ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជាមានជំហរដូចម្តេច ចំពោះការប្រកាសរបស់ប្រធានមជ្ឈមណ្ឌលស្ថានការណ៍ថៃ-កម្ពុជា(JIC) ក្នុងការបន្តប្រើប្រាស់យន្តការទ្វេភាគី និង MOU ឆ្នាំ២០០០ ដើម្បីដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា?
ចម្លើយ៖ ការលើកឡើងរបស់ភាគីថៃអំពីការបន្តប្រើប្រាស់យន្តការទ្វេភាគី និងការប្រកាន់ខ្ជាប់ MOU ឆ្នាំ២០០០ គឺស្របទៅនឹងអ្វីដែលភាគីកម្ពុជាតែងតែជំរុញជាបន្តបន្ទាប់កន្លងមក។ ជាក់ស្តែង គណៈកម្មការ JBC ភាគីកម្ពុជា និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើការជំរុញជាបន្តបន្ទាប់ឱ្យមានការរៀបចំកិច្ចប្រជុំ JBC និងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង ស្របតាម MOU ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ក្នុងន័យនេះ ការបញ្ជាក់របស់ភាគីថៃថា ខ្លួនគាំទ្រការដោះស្រាយបញ្ហាតាមរយៈ JBC និង MOU ឆ្នាំ២០០០ ត្រូវបានមើលឃើញថា ជាចំណុចវិជ្ជមានមួយ។ អ្វីដែលសំខាន់បន្ទាប់ពីនេះ គឺការបំប្លែងពាក្យសម្តី និងការប្តេជ្ញាចិត្តទាំងនោះទៅជាសកម្មភាពជាក់ស្តែង តាមរយៈការបន្តការងាររបស់ JBC និង JSTs ឱ្យបានឆាប់រហ័ស ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។
សំណួរទី២៖ តើការបន្តចោទប្រកាន់ម្តងហើយម្តងទៀតរបស់ភាគីថៃដែលថា ប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន សុទ្ធតែជាអ្នកដែលបានរំលោភបំពានចូលក្នុងទឹកដីថៃ ជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន បានរស់នៅ ប្រកបរបរកសិកម្ម និងកសាងសហគមន៍នៅក្នុងតំបន់ទាំងនេះជាច្រើនជំនាន់មកហើយ។ ដូច្នេះ ការចោទប្រកាន់ថាពួកគាត់ជាអ្នករំលោភបំពាន ឬចូលកាន់កាប់ទឹកដីរបស់ប្រទេសថៃ គឺជាការចោទប្រកាន់ដែលអយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនេះឡើយ។
កម្ពុជាយល់ថា បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយដោយផ្អែកលើឯកសារច្បាប់ ការវាស់វែង និងខណ្ឌសីមាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា មិនមែនដោយការដាក់បន្ទុក ឬចោទប្រកាន់ទៅលើប្រជាពលរដ្ឋស្លូតត្រង់ដែលបានរស់នៅលើទឹកដីរបស់ខ្លួនតាំងពីយូរលង់មកហើយនោះទេ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ព្រំដែនជានិច្ច។
សំណួរទី៣៖ តើរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដូចម្តេចខ្លះ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពតាមព្រំដែន?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ចំពោះប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយសារស្ថានភាពតាមព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ស្បៀងអាហារ ទឹកស្អាត សេវាសុខាភិបាល និងសម្ភារៈចាំបាច់ផ្សេងៗ។
ជាពិសេស រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការរៀបចំទីជម្រកសមរម្យ និងការសាងសង់លំនៅឋានបណ្តោះអាសន្នសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះថា«ភូមិរង់ចាំ» ដើម្បីធានាថាពួកគាត់មានកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងការបន្តការទាមទារទឹកដីដោយមិនបោះបង់ជាដាច់ខាត ដោយរាជរដ្ឋាភិបាលបាននិងកំពុងជំរុញការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមយន្តការដែលមានស្រាប់ ដើម្បីបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបរនៅក្នុងមូលដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងយូរអង្វែង៕





