Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹង ទីតាំងដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ពីកម្ពុជា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1107
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹង ទីតាំងដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ពីកម្ពុជា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹង ទីតាំងដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ពីកម្ពុជា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹង ទីតាំងដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ពីកម្ពុជា
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦

សំណួរទី ១៖ តើទីតាំងដែលបានលើកឡើងក្នុងការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិគឺជាទីតាំងថ្មីដែលថៃដណ្តើមបានក្រោយបទឈប់បាញ់ឬយ៉ាងណា?
ចម្លើយ៖ មិនមែនទេ! ទីតាំងដែលបានលើកឡើងក្នុងការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនមែនជាទីតាំងថ្មីដែលថៃទើបដណ្តើមបានក្រោយបទឈប់បាញ់ឡើយ ប៉ុន្តែ វាជាតំបន់ដែលមានជម្លោះ និងត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ភាគីថៃតាំងពីក្នុងអំឡុងខែធ្នូឆ្នាំ ២០២៥ មក។ ការតវ៉ាដែលកម្ពុជាបានលើកឡើង គឺផ្តោតលើសកម្មភាពថ្មីៗដែលបានកើតឡើងនៅលើដីទាំងនោះក្រោយបទឈប់បាញ់ ដូចជាការសាងសង់ ការពង្រឹងទីតាំង និងការកែប្រែស្ថានភាពលើដីជាក់ស្តែង។ សកម្មភាពទាំងនេះអាចនាំឱ្យមានការប្រែប្រួលស្ថានភាពជាក់ស្តែង ដែលបង្កភាពតានតឹងបន្ថែម ដូច្នេះ កម្ពុជាត្រូវធ្វើលិខិតតវ៉ាជាផ្លូវការដើម្បីរក្សាគោលការណ៍ស្ថានភាពដើម និងការដោះស្រាយ ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។

សំណួរទី ២៖ តើការអះអាងរបស់ក្រុមប្រឆាំងថា «ក្រោយបុណ្យចូលឆ្នាំថ្មី ខ្មែរបានបាត់ដីបន្ថែមទៀត» គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការអះអាងនេះមិនពិតទេ ហើយក៏មិនមានភស្តុតាងណាមួយបង្ហាញថា កម្ពុជាបាត់បង់ដីនៅទីតាំងថ្មីបន្ថែមក្រោយព្រឹត្តិការណ៍បុណ្យចូលឆ្នាំនោះដែរ។ សកម្មភាពឈ្លានពានរបស់ថៃនៅតែបន្តមាន ប៉ុន្តែមានតែនៅក្នុងតំបន់ដែលថៃបានកាន់កាប់ដោយខុសច្បាប់ក្រោយបទឈប់បាញ់ដដែល។

ការប្រើពាក្យថា «បាត់ដីបន្ថែមទៀត» គឺជាការបំភាន់សាធារណមតិ ដែលបង្កការយល់ច្រឡំអំពីស្ថានភាពជាក់ស្តែងខណៈដែលការដោះស្រាយបញ្ហានៅតែបន្តស្ថិតក្រោមយន្តការផ្លូវច្បាប់ និងការទូត ដោយកម្ពុជានៅតែរក្សាជំហរមិនទទួលយកការផ្លាស់ប្តូរព្រំដែនដោយឯកតោភាគីឡើយ។

សំណួរទី ៣៖ តើកម្ពុជាបន្តចាត់វិធានការបែបណាចំពោះសកម្មភាពឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា?
ចម្លើយ៖ កម្ពុជាបន្តអនុវត្តយ៉ាងសកម្មនូវយន្តការការទូត និងយន្តការដែលបានឯកភាពគ្នាដូចជា JBC ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងគោរពស្មារតីនៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងទិសដៅនេះ កម្ពុជាបន្តធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ជំហរ និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ខណៈកំពុងប្រមូលផ្តុំធាតុចូល និងភស្តុតាងសម្រាប់គាំទ្រការដោះស្រាយតាមផ្លូវច្បាប់នាពេលអនាគត។ ជាមួយគ្នានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធបានចេញសេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មាន និងលិខិតតវ៉ាជាបន្តបន្ទាប់ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនសាធារណជនជារៀងរាល់ថ្ងៃ។

លើសពីនេះ កម្ពុជាក៏បានសហការជាមួយអង្គទូត អង្គការអន្តរជាតិ និងអ្នកសង្កេតការណ៍ ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាញឹកញាប់។ សកម្មភាពទាំងអស់នេះបង្ហាញថា កម្ពុជាកំពុងប្រើមធ្យោបាយសន្តិវិធី មានភាពអត់ធ្មត់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយផ្អែកលើច្បាប់ និងយន្តការអន្តរជាតិ៕

អត្ថបទទាក់ទង