម្បីភ្ជាប់ជាមួយនឹងកំពង់ផែព្រះសីហនុ ភ្ជាប់ជាមួយនឹងផែរ៉ែមួយទៀតដែលនឹងគ្រោង(សាងសង់) … បងប្អូនអ្នកកំពត ថ្ងៃក្រោយលែងកម្សត់។ កាលពីក្មេង ខ្ញុំមកកំពត ស្ងាត់មែនទែន។ កាលហ្នឹង កំពតកែបជាមួយគ្នា។ ឥឡូវ(ខេត្តទាំងពីរ)មានផ្លូវខ្វាត់ខ្វែង ផ្លូវតភ្ជាប់ផ្លូវទឹកផ្លូវគោក សក្ដានុពលកាន់តែច្រើន។ អញ្ចឹងអ្នកកំពតជំនាន់នេះ មានសំណាងជាងអ្នកកំពតជំនាន់តាយាយ លោកអ៊ំអ្នកមីង។ អ្នកកំពតជំនាន់ក្មួយមានសំណាងជាងអ្នកកំពតជំនាន់បងប្អូន កូនចៅរបស់ក្មួយៗនឹងមានសំណាងទៀត។ ដរាបណាយើងថែរក្សាសុខសន្ដិភាព ស្ថិរភាពបាន ដោយកត្តាដែលយើងត្រូវធានាគឺសេដ្ឋកិច្ចគោលនយោបាយ ឯករាជ្យផ្អែកលើច្បាប់ ទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស បើកសេដ្ឋកិច្ច(នៅក្នុង)ខេត្តកំពត(និង)ពេញផ្ទៃប្រទេសកាន់តែរឹងមាំ ហើយបើខេត្តនីមួយៗ រាជធានីមួយៗកាន់តែរឹងមាំ សេដ្ឋកិច្ចកម្ពុជាទាំងមូលកាន់តែរឹងមាំ ប្រជាពលរដ្ឋយើងនឹងឈានទៅដល់ប្រទេសអ្នកមាននៅក្នុងពេលខាងមុនតាមផែនការ …។

ជាថ្មីម្ដងទៀត អរគុណចំពោះថ្ងៃនេះ។ មកថ្ងៃនេះ បាន ២-៣ ខ្សឺត មានកម្លាំងតែម្ដង។ លោកអ៊ំសរសើរថា ស្អាត។ លោកអ៊ំមួយនោះ អង្អែលដៃ គាត់ថាសាច់ល្អ។ មិនឱ្យសាច់ល្អម៉េច បើលែងត្រូវថ្ងៃហើយហ្នឹង។ កាលនៅជាទា​ហាន ត្រូវថ្ងៃរាល់ថ្ងៃ ចុះតាមខេត្តរហូត។ ដល់ឥឡូវបានគេវាស់ដីឱ្យដើរ ស្គាល់តែផ្ទះ ចូលក្នុងឡាន ចូលទៅកន្លែងប្រជុំៗ ចប់ចេញមកវិញ។ ទៅក្រៅប្រទេសក៏អញ្ចឹងដែរ។ ថានៅក្នុងប្រទេសចុះ ទៅដល់ក្រៅប្រទេសដូចគ្នា។ ចុះពីលើយន្តហោះ​ ចូលឡាន ចូលអូតែល ចេញពីអូតែល(ប្រជុំ)។ ទៅក្រៅប្រទេសសប្បាយតែអ្នកទៅអម។ ដូចមកកំពតនេះអញ្ចឹង កាលមុន កម្មវិធីអញ្ចេះ មកមុនមួយយប់ មកកែបមកអី ហើយបងប្អូនខ្លះមកកំពតត្រឹមនេះទេ តែមក(មុន) ៣ថ្ងៃ។ អ្នកទាំងអស់គ្នាមិនចង់ឱ្យធ្វើផ្លូវទេ ព្រោះធ្វើផ្លូវស្អាត ប្រាប់អ្នកនៅផ្ទះថាមក ៣ថ្ងៃអត់កើត ដេកផ្លូវអត់កើត ព្រោះត្រឹមកំពត កែប (និយាយលេងសើច)។ បើខាងក្រសួងសាធារណការ មកមើលផ្លូវឯកឧត្តម ស៊ុន ចាន់ថុល ថា មកមើលតំបន់ភស្ដុភារកម្មអីអញ្ចឹងទៅ ឯកឧត្តម ថោង ខុន ថាមើលទេសចរលើកោះអីអញ្ចឹងទៅ។ ដល់អ្នកវិស័យផ្សេងទៀត មិនដឹងមកមើលអី? ឯកឧត្តម អគ្គបញ្ជាការថាមកត្រួតពិនិត្យមើលទ័ព។ (និយាយលេងសើច) សប្បាយទាំងអស់គ្នាក្នុងបរិស្ថានសន្ដិភាពនេះ …។

[ចប់សេចក្ដីអធិប្បាយ២]

អរគុណណាស់ចំពោះការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អង្គពិធីជាទីមេត្រី។ ជាថ្មីម្តងទៀត, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត, ក្រសួង-ស្ថាប័ន និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមហ៊ុនកំពតផត ក្នុងការសម្រេចបាននូវសមិទ្ធផលកំពង់ផែពហុបំណងកំពតនេះ ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកំពតផត ដែលបានវិនិយោគសាងសង់កំពង់ផែពហុបំណងកំពតនេះ, ជាពិសេស បងប្អូនមន្រ្តី, បុគ្គលិក, កម្មករ-និយោជិត ដែលបានខិតខំបម្រើសេវាកម្ម ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យកំពង់ផែពហុបំណងកំពតនេះ មានតួនាទីកាន់តែសកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងបន្តទៅអនាគត ។ ខ្ញុំសូមស្នើឱ្យក្រុមហ៊ុនបន្តវិនិយោគលើការបង្កើនសមត្ថភាព និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួល និងជម្រើសសេវាកម្មជាច្រើនផ្សេងទៀត ដល់អតិថិជន ដែលប្រើប្រាស់សេវាកម្មរបស់កំពង់ផែពហុបំណងកំពតនេះផងដែរ ។

សូមក្រសួង-ស្ថាប័ន, អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បន្តផ្ដល់កិច្ចសហការ និង សម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដំណើរការអាជីវកម្មរបស់កំពង់ផែពហុបំណងកំពតនេះ ប្រព្រឹត្តទៅដោយរលូន និង មានការគាំទ្រពីអតិថិជនប្រើប្រាស់សេវាកម្ម ដើម្បីឈានទៅពង្រីកសមត្ថភាព និង អភិវឌ្ឍកំពង់ផែនៅក្នុងដំណាក់កាលទី ២ និង ទី ៣ របស់ខ្លួនបន្ថែមទៀត តាមផែនការគ្រោងទុក ។

ជាទីបញ្ចប់, ជាមួយនឹងការប្រកាសសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែ ពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី ភ្ញៀវកិត្តិយ, លោកយាយលោកតា, អ៊ំពូមីង, លោកគ្រូអ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋ, ជាពិសេស បងប្អូនមន្រ្តី, បុគ្គលិក, កម្មករ-និយោជិត ដែលបម្រើការនៅកំពង់ផែពហុបំណងកំពតនេះ, សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន និង សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ!

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

នៅក្នុងឱកាសនេះដែរ សម្រាប់បុគ្គលិក កម្មករកំពង់ផែ ១៨២នាក់ ក្នុងម្នាក់ៗ ថវិកា​ ៥ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូចំនួន ១៥៥នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្សចំនួន ៦១២នាក់ ម្នាក់ៗទទួលបាន សៀវ​ភៅ ២ក្បាល ប៊ិចមួយដើមនិងថវិកា ១ម៉ឺនរៀល។ ជូនក្រុមយុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនសាលាអនុវត្ត អនុវិទ្យាល័យ រលោះ ថវិកា ១លានរៀល។ ជូនសាលាក្រុងបូកគោ ថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធីថវិកា ៣លានរៀល។ ហើយជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។ អរគុណសិល្បករយើងដែលបានមក (សម្ដេចធិបតីអានឈ្មោះសិល្បករ សិល្បការិនី)។ អរគុណក្រុមសិល្បករផ្ទៃក្នុងបន្ទាយប្រឆាំងភេរវកម្មផង កូនចៅចាស់របស់ខ្ញុំ។ (សម្ដេចធិបតីនិយាយជាមួយ នាយចយ)។​​ អរគុណសាជាថ្មី ហើយជូនពរ ធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាពទាំងអស់គ្នា។ សូមអរគុណ៕

អត្ថបទទាក់ទង