Grand News Asia Close

តេស្តនយោបាយកម្រិតខ្ពស់ ភាពអត់ឱនដោយគ្មានលក្ខខណ្ឌ និងកាលានុវត្តភាពនៃការកសាង «អំណាចជាតិ» ក្នុងវិវាទកម្ពុជា-ថៃ

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ ទស្សនៈ-Opinion ព័ត៌មានជាតិ 1061
តេស្តនយោបាយកម្រិតខ្ពស់ ភាពអត់ឱនដោយគ្មានលក្ខខណ្ឌ និងកាលានុវត្តភាពនៃការកសាង «អំណាចជាតិ» ក្នុងវិវាទកម្ពុជា-ថៃ តេស្តនយោបាយកម្រិតខ្ពស់ ភាពអត់ឱនដោយគ្មានលក្ខខណ្ឌ និងកាលានុវត្តភាពនៃការកសាង «អំណាចជាតិ» ក្នុងវិវាទកម្ពុជា-ថៃ

សារសំឡេងពិសេសរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលបានផ្ញើដោយផ្ទាល់ទៅកាន់លោក សេង សារី ព្រមទាំងបានអំពាវនាវដោយចំហរទៅកាន់ក្រុម និងគណបក្សប្រឆាំងនៅក្រៅប្រទេស ឱ្យចូលរួមផ្តល់យោបល់ជាយុទ្ធសាស្ត្រថាតើកម្ពុជា «គួរចរចា ឬគួរច្បាំង» ជាមួយភាគីថៃ មិនមែនត្រឹមតែជារូបភាពនយោបាយឆ្លងឆ្លើយធម្មតានោះទេ។ ព្រឹត្តិការណ៍នេះ គឺជា “តេស្តសាកល្បងកម្រិតខ្ពស់” មួយនៅក្នុងបរិបទភូមិសាស្ត្រនយោបាយ និងជាបង្អួចឱកាសដ៏កម្រមួយ ដែលទាមទារឱ្យអ្នកនយោបាយខ្មែរគ្រប់និន្នាការ ពិចារណាលើការបោះជំហានឆ្ពោះទៅរកការផ្សះផ្សាជាតិ និងការកសាង «អំណាចជាតិ» (National Power) រួមគ្នាមួយ ដែលមិនអាចបំបែកបាន។

ទន្ទឹមនឹងជម្រើស «ចរចា ឬច្បាំង» នេះ គណបក្សប្រឆាំងនៅក្រៅប្រទេសក៏មានឱកាស​ពេញលេញក្នុងការផ្តល់យោបល់​ជាយុទ្ធសាស្ត្រដោយផ្ដោតលើជម្រើសទី៣ គឺ «យន្តការច្បាប់អន្តរជាតិ» ផងដែរ។ ប៉ុន្តែ ការផ្តល់យោបល់ក្នុងកម្រិតយុទ្ធសាស្ត្រនេះ មិនគួរធ្វើឡើងត្រឹមតែជាការបញ្ចេញមតិបែបនយោបាយទូទៅ ឬជាការឆ្លើយតបដោយខ្វះមូលដ្ឋានស៊ីជម្រៅនោះឡើយ។ ផ្ទុយទៅវិញ វាត្រូវតែជាការបង្ហាញយ៉ាងច្បាស់លាស់​នូវយុទ្ធសាស្ត្រផ្លូវច្បាប់ ការវិភាគលើវិធានច្បាប់អន្តរជាតិ និងយុទ្ធវិធីដ៏មុតស្រួចដើម្បីធានាការយកឈ្នះនៅលើឆាកអន្តរជាតិ ជាពិសេសនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការដាក់ចេញនូវយុទ្ធសាស្ត្រតតាំងតាមផ្លូវច្បាប់អន្តរជាតិនេះ គឺជាការប្រថុយប្រថានកម្រិតខ្ពស់ ដែលរាល់ការសម្រេចចិត្តប្រើប្រាស់យន្តការនេះ ទាមទារនូវភាពប្រាកដប្រជាបំផុត ព្រោះ​កំហុសឆ្គងណាមួយនឹងបន្សល់ទុកនូវផលវិបាកជាប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបានឡើយ។

ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីឱកាសនេះ ការគិតគូរជាយុទ្ធសាស្ត្រចាំបាច់ត្រូវផ្តោតលើសសរស្តម្ភចំនួន ៤ ដូចខាងក្រោម៖

១. ភាពអត់ឱនខាងនយោបាយ និងការលុបបំបាត់ “នយោបាយមានលក្ខខណ្ឌ”

ជាទម្លាប់នៅក្នុងវប្បធម៌នយោបាយកម្ពុជា ភាគីពាក់ព័ន្ធតែងតែប្រកាន់យកជំហរទាមទារលក្ខខណ្ឌទៅវិញទៅមក (Transactional Politics) មុនពេលឈានចូលដល់ការជជែកគ្នា។ ក្រុមប្រឆាំងតែងតែទាមទារលក្ខខណ្ឌនយោបាយនេះ ឬលក្ខខណ្ឌនោះ ជាថ្នូរនឹងការចូលរួម ឬការគាំទ្ររដ្ឋាភិបាល។ ប៉ុន្តែ នៅក្នុងកិច្ចការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរវាងប្រទេសទាំងពីរ កាតព្វកិច្ចចំពោះជាតិ គឺជាអាទិភាពកំពូលដែលមិនអាចយកមកធ្វើជាទំនិញ​ដោះដូរនយោបាយបានឡើយ។ ការដែលក្រុមប្រឆាំងក្រៅប្រទេស ហ៊ាន​បោះបង់ចោលការទាមទារលក្ខខណ្ឌជាមុន ហើយសម្រេចចិត្តចូលរួមផ្តល់យោបល់ជាយុទ្ធសាស្ត្រភ្លាមៗ វាមិនមែនជាការចុះចាញ់ ឬការចុះញ៉មនោះទេ ប៉ុន្តែវាគឺជា “ភាពអត់ឱនខាងនយោបាយដើម្បីជាតិ” ដ៏ខ្ពង់ខ្ពស់។ ភាពអត់ឱនឱ្យគ្នានេះហើយ គឺជាការបង្ហាញនូវឆន្ទៈនយោបាយពិត​ប្រាកដ (Genuine Political Will) ក្នុងការកសាងទំនុកចិត្ត ដែលជាស្ពានដំបូងបំផុត​ឆ្ពោះទៅរកការផ្សះផ្សា។

២. ពីភាពប្រឈមមុខ ទៅជា «ការបំពេញឱ្យគ្នាទៅវិញទៅមក» ជាយុទ្ធសាស្ត្រ

ជម្លោះនយោបាយខ្មែរតែងតែមានលក្ខណៈសូន្យ-បូក (Zero-sum game)។ ប៉ុន្តែ នៅក្នុងការប្រឈមមុខផ្នែកការទូត និងការការពារបូរណភាពទឹកដីជាមួយរដ្ឋបរទេស ការបន្តលេងល្បែងនយោបាយបែបនេះ គឺមានតែធ្វើឱ្យកម្លាំងជាតិចុះខ្សោយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលមានប្រៀបលើការទូតផ្លូវការ (Track I Diplomacy) និងអំណាចរដ្ឋ។ ចំណែកឯក្រុមប្រឆាំងក្រៅប្រទេស ដែលបានចងក្រងគ្នានៅក្រោមឆ័ត្រ «រដ្ឋាភិបាល ២៣ តុលា» មានប្រៀបលើចលនាមហាជននៅក្រៅស្រុក និងយន្តការតស៊ូមតិអន្តរជាតិ។ ប្រសិនបើកម្លាំងទាំងពីរនេះ ត្រូវបានប្រើប្រាស់ក្នុងគោលដៅតែមួយ គឺ “ការពារផលប្រយោជន៍កម្ពុជា” នោះវានឹងបង្កើតបានជាយុទ្ធសាស្ត្រមួយ​ដ៏មានឥទ្ធិពល។ ក្រុមប្រឆាំងអាចប្រែក្លាយយន្តការអន្តរជាតិរបស់ខ្លួន ជាខែលជួយគាំទ្រជំហររដ្ឋាភិបាលនៅលើតុចរចា ជាជាងយកវាមកដាក់សម្ពាធលើរដ្ឋាភិបាលខ្លួនឯង។

៣. ការប្រែក្លាយឱកាស ទៅជាការកសាងសសរស្តម្ភនៃ «អំណាចជាតិ» រឹងមាំ

នៅក្នុងទំនាក់ទំនងអន្តរជាតិ សសរស្តម្ភ (Pillar) ដ៏សំខាន់បំផុតនៃ «អំណាចជាតិ» របស់រដ្ឋមួយ មិនមែនពឹងផ្អែកតែលើកម្លាំងយោធា ឬសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាពឹងផ្អែកយ៉ាងខ្លាំងទៅលើ “ឯកភាពផ្ទៃក្នុង” (Internal Unity)។ នៅពេលដែលរដ្ឋាភិបាលថៃ ឬរដ្ឋបរទេសផ្សេងទៀត សម្លឹងមកកម្ពុជា ហើយឃើញថាសំឡេងអ្នកនយោបាយខ្មែរទាំងក្នុង និងក្រៅប្រទេស គឺលោតក្នុងចង្វាក់បេះដូងតែមួយជុំវិញ​រឿងទឹកដី នោះជំហររបស់កម្ពុជានឹងមានទម្ងន់ធ្ងន់ធ្ងរបំផុត។

ដើម្បីទាញយកអំណាចជាតិនេះ ក្រុមប្រឆាំងគួរចាត់វិធានការបែបស្ថាបនា ដោយឥតលក្ខខណ្ឌ ដូចជា៖

ការតាក់តែងឯកសារយុទ្ធសាស្ត្ររួម៖ ជំនួសឱ្យការឆ្លើយតបដោយវោហារស័ព្ទនយោបាយ ក្រុមប្រឆាំងនៅក្រៅប្រទេស គួរប្រមូលផ្តុំអ្នកប្រាជ្ញ ធនធានបញ្ញា និងអ្នកច្បាប់អន្តរជាតិរបស់ខ្លួន រៀបចំជា «ឯកសារគោលនយោបាយផ្លូវច្បាប់» មួយ ដែលផ្តល់ជាជម្រើសយុទ្ធសាស្ត្រច្បាស់លាស់ (យន្តការទ្វេភាគី UNCLOS ឬ ICJ) ហើយបញ្ជូនមកកាន់រាជរដ្ឋាភិបាល ដើម្បីទុកជាទុនសម្រាប់ការតតាំងជាមួយបរទេស។

ការអនុវត្តយុទ្ធសាស្ត្រ “សំឡេងតែមួយ” លើឆាកអន្តរជាតិ៖ គ្រប់សកម្មភាពតស៊ូមតិរបស់រដ្ឋាភិបាល ២៣ តុលា ឬចលនាផ្សេងៗទៀត គួរតែបង្វែរមុខព្រួញដាក់សម្ពាធទាំងស្រុងទៅលើការឈ្លានពាន ឬការរំលោភបំពានពីសំណាក់រដ្ឋ​បរទេស ដោយផ្អាក ឬបន្ធូរបន្ថយការវាយប្រហារគ្នាឯងក្នុងរឿងនយោបាយផ្ទៃក្នុងជាបណ្តោះអាសន្ន។

៤. កាតព្វកិច្ចក្នុងការស្វែងរក “ចំណុចកណ្តាល” សម្រាប់ការរួបរួម

ការផ្សះផ្សាជាតិ មិនអាចកើតឡើងដោយគ្រាន់តែពឹងលើការអំពាវនាវនោះទេ តែវាទាមទារនូវការបោះ​ជំហានចូលគ្នាពាក់​កណ្តាល​​ម្នាក់ដោយក្តីស្មោះត្រង់។ រដ្ឋាភិបាល បានបោះជំហានដំបូងតាមរយៈការ​ទម្លាក់សំណួរយុទ្ធសាស្ត្រ ការបើកចំហរទទួលយកគំនិត។ ពេលនេះ បាល់គឺស្ថិតនៅក្នុងទីលានរបស់ក្រុមប្រឆាំង។ ប្រសិនបើគណបក្សប្រឆាំង និងក្រុមប្រឆាំងក្រៅប្រទេសអាចឆ្លើយតបដោយភាពចាស់ទុំ ផ្តល់នូវធាតុចូលប្រកបដោយលក្ខណៈវិទ្យាសាស្ត្រនយោបាយ និងឈរលើជំហរការពារជាតិដោយស្ម័គ្រចិត្ត ដោយមិនបង្កើតលក្ខខណ្ឌនយោបាយស្មុគស្មាញ នោះវានឹងក្លាយជាការចាក់​គ្រឹះដ៏រឹងមាំមួយសម្រាប់ការបង្រួបបង្រួម។

សេចក្តីសន្និដ្ឋាន

ជម្លោះកម្ពុជា-ថៃ មិនគួរត្រូវបានយកមកធ្វើជាឧបករណ៍សម្រាប់វាយប្រហារគ្នាដណ្តើមប្រជាប្រិយភាពនោះឡើយ ផ្ទុយទៅវិញ វាគួរតែជា “កាតាលីករ” (Catalyst) មួយ ដែលដាស់ស្មារតីអ្នកនយោបាយខ្មែរគ្រប់ភាគី ឱ្យភ្ញាក់រលឹកថា យើងមានជោគវាសនារួមតែមួយ។ ប្រវត្តិសាស្ត្របានបង្រៀនយើងរាប់ពាន់ដងរួចមកហើយថា ពេលណាខ្មែរបែកបាក់ ទឹកដីនឹងត្រូវរួមតូច ហើយពេលណាខ្មែររួបរួម ជាតិយើងនឹងមានអំណាចមហិមា។

ការអំពាវនាវ ឬការចោទសួររកយោបល់ជាយុទ្ធសាស្ត្រពីសំណាក់រាជរដ្ឋាភិបាល ទៅកាន់គណបក្សប្រឆាំងនៅក្រៅប្រទេស​នាពេលនេះ គឺជាឱកាសមាសសម្រាប់ការផ្សះផ្សា ការរួបរួមជាតិ និងការឯកភាពជាតិយ៉ាងពិតប្រាកដ។ ឱកាសក្នុងការសាកល្បងកសាងទំនុកចិត្តនេះ ត្រូវតែឈរលើគោលការណ៍នៃ ភាពអត់ឱនខាងនយោបាយ ដោយលុបបំបាត់ចោលទាំងស្រុងនូវការទាមទារលក្ខខណ្ឌជាមុន។

ចំពោះអ្នកកាន់អំណាច ការបើកទូលាយទទួលយកគំនិតពីគូប្រកួតនយោបាយ គឺជាសញ្ញានៃភាពជាមេដឹកនាំ​ដែលមានទំហំបេះដូងធំទូលាយ និងតម្កល់ជាតិជាធំ។ ចំណែកឯក្រុមប្រឆាំង ការហ៊ានចូលរួមការពារជាតិដោយមិនដាក់លក្ខខណ្ឌ ទោះបីជាមានគំនុំនយោបាយផ្ទៃក្នុងយ៉ាងណាក្តី គឺជាការបង្ហាញពីឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធ ដែលដាក់កម្ពុជាធំជាងជម្លោះបក្សពួក។ ប្រជាពលរដ្ឋខ្មែរជាង ១៧លាននាក់ កំពុងសម្លឹងមើលអ្នកនយោបាយរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។ ពួកគាត់មិនចង់ឃើញការចង្អុលមុខគ្នាទៀតទេ តែពួកគាត់ស្រេកឃ្លានចង់ឃើញអ្នកនយោបាយខ្មែរ អង្គុយរួមតុ ប្រើខួរក្បាល និងបេះដូងរួមគ្នា ដើម្បីតតាំងជាមួយបរទេស។

បើភាគីទាំងសងខាង អាចយកបញ្ហាប្រឈមជាមួយបរទេសនេះ មកធ្វើជាចំណុចចាប់ផ្តើមនៃការសន្ទនាគោលនយោបាយកម្រិតខ្ពស់ ដោយហ៊ានលះបង់អតីតកាល នោះកម្ពុជានឹងមិនត្រឹមតែអាចការពារបូរណភាពទឹកដីរបស់ខ្លួនបានយ៉ាងរឹងមាំ​ប៉ុណ្ណោះទេ។ លើសពីនេះ យើងនឹងបង្កើតបាននូវ «អំណាចជាតិ» (National Power) ដ៏ធំធេងមួយ ដែលកើតចេញពីបេះដូងតែមួយ ឈាមតែមួយ និងការរួបរួមជាតិពិតប្រាកដ ដែលគ្មានសត្រូវបរទេសណាមួយអាចមើលងាយ ឬបំបែកបំបាក់បានឡើយ។ នេះទើបជាមរតកប្រវត្តិសាស្ត្រដ៏ពិតប្រាកដ ដែលអ្នកនយោបាយជំនាន់នេះ ត្រូវកសាង និងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ៕

លោក​មេធាវី ឡុង បញ្ញាវុឌ្ឍ គឺជា​ស្ថាបនិក​ក្រុមហ៊ុន​មេធាវី PAN & Associates Law Firm។ ទស្សនៈដែល​បាន​លើកឡើង​គឺ​ជា​ទស្សនៈ​របស់​លោក​ផ្ទាល់។

អត្ថបទទាក់ទង