Grand News Asia Close

 វិភាគអន្តរជាតិ៖ ក្រោយបះបោរបរាជ័យ តើអនាគតទាហានស៊ីឈ្នួល Wagner នឹងទៅជាយ៉ាងណា? 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 306
 វិភាគអន្តរជាតិ៖ ក្រោយបះបោរបរាជ័យ តើអនាគតទាហានស៊ីឈ្នួល Wagner នឹងទៅជាយ៉ាងណា?   វិភាគអន្តរជាតិ៖ ក្រោយបះបោរបរាជ័យ តើអនាគតទាហានស៊ីឈ្នួល Wagner នឹងទៅជាយ៉ាងណា? 

 

FN (មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី២៦ ខែមិថុនា បានថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិរុស្ស៉ី ដោយបង្កប់បំណងបញ្ចុះបញ្ចូលឱ្យ ក្រុមទាហានស៊ីឈ្នួល Wagner និងមេបញ្ជាការរបស់ពួកគេចូលរួមជាមួយយោធារុស្ស៉ី និងបន្តការប្រយុទ្ធប្រឆាំងអ៊ុយក្រែន។ ក្នុងពេលតំណាលគ្នា សុន្ទរកថា របស់លោក ពូទីន ក៏ជាការដាក់សម្ពាធមួយផងដែរឱ្យទាហាន Wagner ធ្វើការជ្រើសរើសថាតើចង់ចូលរួមជាមួយយោធារុស្ស៉ី ឬក៏ចង់ទៅតាមមេរបស់ពួកគេ គឺលោក Yevgeny Prigozhin។

លោក ពូទីន នៅតែបន្តថ្កោលទោសពួកអ្នករៀបចំការបះបោរប្រដាប់អាវុធថាជា «ជនក្បត់ជាតិ» ដោយមិនបានបញ្ជាក់ចំឈ្មោះលោក Prigozhin។ ប៉ុន្តែតាមរយៈ សុន្ទករថាខាងលើដដែល លោក ពូទីន បានបង្ហាញពីលទ្ធភាពតិចតួចបំផុតសម្រាប់ការផ្សះផ្សារគ្នាឡើងវិញជាមួយលោក Prigozhin។ បើតាមលោក ពូទីន សត្រូវ ពិតប្រាកដរបស់រុស្ស៉ី គឺអ៊ុយក្រែន ហើយលោកថែមទាំងបានបែងចែងយ៉ាងច្បាស់ទៀតផងរវាងទាហាន Wagner និងអ្នកបង្កើតការបះបោរប្រដាប់អាវុធ ពោលគឺ លោកហាក់ដូចជាចង់សំដៅលើលោក Prigozhin និងមនុស្សស្មោះស័្មគ្រនឹងថៅកែទាហានស៊ីឈ្នួលរូបនេះ អមជាមួយការផ្ដល់ជម្រើសចំនួន៣ ឱ្យទាហាន Wagner ធ្វើការជ្រើសរើស។

លោក ពូទីន បានផ្ដល់ឱ្យក្រុមមេបញ្ជាការ Wagner និងទាហានរបស់ពួកគេនូវចន្លោះទំនេរមួយ ដកខ្លួនចេញឱ្យឆ្ងាយពីសកម្មភាពបះបោរប្រដាប់អាវុធរបស់លោក Prigozhin ដោយកត់សម្គាល់ថា «យើងដឹងថាក្រុមអ្នកប្រយុទ្ធ Wagner ភាគច្រើន រួមទាំងក្រុមមេបញ្ជាការ គឺជាជនរួមជាតិរុស្ស៉ី និងមានភក្តីភាពចំពោះប្រជាជន និងប្រទេសជាតិរបស់ពួកគេ»។ លោក ពូទីន បានបន្តទៀតថាក្រុមអ្នកប្រយុទ្ធ Wagner ដែលចង់បន្តបម្រើជាតិ អាចចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៉ី ឬជាមួយសេវាសន្តិសុខដទៃរបស់រុស្ស៉ី ឬអាចចូលនិវត្តន៍ត្រឡប់ទៅស្រុកកំណើតវិញ ឬក៏អាចទៅរស់នៅក្នុងប្រទេសបេឡារុស។ ពិតមែនទៅ លោក ពូទីន មាន លទ្ធភាពចាប់ខ្លួនក្រុមមេបញ្ជាការ Wagner ក្រោមការចោទប្រកាន់ពីអំពើក្បត់ជាតិ ប៉ុន្តែលោកសុខចិត្តលើកលែងទោស និងធ្វើសមាហរណកម្មកងកម្លាំង Wagner ពីព្រោះបច្ចុប្បន្នលោកនៅតែត្រូវការក្រុមបញ្ជាការ និងទាហានមានសមត្ថភាពដូចជា Wagner ដើម្បីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែចំណុចមួយ គួរឱ្យចាប់អារម្មណ៍ នោះគឺ «ហេតុអ្វីបានជាលោក ពូទីន ផ្ដល់ជម្រើសឱ្យទាហាន Wagner និងមេបញ្ជាការរបស់ពួកគេអាចទៅរស់នៅក្នុងប្រទេសបេឡារុស?»

វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បាននិយាយថាក្រុមទាហានស៊ីឈ្នួល Wagner មួយចំនួន អាចនឹងតាមលោក Prigozhin ទៅរស់នៅក្នុងប្រទេសបេឡារុស។​ វិទ្យាស្ថាននេះដដែល ដោយផ្អែកសេចក្ដីរាយការណ៍កាលពីថ្ងៃទី២៦ ខែមិថុនា ដោយ Verstka ដែលជាកាសែតប្រឆាំងមួយ ក្នុង ប្រទេសរុស្ស៉ី បានឱ្យដឹងទៀតថាអាជ្ញាធរបេឡារុសបានចាប់ផ្ដើមសាងសង់ជំរំថ្មីៗជាច្រើនសម្រាប់ទទួលក្រុមអ្នកប្រយុទ្ធ Wagner។ ជំរំថ្មីៗទាំងនេះត្រូវបានសាងសង់ ក្នុងទីក្រុង Asipovichy នៃតំបន់ Mogilev នៅលើផ្ទៃដី ២៤,០០០គីឡូម៉ែត្រក្រឡា និងអាចទទួលទាហាន Wagner ៨,០០០នាក់។ ទីតាំងឈរជើងរបស់ទាហាន ក្នុងទីក្រុង Asipovichy ដែលស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីព្រំដែនអន្តរជាតិរវាងបេឡារុសជាប់ជាមួយអ៊ុយក្រែន នឹងមិនបង្កការគំរាមកំហែងភ្លាមៗដល់ អ៊ុយក្រែននោះទេ។ ប៉ុន្តែ ការឈរជើងរបស់ទាហានស៊ីឈ្នួលនេះក្នុងតំបន់ Gomel ឬក៏តំបន់ Brest ដែលជាប់ព្រំដែនអ៊ុយក្រែន ទើបជាការគំរាមកំហែង។

បើតាមវិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ អាចនឹងប្រើប្រាស់លោក Prigozhin និងទាហាន Wagner ដើម្បីរក្សា តុល្យភាពទប់ទល់នឹងកិច្ចប្រឹងប្រែងជាយូរណាស់មកហើយរបស់រុស្ស៉ី ដែលចង់ដាក់មូលដ្ឋានទ័ពអចិន្ត្រៃយ៍ក្នុងប្រទេសបេឡារុស បើទោះជាគេមិនទាន់ដឹងច្បាស់ថា តើលោក លូកាសិនកូ អាចបញ្ចុះលោក Prigozhin បានដោយជោគជ័យ ឬអាចបដិសេធនឹងសំណើសុំធ្វើបត្យាប័នណាមួយពីរុស្ស៉ី លើលោក Prigozhinនិងទាហានស៊ីឈ្នួល Wagner ក្នុងប្រទេសបេឡារុស ឬក៏យ៉ាងណាដោយ។ ដ្បិតបេឡារុសមិនអាចផ្ដល់ទីកន្លែងជ្រកកោនមានសុវត្ថិភាពពិតប្រាកដសម្រាប់លោក Prigozhin ឬទាហាន Wagner នោះទេ ជាពិសេសក្នុងករណីមានសម្ពាធណាមួយពីវិមានក្រឹមឡាំង។ ក្នុងន័យនេះ លោក ពូទីន អាចនឹងកំពុងយកបេឡារុសដើម្បី ដាក់អន្ទាក់ទាហាន Wagner ដោយវិមានក្រឹមឡាំងអាចនឹងចាត់ទុកអ្នកដែលជ្រើសរើសដើរតាមលោក Prigozhin ទៅបេឡារុសថាជា «ជនក្បត់» ទោះបីជាចាត់ ឬមិនចាត់វិធានការភ្លាមៗ ប្រឆាំងនឹងពួកគេក៏ដោយ។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ពូទីន បានបញ្ជាក់ថាទាហាន Wagner ត្រូវបានអនុញ្ញាតឱ្យទៅរស់នៅក្នុង ប្រទេសបេឡារុស តែលោកមិនបានផ្ដល់ការសន្យា ឬធានាជាក់លាក់ណាមួយចំពោះអ្នកដែលសម្រេចចិត្តធ្វើដូច្នេះនោះទេ។ មិនមាននរណាម្នាក់អាចធានាបានថា «ពាក្យសន្យា» មានសុពលភាពបានយូរប៉ុណ្ណានោះដែរ។ ម្យ៉ាងវិញទៀត ចូរកុំភ្លេចដែរថាលោក លូកាសិនកូ ក៏ធ្លាប់បានចាប់បញ្ជូនទាហាន Wagner ៣៣នាក់ ត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញផងដែរកាលពីឆ្នាំ២០២០ ហើយដូចនេះគេក៏មិនអាចធានាបាននោះដែរថាតើលោក លូកាសិនកូ អាចនឹងធ្វើរឿងនេះជាថ្មីដែរ ឬក៏អត់?

«ចុះបើដូច្នេះតើអនាគតរបស់ទាហានស៊ីឈ្នួល Wagner នឹងទៅជាយ៉ាងណា?» អនាគតរបស់ Wagner គឺមិនមានភាពច្បាស់លាស់ទេ ប៉ុន្តែវាមើលទៅអនាគតរបស់ ក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ នឹងមិនមានរាប់បញ្ចូលលោក Yevgeny Prigozhin នោះទេ ហើយក៏ប្រហែលជាមិនអាចបន្តនៅតែជាក្រុមហ៊ុនទាហានឯកជន ឬជា អង្គភាពដាច់ដោយឡែកដូចពីមុនទៀតឡើយ។ ការផ្ដល់ជម្រើសរបស់លោក ពូទីន សម្រាប់ក្រុមមេបញ្ជាការ និងទាហាន Wagner បានបង្ហាញថាវិមានក្រឹមឡាំងមាន បំណងបញ្ចុះបញ្ចូលឱ្យកងកម្លាំង Wagner ទាំងអស់ចូលរួមជាមួយក្រសួងការពារជាតិរុស្ស៉ី។ តែ វានៅតែមិនទាន់ច្បាស់ដដែលថាតើវិមានក្រឹមឡាំងនឹងធ្វើ សមាហរណកម្មទាហាន Wagner ទៅក្នុងរចនាសម្ព័ន្ធយោធារុស្ស៉ី ដោយរបៀបណា?

ត្រង់ចំណុចនេះ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាមបានសន្និដ្ឋានថាវិមានក្រឹមឡាំងប្រហែលជាអាចនឹងបំបែកទាហានស៊ីឈ្នួលដែលធ្វើប្រតិបត្តិការនៅអ៊ុយក្រែន ដើម្បីបញ្ចូលជាមួយអង្គភាពយោធារុស្ស៉ីដែលមានស្រាប់ ឬក៏អាចអនុញ្ញាតឱ្យកងកម្លាំង Wagner ចុះកិច្ចសន្យាចូលរួមជាក្រុមហ៊ុនទាហានស៊ីឈ្នួលមួយដែលជាបុត្រ សម្ព័ន្ធរបស់ក្រសួងការពារជាតិរុស្ស៉ី។ តែក្នុងពេលជាមួយគ្នា ក្រឹមឡាំងប្រហែលជាអាចរក្សាទុកអង្គភាពទាហាន Wagner មួយទាំងមូល ដើម្បីបន្តទ្រទ្រង់ប្រតិបត្តិការ ក្នុងតំបន់អាហ្វិ្រក និងមជ្ឈិមបូព៌ា ខណៈបំបែកកងកម្លាំង Wagner នៅក្នុងប្រទេសអ៊ុយក្រែន។ សេណារីយ៉ូបែបនេះអាចនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ស្មារតី និងប្រសិទ្ធភាពប្រយុទ្ធរបស់ទាហាន Wagner ហើយក៏អាចនឹងបង្កឱ្យភាពតានតឹងផ្ទុះឡើងជាថ្មីគ្រប់ពេលផងដែរ។

គួរបញ្ជាក់ថា សុន្ទរកថារបស់លោក ពូទីន កាលពីថ្ងៃទី២៦​ ខែមិថុនា បានបង្ហាញសញ្ញាពីការចែកផ្លូវរវាងលោក ពូទីន និងលោក Prigozhin ហើយមើលទៅក៏ទំនងដែរ ថាវិមានក្រឹមឡាំងអាចនឹងព្យាយាមរកអ្នកដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner មកជំនួសលោក Prigozhin ក្នុងករណីដែលវិមានក្រឹមឡាំងសម្រេចចិត្តរក្សាទុក Wagner ជាក្រុមហ៊ុនឯកជនដាច់ដោយឡែកពីក្រសួងការពារជាតិរុស្ស៉ី។ វិមានក្រឹមឡាំងមិនទាន់បានប្រកាសពីការសម្រេចចិត្តណាមួយឡើយទេពាក់ព័ន្ធនឹង ជោគវាសនារបស់ Wagner ហើយគេក៏មិនទាន់ដឹងឱ្យប្រាកដថាតើលោក Prigozhin កំពុងស្ថិតនៅទីណានោះដែរ ស្របពេលមានសេចក្ដីរាយការណ៍ខ្លះថា លោកកំពុងស្នាក់នៅក្នុងសណ្ឋាគារ Green City Hotel នៃទីក្រុងមីនស្កិ៍ ប្រទេសបេឡារុស៕

អត្ថបទទាក់ទង