តំបន់សេដ្ឋកិច្ចពិសេសខ្នាតធំនិងលេចចេញជារូបរាងថ្មីឆាប់ៗនេះ នៅខេត្តកំពង់ស្ពឺ
យោងតាមការផ្សាយនៅលើបណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. នឹងបោះទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ក្នុងពេលឆាប់ៗ។
យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ការស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” លើកទី១ នៅក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
គូរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ មានចំនួន ៥៧ តំបន់សេដ្ឋកិច្ចពិសេស និងកំពុងដំណើរការមានចំនួន ៣២ តំបន់ ក្នុងនោះ ២៧តំបន់ បានបង្កើតជារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងត្រូវការជាចាំបាច់នូវមន្រ្តីរាជការដើម្បីបម្រើការងារបន្ថែមទៀត។ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ឆ្នាំ២០២៤ កន្លងទៅ៕






