Grand News Asia Close

ភាពជាអ្នកដឹកនាំជាកញ្ចក់ឆ្លុះបញ្ចាំងបញ្ហាសង្គម និងពន្លឺនៃដំណោះស្រាយ

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion 1026
ភាពជាអ្នកដឹកនាំជាកញ្ចក់ឆ្លុះបញ្ចាំងបញ្ហាសង្គម និងពន្លឺនៃដំណោះស្រាយ Pa Chandaren is president of the Cambodian Institute for Democracy. FB

#វិភាគសង្គម

តាមរយៈការសិក្សាស្រាវជ្រាវ, ការសង្កេតលើការវិវត្តនៃសង្គមនិងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ខ្ញុំ​កាន់តែយល់ច្បាស់ថា “ភាពជាអ្នកដឹកនាំ” មិនមែនគ្រាន់តែជាទ្រឹស្តីគ្រប់គ្រងក្នុងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែ​វាគឺជាវិញ្ញាសាដ៏សំខាន់បំផុតក្នុងការកំណត់ជោគវាសនារបស់សង្គម។ នៅពេលយើងពិនិត្យមើល​បញ្ហា​សង្គមតាមរយៈកែវភ្នែកនៃភាពជាអ្នកដឹកនាំ យើងនឹងឈប់មើលឃើញ​បញ្ហាត្រឹមតែជា​ព្រឹត្តិការណ៍​ចៃដន្យ ឬជាកំហុសបុគ្គល ប៉ុន្តែយើងនឹងមើលឃើញវាជា “វិបត្តិប្រព័ន្ធ” ដែលទាមទារនូវ​ការដោះស្រាយ​ដោយប្រើប្រាស់បញ្ញាញាណ និងមនសិការទទួលខុសត្រូវខ្ពស់។ ក្នុងនាមជាអ្នកធ្វើការដើម្បីលើកកម្ពស់​ប្រជាធិបតេយ្យនិងភាពជាអ្នកដឹកនាំ ខ្ញុំសូមលើកយកទស្សនៈគន្លឹះចំនួន ៣ មកពិចារណា៖

សុខទុក្ខរបស់ជាតិអាស្រ័យលើគុណភាពនៃភាពជាអ្នកដឹកនាំ

ជាញឹកញាប់ យើងតែងសម្លឹងមើលរោគសញ្ញានៃបញ្ហា ដូចជាអំពើពុករលួយ ភាពអយុត្តិធម៌ ការបែកបាក់​សាមគ្គីភាព ឬអសីលធម៌ក្នុងសង្គម ជាបញ្ហាដាច់ដោយឡែក។ ប៉ុន្តែការពិតបញ្ហា​ទាំងនេះគឺជា​ការឆ្លុះ​បញ្ចាំង​​​​​​ដោយ​ផ្ទាល់ពី “ភាពខ្វះចន្លោះនៃអ្នកដឹកនាំ” (Leadership Void)។ ប្រវត្តិសាស្ត្របានបង្ហាញរួច​មក​ហើយថា “ការរីកចម្រើន ឬការដួលរលំនៃជាតិសាសន៍ និងស្ថាប័ននានា គឺអាស្រ័យទៅលើគុណភាព​នៃភាពជា​អ្នកដឹកនាំ”។

នៅពេល “អ្នកដឹកនាំ” (Leader) គ្រាន់តែប្រើប្រាស់តួនាទីជា “ចៅហ្វាយ” (Boss) ដើម្បីពង្រីកអំណាច និងបម្រើផលប្រយោជន៍បុគ្គល នោះវប្បធម៌នៃភាពអយុត្តិធម៌នឹងចាក់ឬស។ ផ្ទុយទៅវិញ ភាពជាអ្នកដឹកនាំ​ពិតប្រាកដនឹងបង្កើតឱ្យមាន “វប្បធម៌ទទួលខុសត្រូវ” (Accountability) ដែលជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់​ព្យាបាល​​មហារីកសង្គម និងកសាងទំនុកចិត្តឡើងវិញ។

ដំណោះស្រាយស្ថិតលើការកសាង “មនុស្ស” ជាជាងការប្រឹងតែបង្កើតនិងការរឹតបន្តឹងច្បាប់មួយមុខ

ទោះបីជាច្បាប់គឺជាឧបករណ៍សម្រាប់រៀបចំសណ្តាប់ធ្នាប់ ​ប៉ុន្តែច្បាប់តែមួយមុខមិនអាចដោះស្រាយ​បញ្ហា​សង្គមបានឡើយ ប្រសិនបើគ្មានការផ្លាស់ប្តូរផ្នត់គំនិត (Mindset Shift) របស់មនុស្ស។ ការផ្លាស់ប្តូរ​ផ្នត់គំនិត មិនមែនគ្រាន់តែជាការផ្លាស់ប្តូរគំនិតបណ្តោះអាសន្ននោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរ “ប្រព័ន្ធ​ជំនឿ”​ និង “របៀបដែលយើងសម្លឹងមើលពិភពលោក”។ ក្នុងបរិបទភាពជាអ្នកដឹកនាំ វារួមមាន​ការផ្លាស់ប្តូរ​គន្លឹះចំនួន ៣៖

1) ពី “ការអនុលោមតាម” មកជា “ការប្តេជ្ញាចិត្ត” (From Compliance to Commitment)៖ ក្នុង​ផ្នត់គំនិត​ចាស់ មនុស្សធ្វើការងារដោយសារខ្លាចច្បាប់ ឬខ្លាចការដាក់ទណ្ឌកម្ម (Compliance)។ ប៉ុន្តែតាមរយៈភាពជា​អ្នកដឹកនាំ យើងផ្លាស់ប្តូរមកជាការបណ្តុះមនសិការ​ឱ្យមនុស្សស្រឡាញ់ និងចង់ធ្វើរឿងត្រឹមត្រូវដោយ​ខ្លួនឯង (Commitment) ទោះបីជាគ្មានអ្នក​មើល ឬគ្មានច្បាប់​បង្ខំក៏ដោយ។

2) ពី “អញនិយម” មកជា “យើងនិយម” (From Ego-centric to Eco-centric)៖​ ផ្នត់គំនិតចាស់​ផ្ដោតលើ​ការប្រកួតប្រជែង ការចង់បានឋានៈ និងការឡើងខ្ពស់តែម្នាក់ឯង។ ការផ្លាស់ប្តូរផ្នត់​គំនិតថ្មី គឺការមើល​ឃើញខ្លួនឯងជាផ្នែកមួយនៃប្រព័ន្ធសង្គមទាំងមូល (Ecosystem)។ បើស្ថាប័ន ឬសង្គមដួលរលំបុគ្គល​ក៏មិនអាចរស់នៅដោយសុខសាន្តបានដែរ។

3) ពី “ការមើលឃើញបញ្ហា” មកជា “ការមើលឃើញដំណោះស្រាយ” (From Problem-oriented to Solution-oriented): ជាជាងការចំណាយពេលបន្ទោសកាលៈទេសៈ ឬស្វែងរកអ្នកខុស ផ្នត់គំនិតថ្មី​ជំរុញ​​ឱ្យយើងសួរថា “តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីកែលម្អស្ថានភាពនេះ?”។ វាគឺជា​ការផ្លាស់ប្តូរពីភាព​ជាជន​រងគ្រោះ​ (Victim Mindset) មកជាភាពជាម្ចាស់ (Owner Mindset) លើ​បញ្ហាសង្គម។ នៅពេល​ផ្នត់គំនិត​ផ្លាស់ប្តូរ សកម្មភាពនឹងផ្លាស់ប្តូរ។ នៅពេល​សកម្មភាពផ្លាស់ប្តូរ លទ្ធផលសង្គមក៏នឹងផ្លាស់ប្តូរតាម​នោះដែរ​។ នេះហើយជាថាមពល​នៃភាពជាអ្នកដឹកនាំដែ​លចាក់​ឬសចេញពីខាងក្នុង។

4) ភាពជាអ្នកដឹកនាំ គឺជាកម្លាំងចលករដែលជំរុញ​ឱ្យមនុស្ស “ធ្វើរឿងដែលត្រឹមត្រូវ” (Doing the right things) ជាជាងគ្រាន់តែ “ធ្វើការងារឱ្យបានត្រឹមត្រូវ” (Doing things right) ដើម្បីបិទបាំង​កំហុស។

5) យើងត្រូវចងចាំថា “ភាពជាអ្នកដឹកនាំដ៏អស្ចារ្យ មិនមែនស្ថិតនៅលើកម្ពស់នៃឋានៈដែល​អ្នកដឹកនាំ​សម្រេច​បាន​នោះទេ ប៉ុន្តែវាស្ថិតនៅលើកម្ពស់នៃគុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃជីវិត​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​លើកកម្ពស់”។ នេះគឺជាគោលការណ៍នៃអភិបាលកិច្ចល្អ និង​សីលធម៌​នៃការដឹកនាំ។

៣. អំណាចនៃគំរូនិងឥទ្ធិពលក្នុងបរិបទសង្គមខ្មែរ

ក្នុងបរិបទសង្គមខ្មែរដែលផ្ដល់តម្លៃខ្ពស់លើឋានានុក្រម និងការគោរពបុគ្គល (High Power Distance) “អំណាចនៃគំរូ” (Power of Role Model) មានឥទ្ធិពលខ្លាំងក្លាបំផុត។ មហាជនតែងតែ​សម្លឹងមើល​ទៅលើ និងមានទំនោរដើរតាមទង្វើរបស់អ្នកដឹកនាំ។ ប្រសិនបើអ្នកដឹកនាំបង្ហាញនូវភាពស្មោះត្រង់ យុត្តិធម៌ និង ការលះបង់ នោះសង្គមទាំងមូលនឹងដើរតាមដោយជំនឿចិត្ត និងសេចក្តីសង្ឃឹម។ ឥទ្ធិពលនៃគំរូដ៏ល្អប្រៀប​បាននឹងពន្លឺព្រះអាទិត្យដែលចាំងមកលើផែនដី។ វាមិនត្រឹមតែបំភ្លឺឱ្យយើងមើល ឃើញផ្លូវច្បាស់ក្នុងភាព​ងងឹតនៃបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវកម្ដៅ និងថាមពលដែលជម្រុញឱ្យ គ្រាប់ពូជនៃសេចក្តីល្អ និង​សីលធម៌នៅក្នុងចិត្តរបស់ពលរដ្ឋគ្រប់រូប អាចដុះដាលឡើងវិញបាន យ៉ាង រស់រវើក។

ខ្ញុំជឿជាក់ថា បញ្ហាសង្គមមិនមែនជាការដាក់បណ្តាសាដែលមិនអាចកែប្រែបាននោះទេ។ ការផ្លាស់ប្តូរ សង្គមត្រូវចាប់ផ្តើមពីការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងការដើរតួជា “អ្នកដឹកនាំ” ដែលហ៊ានធ្វើរឿង​ត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ដើម្បីធានាបាននូវចីរភាពនៃការផ្លាស់ប្តូរ ការវិនិយោគលើការអប់រំ និងការ​បណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជនខ្មែរ គឺជាកិច្ចការអាទិភាពដ៏ចាំបាច់បំផុត។ យើង​ត្រូវរួម​គ្នា​ផ្តល់​ឱកាសឱ្យយុវជនជំនាន់ក្រោយ​ទទួលបានការអប់រំដែលមិនត្រឹមតែ​ផ្ដោត​លើ​ចំណេះដឹងបច្ចេកទេស ប៉ុន្តែគឺ​ជាការកសាងចរិតលក្ខណៈ មនសិការ និងសីលធម៌នៃការដឹកនាំ ដើម្បីឱ្យពួកគេក្លាយ​ជាទំពាំង​ស្នងឫស្សី​ដ៏រឹងមាំ។ ការដាំគ្រាប់ពូជ​នៃក្តីសង្ឃឹមតាមរយៈយុវជនដែលមានភាព​ជាអ្នកដឹកនាំបែប​បម្រើ​និងស្មារតី​ទទួល​​ខុស​ត្រូវ គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាថា ពន្លឺនៃដំណោះស្រាយដែលយើង​កំពុងស្វែងរក​នៅថ្ងៃនេះ នឹងកាន់តែភ្លឺស្វាង និងចាក់ឬសយ៉ាងរឹងមាំសម្រាប់សង្គមជាតិ​យើង​នៅ​ថ្ងៃ​អនាគត។ នៅពេល​យើង​រួមគ្នា​ពង្រឹងភាពជាអ្នកដឹកនាំដែលមានសីលធម៌ ចាប់ពីកម្រិតបុគ្គល គ្រួសារ រហូតដល់ស្ថាប័នជាតិ នោះយើងនឹងអាចកសាងសង្គមមួយដែលមានយុត្តិធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​សម្រាប់​មនុស្សគ្រប់ជំនាន់៕

លោក ប៉ា ចន្ទរឿន គឺ​ជា​ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។​ ទស្សនៈដែល​បាន​លើក​ឡើង គឺជា​ទស្សនៈ​របស់​លោក។

-Phnom Penh Post-

អត្ថបទទាក់ទង