Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៨ «សាវតារ និង ព្រឹត្តិការណ៍ថ្ងៃ២ធ្នូ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 76
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៨ «សាវតារ និង ព្រឹត្តិការណ៍ថ្ងៃ២ធ្នូ» សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៨ «សាវតារ និង ព្រឹត្តិការណ៍ថ្ងៃ២ធ្នូ»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៨ «សាវតារ និង ព្រឹត្តិការណ៍ថ្ងៃ២ធ្នូ»

សិសិររដូវ ចូលមកដល់។ អាកាសធាតុត្រជាក់ លាយឡំនឹងតំណក់ទឹកនៃភ្លៀងរលឹមធ្វើឱ្យប្រជាជនកម្ពុជារងាស្ពឹកអស់ជើងដៃ។ ថ្ងៃទី២ធ្នូ គឺជាថ្ងៃដ៏គួរចងចាំ ដ៏អស្ចារ្យមួយចំពោះប្រជាជាតិខ្មែរទាំងមូល។ ប្រជាជាតិខ្មែរដែលតែងតែចងចាំ គឺថ្ងៃ២ធ្នូ ជាថ្ងៃប្រវត្តិសាស្រ្តនៃការបង្កើតចលនា ឬរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាពីរបបដ៏គ្មានមេត្តាដែលស្ថិតក្រោមការដឹកនាំរបស់ ប៉ុល ពត ពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ប៉ុន្តែចំពោះសម្តេចហ៊ុន សែន ២ធ្នូ មិនមែនមានន័យត្រឹមជាថ្ងៃបង្កើតរណសិរ្សរំដោះជាតិប៉ុណ្ណោះទេ។ ថ្ងៃទី២ ខែធ្នូ មានព្រឹត្តិការណ៍ច្រើនជាប្រវត្តិសាស្រ្តជាតិផងដែរ។ សាវតារនៃថ្ងៃ២ធ្នូ សម្តេច ហ៊ុន សែន បានចែកចេញជាព្រឹត្តិការណ៍ច្រើនផ្សេងទៀត។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ សម្តេច មានប្រសាសន៍ថា ចំពោះព្រឹត្តិការណ៍ខែធ្នូ ក៏គួរលើកមកពណ៌នាបង្ហាញឱ្យជនរួមជាតិបានដឹង បានយល់ អំពីចំណុចសំខាន់ៗមួយចំនួនទាក់ទិនទៅនឹងថ្ងៃ២ ខែធ្នូ ដែលគុណសម្បត្តិមិនទាន់បានរំលេច។ កន្លងទៅគេឃើញមានធ្វើពិធីរម្លឹកខួបលើកទី៤២ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ប៉ុន្តែចំពោះសម្តេច ថ្ងៃទី២ ខែធ្នូ មិនមែនមានតែមួយព្រឹត្តិការណ៍នោះទេ។ ព្រឹត្តិការណ៍២ធ្នូ គឺមានរហូតដល់ទៅ៣៖ ព្រឹត្តិការណ៍ទី១ ថ្ងៃ២ ខែធ្នូ ជាថ្ងៃនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨។

ព្រឹត្តិការណ៍ទី២ ថ្ងៃ២ ខែធ្នូ ជាថ្ងៃនៃជំនួបចរចាស្វែងរកសន្តិភាពលើកដំបូង រវាងសម្តេច ជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ នៅ ហ្វែរ អង់ តាឌឺន័រ (Fère-en-Tardenois) ឆ្នាំ១៩៨៧។

ព្រឹត្តិការណ៍ទី៣ គឺការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ គឺថ្ងៃ២ធ្នូ ឆ្នាំ១៩៩៨។ យុទ្ធសាស្រ្តត្រីកោណ មិនសូវគេលើកយកមកនិយាយទេ។ យុទ្ធសាស្រ្តត្រីកោណ កើតឡើងក្រោយព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី២ ឆ្នាំ១៩៩៨។ អំឡុងពេលនោះ ក្រោយពេលបោះឆ្នោតរួច បាតុកម្មដ៏ធំសម្បើមមួយបានកើតឡើង។ ក្រុមបាតុករនាំគ្នាមកបោះតែនតិ៍នៅពេញលើសួនច្បារខាងមុខរដ្ឋសភាចាស់ ធ្វើឱ្យដំណើរការនៃការប្រជុំរដ្ឋសភាមិនអាចធ្វើទៅបាន។ ការធ្វើបាតុកម្ម ធ្វើឡើងដោយអតីត “គណបក្សជាតិខ្មែរ” និង “គណបក្សហ្វ៊ុនស៊ិនប៉ិច” តវ៉ាទៅនឹងលទ្ធផលនៃការបោះឆ្នោតដែលរៀបចំឡើងដោយខ្មែរខ្លួនឯង។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងអាណត្តិនោះ គឺលោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌។ រដ្ឋសភា ត្រូវសម្រេចលើកទៅប្រជុំនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅក្នុងព្រះបរមរាជវាំង ខេត្តសៀមរាប។

មានមតិលើកឡើងថាថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃមិនល្អ ប៉ុន្តែសម្តេច ហ៊ុន សែន យល់ថាថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ គឺថ្ងៃល្អ។ កិច្ចប្រជុំនោះហើយ ដែលរាជរដ្ឋាភិបាលសម្រេចបង្កើតនូវព្រឹទ្ធសភា ហើយរៀបចំបោះឆ្នោតគាំទ្រឱ្យសម្តេច ជា ស៊ីម ដែលជាអតីតប្រធានរដ្ឋសភា ទៅប្រធានព្រឹទ្ធសភា ឯសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ អតីតនាយករដ្ឋមន្រ្តីទី១ ក្នុងអាណត្តិបោះឆ្នោតនីតិកាលទី១ ធ្វើជាព្រះប្រធានរដ្ឋសភា។ សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចព្រះនរោត្តមសីហនុ មានព្រះបន្ទូលនៅចំពោះព្រះភក្រ្ត និងចំពោះសមាជិកនយោបាយដែលបានចូលរួមប្រជុំដោយត្រង់ៗ ថា ព្រះអង្គជាព្រះមហាក្សត្រ គឺជាមនុស្សទី១,សម្តេច ជា ស៊ីម ប្រធានរដ្ឋសភា ជាមនុស្សទី២, សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមនុស្សទី៣, ឯសម្តេច ហ៊ុន សែន ជាមនុស្សទី៤។ ប៉ុន្តែមិនត្រូវភ្លេចទេថា មនុស្សទី៤ ជាមនុស្សកាន់អំណាចពិតប្រាកដ។ អំណាចពិតប្រាកដនៅនឹងមនុស្សទី៤ គឺសម្តេច ហ៊ុន សែន ព្រោះប្រទេសដែលអនុវត្តរបបនយោបាយ ឬគោលការណ៍សភានិយម ដែលប្រមុខរដ្ឋត្រូវបោះឆ្នោតដោយសភា គឺអំណាចត្រូវស្ថិតនៅលើនាយករដ្ឋមន្រ្តី។ ប្រទេសថៃ ម៉ាឡេស៊ី សាំងហ្គាពួរ អំណាចស្ថិតនៅលើនាយករដ្ឋមន្រ្តី។ នៅឥណ្ឌា ប៉ាគីស្ថាន ក៏ដូចគ្នា លើកលែងតែប្រទេសដែលអនុវត្តរបបប្រធានាធិបតី ដែលប្រធានាធិបតីគ្រប់គ្រងអំណាចនីតិប្រតិបត្តិ។

បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលរួចរាល់ហើយ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេច ហ៊ុន សែនបានបើកសម័យប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង និងដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ដោយបង្កើតមុំ៣ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងនោះមុំទី១ គឺផ្តោតសំខាន់បំផុតលើការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស ព្រោះពេលនោះ ទោះបីនៅក្នុងប្រទេសមានការបោះឆ្នោតដោយសេរី ទាំងអន្លង់វែង,ប៉ៃលិន ប៉ុន្តែលោកខៀវ សំផន លោកនួន ជា និង តាម៉ុក មិនទាន់បញ្ចប់ការប្រយុទ្ធបង្ហូរឈាមគ្នាជាមួយនឹងកងទ័ពរាជរដ្ឋាភិបាលនៅឡើយទេ។ ខៀវ សំផន នួន ជា និង គណៈរដ្ឋមន្រ្តី បានមកចុះចូលជាមួយរាជរដ្ឋាភិបាលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស គឺការពង្រឹងសន្តិភាពនៅក្នុងផ្ទៃប្រទេស។ មុំទី២ គឺផ្តោតសំខាន់លើការធ្វើសមាហរណកម្មឆាប់បំផុតរបស់កម្ពុជា ទៅក្នុងសហគមន៍អន្តរជាតិ។ គឺត្រូវឆក់យក ឱកាសនោះធ្វើសកម្មភាពយ៉ាងមមាញឹក។ ពោលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ កម្ពុជាយកកៅអីនៅអង្គការសហប្រជាជាតិ ដែលគេព្យួរទុកកាលពីឆ្នាំ១៩៩៧ មកវិញបាន។ បន្ទាប់មក កម្ពុជា ក៏ចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងចូលក្នុងអង្គការអន្តរជាតិដទៃទៀត រាប់ទាំងអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៣។ មុំទី៣ គឺផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះផ្នែកអន្តរជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ។ ចំណុចនេះជាសំខាន់បំផុត ដែលជាចំណុចនៃការចាប់ផ្តើមអនុវត្តពេញមួយអាណត្តិ មុននឹងឈានទៅដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១, ២, ៣ រហូតមក ព្រោះគេមិនអាចធ្វើក្នុងមួយអាណត្តិសម្រេចទាំងអស់នោះទេ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើនិយាយអំពីថ្ងៃ២ ខែធ្នូ ក៏គួរតែនិយាយពីចំណុច៣យ៉ាងនៃនយោបាយ ឈ្នះ ឈ្នះ និងគោលដៅ២ ស្តីពីការខិតខំសម្រេច គឺប្រែក្លាយតំបន់ដែលជាអតីតសមរភូមិឱ្យទៅជាទីផ្សារ និងតំបន់មានការអភិវឌ្ឍ។ ប្រែក្លាយព្រំដែនជាមួយនឹងប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការអនុវត្តយុទ្ធសាស្រ្តត្រីកោណ គឺពង្រឹងការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុង គឺពង្រឹងសន្តិភាពដែលរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចផ្ទាល់ខិតខំរកបានដោយលំបាក។ ពិសេសការចូលខ្លួនទៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន និងអង្គការអន្តរជាតិផ្សេងទៀត រាប់ទាំងអង្គការពាណិជ្ជកម្ម ពិភពលោក។ ប៉ុន្តែការចូលខ្លួនទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ត្រូវព្យួរមួយឆ្នាំ ដោយសារការជាប់គាំងវិបត្តិនយោបាយនៅកម្ពុជា ក្រោយបោះឆ្នោតឆ្នាំ២០០៣ ព្រោះសភាអាចបើកការប្រជុំពេញអង្គរបស់ខ្លួន ដើម្បីបង្កើតរដ្ឋាភិបាលបាន គឺត្រូវតែមានសំឡេង២/៣ ឬយ៉ាងតិចមានកូរ៉ុមពី៨២ទៅ៨៣រូប ក្នុងចំណោមតំណាងរាស្រ្ត១២៣រូប។

សម្តេច ហ៊ុន សែន លើកឡើងដោយសង្កត់ធ្ងន់ថា៖ “ការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រ បើគ្មានថ្ងៃទី២ខែធ្នូឆ្នាំ១៩៨៧ទេ ក៏គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ដែរ ”។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង