Grand News Asia Close

ភ្នំភ្លើង Anak Krakatau នៅឥណ្ឌូណេស៉ី ផ្ទុះពីរលើកក្នុងថ្ងៃសុក្រនេះ ជះកម្ទេចផេះនិងផ្សែងឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 274
ភ្នំភ្លើង Anak Krakatau នៅឥណ្ឌូណេស៉ី ផ្ទុះពីរលើកក្នុងថ្ងៃសុក្រនេះ ជះកម្ទេចផេះនិងផ្សែងឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ ភ្នំភ្លើង Anak Krakatau នៅឥណ្ឌូណេស៉ី ផ្ទុះពីរលើកក្នុងថ្ងៃសុក្រនេះ ជះកម្ទេចផេះនិងផ្សែងឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ

(ហ្សាការតា)៖ ភ្នំភ្លើង អាណាក ក្រាកាទូ (Anak Krakatau) នៃប្រទេសឥណ្ឌូណេស៉ី បានផ្ទុះចំនួន២លើកក្នុងចន្លោះពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ នាថ្ងៃសុក្រនេះ ដោយវាបានបញ្ចេញផេះផង់និងផ្សែងឡើងទៅដល់កម្ពស់​៣,០០០​ម៉ែត្រលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងថ្ងៃសុក្រនេះ ភ្នំភ្លើងខាងលើបានផ្ទុះមួយលើកដំបូង កាលពីវេលាម៉ោង៧៖៤៦នាទីព្រឹក និងមួយលើកទៀតនៅរយៈពេល៦២នាទីក្រោយមក។ ដោយមានកម្ពស់ត្រឹម១៥៧ម៉ែត្រ ភ្នំភ្លើង Anak Krakatau ស្ថិតនៅច្រកសមុទ្រស៊ុនដា (Sunda Strait) រវាងកោះជ្វានិងកោះស៊ូម៉ាត្រានៃ​ប្រទេសឥណ្ឌូណេស៉ី។ ក្នុងឆ្នាំ២០២៣នេះ វាបានផ្ទុះឡើងសរុបជាង១០លើកហើយ គិតចាប់តាំងពីខែមីនាមក ខណៈកន្លែងដែលមានមនុស្សរស់នៅកៀក​នឹងភ្នំភ្លើងនេះបំផុត គឺចម្ងាយ១៦.៥គីឡូម៉ែត្រ។

អាជ្ញាធរបានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី២ សម្រាប់ភ្នំភ្លើង Anak Krakatau។ ស្របពេលមិនមានការតម្រូវឱ្យជម្លៀសមនុស្សក៏ដោយក្តី ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរ ត្រូវបានណែនាំកុំឱ្យធ្វើដំណើរទៅក្បែរភ្នំភ្លើងឱ្យសោះ។ គិតត្រឹមថ្ងៃសុក្រនេះ ភ្នំភ្លើងសរុបចំនួន៤ របស់ឥណ្ឌូណេស៉ី ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី២ រួមមាន Anak Krakatau ផ្ទាល់ ហើយនិងភ្នំភ្លើង មេរ៉ាពី (Merapi) នៅ​ខេត្តជ្វាកណ្តាល, សេមេរូ (Semeru) នៅខេត្តជ្វាខាងកើត និង ការ៉ានហ្គេតាង (Karangetang) នៅខេត្តស៊ូឡាវេស៉ីខាងជើង។

គួរបញ្ជាក់ថា បន្ទុះមួយកាលពីខែធ្នូ ឆ្នាំ២០១៨ របស់ភ្នំភ្លើង Anak Krakatau បានបង្កឱ្យជារលកស៊ូណាមិ វាយប្រហារលើខេត្តជ្វាខាងលិច និងខេត្តឡាពូងរបស់ប្រទេសឥណ្ឌូណេស៉ី ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤៣០នាក់៕

អត្ថបទទាក់ទង