អ្នកវិភាគ៖ បេសកកម្មក្រៅប្រទេសរបស់កម្ពុជាទទួលបានផលខ្ពស់ តែត្រូវបង្កើនយុទ្ធសាស្ត្របន្ថែម
#Op_Ed
ភ្នំពេញ៖ក្រុមអ្នកវិភាគកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាល បានពង្រីកឥទ្ធិពលការទូតរបស់ខ្លួនយ៉ាងល្អតាមរយៈការចាប់យកឱកាសវេទិកាពិភពលោកសំខាន់ៗដើម្បីទាញចំណាប់អារម្មណ៍ដល់ការជួយគាំទ្រដល់ដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបានមាតុភូមិនិវត្តន៍កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ក្រោយពីធ្វើបេសកកម្មការទូតអស់រយៈពេលជិត២សប្តាហ៍ ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ។ ក្នុងនោះសម្តេចធិបតីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន មុននឹងបន្តបេសកកម្មការទូតទៅកាន់តំបន់អឺរ៉ុបថែមទៀត។ ក្នុងបេសកកម្មនេះសម្តេចធិបតីត្រូវគេមើលឃើញថា បានចាប់យកអាវុធការទូតដោយប្រើប្រាស់បណ្តាញផ្សព្វផ្សាយបរទេសល្បីល្បាញនាំមុខក្នុងពិភពលោក ដូចជាភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេស Fox News របស់អាមេរិក ទូរទស្សន៍ France 24 និងភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង ដែលធ្វើឲ្យបណ្តាញផ្សព្វផ្សាយដទៃទៀតពាសពេញពិភពលោកផ្សាយបន្តផ្ទុះដូចលាជន៍។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលកម្ពុជា មានប្រសាសន៍ដោយឆ្លុះបញ្ចាំងពីលំអានការទូតដ៏ប៉ិនប្រសព្វរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ហើយគឺជា វិធីសាស្ត្រ«ការទូត និងការដឹកនាំបែបស្ងប់ស្ងាត់» ក្នុងកាលៈទេសៈដ៏លំបាកនានាផងដែរ។
ក្នុងសំណេរឆ្លើយតបមកកាន់បណ្តាញព័ត៌មាន AMS លោកឆាំង យុ បញ្ជាក់ថា លោកគាំទ្រវិធីសាស្ត្រនេះ មិនត្រឹមតែត្រូវបានរៀបចំឡើងយ៉ាងសមស្រប «ដើម្បីដោះស្រាយស្ថានភាពនយោបាយដ៏រសើប និងការប្រែប្រួលឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញផលប្រយោជន៍ជាតិ នៅពេលដែលកម្ពុជាត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំធេង។»
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងសង្គម បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់កម្ពុជានៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ដែលមិនអាចខ្វះបាន។
ក្នុងបេសកកម្មនៅអាម៉េរិក និងនៅអឺរ៉ុប សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រើប្រាស់វេទិកាសារព័ត៌មានអន្តរជាតិ ជាយុទ្ធសាស្ត្រលាតត្រដាងការពិតជុំវិញបញ្ហាព្រំដែន ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពិភពលោក អំពីសកម្មភាពរំលោភបំពានពីសំណាក់ប្រទេសជិតខាង។
លោក អ៊ូ វីរៈ យល់ឃើញថា ការប្រើប្រាស់វេទិកាអន្តរជាតិ និងការផ្តល់សម្ភាសន៍ដល់សារព័ត៌មានធំៗ រួមទាំងការផ្សាយបន្តរបស់បណ្តាញព័ត៌មានអន្តរជាតិដទៃទៀត គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបន្លឺសំឡេងឱ្យពិភពលោកបានឮ បើទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ។
ទោះជាយ៉ាងណា លោក អ៊ូ វីរៈ សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ឡើយ។ ដើម្បីឱ្យសំឡេងនេះមានទម្ងន់ និងឥទ្ធិពលពិតប្រាកដ កម្ពុជាចាំបាច់ត្រូវការការវិភាគផ្នែកច្បាប់ជាលាយលក្ខណ៍អក្សរដែលរឹងមាំ ជាពិសេសភស្តុតាង និងឯកសារយោងច្បាស់លាស់ដែលអន្តរជាតិទទួលស្គាល់។
លោកបន្ថែមថា ការបើកទូលាយក្នុងការផ្តល់ព័ត៌មានដល់សារព័ត៌មានឯករាជ្យទាំងក្នុង និងក្រៅប្រទេស អំពីជម្លោះព្រំដែនដ៏រ៉ាំរ៉ៃជាមួយថៃ នឹងជួយឱ្យកម្ពុជាទទួលបានភាពត្រឹមត្រូវ និងការគាំទ្រកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។
ដូចគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មើលឃើញថា ការផ្ដល់សម្ភាសន៍ដល់បណ្តាញទីភ្នាក់ងារសារព័ត៌មានធំៗអន្តរជាតិ គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ និងវាយបកដ៏មានប្រសិទ្ធភាព ចំពោះទង្វើរបស់ភាគីថៃដែលកន្លងមកតែងតែព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដើម្បីបង្កើតលេសក្នុងការបង្កសង្គ្រាមឈ្លានពាន៕
ដោយ៖ទួន សុផល
-AMS-






