Grand News Asia Close

សាំង ម៉ាស៊ូត ហ្គាស៖ ជំពប់ជើងលើថាមពល វិលមុខនឹងចំណាយ

ដោយ៖ Morm Sokun ​​ | 10 ម៉ោងមុន ទស្សនៈ-Opinion 1016
សាំង ម៉ាស៊ូត ហ្គាស៖ ជំពប់ជើងលើថាមពល វិលមុខនឹងចំណាយ ការ៉ាស់សាំងកាលតិចមួយកន្លែងនៅរាជធានីភ្នំពេញ។ ភ្នំពេញប៉ុស្តិ៍

#វិភាគសង្គម

កាលពីមុនឡានសាំងគឺជាជម្រើសតែមួយគត់។ មនុស្សជិះឡានដោយមិនសូវខ្វល់ខ្វាយពីតម្លៃសាំងប៉ុន្មានទេ ព្រោះតម្លៃវាហាក់ដូចជាមានលំនឹង។ ប៉ុន្តែនៅពេលសេដ្ឋកិច្ចរីកចម្រើន តម្រូវការកើនឡើង តម្លៃសាំងក៏ចាប់ផ្តើម ហក់ឡើងខ្ពស់។ ជីវិតអ្នកជិះឡានសាំងចាប់ផ្តើម “តឹងទ្រូង” នៅពេលដែលការធ្វើដំណើរទៅធ្វើការ ឬទៅខេត្តម្តងៗ ចំណាយអស់ប្រាក់សន្លឹកធំៗ។

នៅពេលសាំងឡើងថ្លៃ មនុស្សក៏ចាប់ផ្តើមងាកមកប្រើឡានម៉ាស៊ូត (Diesel) វិញ ដោយសារមូលហេតុធំៗពីរ៖ តម្លៃដើមទាប: កាលពីមុន ម៉ាស៊ូតធូរថ្លៃជាងសាំងច្រើន។ កម្លាំងខ្លាំង និងស៊ីតិច: ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងរមួល (Torque) ខ្លាំង និងដុតឆេះអស់តិចជាងសាំងក្នុងចម្ងាយផ្លូវដូចគ្នា។ អ្នកប្រើឡានម៉ាស៊ូតធ្លាប់មានមោទនភាពថា ខ្លួន “ចំណេញ” និង “សន្សំ” បានច្រើន។ ប៉ុន្តែអ្វីៗបានប្រែប្រួល នៅពេលដែលតម្រូវការម៉ាស៊ូតសកលកើនឡើង ធ្វើឲ្យតម្លៃវាកើនឡើងស្មើ ឬលើសសាំងក្នុងពេលខ្លះ ធ្វើឲ្យអ្នកជិះឡានម៉ាស៊ូតចាប់ផ្តើម “វិលមុខ” វិញម្តង។

យ៉ាងណាក្ដី នៅពេលទាំងសាំង និងម៉ាស៊ូតឡើងថ្លៃ អ្នកខ្លះក៏សម្រេចចិត្ត “វះកាត់” ឡានខ្លួនឯងដើម្បីដាក់ហ្គាស។ ការចំណាយលើការធ្វើដំណើរធ្លាក់ចុះជិតពាក់កណ្តាល បើធៀបនឹងសាំង ហើយអ្នកខ្លះក៏ត្រូវសុខចិត្តបាត់បង់ កន្លែងដាក់ឥវ៉ាន់ ខ្លាចរឿងសុវត្ថិភាព (បើជាងដំឡើងមិនស្ដង់ដារ) និងម៉ាស៊ីនឡានឆាប់ឡើងកម្ដៅខ្លាំង។ អ្នកប្រើហ្គាសមួយចំនួនធ្លាប់សើចសប្បាយ ព្រោះចាក់ហ្គាសម្តងៗអស់លុយតិចណាស់។ តែឥឡូវសូម្បីហ្គាសក៏មិន នៅស្ងៀមដែរ តម្លៃវាក៏ប្រែប្រួលតាមទីផ្សារ ធ្វើឲ្យអារម្មណ៍អ្នកប្រើប្រាស់ហាក់ដូចជា “រត់មិនរួចពីក្រញាំសេដ្ឋកិច្ច”។

បើក្រឡេកមើល “ជីវិត” អ្នកប្រើប្រាស់ឡាននៅពេលនេះ យើងឃើញមានស្ថានភាព ៣ បែប៖ អ្នកចេះបត់បែន: ព្យាយាមកាត់បន្ថយការធ្វើដំណើរមិនចាំបាច់។ ប្រើឡានសម្រាប់តែការងារសំខាន់ៗ ហើយងាកមកប្រើម៉ូតូ ឬមធ្យោបាយធ្វើដំណើរសាធារណៈវិញ ដើម្បីទប់ទល់នឹងចំណាយ។

អ្នកប្តូរទៅប្រើអគ្គិសនី (EV): នេះជាក្រុមមនុស្សដែលកំពុងកើនឡើង។ ពួកគេសុខចិត្តវិនិយោគទិញឡានអគ្គិសនីក្នុងតម្លៃថ្លៃនៅពេលដំបូង ដើម្បីសង្ឃឹមថានឹង “រួចខ្លួន” ពីបញ្ហាតម្លៃប្រេង។ ប៉ុន្តែពួកគេក៏ត្រូវប្រឈមនឹងបញ្ហាទីកន្លែងសាកភ្លើង និងតម្លៃអាគុយទៅថ្ងៃក្រោយទៀត។

អ្នកតស៊ូតាមយថាកម្ម: គឺអ្នកដែលនៅតែប្រើឡានចាស់ដដែល ទោះសាំងថ្លៃក៏ត្រូវតែចាក់ ព្រោះគ្មានជម្រើស ឬគ្មានលទ្ធភាពដូរឡានថ្មី៕

សរ វិជ្ជណា គឺជាអ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ចឌីជីថល និងនិន្នាការភូមិសាស្ត្រនយោបាយ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ ទស្សនៈដែលបានលើកឡើងគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោក។

-Phnom Penh Post-
———————

អត្ថបទទាក់ទង