Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៦ «ការផ្ទុះគ្រាប់បែកនៅសួនមុខអតីតរដ្ឋសភា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 558
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៦ «ការផ្ទុះគ្រាប់បែកនៅសួនមុខអតីតរដ្ឋសភា» សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២៦ «ការផ្ទុះគ្រាប់បែកនៅសួនមុខអតីតរដ្ឋសភា»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ២៦ « ការផ្ទុះគ្រាប់បែកនៅសួនមុខអតីតរដ្ឋសភា »
រដូវប្រាំងចូលមក គឺអំឡុងខែមីនា ឆ្នាំ១៩៩៧ វេលាម៉ោងជាង១០ព្រឹក នៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ១៥ថ្ងៃ ឬនៅមុនព្រឹត្តិការណ៍ ផ្ទុះអាវុធ ថ្ងៃ៥-៦ កក្កដា បួនខែ ខណៈក្រុម បាតុករជាច្រើននាក់ដឹកនាំដោយលោក សម រង្ស៊ី ធ្វើឡើងនៅលើសួនច្បារដ៏សោះកក្រោះ មុខអតីតរដ្ឋសភា សំឡេងផ្ទុះចំនួន៤គ្រាប់លាន់ឡើង បណ្តាលឱ្យមនុស្សជាង១០នាក់ស្លាប់ និងជាង១០០នាក់ទៀតរងរបួស។ បាតុកម្មនោះត្រូវគេអះអាងថា ធ្វើឡើងដើម្បីទាមទារលក្ខខណ្ឌការងារ និងសិទ្ធិកម្មករនៅរោងចក្រ និងទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺទាមទារឱ្យលោកចាន់ សុក អតីតប្រធានតុលាការកំពូលលាលែងពីតំណែង។ ជាមួយនឹងការលើកឡើងខាងលើ ក៏មានមតិដ៏គួរឱ្យសោកស្តាយមួយលើកឡើងដែរថា ប្រសិនបើបាតុករធ្វើបាតុកម្ម ដើម្បីទាមទារលក្ខខណ្ឌការងារ ឬកំណែទម្រង់យុត្តិធម៌ ក្បួនបាតុកម្មនោះមិនគួរធ្វើឡើងដោយគណបក្សនយោបាយទេ។ លោក សម រង្ស៊ី នៅអំឡុងពេលធ្វើបាតុកម្មនោះ គឺជាប្រធានគណបក្សជាតិខ្មែរ។ ក្នុងហេតុការណ៍ដ៏អាក្រក់នោះ ក៏បានបណ្តាលឱ្យជនជាតិអាម៉េរិកម្នាក់ឈ្មោះ អាត រ៉ូមនី ប្រធានមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា រងរបួសស្រាលដែរ ហើយក្រោយហេតុការណ៍នោះ សង្គម ស៊ីវិលមួយចំនួន រួមនឹងលោក អាត រ៉ូមនី ផង បានដាក់ពាក្យបណ្តឹង ប្តឹងទៅតុលាការដើម្បីទាមទារយុត្តិធម៌។
លោក សុខ ឥសាន្ត មានប្រសាសន៍ថា លោក សម រង្ស៊ី គួរតែត្រូវផ្តន្ទាទោសពីបទដឹកនាំបាតុកម្ម ដែលបណ្តាលឱ្យក្រុមបាតុករស្លាប់ និងរងរបួសធ្ងន់។ ព្រោះបាតុកម្មកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បន្សល់ទុកនូវសោកនាដកម្មយ៉ាងជូរចត់ចំពោះប្រជាជនកម្ពុជា ជាពិសេសចំពោះសាច់ញាតិនៃជនរងគ្រោះ។ ដូច្នេះតាមជាក់ស្តែង មិនគួរទុកឱ្យមេដឹកនាំបាតុកម្មរួចខ្លួននោះទេ ព្រោះការធ្វើបាតុកម្ម ដើម្បីបំពេញមហិច្ឆតាផ្ទាល់ខ្លួន បែរជានាំគេទៅស្លាប់និងរបួសយ៉ាងច្រើន ។
ក្រោយការផ្ទុះគ្រាប់បែកដៃ ដែលប្រព្រឹត្តឡើងដោយជនមិនស្គាល់មុខ ទាំងលោកសម រង្ស៊ី និងសង្គមស៊ីវិលដទៃទៀត បានទម្លាក់ការទទួលខុសត្រូវលើកងអង្គរក្សសម្តេច ហ៊ុន សែន ដោយហេតុថា ទីបញ្ជាការកងអង្គរក្សសម្ដេច មានទីតាំងនៅក្បែរកន្លែងឧបទ្ទវហេតុនៃការផ្ទុះ ខណៈអំឡុងពេលនោះ រាជរដ្ឋាភិបាលចម្រុះ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា មានកងអង្គរក្ស និងកម្លាំងទ័ពរៀងៗខ្លួន។

នៅឆ្នាំ២០០៤ ព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ បានផ្សាយផ្ទាល់នូវ អត្ថបទមួយនៅលើគេហទំព័ររបស់ព្រះអង្គថា នៅពេលភាគី ក និង ខ ឈ្លោះប្រកែកគ្នា ហើយក្រោយមក ភាគី ក ឬ ខ មានគ្រោះថ្នាក់ ឬទទួលមរណភាព ដោយប្រការណាមួយ ពេលខ្លះមិនមែនភាគី ក ឬភាគី ខ ឬ ភាគី គ ឬភាគី ច ជាអ្នកប្រព្រឹត្តឡើយ គេអាចសង្ស័យទៅលើភាគីណាមួយផ្សេងទៀត ដែលឆ្លៀតឱកាសកេងចំណេញលើអ្វីមួយ និងដើម្បីបង្កឱ្យកាន់តែមានបញ្ហា ស្មុគស្មាញ និងពិបាកស្រាវជ្រាវ។

ចាប់តាំងពីថ្ងៃកើតហេតុរហូតដល់ឆ្នាំ២០១៦ លោក សម រង្ស៊ី នៅតែចោទប្រកាន់សម្តេច ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឧបទ្ទវហេតុ នៃការបំផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃ៣០ ខែ មីនា ឆ្នាំ១៩៩៧។ លោក សម រង្ស៊ី ក៏ធ្លាប់ដាក់ពាក្យបណ្ដឹងឧក្រិដ្ឋកម្ម ប្រឆាំងសម្តេច ហ៊ុន សែន ទៅកាន់តុលាការសហរដ្ឋអាម៉េរិក ក្នុងឱកាសសម្តេចធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី និងសហរដ្ឋអាម៉េរិក នាក្រុងញូវយ៉ក។ ប៉ុន្តែក្រោយមកលោកបានប្រាប់វិទ្យុអាស៊ីសេរី ថាបានព្យួរពាក្យបណ្ដឹងប្រឆាំងនឹងសម្តេច ហ៊ុន សែន ដោយសារតែលោកគ្មានភស្តុតាងគ្រាប់គ្រាន់ ។

ការចោទប្រកាន់របស់លោក សម រង្ស៊ី ត្រូវគេមើលឃើញថា ជាការចោទប្រកាន់ដោយឥតអៀនខ្មាស ឬដើម្បីកេងចំណេញនយោបាយពីអ្នកស្លាប់ក្នុងឧបទ្ទវហេតុនោះ ព្រោះកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ លោក សម រង្ស៊ី បានសរសេរលិខិតមួយសុំទោសសម្តេច ហ៊ុន សែន សម្តែងការសោកស្តាយរួចទៅហើយ។ ក្នុងលិខិតដែលធ្វើនៅក្រុងប៉ារីសនោះ លោក សម រង្ស៊ី សរសេរថា គាត់មានសេចក្តីរីករាយយ៉ាងខ្លាំងដោយកត់សម្គាល់ឃើញថាស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា មានភាពកាន់តែធូរស្រាលទៅៗ ដោយលោកបានសម្តែងនូវអំណរគុណជូនចំពោះសម្តេច ហ៊ុន សែន ដែលជំរុញឱ្យមានការវិវឌ្ឍបែបនេះដែរ ជាពិសេសសរសេរលិខិតទៅថ្វាយ ព្រះមហាក្សត្រ ស្នើសុំឱ្យព្រះអង្គបន្ធូរបន្ថយទោសលោក ជាម ចន្ទនី បន្ទាប់ពីសម្តេចបានស្នើឱ្យតុលាការដោះលែងមេដឹកនាំសង្គមស៊ីវិលមួយចំនួន ឱ្យបានរួចផុតពីពន្ធនាគារ។ ក្នុងលិខិតសូមទោសសម្ដេច ហ៊ុន សែន នោះ លោក សម រង្ស៊ី សរសេរថា៖
“ចំពោះរូបខ្ញុំក៏មានទស្សនៈដូចសម្តេចអ៊ីចឹងដែរ គឺចង់ឱ្យមានការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិឡើងវិញ ដើម្បីប្រមូលកម្លាំងខ្មែរទាំងអស់ រួមគ្នា កសាងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើង។ ខ្ញុំក៏យល់ដូចសម្តេចអ៊ីចឹងដែរ ថារាល់បញ្ហារវាងខ្មែរនិងខ្មែរ យើងអាចដោះស្រាយបានក្នុងរង្វង់គ្រួសារខ្មែរ។
ខ្ញុំសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្ត្រី ដូចជាការចោទប្រកាន់ថា សម្តេចនៅពីក្រោយការគប់គ្រាប់បែកលើក្រុមបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទសម្តេចថា ប៉ុនប៉ងសម្លាប់ឥស្សរជន ប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតទៅលើសម្តេចនាយករដ្ឋមន្ត្រី ៘ និង៘ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមផ្លាស់ប្តូរឥរិយាបថរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយចៀសវាងមិនឱ្យបញ្ហាបែបនេះកើតមានឡើងទៀត។ ជាទូទៅ ខ្ញុំបានសម្រេចចិត្តថា មិនត្រូវយកបញ្ហាបុគ្គលជាធំទេ តែត្រូវផ្តោតអារម្មណ៍ទៅលើបញ្ហាជាតិឯណោះវិញ ដែលត្រូវរកដំណោះស្រាយដោយសន្តិវិធី និងដោយគោរពគ្នាទៅវិញទៅមក។ ដំណោះស្រាយចំពោះបញ្ហាជាតិទាំងឡាយ មិនទាមទារឱ្យមានអ្នកឈ្នះ ឬអ្នកចាញ់ទេ ដោយសារយើងជាខ្មែរដូចគ្នា ដែលត្រូវរួមរស់ជាមួយគ្នា។ មានតែប្រទេសកម្ពុជា និងប្រជារាស្ត្រខ្មែរទេ ដែលត្រូវទទួលជ័យជម្នះពីការបង្រួបបង្រួមជាតិបែបនេះ ពិសេសជ័យជម្នះលើភាពក្រីក្រ និងភាពអន់ថយ។ កូនចៅយើងទាំងអស់នឹងទទួលបានអនាគតល្អប្រសើរគ្រប់គ្នា”។

ប៉ុន្ដែជុំវិញរឿងនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទាន់បញ្ជាឱ្យបិទសំណុំរឿងនៅឡើយទេ។ កន្លងមករដ្ឋាភិបាលរកឃើញជនសង្ស័យម្នាក់ឈ្មោះ ប្រ៊េស៊ីល តែក្រោយមកជននេះបានបាត់ខ្លួន ក្រោយពីព្រឹត្តិការណ៍ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ។ លោកអះអាងថាស្ថាប័នជំនាញរបស់រដ្ឋាភិបាល ពុំដែលព្រងើយកន្តើយក្នុងការស្រាវជ្រាវរកជនដៃដល់ម្ដងណាឡើយ ហើយសំណុំរឿងព្រហ្មទណ្ឌនេះ កំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរនៅឡើយដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការគាស់កកាយព្រឹត្តិការណ៍ចាស់ កាលពីឆ្នាំ១៩៩៧ មកធ្វើជាបញ្ហាថ្មីរបស់បក្សប្រឆាំង ប្រៀបដូចជាការអន្ទងដួងព្រលឹងវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់មកយឹតយោងខ្លួន ខណៈដែលជួបគ្រោះភ័យ និងបរាជ័យធ្ងន់ធ្ងរជាបន្តបន្ទាប់ ព្រោះរឿងនេះបានរលត់បាត់ទៅហើយ ។ លោកថ្លែងថា ប្រជាជនកម្ពុជានៅចងចាំមិនភ្លេចទេនូវសោកនាដកម្មនៃការដឹកនាំធ្វើបាតុកម្មហិង្សារបស់ទណ្ឌិត សម រង្ស៊ី ដោយនយោបាយចងគំនុំ និងសងសឹកត្រកូលរបស់ខ្លួន ដែលធ្វើឱ្យមានព្រឹត្តិការណ៍ផ្ទុះគ្រាប់បែក បណ្តាលឱ្យស្លាប់មនុស្សជាង១០ នាក់ និងរបួសជាង ១០០ នាក់។ បាតុភាពដែលកើតឡើងនាំឱ្យមនុស្សចូលរួមស្លាប់ និងរងរបួសរាប់សិបនាក់នេះ បែរជាមកដាក់កំហុសលើអ្នកដទៃ ជាពិសេសលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនទៅវិញ។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានប្រសាសន៍ថា កេរ្តិ៍ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយមួយរូបមានចរិតពិសពុល ទុច្ចរិត ដោយភ្ជាប់នូវសំអាងហេតុមួយចំនួនផង ។ លោកហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយមួយរូបមិនខ្លាចចាយជីវិតប្រជាពលរដ្ឋជានុយ ដើម្បីស្ទូចយកអំណាចសម្រាប់ខ្លួន ដូចជាការនាំមនុស្សមកស្លាប់ក្នុងព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកនៅមុខអតីតរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ និងព្រឹត្តិការណ៍ក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ១៩៩៨ ដែលមានបាតុកម្មពេលយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ នៅមុខសណ្ឋាគារ Cambodiana បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់។ ពិសេសព្រឹត្តិការណ៍ផ្លូវវេងស្រេងនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កម្មករ និងសកម្មជនរបស់គណបក្សសង្រ្គោះជាតិ បានរួមគ្នាធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងបង្កើតឱ្យផ្ទុះ អំពើហិង្សា និងបណ្តាលឱ្យមានមនុស្សស្លាប់៤នាក់ បាត់ខ្លួន១នាក់ និងរបួស៦០នាក់។ លោក ម៉ម សូណង់ដូ ហៅលោក សម រង្ស៊ី ថាជាមនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និងថា ទង្វើទាំងឡាយរបស់លោក សម រង្ស៊ី រួមទាំងការប្រកាសឱ្យប្រជាពលរដ្ឋគាំទ្រការវិលត្រឡប់របស់ខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជានយោបាយស្រេកឃ្លានអំណាច និងដើម្បីអំណាច។លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថ្លែងក្នុងសមាជគណបក្សឆន្ទៈខ្មែរ ថាលោក សម រង្ស៊ី បានក្បត់វិញ្ញាណក្ខន្ធ និងអ្នករបួសក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ព្រោះលោក សម រង្ស៊ី យកការស្លាប់របស់បាតុករមកធ្វើអាជីវកម្ម ធ្វើជាឈ្នាន់នយោបាយ។
លោក សម រង្ស៊ី ជាអ្នកសម្លាប់ប្រជាធិបតេយ្យដោយខ្លួនឯង តាំងពីយូរមកហើយក្រោយពីមានការយល់ព្រមធ្វើវិសោធនកម្ម គោលការណ៍ប្រជាធិបតេយ្យ ដែលច្បាប់បានកំណត់ថា ត្រូវតែមានសំឡេង ២ភាគ៣ តែលោក សម រង្ស៊ី ស្នើសុំឱ្យនៅត្រឹម៥០បូក១។ លោកក៏បានស្នើឱ្យលោក សម រង្ស៊ី គួរកុំបៀមឈាមព្រួសដាក់គេ ហើយត្រូវចេះចេញទទួលខុសខ្លះផង។ លោក គង់ គាំ ក៏បានផ្តាំផ្ញើដល់សកម្មជន ឬអ្នកគាំទ្រថា សូមកុំជឿ សូមកុំចាំ កុំជួយមនុស្សខូច ដូចជាក្រុម សម រង្ស៊ី ព្រោះ២ឆ្នាំហើយ ដែលអួតថាអាចចូលមកស្រុកបាន ម្តងថាថ្ងៃនេះមក ថ្ងៃនោះមក។

ទោះបីមានការសុំទោសសម្តេច ហ៊ុន សែន ជាសាធារណៈយ៉ាងណាក្តី ក៏នៅឆ្នាំ២០១៦ លោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹង ប្តឹងសម្តេច ហ៊ុន សែន ទៅតុលាការបារាំងជាថ្មីម្តងទៀត ។ ការដាក់ពាក្យបណ្តឹងនោះ ដោយទំនងជាលោកសង្ឃឹម ឬជឿជាក់ថាតុលាការបារាំងនឹងអាចរកឃើញពិរុទ្ធភាពណាមួយថ្មីទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជា។ គេមិនដឹងទេថា តើតុលាការបារាំងមានឥទ្ធិពល ឬមានយុត្តាធិការ លើអភ័យឯកសិទ្ធិពលរដ្ឋកម្ពុជាឬយ៉ាងណា? ហើយតើ កម្ពុជា និងបារាំង ចុះសច្ចាប័នជាមួយគ្នាចំពោះបញ្ហានេះរួចឬនៅ។ តាមគោលការណ៍អង្គការសហប្រជាជាតិ គឺមានតែតុលាការព្រហ្មទណ្ឌអន្តរជាតិមួយប៉ុណ្ណោះ ដែលមានយុត្តាធិការជំនុំជម្រះលើសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បាន។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវជំរុញ និងគាំទ្រឱ្យបង្កើតដោយសហរដ្ឋអាម៉េរិក ដើម្បីផ្តន្ទាទោសលើជនទាំងឡាយណាដែលបង្កឱ្យមានអំពើឃោរឃៅ ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាម តែសហរដ្ឋអាម៉េរិក មិនបានផ្តល់សច្ចាប័នដល់តុលាការនេះទេ ក្នុងនោះមានប្រទេសចិន និងរុស្សី។

តាមរយៈវីដេអូខនហ្វើរ៉ែន (Video Conference) ពីប្រទេសបារាំង ក្នុងពិធីប្រារព្ធខួប១៩ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារគប់គ្រាប់បែកដៃកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោកសម រង្ស៊ី ថ្លែងថា សំណុំរឿងគប់គ្រាប់បែកលើក្រុមបាតុករនៅមុខអតីតរដ្ឋសភា ត្រូវបានតុលាការប្រទេសបារាំង បើកការស៊ើបអង្កេតឡើងវិញ។
ចំពោះព្រឹត្តិការណ៍មហារន្ធត់ ដែលបណ្តាលឱ្យក្រុមបាតុករស្លាប់ និងរបួសនេះ ការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាម៉េរិក ហៅកាត់ថា អេហ្វប៊ីអាយ( FBI) ក៏បានបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនដែរ កាលពីឆ្នាំ២០១១។ ការបិទបញ្ចប់បេសកកម្មនេះ មានហេតុផលពីរយ៉ាង ទី១ គឺអេហ្វប៊ីអាយ ចោទប្រកាន់ថា ពុំមានការសហការពេញលេញពីអាជ្ញាធរកម្ពុជា ក្នុងការស៊ើបអង្កេត។ ទី២ គឺដោយសារអេហ្វប៊ីអាយ រកឃើញថា លោក រ៉ន អាប់នី ដែលរងរបួសដោយគ្រាប់បែកដៃនោះ បានធ្វើដំណើរទៅកាន់ទីនោះដោយខ្លួនឯង ហើយឧក្រិដ្ឋជន ឬជនដៃដល់ដែលចោលគ្រាប់បែកនោះ គ្មានចេតនាធ្វើឱ្យលោក រ៉ន អាប់នី រងរបួសឡើយ ។
ការស៊ើបអង្កេតរបស់អេហ្វប៊ីអាយ ផ្តោតលើពាក្យបណ្តឹងរបស់លោក រ៉ន អាប់នី ជនជាតិអាម៉េរិក ច្រើនជាងធ្វើតាមការស្នើសុំ ឬបណ្តឹងពីកម្ពុជា។ ការស៊ើបអង្កេតអំពីរបួសរបស់លោក រ៉ន អាប់នី ដោយសារលោក រ៉ន អាប់នី ជាជនជាតិអាម៉េរិក ដែលការពារដោយរដ្ឋធម្មនុញ្ញ ដែលចែងថា រាល់ពលរដ្ឋអាម៉េរិកទាំងអស់ ទោះនៅទីណា និងជាមនុស្សប្រភេទណា មិនត្រូវបានជនណាម្នាក់បំពានឡើយ ហើយប្រសិនបើជនណាម្នាក់ ធ្វើឱ្យជនជាតិអាម៉េរិករងរបួស ឬស្លាប់ ទោះជននោះជាអ្នកណាក៏ដោយ ទោះយូរប៉ុនណាក៏ដោយ ក៏ត្រូវតែស្វែងរកជននោះយកមកផ្តន្ទាទោសដែរ។

លោក ចច ថេណិត (George Tenet) នាយកទីភ្នាក់ងារចារកម្មកណ្តាល និយាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០០ ថាសហរដ្ឋអាម៉េរិកនឹងមិនភ្លេចអំពើភេរវកម្មប្រឆាំងពលរដ្ឋខ្លួនឯងនោះទេ ហើយនឹងនាំអ្នកដែលទទួលខុសត្រូវទៅផ្តន្ទាទោសតាមផ្លូវច្បាប់ មិនថាត្រូវការរយៈពេលយូរប៉ុនណា ឡើយ ។ លោក រ៉ន អាប់នី អតីតប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ដែលរងរបួសក្នុងការវាយប្រហារនោះ បានស្តីបន្ទោសត្រង់ៗ ទៅលើប្រមុខរដ្ឋាភិបាលកម្ពុជាថា ជាអ្នកទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនឯង ប៉ុន្តែមិនបានធ្វើការងារគ្រប់គ្រាន់។ លោកបានប្រាប់វិទ្យុវីអូអេ ផ្សាយជាភាសាខ្មែរ ថាតើអ្នកអាចរស់នៅយ៉ាងម៉េចបាន ក្នុងប្រទេសមួយដែលមានប្រធានាធិបតី ឬនាយករដ្ឋមន្រ្តី ដែលមិនទទួលទោសអ្វីទាំងអស់ ចំពោះការធ្វើឱ្យបាត់បង់ជីវិតមនុស្ស?របាយការណ៍របស់អេហ្វប៊ីអាយ ឆ្នាំ២០១១ បង្ហាញថា អាជ្ញាធរមានការបំភិតបំភ័យសាក្សី ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា គ្មានការបំភិតបំភ័យណាមួយបានកើតឡើងអំឡុងពេលស៊ើបអង្កេតនោះទេ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយក្នុងបទសម្ភាសជាមួយវិទ្យុសំឡេងសហរដ្ឋអាម៉េរិក អំឡុងខែមីនា ឆ្នាំ២០១១ ថាពុំមានរដ្ឋាភិបាលណាដែលចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនស្លាប់ទេ។ លោកបានបន្ថែមថា ក្នុងអំឡុងពេលស៊ើបអង្កេតកន្លងមក លោកបានដើរតួនាទីជាអ្នកជួយសម្របសម្រួលដល់ការងាររបស់ អេហ្វប៊ីអាយ និងជាអ្នកបកប្រែផង ហើយបានសង្កេតឃើញថា អ្វីៗដំណើរការល្អ មិនមានការរារាំងអ្វីទេ។ អេហ្វប៊ីអាយ ចង់សាកសួរអ្នកណា រដ្ឋាភិបាលឱ្យអ្នកនោះមកឆ្លើយបំភ្លឺ មិនឃើញមានការលាក់កំបាំងអ្វីទាំងអស់។ លោកខៀវ សុភ័គ បញ្ជាក់ថា រដ្ឋាភិបាលពិតជាមានឆន្ទៈពិតប្រាកដក្នុងការចាត់វិធានការភ្លាមៗ ហើយថែមទាំងបានកំណត់មុខសញ្ញា គូសចេញជាគំនូរព្រាងមុខជនដៃដល់ទៀតផង។ ក្រោយមកជនសង្ស័យរូបនោះ បានស្លាប់ក្នុងការគ្រប់គ្រងរបស់គណបក្សនយោបាយមួយផ្សេងទៀត ។

បណ្តឹងប្រឆាំងនឹងសម្តេចប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងភ្លាមៗ ដោយសារបន្ទាប់ពីការផ្ទុះគ្រាប់បែក មានបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាយោធា បានរត់ចូលទៅក្នុងវត្តបទុមវតី ដែលនៅក្បែរនេះ មានបន្ទាយកងអង្គរក្សរបស់សម្តេចតេ ជោហ៊ុន សែន ហើយទោះជាយ៉ាងណាបណ្តឹងមិនបានប្តឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលអំឡុងពេលនោះ(ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧) ស្ថិតនៅជានាយករដ្ឋមន្រ្តី១ ទេ។ ការប្តឹងទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ ទទួលបានការគាំទ្រច្រើនពីសាធារណជនជាតិ និងអន្តរជាតិ ប៉ុន្តែមានសំណួរដ៏សំខាន់មួយដែលចោទឡើង ហើយមិនដែលទទួលបានចម្លើយនោះគឺ តើក្នុងករណីរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលជារបបឃោរឃៅ អមនុស្សធម៌ និងបាន បណ្តាលឱ្យប្រជាជនប្រមាណជិត២លាននាក់បាត់បង់ជីវិត វត្ថុវប្បធម៌ និងសាសនា ត្រូវបានបំផ្លាញ ហេតុអ្វីពុំមានគេឈឺឆ្អាល ដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជជាតិ រហូតដល់ឆ្នាំ១៩៩៤ ក្រោយពីរាជរដ្ឋាភិបាល ចេញច្បាប់ដាក់ឱ្យខ្មែរក្រហមនៅក្រៅច្បាប់ ឬក្រោយពីកម្ពុជាមានសុខសន្តិភាពពេញលេញ ឆ្នាំ១៩៩៨ ទើបមានការស្នើឱ្យមានតុលាការឧក្រិដ្ឋកម្ម គឺអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ករណីដ៏រន្ធត់មួយទៀត គឺការកៀរទម្លាក់ដោយបង្ខំ ដោយកងទាហានឈុតខ្មៅ និងប៉ារ៉ាថៃ ធ្វើឱ្យប្រជាជនកម្ពុជា ដើរកាត់ចម្ការមីននៅព្រំដែនកម្ពុជាថៃ តំបន់ព្រះវិហារ អំឡុងឆ្នាំ១៩៧៩ និង១៩៨០ បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ដោយការអត់អាហារ ស្លាប់ដោយជំងឺ និងការជាន់មីនផ្ទុះស្លាប់ និងរាប់ពាន់នាក់ទៀតបានបាត់ខ្លួន។ កាយវិការ ឬសកម្មភាពដ៏ឃោរឃៅ អមនុស្សធម៌ របស់កងទាហានថៃ បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីជនភៀសខ្លួន។ ប៉ុន្តែករណីនេះ ក៏ពុំឃើញអ្នកនយោបាយ ទាំងជនជាតិខ្មែរ ឬបរទេសណាមួយចេញមុខប្តឹង ដើម្បីឱ្យប្រទេសថៃ ទទួលខុសត្រូវលើករណីនេះឡើយ រួមទាំងអង្គការ UNHCR ក៏ពុំមានសកម្មភាព ក្នុងការសើរើអំពីទាហានថៃនេះដែរ ទោះបីUNHCR រកឃើញថា មានជនរងគ្រោះ រាប់ពាន់នាក់បានស្លាប់ រាប់ពាន់នាក់បានបាត់ខ្លួន និងរាប់សែននាក់បានមានវិបត្តិស្មារតី។

អត្ថបទទាក់ទង