អ្នកជំនាញអារ្យធម៌ខ្មែរ៖ កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃទីក្រុងគូទ្បាទ្បាំពួរក្លាយជាកាតព្វកិច្ចភាគីថៃត្រូវតែអនុវត្ដ
អ្នកជំនាញអារ្យធម៌ខ្មែរ៖ កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃទីក្រុងគូទ្បាទ្បាំពួរក្លាយជាកាតព្វកិច្ចភាគីថៃត្រូវតែអនុវត្ដ
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ពេលនេះបើនិយាយអំពីទង្វើរបស់ប្រទេសថៃ ដែលបានប្រកាសផ្អាកមិនអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃទីក្រុងគូទ្បា ទ្បាំពួរជាឯកតោភាគីទាំងកម្រោលថ្មីៗនេះ ក្នុងចេតនាបង្កសង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជាជាលើកទី២ ហើយភ្លាមៗនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានមហាអំណាចទី១លើពិភពលោក ក្រោមរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ- Donald Trump បានចាត់វិធានការយ៉ាងក្ដៅគគុកតាមលិខិតផ្លូវការប្រាប់ដល់ភាគីថៃ ស្ដីពីការផ្អាកកិច្ចចរចាពន្ធគយទាំងស្រុង រហូតទាល់តែថៃអនុវត្តឲ្យបានពេញលេញតាមស្មារតីកិច្ចព្រមព្រៀងសន្ដិភាពនេះ ធ្វើឲ្យសាធារណៈមតិជាតិនិងអន្ដរជាតិជុំវិញពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះគឺពិតជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងគូទ្បាទ្បាំពួរ ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ -Donald Trump ធ្វើជាសាក្សី បានក្លាយជាភាសាការទូតនិងជាកាតព្វកិច្ចភាគីថៃ ត្រូវតែអនុវត្តឲ្យបានពេញលេញនិងច្បាស់លាស់ជាទីបំផុត។ ព្រោះបើភាគីថៃ មិនបានអនុវត្ដឲ្យបានពេញលេញនិងច្បាស់លាស់ទេ គឺច្បាស់ណាស់! ថៃគឺជារដ្ឋបង្កសង្រ្គាម និងឈ្លានពានមកលើកម្ពុជាយ៉ាងច្បាស់ក្រទ្បែត និងត្រូវបានពិភពលោកគេស្អប់ខ្ពើម ថ្កោលទោស និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
ទន្ទឹមនឹងនេះនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល-Anutin Charnvirakul ដែលបានអះអាងពីការសម្រួលរបស់រដ្ឋបាលលោក Trump មកវិញថា លោក Trump បានផ្ញើសារតាមរយៈលោក Anwar, សហរដ្ឋអាមេរិកនឹងមិនភ្ជាប់ការផ្អាកការអនុវត្តសេចក្តីប្រកាសរួមរបស់ប្រទេសថៃទៅនឹងការចរចាពន្ធគយទេឬយ៉ាងណាយ៉ាងណីនោះ គឺគ្រាន់តែជាភាសាការទូតដើម្បីឲ្យថៃងាកមកអនុវត្ដនូវកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ។
លោក រ័ត្ន សណ្ដាប់ បន្ដថាទន្ទឹមនឹងនេះ ព្រមព្រៀងសន្ដិភាពក៏បានបង្ហាញឲ្យឃើញថែមទៀតថា ពុំមែនជាកិច្ចព្រមព្រៀងលេងសើច ឬក្រោមរូបភាពបេះដូងក្លែងក្លាយដែលអាចឲ្យភាគីថៃធ្វើអ្វីតាមទំនើងចិត្ដទ្បើយ។ តែជាកិច្ចព្រមព្រៀងមានលក្ខណៈអន្ដរជាតិ ចេញពីការតស៊ូលើសមរភូមិសង្រ្គាម ដើម្បីទប់ស្កាក់នូវការបង្ហូរឈាម ដោយភាពក្លាហានយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ- Donald Trump ពិតប្រាកដនិងមិនរង្គោះរង្គើជារៀងរហូត។
ហេតុនេះចំពោះភាពអត់ធ្មត់ស្ងៀមតែមិនស្ងាត់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលអត់ធ្មត់ក្នុងស្មារតីគោរពតាមកិច្ចព្រមព្រៀងនេះយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ មិនប្រើអាវុធតបតដែលបង្កទ្បើងពីភាគីថៃម្ដងហើយម្ដងទៀត គឺភាពអត់ធ្មត់ស្ងៀមស្ងាត់នេះ មិនមែនជាការបែកបាក់ជាតិ ឬគ្រោះថ្នាក់ជាតិទេ តែជាភាពអត់ធ្មត់ស្ងៀមស្ងាត់ដើម្បីព្យាបាលសន្ដិភាព មានជំហររឹងមាំដូចថ្ម ពុំអាចបង្វែរទិសបានទ្បើយ។ ភាពអត់ធ្មត់ស្ងៀមស្ងាត់មិនមែនបម្រើបុគ្គល, បក្ខពួក ឬក្រុមណាមួយទេ ប៉ុន្ដែជាការបម្រើប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស និងភាពថ្លៃថ្នូររបស់ជាតិរហូតអស់កល្ប ដូចដែលបង្ហាញឲ្យឃើញអ្វីៗគ្រប់យ៉ាងបានផ្ដល់ដល់គុណតម្លៃជាតិនាពេលនេះ។
ដូច្នេះសន្ដិភាព កើតចេញពីភាពអត់ធ្មត់ស្ងៀមស្ងាត់ អត់អោន ដែលអនុញាតិឲ្យយើងស្វែងយល់ពីវប្បធម៌សន្ដិភាព អាចរួមរស់ជាមួយគ្នានិងមិនបំផ្លាញគ្នាទៀត។ នេះជាបញ្ហាពិតព្រោះសង្រ្គាមនឹងមិនអាចដោះស្រាយអ្វីបានទ្បើយ៕
-Fresh News-





