Grand News Asia Close

៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមដើរលេងកំសាន្តជាង៦លាននាក់ ប្រកបដោយសុខសុវត្ថិភាពសប្បាយរីករាយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 393
៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមដើរលេងកំសាន្តជាង៦លាននាក់ ប្រកបដោយសុខសុវត្ថិភាពសប្បាយរីករាយ ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមដើរលេងកំសាន្តជាង៦លាននាក់ ប្រកបដោយសុខសុវត្ថិភាពសប្បាយរីករាយ

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូក នៅមាត់ទន្លេផងការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ដើរលេងកំសាន្តសប្បាយប្រកបដោយទឹកមុខរីករាយក្រោមម្លប់នៃសន្តិភាព។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញនារាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានអ្នកចូលរួម ទស្សនាកម្សាន្ត ជាង១លាន១សែននាក់, ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់ ។

លោកស្រីអ្នកនាំពាក្យបានបន្តថា ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយវិញ មានការការពាររក្សាសន្តិសុខសុវត្ថិភាព ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហើយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំជាតិ និងកងកម្លំាងគ្រប់ផ្នែកដែលពាក់ព័ន្ធធ្វើឱ្យព្រះរាជពិធីនេះ មានសន្តិសុខ សណ្តាប់ ធ្នាប់ល្អណាស់ ពោលគឺពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

បច្ចុប្បន្នកម្ពុជាយើងមានសុខសន្តិភាពពេញលេញនេះហើយ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដូចថ្ងៃនេះដែរ។ នេះជាការគូសរំលេចបន្ថែមរបស់លោកស្រី។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី៕
Fresh News

អត្ថបទទាក់ទង