Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៩ « ការទាក់ទងជាមួយនឹងបរទេស »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 77
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៩ « ការទាក់ទងជាមួយនឹងបរទេស » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៩ « ការទាក់ទងជាមួយនឹងបរទេស »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ១៩ « ការទាក់ទងជាមួយនឹងបរទេស »

ដោយសារមានបទពិសោធរបស់មេដឹកនាំមុនៗ ដែលកាត់ផ្តាច់ពីការទាក់ទងបរទេស ធ្វើឱ្យប្រទេសស្ថិតនៅក្នុងភាពឯកោ សម្តេច ហ៊ុន សែន មិនបានបណ្តោយឱ្យប្រទេសរបស់សម្តេចធ្លាក់ដុនដាបដល់ថ្នាក់នោះទៀតទេ។ សម័យព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទោះបីមានទាក់ទងការទូតជាមួយបណ្តាប្រទេសជាច្រើន តែមានការថ្នាំងថ្នាក់ជាមួយអាម៉េរិក។ ក្រោយមកលោក លន់ នល់ បន្ទាប់ពីទម្លាក់សម្ដេច សីហនុ ពីតំណែង លោកចាប់ផ្តើមតភ្ជាប់ទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកឡើងវិញ។ ប៉ុន្តែទាក់ទងការទូតកម្ពុជា-សហរដ្ឋអាម៉េរិក កាត់ផ្តាច់ទាំងស្រុងម្តងទៀត ក្រោយពេលកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត បង្កើតឡើង។

កាលសម័យ ប៉ុល ពត កម្ពុជាមានទាក់ទងជាមួយបរទេសតែប៉ុន្មានប្រទេសប៉ុណ្ណោះ។ កម្ពុជាប្រជាធិបតេយ្យ បានទាក់ទងការទូតជាមួយប្រទេសចិន កូរ៉េខាងជើង វៀតណាម លាវ គុយបា រូម៉ានី យូហ្គោស្លាវី អាល់បានី និងអេហ្ស៊ីប។ ប្រទេសទាំងនេះ បានមកដាក់ទូតនៅកម្ពុជា ប៉ុន្តែមន្រ្តីទូត និងអគ្គរដ្ឋទូត ដាក់ឱ្យនៅតែក្នុងនិវេសដ្ឋាន មិនឱ្យចេញក្រៅឡើយ ។ ប៉ុន្តែសម័យបច្ចុប្បន្ន ព្រះរាជាណាចក្រទី២ បានបើកជើងមេឃទូលាយ ទទួលរាប់អានមិត្តបរទេសប្រមាណជាង១០០ប្រទេស ដោយមិនចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ ដោយគ្រាន់តែងាកទៅចងសម្ពន្ធភាពជាមួយប្រទេសចិន តាមគន្លងអតីតព្រះមហាវីរក្សត្រនរោត្តម សីហនុ ប៉ុណ្ណោះ។ ការងាកទៅរកប្រទេសចិន ធ្វើឱ្យបណ្តាអ្នកនយោបាយប្រឆាំង ឬមាននិន្នការលោកខាងលិចមួយចំនួន ពិសេសលោក សម រង្ស៊ី រិះគន់ថាប្រមុខរាជរដ្ឋាភិបាល និងជាបិតាសន្តិភាពរូបនេះ ងាកទៅរកប្រទេសសង្គមនិយម។ ការរិះគន់របស់លោក សម រង្ស៊ី ហាក់ភ្លេចខ្លួនថា កាលពីឆ្នាំ២០១១ ខណៈនយោបាយកម្ពុជាកំពុងតានតឹង លោកក៏ធ្លាប់សាកល្បងងាកទៅរកចិន ដើម្បីឱ្យចិនជួយសម្របសម្រួលដែរ។

ទំនាក់ទំនងកម្ពុជា-អាម៉េរិក ក៏ធ្វើឱ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ និងឥស្សរជនខ្មែរដទៃទៀតអាក់អន់ព្រះទ័យ និងអន់ចិត្តដែរ ដោយសារនៅដំណាក់កាលចុងក្រោយនៃសង្រ្គាម អាម៉េរិកបោះបង់កម្ពុជាចោល។ គេអាចអានព្រះសារលិខិត ដែលព្រះអង្គម្ចាស់សិរិមតៈ បានបន្សល់ទុកផងដែរ។ ខាងក្រោមនេះ ជាព្រះសារលិខិតទាំងស្រុង ដែលប្រែសម្រួលជាខេមរភាសា។

“ជូនចំពោះឯកឧត្ដម និងមិត្ដភក្ដិជាទីស្រឡាញ់ !

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសារលិខិតក្នុងការស្នើអញ្ជើញ និងនាំខ្ញុំទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញទៅដោយសេរីភាព។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែបនេះទេ។ សម្រាប់រូបឯកឧត្ដម និងជាពិសេសប្រទេសមហាអំណាចរបស់ ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែលថាឯកឧត្ដមមានគំនិតបោះបង់ប្រជាជនមួយ ដែលបានជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដមបានបដិសេធមិនផ្ដល់ការគាំពារដល់ពួកគេ ហើយយើងក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និងប្រទេសរបស់ឯកឧត្ដមរស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែឯកឧត្ដមត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅ ទីនេះ នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់។

វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវកើត និងស្លាប់ថ្ងៃណាមួយចៀស មិនរួច។ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដម ដែលជាជនជាតិអាម៉េរិក” ។

ចំពោះសម្តេច ហ៊ុន សែន និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ទោះបីដំណាក់កាល ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ កម្ពុជាស្ថិតក្នុងការហ៊ុមព័ទុ្ធទាំងសេដ្ឋកិច្ច និងនយោបាយ ឬធ្វើឱ្យឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ពីបណ្តាប្រទេសជាមិត្ត ទាំងនៅអាស៊ាន និងប្រទេសផ្សេងទៀតលើសកលលោក ក៏សម្តេចបានភ្ជាប់ និងព្យាយាមភ្ជាប់ការទាក់ទងជាមួយបណ្តាប្រទេសទាំងនេះដែរ ក្នុងនាមសម្តេចជារដ្ឋមន្រ្តីក្រសួងការបរទេស។ សម្តេច ហ៊ុន សែន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតកម្ពុជា អនុញ្ញាតឱ្យអាម៉េរិកចូលមកស្វែងរកអដ្ឋិធាតុទាហានអាម៉េរិក ដែលពលីក្នុងសម័យសង្រ្គាម តាំងពីឆ្នាំ១៩៨៤។ សម្តេចមិនដែលចាត់ទុកសហរដ្ឋអាម៉េរិកជាសត្រូវនោះទេ ហើយថែមទាំងបញ្ជូនកូនប្រុសឱ្យទៅបន្តការសិក្សានៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិកថែមទៀតផង។ សម្តេចឆ្ងល់ខ្លួនឯង និងសួរទៅអ្នកកាសែតថា៖

“តើខ្ញុំខុសអីបានជាគេស្អប់ខ្ញុំ? ពេលខ្ញុំទៅសូវៀត សូវៀតចោទខ្ញុំថា ខ្ញុំជាពួកសេរីនិយម តែពេលខ្ញុំទៅអាម៉េរិក គេចោទខ្ញុំថា ខ្ញុំជាជនកុម្មុយនីស្ត” ។

ការទាក់ទងជាមួយវៀតណាម ទោះបីវៀតណាមដកកងទ័ពទៅវិញជាច្រើនឆ្នាំមកហើយ ក៏ដោយក្តី ក៏គណបក្សប្រឆាំង ឬសកម្មជន ឬសមាជិកបក្សប្រឆាំងនៅតែចោទប្រកាន់ថា សម្តេចជាអាយ៉ងរបស់វៀតណាមដែរ។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១១ សារព័ត៌មាន ឌឺ ឃែមបូឌាដេលី (The Cambodia Daily) បានចេញផ្សាយអត្ថបទសម្ងាត់មួយ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសវៀតណាម និងប្រមុខការទូតអាម៉េរិកប្រចាំក្រុងហាណូយ កាលពីឆ្នាំ២០០៥-២០០៦ ដែលត្រូវទម្លាយដោយគេហទំព័រវីគីលីគឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានបង្ហាញពីការព្រួយបារម្ភចំពោះកម្ពុជា ខណៈកម្ពុជាកំពុងងាកទៅរកប្រទេសចិនប្រជាមានិត។ ប្រភពដដែលលើកឡើងទៀតថា វៀតណាមព្រួយបារម្ភចំពោះប្រទេសកម្ពុជាណាស់ និងសូមឱ្យអាម៉េរិកជួយធ្វើយ៉ាងណាឱ្យកម្ពុជា អភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព និងវិបុលភាព ព្រោះថាសម្តេចហ៊ុន សែន លែងស្តាប់វៀតណាមទៀតហើយ។ កម្ពុជាមិនស្តាប់តាមការប្រឹក្សារបស់វៀតណាមទៀតទេ។

ការលើកឡើង និងត្អូញត្អែររបស់មន្រ្តីជាន់ខ្ពស់វៀតណាម បានធ្វើឱ្យអាម៉េរិកព្រួយបារម្ភដែរ ព្រោះអាម៉េរិកគិតថា បើចិនដណ្តើមកម្ពុជាបានពីវៀតណាម ឬអាម៉េរិក នោះអាម៉េរិកពិបាកនឹងជ្រៀតចូលប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសសេរី។ នៅទីបំផុតអាម៉េរិក និងវៀតណាម ព្រមព្រៀងគ្នាធ្វើយ៉ាងណាឱ្យកម្ពុជាងាកចេញពីចិន។ការព្រួយបារម្ភរបស់វៀតណាម និងអាម៉េរិក គឺគ្រាន់តែខ្លាចបាត់បង់ផលប្រយោជន៍ដែលពួកគេបានជញ្ជក់ និងអង្កៀមយកតែប៉ុណ្ណោះ។ បើកម្ពុជាគ្មានប្រយោជន៍ចំពោះពួកគេទេ ពួកគេនឹងមិនខ្វល់ឡើយ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ គឺរយៈពេល១០ឆ្នាំក្រោយមក មានជនជាតិវៀតណាមម្នាក់បានសរសេររិះគន់សម្តេច ហ៊ុន សែន នៅលើហ្វេសប៊ុករបស់គេថា សម្តេច ហ៊ុន សែន បានបំភ្លេចគុណ ឬក្បត់វៀតណាម ដោយសារតែសម្តេចងាកទៅចិន។ឆ្លើយតបទៅនឹងការលើកឡើងរបស់ជនជាតិវៀតណាមឈ្មោះ Phạm Đức Hiển សម្តេច ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅវិញថា៖

“វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជា ជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់ទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ លោកត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាម សុំស្រឡាញ់មេដឹកនាំវៀតណាមទៅ។ ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យភាព អធិបតេយ្យភាព គឺត្រូវមានការទាក់ទងជាមួយមេដឹកនាំវៀតណាម ដោយស្មើភាព និងស្មើសិទ្ធិ។ សុំលោកបញ្ជូនសារនេះជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិ វៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម តែងតែគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង” ។

នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន ប្រតិកម្មទៅនឹងសារព័ត៌មានជាតិ VNA របស់វៀតណាម ដែលផ្សាយថា វៀតណាមរឹតត្បិតចំពោះពលរដ្ឋខ្មែរដែលឆ្លងចូលវៀតណាម ដើម្បីទប់ស្កាត់កូវីដ-១៩។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការផ្សព្វផ្សាយបែបនេះ អាចធ្វើឱ្យមានការយល់ច្រឡំ ចំពោះកម្ពុជា ហើយអាចនឹងបង្កឱ្យមានការខឹងសម្បា និងតវ៉ាខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែជាការផ្សព្វផ្សាយខុសការពិតមួយ ដែលមិនអាចទទួលយកបានជាដាច់ខាត។សម្តេចលើកឡើងទៀតថា កម្ពុជាចូលក្នុងចំណាត់ថ្នាក់ដែលត្រូវវៀតណាមដាក់ឱ្យនៅជាមនុស្សចម្លែក ដូច្នេះកម្ពុជាមិនព្រមទេ។ សម្ដេចបានប្រាប់ទៅរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ឱ្យទាក់ទងទៅវៀតណាមភ្លាមៗ ហើយប្រសិនបើសារព័ត៌មានមិនទាន់ដកអត្ថបទទេ នឹងមានការតវ៉ាកំណត់ទូតទៅវៀតណាម។ សម្តេចបញ្ជាក់ថា រឿងនេះនឹងក្លាយជាបញ្ហា ប្រសិនបើប្រជាជនកម្ពុជាប្រតិកម្មវិញ ប្រជាជនកម្ពុជាអាចនឹងបិទមិនឱ្យវៀតណាមឆ្លងមកវិញ។ ប៉ុន្តែអ្វីៗបានដោះស្រាយរួចរាល់ហើយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

ក្រៅពីវៀតណាម នៅមានប្រទេសចិនមួយទៀត ដែលគណបក្សប្រឆាំង តែងតែលើកឡើងដើម្បីបន្តុះបង្អាប់ ឬធ្វើឱ្យអាប់មុខដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះដោយសារគេយល់ថា ចិនធ្លាប់សាងរឿងអកុសលឱ្យកម្ពុជា នៅអំឡុងរបបកម្ពុជាប្រជាធបតេយ្យ បណ្តាលឱ្យមនុស្សស្លាប់ជាង១លាននាក់ ឈឺចាប់ វេទនា ព្រាត់ប្រាសរាប់លាននាក់ទៀត។ ប៉ុន្ដែដូចដឹងស្រាប់ហើយ ទំនាក់ទំនងកម្ពុជា-ចិន មិនមែនទើបតែមាននៅសតវត្សរ៍ទី២១ នេះទេ គឺមានតាំងពីអំឡុង ឬអាចមុនសតវត្សរ៍ទី១ នៃគ្រិស្ដសករាជទៅទៀត។ ការអះអាងនេះ ដោយសំអាងទៅលើកំណត់ហេតុចិន ក្នុងអំឡុងសតវត្សរ៍ទី២ ឬទី៣ គឺអ្នកកត់ត្រាចិន កាង ថៃ ដែលសរសេរឡើងវិញនៅសតវត្សរ៍ទី៥ ឬទី៦ បានកត់ត្រាពីនគរហ៊្វូណន និងចេនឡា របស់កម្ពុជាទៅហើយ និងជាបន្តបន្ទាប់មក ដូចជាអំឡុងសតវត្សរ៍ទី១៣ ជីវ តាក្វាន់ ឬ ជីវ តាគ័ន បានសរសេរអំពីចក្រភពខ្មែរសម័យអង្គរ ហើយទំនាក់ទំនងកម្ពុជា-ចិន ធ្វើឡើងភាគច្រើនដើម្បីជំនួញ ពុំមែនអាណានិគមឡើយ។

តាមឯកសារបានបង្ហាញថា អម្បូរជនជាតិចិន ដែលមានវត្តមានលើទឹកដីកម្ពុជាតាំងពីយូរយារណាស់មកហើយ មាន៥ គឺ ៖ ចិនទាជីវ, ចិនកាតាំង, ចិនហៃណាំ ឬ ហៃណាន់, ចិនហុក គៀន និងចិនហ៊្វូឌស៊ាន ឬចិនខិ។

ចិនទាជីវ ភាគច្រើនមានប្រភពចេញមកពីក្វាងទុង ឬគ័ងតុង។ ចិនទាជីវ ដែលមានចំនួនប្រមាណ៧០% ក្នុងចំណោមចិនទំាងអស់ គឺប្រកបរបរជាអ្នកជំនួញ។ ចិនកាតាំង ភាគច្រើនចេញមកពីភាគខាងត្បូងនៃខេត្តក្វាងតុង ឬគ័ងតុង។ ចិនកាតាំង ភាគច្រើនមានជំនាញលើផ្នែកមេកានិច និងធ្វើជំនួញ។ ចិនហៃណាំ ឬហៃណាន់មាន៨% និងមានប្រភពមកពីកោះហៃណាន់ ដែលក្រុមនេះ ប្រកបរបរជាអ្នកបើក ឬគ្រប់គ្រងភោជនីយដ្ឋាន សណ្ឋាគារ និងធ្វើកសិកម្ម លើកសិដ្ឋានដំណាំម្រេចនៅកំពត។ ដោយឡែកចិនហុកគៀន មានប្រមាណ៣% មកពីភាគឦសាននៃខេត្តក្វាងតុង និងភាគច្រើនប្រកបរបរជាអ្នកលក់ឱសថបុរាណ និងជាពេទ្យព្យាបាលធ្មេញ។ល។ ចំណែកចិនហ៊្វូឌស៊ាន ឬចិនខិ មានចំនួនប្រមាណ២% មកពីតំបន់ស្យាមិញ ខេត្តហ៊្វូឌស៊ាន ភាគច្រើនជាធនាគារិក និងជាពាណិជ្ជករដែរ។

តាមរយៈការស្រាវជ្រាវថ្មី គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅកម្ពុជាមានកូនខ្មែរកាត់ចិនចំនួនប្រមាណប្រាំបីសែននាក់(៨០ម៉ឺននាក់)។ ក្នុងនោះ សរុបទាំងជនជាតិចិនដែលទើបមកដល់ថ្មីផង គឺមានប្រមាណ១លាន១សែនាក់ ស្មើនឹង៧%នៃប្រជាជនខ្មែរសរុបចំនួន១៥លាននាក់។ វត្តមានជនជាតិចិន ក៏ធ្វើឱ្យមនុស្សមួយចំនួនមានការព្រួយបារម្ភដោយស្មារតីផង ដោយបំណងនយោបាយផង នាំឱ្យមានប្រតិកម្មពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ មានប្រសាសន៍នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅ កម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នាក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេច ហ៊ុន សែន ថ្លែងថា មានប្រជាពលរដ្ឋខ្លះ មានទុក្ខកង្វល់ពាក់ព័ន្ធកំណើនជនជាតិចិននៅក្នុងខេត្តព្រះសីហនុ។ សម្តេច ពន្យល់ថា ការកើនឡើងនៃជនជាតិចិននេះ មួយផ្នែកគឺដោយសារតែកម្ពុជាខ្វះកម្លាំងពលកម្មជំនាញបម្រើដល់ការសាងសង់ ហើយជនជាតិចិន ដែលមកបម្រើក្នុងវិស័យសំណង់ទាំងនេះនឹងត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីការសាងសង់បានបញ្ចប់។

ចំពោះការទាក់ទងជាមួយនឹងអាម៉េរិក ក៏កម្ពុជាមិនមែនទើបតែមានទំនាក់ទំនងនៅអំឡុងសតវត្សរ៍ទី២០នេះដែរ គឺកើតឡើងតាំងពីសតវត្សរ៍ទី១៨ ឬ១៩មក តាមរយៈការមកបង្កើតវិហារគ្រិស្ដសាសនានៅកម្ពុជា។ ក្រៅពីនេះ កម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗទៀត ដូចជាឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព័រទុយហ្គាល់ អេស្ប៉ាញ និងហូឡង់ជាដើម។ តាមរយៈបទពិសោធនៃមេដឹកនាំមុនៗ នៅអំឡុងឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានប្រកាសគោលនយោបាយបើកចំហជើងមេឃ ដើម្បីតភ្ជាប់ទាក់ទងជាមួយបណ្តាប្រទេសដទៃទៀតនៅ លើពិភពលោក ហើយចាប់ពីឆ្នាំ១៩៧៩ មករហូតដល់ឆ្នាំ២០២០ យោងតាមរបាយការណ៍ សន្និបាត បូកសរុបការងារឆ្នាំ២០១៨-២០១៩ របស់ក្រសួងការបរទេសបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ កម្ពុជាមានទាក់ទងការទូតជាមួយបណ្តាប្រទេសចំនួន១៧២ ក្នុងចំណោមប្រទេសទាំងជាង១៩០។ ក្នុងចំណោមប្រទេសទាំង១៧២ មានប្រទេស៦០ ដែលកម្ពុជាមានស្ថានតំណាងរបស់ខ្លួន ហើយគិតត្រឹមឆ្នាំ២០១៨ កម្ពុជាបានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការជាមួយប្រទេស៣៤។ ការរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជាធ្វើឡើងជាមួយប្រទេសជាច្រើននៅទ្វីបអាស៊ី អាម៉េរិក អាហ្វ្រិក មជ្ឈិមបូព៌ា និងនៅអឺរ៉ុប ពិសេសចាប់ផ្តើមធ្វើឱ្យរស់រវើកឡើងវិញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអតីតសង្គមនិយមនៅអឺរ៉ុប។ ក្រសួងការបរទេសបន្ថែមថា កម្ពុជាកំពុងរៀបចំបើកស្ថានបេសកកម្មការទូតនៅប្រទេសប៊ុលហ្ការី តួកគី និងស៊ែរប៊ី ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងបើកច្រកទីផ្សារថ្មី។ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាចាត់ទុកប្រទេសចិនជាមិត្តដែកថែប ដែលមានកិច្ចសហការគ្រប់ជ្រុងជ្រោយ។

បច្ចុប្បន្នទំនាក់ទំនងការទូតទាំងនេះ គឺដើម្បីបង្កើនមិត្តភាព នយោបាយ និងសេដ្ឋកិច្ចផង។ ចំពោះទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានរីកចម្រើនពី២.៣៤ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១២ ទៅប្រមាណជា ៣.៣ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១៣ ជាមួយកិច្ចព្រមព្រៀងបង្កើនពាណិជ្ជកម្មរហូតដល់ ៥ប៊ីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០១៧។ ការវិនិយោគរបស់ចិន ក្នុងវិស័យហេដ្ឋារចនាសម្ពន្ធនៃប្រទេស កម្ពុជា មានចំនួនច្រើនគួរសម្គាល់ ដូចជាក្រុមហ៊ុនចិន បានវិនិយោគជាង ១.៦ប៊ីលានដុល្លារ ដើម្បីសាងសង់ទំនប់វារីអគ្គិសនីចំនួន៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនងការទូតជាមួយនឹងសហរដ្ឋអាម៉េរិក ធ្វើឱ្យមានការកើនឡើងដែរ។ ក្នុងនោះអាម៉េរិកនាំចេញ និងទិញទំនិញពីកម្ពុជាប្រមាណមួយភាគបីនៃការនាំចេញរបស់ប្រទេសកម្ពុជា ភាគច្រើនជាសម្លៀកបំពាក់ និងស្បែកជើង។ នៅឆ្នាំ២០១៤ ពាណិជ្ជកម្មទ្វេភាគី មានតម្លៃជិត៣.២ប៊ីលានដុល្លារអាម៉េរិក ទោះបីមានអតុល្យភាពខាងជញ្ជីងពាណិជ្ជកម្មក្តី គឺសហរដ្ឋអាម៉េរិកនាំចូល២.៨៤ប៊ីលានដុល្លារពីកម្ពុជា ខណៈនាំចូលមកកម្ពុជាវិញត្រឹមតែ៣២៨លានដុល្លារអាម៉េរិកក្តី។ ដោយឡែកចំពោះប្រទេសជប៉ុនវិញ បើគិតពីភាពជាក់ស្តែងក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញទំនិញទៅជប៉ុន មានតម្លៃជាទឹកប្រាក់ជាង ៧០០លានដុល្លារ កើនឡើងជាង ១៦% ខណៈជប៉ុននាំចូលមកកម្ពុជាវិញក្នុងទឹកប្រាក់ជាង២១០ លានដុល្លារ កើនឡើងជាង៣៨% ធៀបនឹងឆ្នាំ២០១៨ កន្លងទៅ។ នេះបើយោងតាមតួលេខពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO។ រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ាន ដែលបាននាំចេញទៅជប៉ុន ដែលខ្លាំងជាងប្រទេសលាវ និងមីយ៉ាន់ម៉ា។

ដោយ៖ គង់ សិរីរ័ត្ន,សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង