Grand News Asia Close

 វិភាគអន្តរជាតិ៖ តើ Wagner អាចនឹងរលាយបាត់ ទៅតាមលោក ព្រីហ្គោហ្ស៉ីន ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 190
 វិភាគអន្តរជាតិ៖ តើ Wagner អាចនឹងរលាយបាត់ ទៅតាមលោក ព្រីហ្គោហ្ស៉ីន ឬ?  វិភាគអន្តរជាតិ៖ តើ Wagner អាចនឹងរលាយបាត់ ទៅតាមលោក ព្រីហ្គោហ្ស៉ីន ឬ?

FN- (វ៉ាស៊ីនតោន)៖ អាជ្ញាធររុស្ស៉ី កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ ប្រកាសទទួលស្គាល់ជាផ្លូវការថាថៅកែទាហានស៊ីឈ្នួលរុស្ស៉ី លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន ពិតជាបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្ដហោះឯកជនមួយដែលបានសម្លាប់មនុស្សទាំងអស់ដែលជិះនៅលើនោះ។ ការអះអាងបែបនេះធ្វើឡើង ដោយផ្អែកលើ ការធ្វើតេស្ដ DNA នៃសាកសពមនុស្សទាំង១០នាក់ដែលត្រូវបានរកឃើញនៅឯកន្លែងយន្ដហោះធ្លាក់។

លោក ព្រីហ្គោហ្ស៉ីន មានអាយុ ៦២ឆ្នាំ រួមជាមួយមេបញ្ជាការក្រុមទាហាន​ Wagner ២ រូប និងអង្គរក្ស៤នាក់ បានស្ថិតនៅក្នុងចំណោមមនុស្ស ១០នាក់ ដែលបាន ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ Embraer Legacy 600 នៅភាគខាងជើងទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែសីហា។ លោក ព្រីហ្គោហ្ស៉ីន បានស្លាប់តែជាង ២ខែ ប៉ុណ្ណោះ ក្រោយលោកដឹកនាំការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៉ី ហើយដែលការបះបោរមិនបានសម្រេចនេះត្រូវបានគេចាត់ទុកថា ជាបញ្ហាប្រឈមដ៏ធំបំផុតដល់អំណាចរបស់លោក ពូទីន ចាប់តាំងពីលោកឡើងកាន់អំណាច ក្នុងឆ្នាំ១៩៩៩មក។

ក្រុមប្រទេសលោកខាងលិចសុទ្ធតែដាក់ការសង្ស័យលើវិមានក្រឹមឡាំង ជាពិសេសគឺលោក ពូទីន ថាជាអ្នកនៅពីក្រោយការស្លាប់របស់លោក ព្រីហ្គោហ្ស៉ីន ប៉ុន្តែខាង វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់បែបនេះ។ ដោយសារតែសំណុំរឿងលោក ព្រីហ្គោហ្ស៉ីន ស្ថិតនៅក្នុងដៃរុស្ស៉ី គេប្រហែលជានឹងមិនអាចដឹងថាតើ មានរឿងអ្វីបានកើតឡើងឱ្យប្រាកដនោះទេ។ ប៉ុន្តែក្រោយការស្លាប់របស់លោក ព្រីហ្គោហ្ស៉ីន ចុះក្រុមហ៊ុនទាហានស៊ីឈ្នួល Wegner នឹងទៅជាយ៉ាងណា?

មរណភាពរបស់លោក Prigozhin អាចនឹងក្លាយជាការបោះជំហានយ៉ាងធំជាលើកដំបូង ឆ្ពោះទៅរកការគិតពិចារណាឡើងវិញពីប្រតិបត្តិការរបស់ Wagner ចាប់តាំងពីការបះបោរមិនបានសម្រេចកាលពីខែមិថុនាមក។ ពេលវេលានៃការធ្លាក់យន្ដហោះកើតឡើងគាប់ជួន លោក Sergei Surovikin ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយ Wagner ត្រូវបានដកតំណែងជាផ្លូវការ ក្នុងនាមជាមេបញ្ជាការកងទ័ពអាកាសរុស្ស៉ី។ កងកម្លាំងសន្តិសុខរុស្ស៉ីបានឃុំខ្លួនលោក Surovikin ដែលត្រូវបានចោទប្រកាន់ថាបានដឹងពីផែនការបះបោររបស់ទាហាន Wagner។

ទោះបីជាអនាគតរបស់ Wagner ស្ថិតក្នុងភាពស្រពិចស្រពិលក៏ពិតមែន ប៉ុន្តែវាដូចជាមិនទំនងឡើយដែលថារុស្ស៉ីអាចនឹងបោះបង់ចោលក្រុមហ៊ុនយោធាឯកជន ទាំងស្រុង ដោយសារតែគំរូក្រុមហ៊ុនយោធាឯកជនដូចជា Wagner នេះ ផ្ដល់ផលចំណេញយ៉ាងសំខាន់ដល់រុស្ស៉ីទាំងហិរញ្ញវត្ថុ និងនយោបាយ។ ម្យ៉ាងវិញទៀត ទោះមិនទាន់មានអ្នកបន្តវេនច្បាស់លាស់ ក៏ទីក្រុងមូស្គូមិនទំនងជានឹងបិទបញ្ចប់ ឬបំផ្លាញប្រតិបត្តិការរបស់ Wagner នៅតាមបណ្ដាប្រទេសដែលទទួលឱ្យ ទាហានស៊ីឈ្នួលនេះឈរជើងនោះដែរ ដ្បិតវាជារឿងមួយដ៏ពិបាកក្នុងការកសាងឡើងវិញឱ្យដូចគ្នាទៅនឹងទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធដែលបុគ្គលិក Wagner បានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ មានភស្តុតាងជាច្រើនបានបង្ហាញថា Wagner នៅតែបន្តពង្រីកសកម្មភាពនៅតាមបណ្ដាប្រទេសក្នុងតំបន់ អាហ្វ្រិកដូចជានៅម៉ាលី ចាប់តាំងពីការបះបោរមិនបានសម្រេចនៅរុស្ស៉ី ហើយទីក្រុងមូស្គូក៏នៅតែបន្តធ្វើការធានាចំពោះដៃគូក្នុងតំបន់ខ្លួន តាមរយៈកិច្ចប្រជុំកំពូល រុស្ស៉ី-អាហ្វ្រិកថា ការផ្ដល់ជំនួយនៅតែបន្តដោយមិនមានការអាក់ខានឡើយ។

ជំនួសឱ្យការរំលាយចោល ឬបង្កើតអង្គការណាមួយដើម្បីជំនួស Wagner រុស្ស៉ីទំនងជានឹងតែងតាំងមេដឹកនាំថ្មីម្នាក់របស់ក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ និងជា មនុស្សដែលមានភក្ដីភាពជាមួយវិមានក្រឹមឡាំង ហើយនឹងធ្វើការតាមដានយ៉ាងហ្មត់ចត់ជាងលោក Prigozhin។ ក្នុងដំណើរការនេះ វាប្រហែលជាអាចនឹងមាន ការប្ដូរឈ្មោះ និមិត្តសញ្ញា ឬស្លាកយីហោ រីឯក្រុមហ៊ុនជាសាខារបស់ Wagner អាចនឹងត្រូវបំបែកជាអង្គភាពដាច់ដោយឡែកពីគ្នាដោយផ្អែកទៅលើតំបន់ដែលខ្លួន កំពុងធ្វើប្រតិបត្តិការដែលអាចនឹងត្រូវឆ្លងកាត់ការធ្វើជាតិតូបនីយកម្ម ឬរក្សាឱ្យនៅជាអង្គភាពពាក់កណ្ដាលស្វ័យភាព។ យ៉ាងណាក៏ដោយ ប្រសិនបើលោក ពូទីន មានបំណងរក្សាប្រតិបត្តិការរបស់ Wagner នៅក្រោមមេដឹកនាំថ្មី នោះភាពស្មោះត្រង់នៅក្នុងចំណោមបុគ្គលិក Wagner ថ្នាក់ខ្ពស់ និងកម្រិតមធ្យម អាចនឹងក្លាយ ជាកត្តាមួយដ៏សំខាន់នៅក្នុងការកំណត់និរន្តរភាពរបស់ក្រុមហ៊ុន Wagner ដោយមិនមានលោក Prigozhin។

មេរៀនមួយដែលលោក ពូទីន ប្រហែលជាបានរៀនពីការបះបោរមិនបានសម្រេចកាលពីខែមិថុនា នោះគឺការអនុញ្ញាត ឬការប្រគល់អំណាច និងការទទួលខុសត្រូវ ដ៏ច្រើនលើសលប់ ក៏ដូចជាការប្រគល់បណ្ដាញទាំងមូលរបស់ Wagner និងប្រយោជន៍ភូមិសាស្ត្រនយោបាយទៅក្រោមការគ្រប់គ្រងរបស់មនុស្សតែម្នាក់ គឺជារឿង គ្រោះថ្នាក់បំផុត។ ដូច្នេះ បើទោះជារុស្ស៉ីទំនងជានឹងបន្តរក្សាទុកនូវគំរូក្រុមហ៊ុនយោធាឯកជនរបស់ខ្លួន ដើម្បីគោលនយោបាយការបរទេស និងជំនួយសន្តិសុខ ក៏ដោយ ក៏ទីផ្សាររបស់ក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៉ី នឹងត្រូវធ្វើពិពិធកម្មចេញឱ្យឆ្ងាយពីលំនាំសិទ្ធិផ្ដាច់មុខរបស់ទាហានស៊ីឈ្នួល Wagner ដើម្បីបង្ការកុំឱ្យមាន ការបះបោរណាមួយប្រឆាំងនឹងរដ្ឋអំណាចរុស្ស៉ីដូចជាលោក Prigozhin បានធ្វើកន្លងមក៕

អត្ថបទទាក់ទង