Grand News Asia Close

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកខាតលុយប៉ុន្មាន ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1016
វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកខាតលុយប៉ុន្មាន ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់? វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកខាតលុយប៉ុន្មាន ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់?

(វ៉ាស៊ីនតោន)៖ ការវិភាគថ្មីចុងក្រោយបំផុតបានរកឃើញថាសង្រ្គាមរបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងអ៉ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិកចាយលុយរាប់រយលានដុល្លារក្នុងមួយថ្ងៃ ហើយក្នុងនោះមាន ១០ភាគរយជាតម្លៃនៃបរិក្ខារយោធាដែលត្រូវបានបំផ្លាញ ឬរងការខូចខាតនៅក្នុងសង្រ្គាម។ ក្រុមអ្នកជំនាញខាងកិច្ចការយោធាបាននិយាយថាក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ ការបាត់បង់ទាំងចំនួនកងទ័ព និងបរិក្ខារយោធាគឺមានកម្រិតទាប បើធៀបទៅនឹងសង្រ្គាមមួយដែលភាគីទាំងសងខាងមានកម្លាំងយោធាស្មើ ឬប្រហាក់ប្រហែលគ្នា។ ក៏ប៉ុន្តែការបំផ្លិចបំផ្លាញបង្កឡើងដោយអ៉ីរ៉ង់លើប្រព័ន្ធរ៉ាដារបស់ សហរដ្ឋអាមេរិកបានបង្ហាញថាសហរដ្ឋអាមេរិកអាចនឹងងាយរងគ្រោះខ្លាំងក្នុងសង្រ្គាមធំណាមួយផ្សេងដូចជាជាមួយចិនជាដើម។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កងទ័ពអាមេរិក ១៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រ និងច្រើនជាង ៣០០នាក់ផ្សេងទៀតបានរងរបួស។

លោកស្រី Elaine McCusker ជាអ្នកជំនាញជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន American Enterprise Institute និងជាអតីតមន្ត្រីជាន់ខ្ពស់ខាងកញ្ចប់ថវិកានៃមន្ទីរបញ្ចកោណបានវាយតម្លៃថា ការចំណាយលើសង្រ្គាមប្រឆាំងអ៉ីរ៉ង់អាចមានចន្លោះពី ២២.៣ពាន់លានដុល្លារ ដល់៣១ពាន់លានដុល្លារ ក្នុងរយៈពេល៥សប្ដាហ៍ គិតចាប់តាំងពីលោក ត្រាំ បញ្ជាឱ្យយោធាអាមេរិកវាយប្រហារលើអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ការគណនារបស់លោកស្រីបានរាប់បញ្ចូលទាំងការចំណាយលើការដាក់ពង្រាយសព្វាវុធបន្ថែមរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ តែមិនរាប់បញ្ចូលការវាយតម្លៃទាំងស្រុងលើបរិក្ខារយោធាដែលរងការបំផ្លាញ ឬខូចខាតក្នុងសង្រ្គាមនោះទេ។

តួលេខខាងលើរាប់បញ្ចូលការចំណាយចន្លោះពី ២.១ពាន់លានដុល្លារ ដល់៣.៦ពាន់លានដុល្លារលើបរិក្ខារយោធាដែលរងការខូចខាត និងត្រូវប្ដូរថ្មី។ ការចំណាយខ្ពស់បំផុតគឺការចំណាយលើការជួសជុល USS Gerald R Ford ជានាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងត្រូវបានដកចេញពីសមរភូមិដើម្បីជួសជុល និងថែទាំ បន្ទាប់ពីបន្ទប់បោកខោអាវនៅលើនាវានេះត្រូវបានអគ្គិភ័យឆាបឆេះ ព្រមទាំង ការចំណាយលើការជួសជុលប្រព័ន្ធព្រមានអាសន្នជាមុនពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគក្នុងប្រទេសកាតា ដែលរងការខូចខាតដោយសារការវាយប្រហារដ្រូនពីអ៉ីរ៉ង់។

តាមក្រុមអ្នកជំនាញ អ៉ីរ៉ង់ត្រូវបានគេមើលឃើញថាបានវាយប្រហារកំណត់គោលដៅជាអាទិភាពលើប្រព័ន្ធរ៉ាដា និងទំនាក់ទំនងនៅតាមមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងយន្ដហោះចាក់សាំង លើអាកាសដែលអនុញ្ញាតឱ្យយន្ដហោះចម្បាំងអាមេរិកធ្វើប្រតិបត្តិការវាយប្រហាររយៈចម្ងាយឆ្ងាយ។ មន្ទីរបញ្ចកោណកំពុងខ្នះខ្នែងជំរុញឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាបន្ថែម ២០០ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវលើការចំណាយក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ លោក Mark Cancian ជាទីប្រឹក្សាការពារជាតិ និងសន្តិសុខជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) បានវាយតម្លៃថាសង្រ្គាមជាមួយអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកចំណាយលុយ ៥០០លានដុល្លារក្នុងមួយថ្ងៃ។ ដោយឡែក បើតាមការវាយតម្លៃរបស់ CSIS សហរដ្ឋអាមេរិកបានខាតបង់គិតទឹកប្រាក់ យ៉ាងហោច ១.៤ពាន់លានដុល្លារពីការបាត់បង់បរិក្ខារយោធា និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រក្នុងរយៈពេល៦ថ្ងៃដំបូងនៃសង្រ្គាម។

ការវាយតម្លៃនេះអាស្រ័យទៅលើវិធីសាស្ត្រ និងប្រភេទបរិក្ខារយោធាផ្សេងៗគ្នាដែលរងការខូចខាត ឬត្រូវបានបំផ្លាញ។ «ការខាតបង់តិច ឬច្រើនគឺអាស្រ័យលើប្រភេទបរិក្ខារយោធានៅតាមមូលដ្ឋានទ័ព អាមេរិកដែលត្រូវបានវាយប្រហារ»។ នេះជាការគូសបញ្ជាក់របស់លោក Cancian។ លោកបន្តថាការប្ដូរយន្ដហោះ E-3 Sentry ថ្មី អាចនឹងត្រូវចំណាយច្រើនជាង ៧០០លានដុល្លារ។ យន្ដហោះ E-3 ត្រូវបានចាត់ទុកថាជាទីបញ្ជាការនៅលើអាកាសបានរងការខូចខាតយ៉ាងដំណំក្នុងការវាយប្រហារមួយលើមូលដ្ឋានទ័ពអាកាស Prince Sultan ស្ថិតនៅក្បែរទីក្រុងរីយ៉ាដ។

រាប់បញ្ចូលទាំងយន្ដហោះ E-3 ក្រុមអ្នកវិភាគបាននិយាយថាប្រព័ន្ធរ៉ាដាចំនួន២ ក្នុងប្រទេសហ្ស៊កដានី និងកាតាក៏ស្ថិតក្នុងចំណោមបរិក្ខារយោធាអាមេរិកដ៏សំខាន់បំផុតដែលរងការខូចខាតផងដែរ។ រាដាទាំងនោះរួមមានរ៉ាដា AN/TPY-2 សម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ដែលត្រូវបានរាយការណ៍ថាត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេស ហ្ស៊កដានី។ រ៉ាដា AN/TPY-2 មួយផ្សេងទៀតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក៏ត្រូវបានរាយការណ៍ដែរថារងការវាយប្រហារ ប៉ុន្តែទំហំនៃការខូចខាតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ AN/TPY-2 មួយគ្រឿងមានតម្លៃដល់ ៤៨៥លានដុល្លារ ប្រសិនបើត្រូវដូរថ្មី ហើយក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon អាចនឹងត្រូវចំណាយពេលជិត ៣ឆ្នាំ ដើម្បីផលិតរ៉ាដា AN/TPY-2 មួយគ្រឿង។

ក្រៅពីនេះខណៈអ៉ីរ៉ង់អះអាងថាបានបាញ់ទម្លាក់ដ្រូន MQ-9 Reaper ជាច្រើនគ្រឿង ជោគជ័យធំបំផុតរបស់អ៉ីរ៉ង់គឺការបាញ់ទម្លាក់យន្ដហោះចម្បាំង F-15E កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ យន្ដហោះ A-10 ដែលចូលរួមបេសកកម្មស្វែងរក និងជួយសង្រ្គោះពីឡុត២នាក់នៃយន្ដហោះចម្បាំង F-15E ក៏ត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់នៅតំបន់ឈូងសមុទ្រពែក្សដែរ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា យន្ដហោះយោធាដឹកជញ្ជូន C-130 Hercules ២គ្រឿងត្រូវបានកងកម្លាំងអាមេរិកបំផ្ទុះចោលអំឡុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំង F-15E។ ចំណែក យោធាអ៉ីរ៉ង់បានអះអាងថាខ្លួនបាន បាញ់ទម្លាក់យន្ដហោះ C-130 Hercules ២គ្រឿង និងឧទ្ធម្ភាគចក្រ US Blackhawk ២គ្រឿងនៅភាគខាងត្បូងនៃខេត្ត Isfahan ជាទីដែលប្រតិបត្តិការជួយសង្រ្គោះបានធ្វើឡើង។

គួរបញ្ជាក់ថា ក្នុងរយៈពេល៥សប្ដាហ៍ នៃប្រតិបត្តិការ Desert Storm ក្នុងឆ្នាំ១៩៩១ នៅពេលដែលក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិករំដោះកូវ៉ែតចេញពីអ៉ីរ៉ាក់ យន្ដហោះយោធាអាមេរិក ១៤គ្រឿង ត្រូវបានបំផ្លាញក្នុងសមរភូមិ។ អំឡុងប៉ុន្មានសប្ដាហ៍ដំបូងនៃសង្រ្គាមអ៉ីរ៉ង់ យន្ដហោះចម្បាំងអាមេរិក F-15E ៣គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងឧប្បត្តិហេតុបាញ់ច្រឡំត្រូវគ្នាឯង នៅក្នុងប្រទេសកូវ៉ែត ហើយ យន្ដហោះចាក់សាំង KC-135 មួយគ្រឿងបានធ្លាក់នៅអ៉ីរ៉ាក់។ យន្ដហោះចម្បាំង F-15E មួយគ្រឿងមានតម្លៃ ១០០លានដុល្លារ ខណៈយន្ដហោះ KC-135 បើដូរថ្មីត្រូវចំណាយអស់ ១៦០លានដុល្លារ គិតលើការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន។

ការថែទាំលើនាវាចម្បាំង និងយន្ដហោះចម្បាំងក៏ត្រូវចំណាយច្រើនដែរ។ American Enterprise Institute បានវាយតម្លៃថាតម្លៃជួសជុលនាវាចម្បាំងដែលខកខានការថែទាំតាមកាលកំណត់ អាចនឹង ហក់ឡើងដល់ ៧៥លានដុល្លារ។ ប៉ុន្តែអ្វីដែលក្រុមអ្នកជំនាញយោធាអាមេរិកបារម្ភបំផុត នោះគឺសហរដ្ឋអាមេរិកកំពុងបាត់បង់បរិក្ខារយោធា និងប្រើប្រាស់ស្ដុកអាវុធ ដែលត្រូវការជាចាំបាច់ដើម្បីទុកជំរុញ ការកំញើញប្រឆាំងចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ តួយ៉ាងដូចជារ៉ាដានៃប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD​ និងយន្ដហោះ E-3 ដែលយោធាអាមេរិកអាចនឹងត្រូវការជាចាំបាច់ក្នុងសង្រ្គាមណាមួយជាមួយ ចិននៅពេលអនាគត៕

-Fresh News-

អត្ថបទទាក់ទង