កម្ពុជាការពារអធិបតេយ្យភាព បដិសេធដាច់ខាតសកម្មភាពឯកតោភាគីថៃលើទឹកដីកម្ពុជា
នយោបាយអន្តរជាតិបច្ចុប្បន្ននេះ ការប្រឈមមុខរវាងប្រទេសមួយនិងប្រទេសមួយទៀតមិនត្រូវបានកំណត់ត្រឹមតែដោយសមត្ថភាពយោធាទេ ប៉ុន្តែគឺត្រូវបានវាស់វែងតាមសមត្ថភាពក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូតជាឧបករណ៍ការពារអធិបតេយ្យភាពរបស់ជាតិផងដែរ។ ក្នុងន័យនេះ ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសកម្មភាពជាឯកតោភាគីរបស់កងកម្លាំងប្រដាប់អាវុធថៃ មិនមែនជាការប្រតិកម្មធម្មតាទេ ប៉ុន្តែជាយុទ្ធសាស្ត្រដែលមានគោលបំណងច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដី និងរក្សាស្ថិរភាពតំបន់។
ជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការតវ៉ាជាបន្តបន្ទាប់បានបង្ហាញថា កម្ពុជាមិនអនុញ្ញាតឲ្យមានការកែប្រែសកម្មភាពលើដីជាក់ស្តែង “fait accompli” ណាមួយ ដើម្បីប្រែក្លាយជាមូលដ្ឋានក្នុងការបំភ័ន្តអន្តរជាតិ សម្រាប់ការបង្កើតសិទ្ធិស្របច្បាប់គ្រប់គ្រងនៅលើទឹកដីកម្ពុជាបានឡើយ។ នេះជាការបដិសេធយ៉ាង ច្បាស់ចំពោះគំនិតនៃការធ្វើសកម្មភាពរបស់ប្រទេសថៃដើម្បីបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង ហើយ ចាប់បង្ខំឲ្យកម្ពុជាទទួលយកនោះឡើយ។ កម្ពុជាតែងតែបានបញ្ជាក់នៅក្នុងសេចក្តីតវ៉ាជាច្រើនរួចមក ហើយថា ទោះមានសំណង់ ប៉ុស្តិ៍យាម ផ្លូវ ឬលេណដ្ឋានណាក៏ដោយ ក៏សកម្មភាពទាំងនេះមិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីកម្ពុជាក្រោមច្បាប់អន្តរជាតិបានដែរ។
ជាក់ស្តែង សកម្មភាពជាឯកតោភាគីរបស់ភាគីថៃត្រូវបានកម្ពុជាតវ៉ានិងច្រានចោលជាបន្តបន្ទាប់អំពីសកម្មភាពរំលោភបំពាននៅតាមបណ្តោយព្រំដែនកម្ពុជា ដែលបង្ហាញពីការដែលកងទ័ពថៃមានទិសដៅច្បាស់លាស់ក្នុងការផ្លាស់ប្តូរស្ថានភាពដើមនៅលើដីជាក់ស្តែង ដូចតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះថា កងទ័ពថៃបានកំពុងពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅលើទីតាំងជាច្រើនដូចជា នៅខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ ប៉ុស្តិ៍យាមសង្កេតការណ៍នៅតំបន់ប្រាសាទព្រះវិហារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខណៈនៅខេត្តឧត្តរមានជ័យ សកម្មភាពបានកើតមាននៅតំបន់ជាច្រើន រួមទាំងការសាងសង់ផ្លូវនៅជិតបង្គោលព្រំដែនលេខ២ នៅស្រុកអន្លង់វែង និងតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ ក៏ដូចជាការជីកលេណដ្ឋាននៅច្រកទ្វារអន្តរជាតិជប់គគីរ ក្នុងស្រុកបន្ទាយអំពិល។ បន្ថែមពីនេះ នៅសង្កាត់កូនក្រៀល ក្រុងសំរោង ក៏មានការសាងសង់ប៉ុស្តិ៍យាម និងសកម្មភាពឈូសឆាយដីនៅតំបន់ជប់ដើមខ្នុរ ខណៈនៅតំបន់ថ្មដូន ក៏មានការសាងសង់ផ្លូវថ្មើរជើង និងលេណដ្ឋានបន្ថែម។ រីឯនៅខេត្តពោធិ៍សាត់ កងកម្លាំងថៃបានបន្តសកម្មភាពឈូសឆាយដីនៅតំបន់អូរភ្លុកដំរី ក្នុងឃុំថ្មដា ស្រុកវាលវែងផងដែរ។
កម្ពុជាបានរៀបរាប់លម្អិតនៃសកម្មភាពទាំងនេះ មិនមែនមានគោលបំណងត្រឹមបង្ហាញស្ថានភាពបច្ចុប្បន្នទេ ប៉ុន្តែបានកំពុងបង្ហាញពីសកម្មភាពនៃការបង្កើតភាពជាក់ស្តែងនៅលើដីថ្មីរបស់ថៃ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃការកំណត់ព្រំដែននៅពេលខាងមុខ។ ដូច្នេះ ការតវ៉ារបស់កម្ពុជានេះគឺមានសារៈសំខាន់ណាស់សម្រាប់កំណត់ត្រាផ្លូវច្បាប់ និងជាការការពារសិទ្ធិរបស់ជាតិក្នុងរយៈពេលវែងឆ្ងាយ។
ជាមួយគ្នានេះដែរ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅលើគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ គឺការមិនប្រើកម្លាំង ការគោរពអធិបតេយ្យភាព និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលត្រូវបានបញ្ជាក់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា TAC។ ការបើរំលោភលើគោលការណ៍ទាំងនេះមានន័យថា បញ្ហានេះមិនមែនតែជាបញ្ហាទ្វេភាគីតែប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយទៅជាបញ្ហាសកលដែលពាក់ព័ន្ធនឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូលផងដែរ។
ការបដិសេធរបស់កម្ពុជាចំពោះការបកស្រាយរបស់ភាគីថៃថា សកម្មភាពទាំងនេះជាការការពារខ្លួននោះ ផ្នែកច្បាប់ក៏អាចយល់បានយ៉ាងច្បាស់ផងដែរថា បើគ្រាន់តែជាការការពារខ្លួនតើចាំបាច់អ្វីត្រូវធ្វើផ្លូវចូលក្នុងទឹកដីកម្ពុជា ហើយតើចាំបាច់អ្វីដែលត្រូវវាយកម្ទេចផ្ទះ ហេដ្ឋារេចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាចោលដោយជំនួសមកវិញនូវការដាក់ទង់ជាតិថៃ ការធ្វើរូបសំណាក់ថៃនៅលើទឹកដីកម្ពុជា? ។ នៅក្នុងច្បាប់អន្តរជាតិសិទ្ធិនៃការការពារខ្លួនមិនអាចត្រូវបានប្រើប្រាស់ដើម្បីគាំទ្រសកម្មភាពដែលមានលក្ខណៈបំផ្លាញ ស្ថានភាពដើម ឬដើម្បីបង្កើតការកាន់កាប់ថ្មីបាននោះឡើយ។ ដូច្នេះ ការបដិសេធរបស់ភាគីថៃនេះ គឺជា ទឡ្ហីករណ៍ដ៏រឹងមាំនិងជាការពង្រឹងជំហររបស់កម្ពុជា សម្រាប់គាំទ្រទាំងផ្នែកផ្លូវច្បាប់ និងផ្នែកនយោបាយ របស់កម្ពុជាក្នុងការតវ៉ាក្តីនៅតុលាការអន្តរជាតិបានហើយ។
ផ្នែកយុទ្ធសាស្ត្រវិញ កម្ពុជាកំពុងអនុវត្តគោលការណ៍ “ការទូតជាអាវុធ” ដោយប្រើប្រាស់ការតវ៉ា និងការអំពាវនាវជាបន្តបន្ទាប់ ដែលនេះគឺជាឧបករណ៍សំខាន់ក្នុងការទប់ស្កាត់ការរំលោភបំពាន់ ហើយនេះក៏ជាវិធីសាស្ត្រដែលអនុញ្ញាតឲ្យកម្ពុជា រក្សាបានទាំងស្ថិរភាពក្នុងប្រទេស និងភាពស្របច្បាប់លើឆាកអន្តរជាតិ ដោយជៀសវាងការប៉ះទង្គិចដោយយោធាជាថ្មីម្តងទៀត។
និយាយជារួមមក ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបចំពោះសកម្មភាពឯកតោភាគីរបស់ភាគីថៃ គឺជាការបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រដែលផ្អែកលើច្បាប់អន្តរជាតិ និងការទូត ជំនួសឲ្យការប្រើកម្លាំង។ កម្ពុជាបានបញ្ជាក់ហើយថា សកម្មភាពលើដីជាក់ស្តែង មិនអាចក្លាយជាមូលដ្ឋានសម្រាប់បង្កើតសិទ្ធិស្របច្បាប់ ឬផ្លាស់ប្តូរព្រំដែនបានឡើយ ហើយការតវ៉ាជាបន្តបន្ទាប់របស់កម្ពុជាគឺជាវិធានការសំខាន់ក្នុងការការពារសិទ្ធិ និងបូរណភាពទឹកដីក្នុងរយៈពេលវែង។
ជាមួយគ្នានេះផងដែរ ការយកចិត្តទុកដាក់លើគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ និងការអំពាវនាវឲ្យដោះស្រាយវិវាទដោយសន្តិវិធី បានបង្ហាញថា កម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍ជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។ នេះជាការបញ្ជាក់ថា សម្រាប់ប្រទេសតូចដូចកម្ពុជា កម្លាំងពិតប្រាកដមិនមែនស្ថិតនៅលើអាវុធទេ ប៉ុន្តែស្ថិតនៅលើភាពស្របច្បាប់ ការអត់ធ្មត់ និងយុទ្ធសាស្ត្រការទូតដែលមានទិសដៅច្បាស់លាស់។
ដោយឡែក ប្រសិនបើសកម្មភាពឯកតោភាគីរបស់ថៃនៅតែបន្ត នោះវាមិនត្រឹមតែបង្កភាពតានតឹងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់សន្តិភាពក្នុងតំបន់ទាំងមូលផងដែរ។ ដូច្នេះ ដំណោះស្រាយតែមួយគត់ដែលមាននិរន្តរភាព គឺការវិលត្រឡប់ទៅកាន់តុចរចា ការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរួមក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
កម្ពុជាបានបង្ហាញយ៉ាងម៉ឺងម៉ាត់ថា ខ្សែព្រំដែនមិនអាចកំណត់ដោយឯកតោភាគី ឬដោយកម្លាំងយោធាបានឡើយ ប៉ុន្តែត្រូវកំណត់តាមច្បាប់ និងកិច្ចព្រមព្រៀងដែលមានសុពលភាព។ នេះមិនត្រឹមជាការការពារអធិបតេយ្យភាពជាតិទេ ប៉ុន្តែជាការពារយុត្តិធម៌ និងសន្តិភាពសម្រាប់តំបន់ទាំងមូល៕
ដោយ៖ ពិន វិជ័យ-អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ





