Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងថា រាជរដ្ឋាភិបាលបណ្តោយឱ្យថៃវាយកម្ទេចបង្គោលព្រំដែនសម័យបារាំង និងលួចរំកិលចូលដីខ្មែរ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទទួលស្គាល់ ឬបណ្តោយឱ្យមានការបំផ្លាញបង្គោលព្រំដែន និងការរំលោភបំពានលើបូរណភាពទឹកដីឡើយ។ រាល់សកម្មភាពដែលអាចប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែន ឬអធិបតេយ្យភាពជាតិ ត្រូវបានកម្ពុជាតាមដាន កត់ត្រា និងលើកយកទៅដោះស្រាយតាមរយៈយន្តការទ្វេភាគី ការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិស្របច្បាប់របស់កម្ពុជា។ ការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមិនបានដាក់បន្ទុកទៅលើអ្នកឈ្លានពានទឹកដីទេ តែបែរជាមកចោទរាជរដ្ឋាភិបាលថាបានបណ្តែតបណ្តោយទៅវិញ ដែលជាការនិយាយបំបែកបំបាក់សាមគ្គីភាពសង្គមខ្មែរ និងហុចប្រយោជន៍ឱ្យសត្រូវឈ្លានពានទឹកដីទៅវិញ។
សំណួរទី២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលគិតតែរៀបចំព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» មិនគិតរកវិធីដោះស្រាយបញ្ហាព្រំដែន គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការរៀបចំព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» មិនមែនជាការមិនអើពើចំពោះបញ្ហាព្រំដែនឡើយ ប៉ុន្តតែ ផ្ទុយទៅវិញ ព្រឹត្តិការណ៍នេះគឺជាការឈឺឆ្អាលចំពោះរឿងជាតិ និងទឹកដី ដើម្បីដាស់ស្មារតីកូនខ្មែរកុំឱ្យភ្លេច និងជាការបំផុសស្មារតីជាតិ ពង្រឹងសាមគ្គីភាព និងរំលឹកប្រជាពលរដ្ឋអំពីមេរៀនប្រវត្តិសាស្ត្រ និងហានិភ័យដែលជាតិធ្លាប់ជួបប្រទះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តវិធានការជាក់ស្តែងជាបន្តបន្ទាប់ ដូចជាការតវ៉ាតាមការទូត ការលើកបញ្ហានៅវេទិកាអន្តរជាតិ ការសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការជំរុញយន្តការព្រំដែនទ្វេភាគី ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
លើសពីនេះ ការពង្រឹងស្មារតីជាតិ និងការដោះស្រាយបញ្ហាព្រំដែន មិនមែនជាកិច្ចការដែលផ្ទុយគ្នានោះទេ ប៉ុន្តែជាកិច្ចការដែលត្រូវដើរទន្ទឹមគ្នា។ ប្រទេសមួយដែលមានការរួបរួមជាតិរឹងមាំ និងប្រជាពលរដ្ឋមានស្មារតីជាតិខ្ពស់ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការការពារផលប្រយោជន៍ជាតិ និងការតស៊ូមតិលើឆាកអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ផ្ទុយទៅវិញគឺ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនេះទេដែលមិនបានធ្វើអ្វីសោះក្រៅពីចាំហារមាត់វាយប្រហាររាជរដ្ឋាភិបាលដោយខុសទំនងតាមទម្លាប់របស់ពួកគេដោយមិនបានគិតប្រយោជន៍ជាតិឡើយ។
សំណួរទី៣៖ តើរាជរដ្ឋាភិបាលពិតជាបានបំបិទសិទ្ធិប្រជាពលរដ្ឋមិនឱ្យផ្សព្វផ្សាយអំពីស្ថានភាពព្រំដែន តាមរយៈការគំរាមចាប់ដាក់គុក ដូចដែលក្រុមប្រឆាំងចោទប្រកាន់ មែនដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលមិនបានដាក់កំហិត ឬគាបសង្កត់មិនឱ្យមានការជជែក ឬការបង្ហោះផ្សាយអំពីស្ថានភាពនៅតាមតំបន់ព្រំដែននោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តនិយាយរឿងឈ្លានពានទឹកដីដើម្បីកុំឱ្យខ្មែរភ្លេចខ្លួន។ រាជរដ្ឋាភិបាលពិតជាយល់ច្បាស់ណាស់ថា ការព្រួយបារម្ភ ឬការបញ្ចេញមតិដែលសម្តែងពីការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះបញ្ហាព្រំដែនគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ពីព្រោះប្រទេសជាតិគឺជារឿងដែលពលរដ្ឋត្រូវយកចិត្តទុកដាក់។
ប៉ុន្តែ ការចាត់វិធានការលើបុគ្គលមួយចំនួននាពេលកន្លងមក គឺដោយសារតែពួកគេបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងចេតនាញុះញង់ បង្កចលាចល ធ្វើឱ្យប្រជាជនទូទៅមានការយល់ច្រលំនិងភ័យខ្លាច ដែលជាសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។ លើសពីនេះ ការការពារប្រទេសជាតិ និងការការពារព្រំដែន គឺជាកាតព្វកិច្ចធំធេង និងមិនមែនជារឿងតូចតាចដែលអាចយកមកបំភ្លៃបាននោះទេ៕





