Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ្វីទៅបង្កឱ្យមានគ្រោះទឹកជំនន់ដ៏មហន្តរាយនៅអាស៊ី?

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 15:06 pm ទស្សនៈ-Opinion 1027
វិភាគអន្តរជាតិ៖ តើអ្វីទៅបង្កឱ្យមានគ្រោះទឹកជំនន់ដ៏មហន្តរាយនៅអាស៊ី? វិភាគអន្តរជាតិ៖ តើអ្វីទៅបង្កឱ្យមានគ្រោះទឹកជំនន់ដ៏មហន្តរាយនៅអាស៊ី?

(ដូហា)៖ ព្យុះត្រូពិក និងភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដីដ៏មហន្តរាយនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កាលពីប៉ុន្មានថ្ងៃថ្មីៗនេះដែលក្រុមមន្ត្រីបាននិយាយថាមនុស្សយ៉ាងហោច ១៣៥០នាក់បានស្លាប់នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា និងថៃ ហើយជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន។ ព្យុះស៊ីក្លូន២ និងព្យុះទីហ្វុង១ ដែលសុទ្ធសឹងជាប្រភេទព្យុះផ្សេងៗគ្នាបានចូលរួមចំណែកបង្កជា គ្រោះមហន្តរាយដែលបានបន្សល់ទុកទីក្រុង និងភូមិជាច្រើនត្រូវបានជន់លិច និងគ្របដណ្ដប់ដោយល្បាប់ភក់នៅទូទាំងស្រីលង្កា ថៃ និងកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី រីឯប្រតិបត្តិការបោសសម្អាត និងស្ដារការខូចខាតឡើងវិញនឹងត្រូវចំណាយពេលច្រើនសប្ដាហ៍។ ដូច្នេះតើមកពីហេតុអ្វីបានជាធ្វើឱ្យគ្រោះទឹកជំនន់ និងបំណាក់ដីកើនឡើង និងសាហាវៗខ្លាំងម្ល៉េះ?

សហគមន៍ជាច្រើននៅទូទាំងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ តួយ៉ាងនៅក្នុងប្រទេសដូចជាឥណ្ឌូណេស៊ី ស្រីលង្កា ថៃ វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីនត្រូវបានជន់លិចដោយទឹកជំនន់កាលពីពេលថ្មីៗនេះបន្ទាប់ពី ជួបប្រទះនឹងភ្លៀងធ្លាក់យ៉ាងគំហុកអស់ជាច្រើនសប្ដាហ៍ និងព្យុះត្រូពិកដ៏កំណាចៗនៅទូទាំងតំបន់។ គ្រោះទឹកជំនន់ថ្មីៗនេះមានសភាពធ្ងន់ធ្ងរនៅតាមបណ្ដាប្រទេសមួយចំនួនដែលបង្កឡើងដោយព្យុះត្រូពិកក្នុងនោះរួមមាន ព្យុះទីហ្វុង Koto បានបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់ និងបំណាក់ដីនៅហ្វីលីពីន ព្យុះស៊ីក្លូន Senyar ដែលបានវាយប្រហារលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី និងព្យុះស៊ីក្លូន Ditwah បង្កមហន្តរាយនៅស្រីលង្កា។ លោក Steve Turton ជាសាស្ត្រាចារ្យម្នាក់ផ្នែកភូមិសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យ Central Queensland University ក្នុងប្រទេសអូស្ត្រាលី បាននិយាយថាសហគមន៍ជាច្រើននៅទូទាំងតំបន់កំពុងខ្នះខ្នែង ដាក់ចេញវិធានការឆ្លើយតបទៅនឹងបរិមាណយ៉ាងគំហុកនៃទឹកភ្លៀងដែលបានបង្កជាផលវិបាកបន្ទាប់បន្សំក្នុងនោះរួមមានបំណាក់ដី។ តាមលោក Turton «នៅជុំវិញពិភពលោកនៅក្រោមប្រព័ន្ធត្រូពិក មិនថាគេហៅ ព្យុះមួយជាព្យុះទីហ្វុង ឬ hurricanes ឬស៊ីក្លូននោះទេ តែអ្វីដែលសំខាន់គឺព្យុះទាំងនោះបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងកំហុគ ហើយនេះគឺដោយសារតែការប្រែប្រួលអាកាសធាតុ»។

លោកបន្ថែមថាខណៈព្យុះស៊ីក្លូន Senyar Ditwah និងព្យុះទីហ្វុង Koto មិនត្រូវបានចាត់ថ្នាក់ជាព្យុះកំណាចតាមរយៈល្បឿនខ្យល់បក់ក៏ពិតមែន ក៏ព្យុះទាំងនេះបានបង្កឱ្យមានភ្លៀងក្នុងបរិមាណដ៏ច្រើនលើសលុប ក៏ព្រោះតែការកើនឡើងកម្ដៅបរិយាកាសផែនដី និងការកើនឡើងកម្ដៅមហាសមុទ្រដែលជួយជំរុញឱ្យមានព្យុះភ្លៀង។ អ្នកជំនាញម្នាក់ទៀត គឺលោក Roxy Matthew Koll ជាអ្នកវិទ្យាសាស្ត្រខាងអាកាសធាតុមកពី វិទ្យាស្ថាន Indian Institute of Tropical Meteorology បានពន្យល់ថា «ការកើនឡើងកម្ដៅមហាសមុទ្របានជួយជំរុញឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅពេលមានព្យុះ ហើយការកើនឡើងកម្ដៅបរិយាកាសបានបង្កើតជា សំណើមយ៉ាងសន្ធាប់បង្កទៅជាភ្លៀងធ្លាក់ក្នុងបរិមាណទឹកភ្លៀងដ៏ច្រើន»។ នេះជាបាតុភូតគេដាក់ឈ្មោះឱ្យថា La Niña ដែលមហាសមុទ្រប៉ាស៊ីហ្វិកប្រែទៅជាត្រជាក់ខុសពីធម្មតាននៅភាគខាងកើត និងឡើងកម្ដៅ នៅភាគខាងលិចដោយបង្កឱ្យមានខ្យល់បក់ខ្លាំងបក់ទឹកដែលឡើងកម្ដៅ និងសំណើមឆ្ពោះទៅកាន់តំបន់អាស៊ី។

បាតុភូតបែបនេះឯងធ្វើឱ្យមានសំណើមយ៉ាងខ្លាំងក្នុងបរិយាកាសនៃតំបន់អាស៊ីដែលតែងតែនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង និងមានហានិភ័យទឹកជំនន់ខ្ពស់។ នេះជាកត់សម្គាល់របស់លោក Matthew Koll។ ការសិក្សាស្រាវជ្រាវមួយរបស់វិទ្យាស្ថាន Grantham សម្រាប់ការសិក្សាពីការប្រែប្រួលអាកាសធាតុ និងបរិស្ថានបានរកឃើញថាការប្រែប្រួលអាកាសធាតុបានបង្កើនបរិមាណទឹកភ្លៀងបង្កឡើងដោយព្យុះទីហ្វុង Fung-wong ដែលបានវាយប្រហារលើហ្វីលីពីនកាលពីខែវិច្ឆិកា ក្នុងកម្រិត ១០.៥ភាគរយ។ បរិមាណទឹកភ្លៀងដ៏ច្រើនសន្ធាប់បែបនេះគឺជាផ្នែកមួយនៃការបង្កមហន្តរាយរបស់ព្យុះ។

លោក Febi Dwirahmadi ជាអ្នកសម្របសម្រួលកម្មវិធីឥណ្ឌូណេស៊ីនៃមជ្ឈមណ្ឌលសម្រាប់បរិស្ថាន និងសុខមាលភាពប្រជាជននៃសាកលវិទ្យាល័យ Griffith University ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានបង្កើនដោយលក្ខខណ្ឌក្នុងតំបន់នៅលើកោះស៊ូម៉ាត្រាផងដែរ។ លោក Dwirahmadi បានពន្យល់ថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់ជាមួយបរិមាណទឹកភ្លៀងកាន់តែច្រើន ប៉ុន្តែកត្តា ក្នុងតំបន់ដូចជាការកាប់បំផ្លាញព្រៃឈើ និងការកែច្នៃដីសម្រាប់ការប្រើប្រាស់ក៏បានចូលរួមចំណែកធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរដែរ។ «ក្នុងករណីឥណ្ឌូណេស៊ី ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងដីបាត់បង់សមត្ថភាព ស្រូបយកទឹក បានធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងប្រែទៅជាទឹកហូរដ៏មានគ្រោះថ្នាក់»។ នេះជាការគូសបញ្ជាក់របស់លោក Dwirahmadi ដោយបន្ថែមថានៅកម្រិតតំបន់ វាពិតជាមានសារៈសំខាន់ក្នុងការការពារព្រៃឈើតាមរយៈ ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ហើយសហគមន៍នានាត្រូវការប្រព័ន្ធឱ្យសញ្ញាអាសន្ន និងកម្មវិធីពង្រឹងការត្រៀមលក្ខណៈទប់ទល់និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ៕

-Fresh News-

អត្ថបទទាក់ទង