Grand News Asia Close

 វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង និងរុស្ស៉ី ចង់បានអ្វីពីគ្នាទៅវិញទៅមក?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 186
 វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង និងរុស្ស៉ី ចង់បានអ្វីពីគ្នាទៅវិញទៅមក?  វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង និងរុស្ស៉ី ចង់បានអ្វីពីគ្នាទៅវិញទៅមក?

FN- (សេអ៊ូល)៖ ក្រុមមន្ត្រីនៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បានឱ្យដឹងនៅក្នុងសប្ដាហ៍នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ក្នុងពេលឆាប់ៗ ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលដំណើរទស្សនកិច្ចបែបនេះ ប្រសិនបើកើតឡើងពិតមែន នោះវានឹងក្លាយជាការគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈមេដឹកនាំនៃប្រទេសឯកោទាំង២នេះ កំពុងប្រឈមមុខនឹងសត្រូវរួម គឺ «សហរដ្ឋអាមេរិក»។

បើតាមក្រុមមន្ត្រីអាមេរិក រុស្ស៉ីកំពុងស្វែងរកទិញអាវុធពីកូរ៉េខាងជើង ជាពិសេសគឺគ្រាប់កាំភ្លើងធំ ដើម្បីបំប៉នសង្រ្គាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹង អ៊ុយក្រែន។ ជំនួបណាមួយជាមួយលោក ពូទីន នឹងក្លាយជាកិច្ចប្រជុំលើកដំបូងបំផុតរបស់លោក គីម ជុងអ៊ុន ជាមួយមេដឹកនាំបរទេសម្នាក់ ចាប់តាំងពី កូរ៉េខាងជើងបិទព្រំដែនទប់ស្កាត់កូវីដ១៩ កាលពីខែមករា ឆ្នាំ២០២០មក។ លោក គីម ជុងអ៊ុន និងលោក ពូទីន បានជួបគ្នាលើកដំបូងបំផុត កាលពី ខែមេសា ឆ្នាំ២០១៩ ពោលតែ២ខែប៉ុណ្ណោះក្រោយកិច្ចប្រជុំកំពូលរវាងលោក គីម និងអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបរាជ័យ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែកក្កដាកន្លងទៅនេះ ហើយបើតាមក្រុមមន្ត្រីអាមេរិក លោក​ Shoigu បានស្នើឱ្យលោក គីម ផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។ លោក Shoigu ក៏បាននិយាយដែរថាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងអាចនឹងពិចារណាធ្វើ សមយុទ្ធយោធារួមគ្នាជាលើកដំបូងបំផុត។ គេមិនទាន់អាចដឹងថាកិច្ចសហប្រតិបត្តិការយោធារវាងលោក គីម និងលោក ពូទីន អាចនឹងដើរទៅឆ្ងាយប៉ុនណា នោះទេ។ ប៉ុន្តែ គ្រប់សញ្ញានៃភាពកក់ក្ដៅក្នុងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ី គឺជាកង្វល់មួយសម្រាប់សហដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ រុស្ស៉ីកំពុង ព្យាយាមបំបាក់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន និងអូសបន្លាយសង្រ្គាម ខណៈកូរ៉េខាងជើងកំពុងបង្កើនការធ្វើតេស្ដបាញ់មីស៊ីលជាការសម្ញែងសាច់ដុំ ប្រឆាំងជំទាស់នឹងសហរដ្ឋអាមេរិកដែលកំពុងពង្រឹងសម្ព័ន្ធភាពកាន់តែប្រសើរឡើងជាមួយកូរ៉េខាងត្បូង និងជប៉ុន។

* តើរុស្ស៉ីចង់បានអ្វីពីកូរ៉េខាងជើង?

ចាប់តាំងពីឆ្នាំ២០២២មក ក្រុមមន្ត្រីអាមេរិកបានបង្ហាញការសង្ស័យ និងម្ដងម្កាលបានចោទប្រកាន់កូរ៉េខាងជើងថាកំពុង ឬអាចនឹងផ្ដល់ឱ្យនូវគ្រាប់ភ្លើងធំ រ៉ុក្កែត និងគ្រាប់រំសេវដែលភាគច្រើនជាប្រភេទអាវុធចម្លងពីអតីតសហភាពសូវៀត។ លោក Kim Taewoo បាននិយាយថា «រុស្ស៉ីកំពុងត្រូវការជាបន្ទាន់នូវ ការផ្គត់ផ្គង់សម្រាប់សង្រ្គាម។ ប្រសិនបើមិនដូច្នោះទេ តើរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមហាអំណាចអាចធ្វើទស្សនកិច្ចទៅកាន់ប្រទេសតូចតាចមួយដូចជា កូរ៉េខាងជើង បានយ៉ាងដូចម្ដេច»? អតីតនាយកវិទ្យាស្ថានសម្រាប់ការបង្រួបបង្រួមជាតិមានមូលដ្ឋានក្នុងទីក្រុងសេអ៊ូលរូបនេះបានបន្ថែមថាលោក Shoigu គឺជារដ្ឋមន្ត្រីការពារជាតិដំបូងគេបំផុតរបស់រុស្ស៉ី ដែលបានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីការរំលំរលាយសហភាពសូវៀត ក្នុងឆ្នាំ១៩៩១មក។

ការទិញអាវុធពីកូរ៉េខាងជើង ជាទង្វើបំពានលើដំណោះស្រាយអង្គការសហប្រជាជាតិដែលហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង ហើយ ដែលដំណោះស្រាយនេះរុស្ស៉ីជាអ្នកគាំទ្រផង។ ប៉ុន្តែ បច្ចុប្បន្ន រុស្ស៉ីខ្លួនឯងដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច ជុំវិញសង្រ្គាម ឈ្លានពានប្រឆាំងអ៊ុយក្រែន ដែលនេះធ្វើឱ្យរុស្ស៉ីងាកទៅរកការទិញអាវុធពីបណ្ដាប្រទេសកំពុងជាប់ទណ្ឌកម្មដូចជាអ៉ីរ៉ង់ និងកូរ៉េខាងជើង។ តែយ៉ាងណាក៏ដោយ លោក Du Hyeogn Cha ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយ នៅតែមានការសង្ស័យថាតើកូរ៉េខាងជើងអាចនឹងបញ្ជូន អាវុធក្នុងបរិមាណគ្រប់គ្រាន់ និងទាន់ពេលវេលាទៅកាន់រុស្ស៉ីបានដែរឬក៏យ៉ាងណា ដោយសារតែផ្លូវគោកដែលតភ្ជាប់រវាងប្រទេសទាំង២ អាចអនុញ្ញាតសម្រាប់ ការដឹកជញ្ជូនតាមផ្លូវដែកក្នុងបរិមាណមានកំណត់។

* តើលោក គីម ជុងអ៊ុន ចង់បានអ្វីត្រឡប់មកវិញ?

បើតាមក្រុមអ្នកវិភាគ អាទិភាពចម្បងរបស់លោក គីម ជុងអ៊ុន គឺជំនួយស្បៀងអាហារ កិតស្យានុភាព និងបច្ចេកវិទ្យាយោធា។ ត្រង់ចំណុចនេះ លោក Nam Sung-wook ជាអតីតនាយវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិគ្រប់គ្រងដោយចារកម្មកូរ៉េខាងត្បូង បានកត់សម្គាល់ថាការលក់អាវុធឱ្យរុស្ស៉ីនឹងក្លាយជា នយោបាយឈ្នះៗ សម្រាប់ប្រទេសទាំង២ ក្នុងពេលដែលលោក ពូទីន កំពុងព្រួយបារម្ភពីការថយចុះអាវុធ រីឯលោក គីម កំពុងប្រឈមមុខនឹងសម្ពាធពី កិច្ចសហប្រតិបត្តិការត្រីភាគីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ ដូច្នេះហើយអ្វីដែលកូរ៉េខាងជើង និងរុស្ស៉ីកំពុងត្រូវការគឺត្រូវគ្នាម៉ាច់។

អំឡុងការបិទព្រំដែនទប់ស្កាត់ការឆ្លងកូវីដ១៩ កូរ៉េខាងជើងបានជួបវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ហើយលោក គីម ទំនងជានឹងស្វែងរកការ ផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលដើម្បីបំពេញការខ្វះខាត ស្របពេលការពង្រីកទំនាក់ទំនងជាមួយរុស្ស៉ីអាចនឹងក្លាយជាសញ្ញាបង្ហាញថាប្រទេសរបស់លោកអាច ជម្នះភាពឯកោអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាការឃោសនានយោបាយក្នុងស្រុក។ លោក គីម ក៏អាចនឹងស្វែងរកផងដែរនូវបច្ចេកវិទ្យាពីរុស្ស៉ី ដើម្បីគាំទ្រដល់ ការអភិវឌ្ឍអាវុធប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ មីស៊ីលល្បឿនលឿនជាងសំឡេង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងផ្កាយរណបស៊ើបការណ៍ជាដើម។ ប៉ុន្តែ បញ្ហាគឺនៅត្រង់ថារុស្ស៉ីតែងតែរឹតត្បិតព័ត៌មានស្ដីពីបច្ចេកវិទ្យាអាវុធសំខាន់ៗបំផុត ពីដៃគូរបស់ខ្លួនមិនថាចិនក៏ដោយ។ ដូច្នេះគេត្រូវរង់ចាំមើលសិនថាតើកិច្ចសហប្រតិបត្តិការយោធារវាងលោក គីម និងលោក ពូទីន អាចដើរទៅឆ្ងាយប៉ុនណា។

កាន់តែសំខាន់ជាងនេះ កូរ៉េខាងជើងក៏ត្រូវបានក្រុមអ្នកវិភាគមួយចំនួនមើលឃើញដែរថាអាចនឹងប្រើប្រាស់ទំនាក់ទំនងល្អជាមួយរុស្ស៉ី ដើម្បីរក្សាបាននូវតុល្យភាព ទំនាក់ទំនងជាមួយចិន។ ទោះបីគឺជាសម្ព័ន្ធមិត្តមិនអាចខ្វះបានក៏ពិតមែន ក៏មិនមែនមានន័យកូរ៉េខាងជើងត្រូវតែធ្វើតាមចិនគ្រប់រឿងនោះទេ។ ភាពផ្អែមល្ហែមរវាង រុស្ស៉ី និងកូរ៉េខាងជើង អាចជាការបញ្ជូនសារមួយទៅកាន់ចិនថាកូរ៉េខាងជើងកំពុងងាកទៅរករុស្ស៉ីទាំងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។ ដូច្នេះចង់ ឬមិនចង់ វាអាចនឹង ក្លាយជាការដាក់សម្ពាធមួយទៅលើចិនឱ្យបង្កើនការទំនាក់ទំនងបន្ថែមជាមួយកូរ៉េខាងជើង ក្នុងនោះអាចមានទាំងការបង្កើនការទិញទំនិញនាំចេញពីកូរ៉េខាងជើង និងផ្ដល់បច្ចេកវិទ្យាចិន រួមទាំងស្បៀងអាហារជាដើម។

គួរបញ្ជាក់ថា ក្រៅតែរឿងយុទ្ធសាស្ត្រ កូរ៉េខាងជើង ក៏សង្ឃឹមដែរថាកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៉ី អាចនឹងជំរុញឱ្យទីក្រុងមូស្គូទទួលយកពលករកូរ៉េខាងជើង បន្ថែម សម្រាប់បំពេញការងារនៅតាមរោងចក្រនានា និងកន្លែងរុករករ៉ែ ស្ថិតនៅឯចុងបូព៌ាបំផុតដែលជាតំបន់មិនសូវមានប្រជាជនរស់នៅច្រើនមួយរបស់រុស្ស៉ី ដែលនេះនឹងផ្ដល់ឱ្យទីក្រុងព្យុងយ៉ាងទាំងលុយដែលពលករកូរ៉េខាងជើងផ្ញើមកស្រុកវិញ និងអាចសម្រាលបន្ទុកចិញ្ចឹមប្រជាជនរបស់ខ្លួនបានមួយផ្នែកដែរ៕

អត្ថបទទាក់ទង